សហគមន៍​ព្រៃឡង់​បង្ហាញ​លទ្ធផល​ចុះ​ល្បាត​បទល្មើស​ព្រៃ​ឈើ​៤​ថ្ងៃ

ដោយ ម៉ម មុនីរតន៍
2013-11-30
Share
កាប់​ឈើ ព្រៃ​ឡង់ ៣០៥ ២៦-មីនា-២០១២៖ ឈើ​ដែល​គេ​កាប់​អារ​រួច​មួយ​ចំនួន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។
RFA/Uon Chhin


ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ឲ្យ​ដឹង​ថា ព្រៃ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​នេះ ត្រូវ​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ដោយ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​ពលរដ្ឋ​សាមញ្ញ​ក៏​ពុំ​អាច​ទាញ​អនុផល​ពី​ព្រៃ​ឡង់​នេះ​បាន​ជា​លក្ខណៈ​គ្រួសារ​​ដូច​មុន​ទៀត​ឡើយ។ ពួកគេ​​ចាប់​ផ្តើម​យុទ្ធនាការ​ព្រៃ​រយៈពេល ៥​ថ្ងៃ ដើម្បី​ល្បាត​ការពារ​ព្រៃឡង់ ដោយ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ក្រុម​អ្នក​ល្បាត​ដើម្បី​ការពារ​ព្រៃឡង់ បាន​ឲ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​មក​នេះ ឈើ​ដែល​ចាប់​បាន​ដោយ​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់​ជិត ៣០​ម៉ែត្រ​គូប បាន​បញ្ជូន​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ចំណែក​ឈើ​ដែល​សេសសល់​ផ្សេង​ទៀត ត្រូវ​ដុត​បំផ្លាញ​នៅ​នឹង​កន្លែង ព្រោះ​តែ​ស្ថានភាព​ផ្លូវ​ពិបាក​ដឹក​ចេញ។

តំណាង​សហគមន៍​ការពារ​ព្រៃឡង់ លោក ស្វាយ ភឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា គិត​ចាប់​ពី​ល្បាត​កាល​ពី​ថ្ងៃ​ទី​២៧ មក​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឈើ​ដែល​ក្រុម​សហគមន៍​ចាប់​បាន​រាប់​ម៉ែត្រ​គូប ជា​ប្រភេទ​ឈើ​ធ្នង់ បាន​បញ្ជូន​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ចំណែក ១០​ភាគរយ​ផ្សេង​ទៀត ក្រុម​សហគមន៍​បាន​ដុត​បំផ្លាញ​នៅ​នឹង​កន្លែង​ផ្ទាល់ ព្រោះ​តែ​ពិបាក​ក្នុង​ការ​នាំ​ចេញ​មក​ខាង​ក្រៅ។

អ្នក​រស់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ លោក ស្វាយ ភឿន បន្ត​ថា ឈើ​ដែល​ក្រុម​សហគមន៍​ចាប់​បាន គឺ​ជា​ឈើ​របស់​ពលរដ្ឋ​ទទួល​ស៊ី​ឈ្នួល​បន្ត​ពី​ឈ្មួញ​ក្នុង​តំបន់​ជា​មន្ត្រី​របស់​រដ្ឋាភិបាល និង​អ្នក​មាន​លុយ។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុម​សហគមន៍​ពិត​ជា​ពិបាក​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ​ណាស់ ព្រោះ​តែ​ក្រុម​អ្នក​រក​ស៊ី​ឈើ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​អាវុធ​ក្នុង​ដៃ។

គិត​មក​ដល់​ពេល​នេះ សហគមន៍​ឲ្យ​ដឹង​ថា សកម្មភាព​នៃ​ការ​ចុះ​បង្ក្រាប​នេះ ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម ដែល​មួយ​ក្រុមៗ មាន​គ្នា​ជិត ១០០​នាក់​នេះ នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ទើប​បិទ​បញ្ចប់។ ក្រុម​សហគមន៍​អះអាង​ថា ឈើ​ដែល​ចាប់​បាន​ជិត ៣០​ម៉ែត្រ​គូប នៅ​ចំណុច​អូរដា​នេះ គឺ​ជា​បទល្មើស​កម្រិត​ស្រាល​នៅ​ឡើយ។ ចំណែក​សកម្មភាព​នៅ​​ចំណុច​អូរ​ថ្លាន់ គឺ​មាន​ទ្រង់ទ្រាយ​ធំ។ ចំនួន​ឈើ​ដែល​ត្រូវ​បាន​ឈ្មួញ​កាប់​បំផ្លាញ​មិន​តិច​ជាង ៣០០​ម៉ែត្រ​គូប​ទេ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក អ៊ិត ភូមិរា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ បាន​ទេ ដោយ​លោក​អះអាង​ថា សេវា​ទូរស័ព្ទ​ពិបាក​ទាក់ទង រួច​​ក៏​ផ្ដាច់​ទៅ​វិញ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ លោក វ៉ាន់ សុខ ចាត់​ទុក​ថា ខាង​ស្រុក​ពុំ​មាន​សិទ្ធិ​ចាប់​បង្ខំ​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្រៅ​ពី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ទេ។ លោក​បន្ត​ថា ការ​ពិត​ខាង​សាលា​ស្រុក​បាន​ប្រឹងប្រែង​អប់រំ​ពលរដ្ឋ​ដែរ ប៉ុន្តែ​បទ​ល្មើស​នៅ​តែ​បន្ត​កើត​មាន ព្រោះ​តែ​យន្តការ​ពង្រឹង​ច្បាប់​ក្នុង​មូលដ្ឋាន​នៅ​មិន​បាន​ទូលំទូលាយ។

លោក សេង សុខហេង មន្ត្រី​ចងក្រង​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍​ចាត់​ទុក​ថា អ្វី​ដែល​មន្ត្រី​ជំនាញ​ពុំ​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​នៅ​ពេល​នេះ ទំនង​ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ សមត្ថភាព​ក្នុង​ការ​ចុះ​បង្ក្រាប​នៅ​មាន​កម្រិត និង​អាច​មន្ត្រី​ដែល​អ្នក​អនុវត្ត​ច្បាប់​ផ្ទាល់ រួម​ចំណែក​ក្នុង​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ។

សហគមន៍​ការពារ​ព្រៃឡង់ រក​ឃើញ​ថា ប្រភេទ​ឈើ​ដែល​ក្រុម​បណ្ដាញ​ការពារ​ព្រៃឡង់ រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល ភាគ​ច្រើន​គឺ​ជា​ប្រភេទ​ឈើ​ធ្នង់​រាប់​រយ​ម៉ែត្រ​គូប ដែល​មាន​មុខ​កាត់​ជាង​មួយ​ម៉ែត្រ​ឡើង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។