តំបន់​ខ្លះ​នៃ​ខេត្ត​ចំនួន​៨ រាំងស្ងួត​ខ្លាំង និង​​ខ្វះ​ទឹក​ប្រើប្រាស់ ខណៈ​ភ្នំពេញ​មាន​ទឹក​ប្រើប្រាស់​ធម្មតា

ដោយ វ៉ែន សុមេធ
2019.02.23
បូម​ទឹក ព្រៃវែង ៦២២ សកម្មភាព​បូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ នៅ​សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាល​ពី​ថៃ្ងទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
រូបភាព​ក្រសួង​ធនធាន​ទឹក

តំបន់​ខ្លះ នៃ​ខេត្ត​ចំនួន​៨​ទូទៅ​ប្រទេស​នៅ​កម្ពុជា កំពុង​ជួប​គ្រោះ​រាំងស្ងួត និង​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង ដោយសារ​បាតុភូត អែលនីណូ (El Nino) ដែល​បណ្ដាល​ឱ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង។ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ថា សម្រាប់​រាជធានី​ភ្នំពេញ មិន​មាន​បញ្ហា​ចោទ​ទេ។ ឯ​កសិករ​ខ្លះ​បារម្ភ បាត់បង់​ចំណូល នៅ​ពេល​រដ្ឋាភិបាល​ប្រកាស​មិន​ឱ្យ​ធ្វើស្រែ​ប្រាំង​លើក​ទី​២ ព្រោះតែ​បញ្ហា​កង្វះ​ទឹក។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អះអាង​ថា ក្រសួង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​សម្ភារៈ ថ្មីៗ ដោយ​បាន​ផ្ដល់​រថយន្ត​ស្ទូច​ចំនួន ២០​គ្រឿង ដល់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​តាម​បណ្ដា​ខេត្ត ដើម្បី​ងាយស្រួល​ក្នុង​ការ​អន្តរាគមន៍ ជួយ​ពលរដ្ឋ ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់។ ដោយឡែក​

ខេត្ត​ចំនួន​៨ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រៃវែង ព្រះវិហារ ប៉ៃលិន និង​ខេត្ត​កោះកុង។

ក្រសួង​ធនធាន​ទឹក ចុះផ្សាយ​តាម​ហ្វេសប៊ុក (Facebook) ថា នៅ​ខេត្ត​បាត់ដំបង ទឹក​ក្នុង​អាង​កំពីងពួយ នៅសល់​ប្រមាណ​ជា ២០​លាន​ម៉ែត្រ​គីប​ប៉ុណ្ណោះ ដោយសារ​បាន​បើក​ស្រោចស្រព​ស្រូវ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​រដូវវស្សា រហូតដល់​រដូវ​ប្រាំង​នេះ​។ ទឹក​នៅសល់ គឺ​ត្រូវ​បន្ត​ជួយ​ផ្គត់ផ្គង់​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ ដែល​កំពុង​ដាំ​ដុះ​ប្រមាណ​២​ពាន់ (.០០០) ហិកតារ​ទៀត។ ចំណែក​ស្ថានភាព​តម្រូវការ​ទឹក​នៅ​ទីប្រជុំជន​ស្រុក​មោងឬស្សី និង​ស្រុក​គាស់ក្រឡ ត្រូវ​បញ្ជូន​ទឹក​ពី​ស្រុក​

រតនៈមណ្ឌល តាម​ទំនប់​ពហុ​បំណង សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ប្រមាណ​២​ម៉ឺន ៨​ពាន់ (២៨.០០០) គ្រួសារ ឱ្យ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ឡើងវិញ​។ ការ​បញ្ជូន​ទឹក​នេះ មាន​ចម្ងាយ​ប្រមាណ ១០០​គ.ម។ ឯ​ស្ទឹង​ចាស់ៗ ចំនួន ៩​កន្លែង ស្ថិត​ក្នុង​ឃុំ​តាប៉ុន ស្រុក​សង្កែ ក៏​ត្រូវ​បាន​ស្ដារ​ឡើងវិញ​ដែរ។

នៅ​ខេត្ត​បន្ទាយមានជ័យ ក្រសួង​ធនធាន​ទឹក បាន​កាយ​ប្រឡាយ​នាំ​ទឹក​ពី​អាង​ស្ទឹងស្រែង ចូល​ក្នុង​អាង​ត្រពាំង​ថ្ម ដើម្បី​ទ្រទ្រង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ។ នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង សម្រាប់​ក្នុង​ពន្ធនាគារ​ខេត្ត នៅ​ក្រុង​សំរោង និង​ក្រុង​ព្រះវិហារ។ ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​ដឹក​ទឹក​ចំនួន ១០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់។ ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្រសួង​ធនធាន​ទឹក សម្រេច​បុក​អណ្ដូងទឹក​ខ្នាត​ធំ​មួយ ដើម្បី​ផ្គត់ផ្គង់​ទឹក​នៅ​ទីនោះ។

ស្ថានភាព​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ខេត្ត​ព្រៃវែង​វិញ ក្រសួង​ធនធាន​ទឹក​ឱ្យ​ដឹង​ថា កើតឡើង​នៅ​ស្រុក​មេសាង ស្រុក​ពារាំង និង​ស្រុក​ស្វាយ​អន្ទរ។ ក្រសួង​ធនធាន​ទឹក អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​នៅ​ខេត្ត​ព្រៃវែង គឺ​បាន​ខួង​អណ្ដូង​ចំនួន​១២ ឱ្យ​អ្នកស្រុក​មេសាង ប្រើ​ម៉ាស៊ីន​បូម​ទឹក​ពី​ទន្លេតូច​

បញ្ចូល​បឹង​ទ្រាំង នៅ​ស្រុក​ពារាំង ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​ជាង ៣​រយ (៣២០) ហិកតារ និង​នៅ​ស្រុក​ស្វាយអន្ទរ ត្រូវ​បូម​ទឹក​ពី​អាងទឹក​ស្នេហ៍​សង្គ្រោះ​ស្រូវប្រាំង ៩៥​ហិកតារ។

ខេត្ត​ប៉ៃលិន និង​ខេត្ត​កោះកុង ក្រសួង​ធនធាន​អះអាង​ថា ពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ដូច្នេះ​ក្រសួង​បាន​ដឹក​ទឹក​តាម​រថយន្ត​បំពាក់​ស៊ីទែន ផ្គត់ផ្គង់​ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​សាលា​ក្រៅ និង​ក្រុង​ខេមរភូមិន្ទ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ជាច្រើន​ដង នៅ​ថ្ងៃទី​២២ កុម្ភៈ តែ​មិន​លើក​ទូរស័ព្ទ។ ទោះ​បែប​ណា ក្រសួង​ធនធាន​ទឹក ធ្លាប់​ប្រកាស​ថា នៅ​រដូវប្រាំង​

ឆ្នាំនេះ កម្ពុជា​នឹង​ជួប​គ្រោះ​រាំងស្ងួត ក្ដៅ​ហួតហែង​ខ្លាំង ពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្ដៅ​អាច​នឹង​ហក់​ឡើង​ដល់ ៤០ ទៅ ៤២​អង្សា​សេ។

អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា ប្រាប់​អាស៊ីសេរី​ថា សម្រាប់​រាជធានី​ភ្នំពេញ នឹង​មិន​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដូច​នៅ​តាម​បណ្ដា​ខេត្ត​ទេ ព្រោះ​មាន​ទន្លេ​មេគង្គ​ជា​ប្រភព​ទឹក៖ «ដូចជា មិន​បញ្ហា​អ្វី​ទេ ព្រោះ​ប្រភព​ទឹក​មាន​គ្រប់គ្រាន់​ពី​ទន្លេ​មេគង្គ»

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ចេញ​សារាចរ អនុញ្ញាត​ឱ្យ​កសិករ​ធ្វើ​ស្រូវប្រាំង​តែ ១​ដង​គត់ នៅ​ឆ្នាំនេះ និង​ត្រូវ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត ដើម្បី​ទុក​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ និង​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចាត់​វិធានការ​ថែរក្សា​ទឹក ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ចាំបាច់។

អតីត​ប្រធាន​សមាគម​កសិករ​ប្រើប្រាស់​ទឹក នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក ស៊ឹម ស្រូយ ឱ្យ​ដឹង​ថា​នៅ​តាម​ស្រែ​ដែល​គ្មាន​ប្រភព​ទឹក កសិករ​មួយ​ចំនួន នាំ​គ្នា​បុក​អណ្ដូង ក្នុង​ស្រែ ដើម្បី​បូម​ទឹក​ពីក្រោម​ដី យក​មក​ស្រោចស្រព​ស្រែប្រាំង​។ លោក​ថា វិធី​នេះ អាច​ជួយ​ឱ្យ​កសិករ មាន​ទឹក​​ស្រោចស្រព​មួយ​រយៈ ប៉ុន្តែ នៅ​ពេល​កសិករ​នាំគ្នា បូម​ទាំងអស់​គ្នា​ខ្លាំង​ពេក អាច​ធ្វើ​ឱ្យ​អណ្ដូង​ខ្លះ មិន​សូវ​ចេញ​ទឹក៖ «នៅ​តំបន់​ខ្ញុំ (​ភូមិ​ទង់​នាគ ឃុំ​ស្ដៅកោង​) នេះ ឥឡូវ​ធ្វើ​ស្រូវប្រាំង​ច្រើន​ណាស់។ ដោយសារតែ​ខ្សត់ខ្សោយ​ទឹក តែ​ឥឡូវ​ក្រោយពេល​គាត់​ច្រូតកាត់​រួចរាល់​ហើយ មិន​បញ្ហា​ទេ​... នៅ​ជាប់​អា​

ប្រព័ន្ធ​ខ្ញុំ​ហ្នឹង គេ (កសិករ​)​ចាប់​ផ្ដើម​ធ្វើ​ប្រហែលជា​ម្ភៃ សាម​សែសិប​ហិកតារ​ដែរ ដោយសារ​យើង​យក​អា​ប្រព័ន្ធ​ទឹក​ហ្នឹង​មក។ កាល​មុនគេ​ប្រើ​ម៉ាស៊ីន ឥឡូវ​គេ​ប្រើ​ម៉ូទ័រ។ គេ​បូម​មកពី​អា​កន្លែង​ឈើកាច់​នោះ»

កសិករ ស៊ឹម ស្រូយ ឱ្យ​ដឹង​ទៀត​ថា ទោះ​រដ្ឋាភិបាល ណែនាំ​ឱ្យ​កសិករ​ធ្វើស្រែ​ប្រាំង​តែម្ដង​ក៏ដោយ ក៏​កសិករ​ខ្លះ ប្រាប់​ថា ពួកគេ​នឹង​ព្យាយាម​ធ្វើស្រែ​ប្រាំង លើក​ទី​២​ទៀត ព្រោះ​ពួកគេ មិន​អាច​រក​ចំណូល​បាន​ទេ ប្រសិនបើ​មិន​ធ្វើ​ស្រែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។