សង្គម​ស៊ីវិល៖ ការ​អន្តរាគមន៍​ដោះលែង​រថយន្ត​ដឹក​ឈើ​នៅ​ត្បូងឃ្មុំ​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព

ដោយ​ សូត សុខប្រាថ្នា
2017.04.21
ដឹក​ឈើ ត្បូងឃ្មុំ ៨៥៥ គំនរ​ឈើ​ប្រណីត​ដែល​ឈ្មួញ​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ភូមិ​ជ្រៃឡើង ឃុំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
Photo provided

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​ព្រៃឈើ​លើក​ឡើង​ថា ការ​អន្តរាគមន៍​ដោះលែង​រថយន្ត​ដឹក​ឈើ​ប្រណិត​ចំនួន ២​គ្រឿង ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​បាន​កាល​ពី​ចុង​ខែ​មីនា គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ពួកគេ​ទទួល​បាន​ព័ត៌មាន​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​ប្រភេទ​លេខ​១ ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​និង​យក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​គយ​ចល័ត គឺ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​តុលាការ និង​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ ត្រូវ​ស៊ើបអង្កេត​ករណី​សង្ស័យ​ថា មាន​កិច្ច​អន្តរាគមន៍​ដោះលែង​រថយន្ត​ដឹក​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ការ​ស្នើ​នេះ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ព្រម​ទាំង​ការ​នាំ​ឈើ​ចេញ​ដោយ​ខុសច្បាប់​បន្ត​ទៀត។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ ដែល​តាម​ដាន​ករណី​នេះ លោក សេង សុខហេង មាន​ប្រសាសន៍​ថា កិច្ច​អន្តរាគមន៍​ដោះលែង​បទល្មើស គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថា បញ្ហា​នេះ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បទល្មើស​មិន​ថយ​ចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ថែម​ទៀត​ផង។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​អះអាង​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​ចំនួន ២​គ្រឿង ដែល​គេ​សង្ស័យ​ថា ជាប់​ទាក់ទិន​នឹង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ត្រូវ​បាន​គេ​ដោះលែង​វិញ​កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ៖ «អ៊ីចឹង​យើង​ឃើញ​ពី​គម្លាត​នៃ​ការអនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្ក​ជា​ក្តី​បារម្ភ​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​ទៀត។ ប្រសិនបើ​រាជរដ្ឋាភិបាល​ចេះតែ​បណ្ដោយ​ឱ្យ​កើត​ឡើង​វប្បធម៌​និទ្ទណ្ឌភាព​ជា​បន្តបន្ទាប់»

កាល​ពី​ចុង​ខែ​មីនា រថយន្ត​ដឹក​ឈើ​ប្រណីត​ប្រភេទ​លេខ​១ ចំនួន ២​គ្រឿង​ផ្ទុក​ឈើ​សរុប​ជាង ៣០​ម៉ែត្រ​គូប​របស់​ក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​គយ​ចល័ត​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​បាន​ដោយ​សង្ស័យ​ថា បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ឈើ​ចំនួន​ជាង ៣០​ម៉ែត្រ​គូប​ដែល​ចេញ​ដោយ​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង របស់​ក្រុមហ៊ុន​មួយ​នេះ​បញ្ជាក់​ថា ឈើ​មួយ​រថយន្ត​ត្រូវ​ដឹក​ទៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​រថយន្ត​មួយ​ទៀត​ត្រូវ​ដឹក​ទៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មិន​បាន​បញ្ជាក់​ថា ដឹក​ទៅ​ប្រទេស​វៀតណាម​ទេ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា លោក​មិន​ដឹង​ថា មាន​ករណី​អន្តរាគមន៍​ដើម្បី​ដោះលែង​រថយន្ត​ទាំង​នោះ ឬ​មិន​មាន​ទេ ពីព្រោះ​ក្រោយ​ពេល​បង្ក្រាប​នីតិវិធី​ស៊ើប​អង្កេត​យ៉ាង​ណា​គឺ​ជា​តួនាទី​របស់​មន្ត្រី​ជំនាញ។

នាយការិយាល័យ​កិច្ចការ​សេដ្ឋកិច្ច និង​សង្គម​នៅ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ីម ចិត្រា មិន​ទាន់​ហ៊ាន​និយាយ​បែប​ណា​ទេ ពីព្រោះ​ព័ត៌មាន​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ៖ «ខ្ញុំ​មិន​ទាន់​អាច​ឆ្លើយ​បាន ព្រោះ​ព័ត៌មាន​ហ្នឹង​វា​មិន​ទាន់​ច្បាស់»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ លោក គឹម ឈុននី បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក សេង សុខហេង បញ្ជាក់​ថា រូបភាព​អន្តរាគមន៍​ដោះលែង​បទល្មើស ឬ​វត្ថុតាង​ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បង្ក្រាប​បាន មិន​មែន​ទើប​តែ​កើត​ឡើង​ពេល​នេះ​ទេ។ ជាង​នេះ​ទៀត លោក​បាន​ដឹង​មុន​រួច​ទៅ​ហើយ​ថា ឈើ​ទាំង​នេះ​នឹង​ត្រូវ​ដោះលែង ឬ​មាន​កិច្ច​អន្តរាគមន៍​ជាក់​ជា​មិន​ខាន ពីព្រោះ​លោក​សង្កេត​ឃើញ​ថា ស្ទើរ​តែ​រាល់​បទល្មើស​ឈើ​ធំៗ ដែល​មាន​ខ្នង​ក្រាស់ៗ ឬ​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ឧកញ៉ា​ក្នុង​ជួរ​រដ្ឋាភិបាល​គឺ​ចាប់​គ្រាន់​តែ​ល្អ​មើល​ប៉ុណ្ណោះ។

លោក​យល់​ថា សកម្មភាព​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល ប្រជា​សហគមន៍ មាន​ក្តី​បារម្ភ​ចំពោះ​វាសនា​ព្រៃឈើ និង​បាក់​ទឹក​ចិត្ត​ចំពោះ​ការងារ​ការពារ​ព្រៃឈើ​របស់​ខ្លួន។ លោក​មិន​ដឹង​ថា រថយន្ត​ដឹក​ឈើ​ទាំង​នោះ​ត្រូវ​បាន​អន្តរាគមន៍​យក​ទៅ​ខាង​ណា​ទេ ប៉ុន្តែ​លោក​យល់​ថា ការ​ដោះលែង​វត្ថុតាង​បទល្មើស គឺ​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​តែម្ដង។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើង គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃឈើ​ផ្សេងៗ នៅ​ភាគ​ឦសាន​នៃ​ប្រទេស ប៉ុន្តែ​ក្រោយ​មក​គណៈកម្មាធិការ​នេះ​បាន​ពង្រីក​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ហើយ គណៈកម្មាធិការ​ជាតិ​នេះ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់​ទាំង​នោះ។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជនល្មើស និង​វត្ថុតាង​ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​សហការ​ជាមួយ​ភាគី​វៀតណាម ព្រម​ទាំង​ប្រទេស​ឡាវ ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព។

​យ៉ាង​នេះ​ក្តី ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បង្កើត​ឡើង ហើយ​បង្ក្រាប​បាន​ឈើ​ប្រណិត​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប ក្នុង​រយៈពេល​ប្រមាណ ៣​ខែ​ដំបូង និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ដេញ​ថ្លៃ​លក់​ថែម​ទៀត​ផង ប៉ុន្តែ​ជនល្មើស​ពាក់ព័ន្ធ​សំណុំរឿង​ទាំង​នេះ ដែល​រួម​មាន​ទាំង​ឧកញ៉ា​មួយ​ចំនួន​ផង មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ។ ចំណែក​បទល្មើស​រត់ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន​ដោយ​លួចលាក់​ដដែល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា សំណុំរឿង​មួយ​នេះ ហាក់​មាន​ភាព​លាក់លៀម ព្រោះ​ម្ដង​បង្ហាញ​ថា ឈើ​ទាំង​នោះ​ខុសច្បាប់ ហើយ​ម្ដង​បង្ហាញ​ថា ជា​ឈើ​ស្រប​ច្បាប់​ទៅ​វិញ៖ «ទោះបីជា​ឈើ​ហ្នឹង​មាន​អាជ្ញាប័ណ្ណ​វិញ​ក៏ដោយ បើ​កិរិយា​នៃ​ការ​ប្រព្រឹត្ត​ហ្នឹង​វា​បង្ហាញ​ពី​ការ​លាក់លៀម កិរិយា​នៃ​ការ​ប្រព្រឹត្ត​ហ្នឹង​បង្ហាញ​ពី​ឧបាយទុច្ចរិត​ក្នុង​ការ​គេចវេះ​ពី​ច្បាប់​ហ្នឹង ឈើ​ហ្នឹង​គឺ​ជៀស​មិន​រួច​ពី​ការ​សង្ស័យ​របស់​មហាជន​ទេ»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​កត់សម្គាល់​ថា បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្ដី បទល្មើស​ធនធាន​រ៉ែ​ក្ដី សមត្ថកិច្ច​មិន​សូវ​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ក្រុម​ជនល្មើស​ឡើយ ប៉ុន្តែ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ក្រុម​អ្នក​ការពារ​ធនធាន​ធម្មជាតិ និង​អ្នក​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ​ទៅ​វិញ​ទេ​ដែល​តែង​តែ​មាន​ទោស ឬ​ជាប់​គុក​តែម្ដង។ សកម្មភាព​ទាំង​នេះ​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។