មន្ត្រី​សាខាគយ​ខេត្ត​កោះកុង​៣​នាក់​រង​ការ​ចោទ​ថា បូម​ខ្សាច់​លុប​ចំណី​មាត់​ព្រែក​ធ្វើ​កម្មសិទ្ធិ

ដោយ វ៉ែន សុមេធ
2019.01.23
និមិត្ត​សញ្ញា ​អាស៊ីសេរី ៦២២ និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង បាន​អះអាង​ថា រាល់ថ្ងៃ​នេះ មាន​មន្ត្រី​គយ​ចំនួន ៣​រូប នៅ​ខេត្ត​កោះកុង បាន​ធ្វើ​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​ចំណី​ព្រែក​ធម្មជាតិ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ធ្វើ​កម្មសិទ្ធិឯកជន យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​គ្មាន​ការ​ទប់ស្កាត់​ពី​ក្រសួង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ។

អ្នក​សម្របសម្រួល​ស្ដីទី​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន ឱ្យ​ដឹង​ថា មូលដ្ឋា​នេះ មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប និង​បូម​ខ្សាច់​លុប​មាត់សមុទ្រ និង​ព្រែក​ដែល​មាន​ដុះ​ដើម​កោង​កាង ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មិន​ឃើញ​មាន​មន្ត្រី​ក្រសួង​ស្ថាប័ន​ជំនាញ​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​កត់សម្គាល់​ថា សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​ឆ្នេរសមុទ្រ និង​ដី​ចំណី​មាត់​ព្រែក​មួយ​ចំនួន នៅ​ខេត្ត​កោះកុង គឺ​ភាគច្រើន​ជា​មន្ត្រី​មានអំណាច និង​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ មាន​វិធានការ​ផ្លូវច្បាប់​ម្តង​ណា​ទេ។ មន្ត្រី​ឃ្លាំមើល​សង្គម​រូប​នេះ ចង់​ឃើញ​រដ្ឋបាល​ខេត្ត​កោះកុង មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល ដែល​បាន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​ទាំងនេះ៖ «ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល ដែល​តាមដាន​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម គឺ​ខ្ញុំ​គាំទ្រ​ចំពោះ​ចំណាត់ការ របស់​រដ្ឋបាល​ខេត្ត​កោះកុង ក្នុង​ការ​ទប់ស្កាត់​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ និង​ដី​ចំណី​ឆ្នេរសមុទ្រ ព្រមទាំង​ដី​ចំណី​មាត់​ព្រែក​ជាដើម។ ករណី​នេះ បើសិនជា​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​កោះកុង បាន​អនុវត្ត​ច្បាប់​ឱ្យ​បាន​រឹងមាំ ឱ្យ​ស្របតាម​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​នោះ។ ព្រោះ​កន្លងមក​លោក​សង្កេតឃើញ​ថា បុគ្គល​ដែល​រំលោភ​យក​ដី​ឆ្នេរ និង​ដី​ចំណី​ព្រែក​ធម្មជាតិ​ទាំងអស់​ហ្នឹង​គឺ​ភាគច្រើន​សុទ្ធតែ​អ្នកមាន​លុយ និង​មានអំណាច​ទាំងអស់ ដែល​ពួកគាត់​បាន​ជួល​ប្រជាពលរដ្ឋ​ក្រីក្រ ឱ្យ​ចូល​ទៅ​កាប់​រាន​យក​ដី​សាធារណៈ របស់​រដ្ឋ​ទាំងនោះ យក​ធ្វើ​កម្មសិទ្ធិឯកជន។ ប៉ុន្តែ​កន្លងមក​យើង​ឃើញ​ថា ចំណាត់​ការ របស់​អាជ្ញាធរ​រដ្ឋបាល ខេត្ត​កោះកុង បាន​ត្រឹមតែ​ហៅ​អ្នក ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំងនោះ យក​មក​អប់រំ​ទេ។ ប៉ុន្តែ​ករណី​នេះ បើ​តាម​ផ្លូវច្បាប់​ត្រូវតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ តែ​កន្លងមក​យើង​មិនដែល​ឃើញ​ទេ ចំពោះ​អ្នកមាន​លុយ និង​មានអំណាច គឺ​យើង​ឃើញ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​ទៅ​កាប់ឆ្ការ​រាន​ដី​រដ្ឋ​យក​ធ្វើ​កម្មសិទ្ធិ​ល្មមៗ​គឺ​យើង​ធ្លាប់​ឃើញ»

កាលពី​ថ្ងៃ​ទី​១៥ មករា រដ្ឋបាល​ខេត្ត​កោះកុង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា កន្លងមក​មាន​បុគ្គល​ខិលខូច​មួយ​ចំនួន បាន​ចូល​ទៅ​រុករាន​កាប់ឆ្ការ​ទន្ទ្រាន​យក​ដី​ព្រៃ របស់​រដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​។ ដូច្នេះ​រដ្ឋបាល​ខេត្ត​កោះកុង ស្នើ​ឱ្យ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ត្រូវ​ដក​ខ្លួន​ចេញពី​ការទន្ទ្រាន​យក​ដី​ទាំងនោះ​ជាបន្ទាន់ ហើយ​ប្រគល់​ដី ដែល​បាន​ទន្ទ្រាន​កាន់កាប់​នោះ​ជូន​រដ្ឋ​វិញ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​ខេត្ត​ក្នុងនាម​អាជ្ញាធរ​រដ្ឋ នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ទទូច​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ជាពិសេស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស៊ើបអង្កេត​ទៅលើ​ទង្វើ​របស់​មន្ត្រី​គយ​ចំនួន ៣​រូប ប្រចាំ​ខេត្ត​កោះកុង ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​លុប​ដី​ចំណី​ព្រែក​ធម្មជាតិ ខុសច្បាប់ នៅ​តំបន់​ឃុំ​អណ្តូង​ទឹក ឱ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ល្មើស​នេះ។

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង បាន​ចោទ​ថា បទល្មើស​បូម​ខ្សាច់​ចាក់​លុប​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ​ខាងលើ​នេះ ទំនងជា​មានការ​ឃុបឃិត ពី​បុគ្គល​ជា​អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នៃ​រដ្ឋបាល​ខេត្ត​កោះកុង​ផង ទើប​បណ្ដោយ​ឱ្យ​បទល្មើស​នេះ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន និង​គ្មាន​ការ​ហាមឃាត់​ពី​សមត្ថកិច្ច​ជំនាញ​នោះ។

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អណ្តូងទឹក ស្នើ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ដី​ចំណី​ព្រែក ដែល​បុគ្គល​មួយ​ចំនួន​កំពុង​ដឹក​ដី​ចាក់​លុប និង​បូម​ខ្សាច់ លុប​តាម​តំបន់​មាត់​ព្រែក ស្ថិត​ក្នុង​ឃុំ​អណ្តូងទឹក​ខាងលើ គឺ​មាន​បុគ្គល​ឈ្មោះ សំ កុសល មាន​តួនាទី​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​លោក ចាប សាវ៉ាត មន្ត្រី​សាខាគយ​ខេត្ត​កោះកុង ដែល​ប្រចាំការ​នៅ​ឃុំ​អណ្ដូងទឹក​ផ្ទាល់​តែម្ដង។ ពលរដ្ឋ​បន្ត​ថា ចំពោះ​ទីតាំង​មួយ​កន្លែង​ទៀត ដែល​មាន​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​ចំណី​ព្រែក​ដែរ​នោះ គឺ​ឈ្មោះ លោក កើត សម្រេច ប្រធាន​ការិយាល័យ​គយ ស្រុកស្រែ​អំបិល ដែល​បុគ្គល​ទាំង​៣​រូប​នេះ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ស្ថិត​ក្នុង​ស្ថាប័ន​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង។

ប្រជាពលរដ្ឋ ក៏​មាន​ចម្ងល់​ថា មូលហេតុ​អ្វី​បានជា​បទល្មើស​រំលោភ​យក​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ពី​សំណាក់​បុគ្គល​មួយ​ចំនួន នា​ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ ឃើញ​បទល្មើស​ជាក់ស្ដែង​នៅ​នឹង​ភ្នែក ហេតុអ្វី​បែរជា​មិន​ឃើញ​មាន​មន្ត្រី​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចេញមុខ​ទប់ស្កាត់ ឬ​បង្ក្រាប​បែបនេះ​ទៅវិញ។

ពលរដ្ឋ​ចោទ​ថា សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​លុប​ព្រែក​ធម្មជាតិ របស់​មន្ត្រី​គយ​ទាំង ៣​រូប​នា​ខេត្ត​កោះកុង ហាក់​ធ្វើ​ផ្គើន​ទៅ​បទបញ្ជា របស់ លោក ហ៊ុន សែន ដែល​បាន​ចេញ​បទបញ្ជា​ដល់​មន្ត្រី​តាម​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤​រួមមាន​៖ ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ត្រូវ​ការពារ​ថែរក្សា​ដី​ចំណី​បឹងអូរ មាត់សមុទ្រ ដី​ព្រៃ​កោងកាង និង​ដី​ព្រែក​ធម្មជាតិ​ជាដើម ឱ្យ​បាន​គង់វង្ស ក៏ប៉ុន្តែ​តាម​ការ​កត់សម្គាល់​ឃើញ​ថា មន្ត្រី​តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​នោះ មិនបាន​អនុវត្ត​តាម​បទបញ្ជា របស់​លោក​ហ៊ុន សែន ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ឆ្លើយតប​បញ្ហា​នេះ លោក កើត សម្រេច ប្រធាន​ការិយាល័យ​គយ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា ពិតជា​បាន​បូម​ខ្សាច់ ចាក់​លុប​ចំណី​មាត់​ព្រែក នៅ​ក្នុង​ឃុំ​អណ្តូងទឹក​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​ថា សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​មាត់​ព្រែក​ខាងលើ​នេះ គឺ​លោក​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អណ្តូងទឹក អាជ្ញាធរ​ស្រុក​បុទុមសាគរ និង​បាន​បង់​ព័ន្ធ ឬ​ផ្ដល់​លុយកាក់​ជូន​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង​ថែមទៀត​ផង។

យ៉ាងនេះ​ក្តី លោក ពៅ ចាន់ថន ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​បុទុមសាគរ បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា សកម្មភាព​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក​នៅ​ចំណុច​ឃុំ​អណ្តូងទឹក ដែល​ពលរដ្ឋ​បាន​លើកឡើង​នោះ គឺ​រូបលោក​ពុំ​បាន​ដឹង​នោះ​ទេ។ ហើយ​ថា កន្លងមក​រូបលោក ក៏​ពុំបាន​អនុញ្ញាត​ច្បាប់ ឬក៏​មិន​បានចេញ​លិខិត​ណាមួយ ជូន​បុគ្គល​ទាំងឡាយ​ណា​ ឱ្យ​ដឹក​ដី និង​បូម​ខ្សាច់​ចាល់​លុប​ដី​ចំណី​មាត់​ព្រែក នៅ​ឃុំ​អណ្តូងទឹក​នោះ​ដែរ​។ លោក​បន្ត​ថា ករណី​នេះ បើ​មាន​បុគ្គល​ណាមួយ​មក​អះអាង​ថា ពួកគេ​មាន​ច្បាប់​អនុញ្ញាត​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​រំលោភ​ដល់​ចំណី​មាត់​ព្រែក នៅ​លើ​ទីតាំង​ខាងលើ លោក​ស្នើ​ឱ្យ​បុគ្គល​នោះ យក​ឯកសារ​មក​ការិយាល័យ​ភូមិបាល ដើម្បី​ពិនិត្យ​ឱ្យ​ដឹង​ការពិត ជៀសវាង​ការ​ក្លែងបន្លំ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ដល់​រូបលោក និង​ស្ថាប័ន​មួយ​នេះ។

ចំណែក លោក ទូ សាវុទ្ធ អភិបាលស្រុក​បុទុមសាគរ ខេត្ត​កោះកុង ក៏បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ចំពោះ​រឿងរ៉ាវ​ចាក់​ដី​លុប​ព្រែក​ខាងលើ​នេះ លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​រឿង​នេះ រូបលោក ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​តាំង​កើតមាន​បញ្ហា​នោះ​រួចហើយ​ដែរ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ ខាង​មន្ត្រី​ជំនាញ​ទាំងនោះ នៅ​ពុំ​ទាន់​បាន​រាយការណ៍​វិល​ត្រឡប់​មក​រូបលោក​ឱ្យ​បាន​ដឹង ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ។ លោក​ថា បើ​សិន​ជា​មាន​ករណី​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​ដី​ចំណី​ព្រែក​ធម្មជាតិ ដូច​ការ​អះអាង របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ពិតមែន​នោះ គឺ​ខាង​អាជ្ញាធរ​នឹង​មិន​ចេញ​លិខិត​កាន់កាប់ ឬ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ទាំងនោះ​ជាដាច់ខាត។

ទោះជា​យ៉ាងណា អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង លោក ប៉ិច ស៊ីយ៉ុន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ​បានទេ ចំណែក​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង ២​នាក់ ដែល​ពលរដ្ឋ​ចោទ​ថា ជា​អ្នក​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​ដី​ចំណី​ព្រែក​ធម្មជាតិ​នោះ​ក៏​ពុំ​ទាន់​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ទី​២២ មករា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។