សហគមន៍​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​មួយ​បើក​ទីតាំង​ទិញ​ឈើ​ពី​អ្នក​ភូមិ​ដែល​កាប់​ចេញ​ពី​ព្រៃ​ព្រះ​រកា

ដោយ សន ចាន់រដ្ឋា
2019-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រូបភាព សហគមន៍

ពលរដ្ឋ​រស់នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ អះអាង​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​បើក​ដេប៉ូ​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ដោយ​ប្រមូល​ពលរដ្ឋ​ចូល​ព្រៃ​អភិរក្ស​កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន ។ សហគមន៍​បារម្ភ​ថា អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​យ៉ាង​ខ្លាំងក្លា នៅមុន​ចូលឆ្នាំ​ខ្មែរ។

សហគមន៍​រស់នៅ​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប និង​ស្រុក​ជ័យសែន សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ពី​វិនាសកម្ម​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​កា និង ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​ពីរ កំពុង​ទទួលរង​ការ​កាប់​រំលំ​ឈើ​ធំៗ ភាគច្រើន​ជា ជា​ប្រភេទ​ឈើ ឈ្លីក។ លើស​ពី​នេះ ក្រុម​ឈ្មួញ​បាន​ចុះ​ដល់​មូលដ្ឋាន ទិញ​ឈើ​ពី​អ្នកស្រុក រួច​ដឹក​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន។

សហគមន៍​រស់នៅ​ឃុំ​ម្លូព្រៃ​ពីរ លោក ជុំ សុភឿត ឱ្យ​ដឹង​នៅ​ថ្ងៃទី១០ មេសា ថា ព្រៃ​សហគមន៍​គ្រប់​ទីកន្លែង និង​ព្រៃ​ព្រះ​រកា​ដែល​គ្រប់​ដណ្ដប់​ចំនួន​៣​ស្រុក គឺ​ស្រុក​ជ័យសែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ កំពុង​ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ លក់​ឱ្យ​ឈ្មួញ និង​ក្រុមហ៊ុន សំអឿន សុវណ្ណ ពី​សំណាក់​ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន និង​ពលរដ្ឋ​ចំណាកស្រុក។ លោក​ថា ឈើ​មូល​ធំៗ ត្រូវ​បាន​ដឹកជញ្ជូន​ចូល​ការដ្ឋាន​ក្រុមហ៊ុន នៅ​តំបន់​នោះ រួច​ដឹក​ចេញ​ក្រៅ​តាម​រថយន្ត​យី​ឌុប។ ចំណែក សហគមន៍​មូលដ្ឋាន មិន​អាច​ទប់ទល់​បទ​ល្មើស​ព្រៃឈើ និង​រារាំង​ការ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​បានទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​គ្មាន​វិធានការ​ជាក់លាក់ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «គេ​កាប់​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា​មក គេ​កាប់​ឈើ​ធំ​នៅ​តាម​គ្រប់​បណ្ដា​ភូមិ​ទាំងអស់ យក​ទៅ​ដេប៉ូ។ នៅ​ស្រុក​ជ័យ​សែន គេ​បើក​ដេប៉ូ​ចូល និយាយ​ការបាត់បង់ ព្រួយបារម្ភ​ខ្លាំង​មែនទែន ពលរដ្ឋ​ធ្លាប់តែ​ប្រើប្រាស់ អនុផល​ព្រៃឈើ និង​ការ​ឃ្វាលគោ​ក្របី ចូល​ព្រៃ​ដកហូត​គ្រប់​បែបយ៉ាង បែរជា​ប្រើប្រាស់​លែង​បាន»

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​សង្កែ​ពីរ ឱ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ចំនួន ២៦​ភូមិ ជាប់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា និង ព្រៃ​សហគមន៍​ដែល​ជនជាតិ​ដើម​ភាគតិច​ថែរក្សា បាន​ក្លាយ​ជា​ជនល្មើស កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន និង​ឈ្មួញ។ សហគមន៍​ថា ក្រុមហ៊ុន​សំអឿន សុវណ្ណ បាន​បង្ហាញ​លិខិតអនុញ្ញាត ឬ​ហៅថា PC ដែល​ចុះហត្ថលេខា​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ នៅ​គ្រា​ដែល​យក​ឈើ​ចេញ​ក្រៅ​តាម​រថយន្ត​ធំៗ។

អាស៊ីសេរី​នៅ​មិន​ទាន់់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន សំអឿន សុវណ្ណ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ បានទេ នៅ​ថ្ងៃទី១០ មេសា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅចូល គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បដិសេធ​មិន​អធិប្បាយ​រឿង​នេះ ដោយ​លោក​ថា កំពុង​ជាប់រវល់៖ «អា​ឡូ សុំទោស​ខ្ញុំ​ជាប់រវល់​តិច»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់ថា ការ​លើកឡើង​របស់​ពលរដ្ឋ អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​នេះ បំណង​រក​ដំណោះស្រាយ​ការពារ​ធនធានធម្មជាតិ​ដែល​បន្សល់​ចុងក្រោយ​។ លោក​ថា ប្រសិនបើ​ពលរដ្ឋ​ទៅ​កាប់​ឈើ ពី​ព្រៃ​ការពារ​ធម្មជាតិ លក់​ឱ្យ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន បាន​ទិញ​បន្ត​ពី​ពលរដ្ឋ​ធ្វើ​អាជីវកម្ម គឺជា​ទង្វើ​ខុសច្បាប់៖ «ក្រុមហ៊ុន​ទៅ​រក​ស៊ី​ក្រៅ​តំបន់​របស់​គាត់​គឺ​ខុស​ហើយ​។ ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ អាជ្ញាធរ​គួរតែ​គាត់​ចុះ​ត្រួត​ពិនិត្យ​ករណី​នេះ​ឡើងវិញ តើ​ក្រុមហ៊ុន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ពលរដ្ឋ​លើកឡើង​ដែរ​អត់»

ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ ផ្អាក​ធ្វើ​អាជីវកម្ម​ឈើ​មួយ​រយៈ កាលពី​ឆ្នាំ២០១៧ និង​២០១៨ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​កម្រើក​ឡើងវិញ នៅ​រយៈពេល ៤​ខែ​ចុង​ក្រោយនេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ ក្នុង​ព្រៃ​ព្រះ​រកា និង​ដើមឈើ​ដុត​យក​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ។ សហគមន៍​អំពាវនាវ​ឱ្យ លោក ហ៊ុន សែន លុបបំបាត់​ការ​បើក​ទីតាំង​ទិញ​ឈើ​គ្រប់​ទីកន្លែង ដែល​ពួកគេ​ចាត់ទុកថា ជា​ប្រភព​នៃ​បទល្មើស​ព្រៃឈើ និង​គ្រោះ​មហន្តរាយ​នៃ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល