មន្ត្រី​សហគមន៍​ព្រៃឈើ​នៅ​សំឡូត​​ចោទ​អាជ្ញាធរ​ថា​មិន​ទប់​ស្កាត់​​អ្នក​លួច​កាប់​ឈើ

ដោយ ហ៊ុំ ចំរើន
2015-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​តំបន់​ព្រៃ​សហគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ និង​យក​ឈើ​ដុត​ធ្យូង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

មន្ត្រី​សហគមន៍​បញ្ជាក់​ថា សកម្មភាព​នេះ​កើត​មាន​ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​ខែ​មក​​ហើយ ដោយ​ពុំ​មាន​សមត្ថកិច្ច​​ណា​អើពើ​ទប់​ស្កាត់​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កំពុង​កាប់​ឈើ​ដុះ​ក្នុង​ព្រៃ​សហគមន៍​ប្រមាណ ៤០០​ហិកតារ ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​យក​ឈើ​ដុត​ជា​ធ្យូង យ៉ាង​អនាធិបតេយ្យ។

មន្ត្រី​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ស្រុក​សំឡូត​នោះ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ និង​មន្ត្រី​ពាក់ព័ន្ធ​​ ចាត់​វិធានការ​​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​កាប់​ឆ្ការព្រៃ​សហគមន៍​នោះ​​ជា​បន្ទាន់ ដើម្បី​រក្សា​ទុក​ជា​ប្រយោជន៍​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​នៅ​ពេល​អនាគត។

​​​​​​អនុប្រធាន​សហគមន៍​​ព្រៃ​ឈើ​ភូមិ​កញ្ចាំង​ ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក​ ឌុក​ ម៉េង​ ថ្លែង​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ថា​ សកម្មភាព​ប្រជាពលរដ្ឋ​លួច​កាប់​ព្រៃឈើ​​សហគមន៍​ នៅ​ចំណុច​ភ្នំ​កន្ធាង នៃ​ភូមិ​កញ្ចាំង​ ធ្វើ​សកម្មភាព​ខ្លាំង​ប្រមាណ ៤​ខែ​មក​ហើយ។

លោក​ថា​ ការ​​កាប់​ព្រៃ​នេះ​ ដើម្បី​យក​ដី​​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​​ និង​ដុត​ជា​ធ្យូង​នាំ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ ធ្វើ​ហិនហោច​ព្រៃ​ឈើ​ក្នុង​សហគមន៍​ប្រមាណ​​ជាង ២០​ហិកតារ​បន្ថែម​ទៀត​ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់​ស្កាត់​នោះ​ទេ៖ «ឥឡូវ​ពលរដ្ឋ​គាត់​កាប់​ព្រៃ​ខ្ទេចខ្ទី​អស់​ហើយ​ សូម​ថែរក្សា​ផង ព្រោះ​ខ្ញុំ​ពួកគាត់​ខ្ញុំ​ជា​មន្ត្រី​សហគមន៍​គ្មាន​អាវុធ​​ ហើយ​ទប់ស្កាត់​គេ​មិន​បាន​ទេ។ ម្យ៉ាង​ទៀត​​កន្លង​ទៅ ខ្ញុំ​បាន​នាំ​រឿង​នេះ​ទៅ​ជម្រាប​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចាត់​វិធានការ​ជា​ច្រើន​លើក​មក​ហើយ​ តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ»

​​​​​​​​​​​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ នាយ​សង្កាត់​​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត លោក​ ឆាយ​ ណារ៉េត​ មាន​ប្រសាសន៍​​បញ្ជាក់​ថា​ ពុំ​មាន​សកម្មភាព​ប្រជាពលរដ្ឋ​លួច​កាប់​ព្រៃឈើ​ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​​តំបន់​ព្រៃ​សហគមន៍​ដូច​ការ​អះអាង​របស់​មន្ត្រី​សហគមន៍​នោះ​ឡើយ៖ «នៅ​ភ្នំ​តំបន់​នោះ​ដូច​ជា​ពុំ​មាន​ព្រៃឈើ​​អី​ធំដុំ​នោះ​ទេ ហើយ​ខាង​សហគមន៍​គាត់​ធ្លាប់​រាយការណ៍​មក​ខាង​ខ្ញុំ​ ថា​ពុំ​មាន​បញ្ហា​អ្វី​ទេ​ ហើយ​ដល់​តែ​គាត់​ទៅ​និយាយ​ថា មាន​គេ​កាប់​ព្រៃឈើ​អ៊ីចឹង​ខ្ញុំ​មិន​យល់​សោះ»

ទោះ​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក​ យិន ម៉េងលី មាន​ប្រសាសន៍​ថា​ សកម្មភាព​ការ​កាប់​ព្រៃឈើ​ក្នុង​សហគមន៍​នៅ​តំបន់​ស្រុក​សំឡូត​នោះ បាន​កើត​ឡើង​ខ្លាំង​ជា​បន្តបន្ទាប់​​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥ រហូត​មក​ ហើយ​ខាង​សមត្ថកិច្ច​​ពុំ​ទាន់​ទប់​ស្កាត់​​​សកម្មភាព​កាប់​ព្រៃឈើ​នោះ​បាន​នៅ​ឡើយ​ទេ។

យ៉ាង​ណា​លោក​ថា សកម្មភាព​ការ​ព្រៃឈើ​នេះ​ លុះ​ណា​សមត្ថកិច្ច​ចាត់​វិធាន​ទៅ​លើ​អ្នក​ប្រព្រឹត្ត​​តាម​ផ្លូវ​ច្បាប់​ ទើប​ទទួល​បាន​លទ្ធផល៖ «បើ​អ៊ីចឹង​ទេ បញ្ហា​នេះ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ដំបូង​គេ​ គឺ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ។ ចំណែក​ឯ​សហគមន៍​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្រោយ​ទេ ព្រោះ​សហគមន៍​គ្រាន់​តែ​ជា​កម្លាំង​មួយ​សម្រាប់​ជួយ​ដល់​សមត្ថកិច្ច​ទេ ហើយ​បើ​សមត្ថកិច្ច​មិន​ទប់​ស្កាត់​ទេ គឺ​សហគមន៍​គ្មាន​កម្លាំង​ធ្វើ​ការងារ​នេះ​ទេ។ ខ្ញុំ​អំពាវនាវ​ឲ្យ​មន្ត្រី​សហគមន៍​ធ្វើ​ការងារ​នេះ​ជា​មួយ​សង្គម​ស៊ីវិល​ ដើម្បី​ប្ដឹង​បុគ្គល​នោះ​តាម​ផ្លូវ​ច្បាប់»

ព្រៃ​ឈើ​ក្នុង​​តំបន់​​សហគមន៍​កញ្ចាំង​ ឃុំ​ស៊ុង ស្រុក​សំឡូត​ មាន​ផ្ទៃ​ដី​ប្រមាណ​ជាង ៤០០​ហិកតារ។មន្ត្រី​សហគមន៍​អះអាង​ថា សកម្មភាព​ប្រជាពលរដ្ឋ​រុករាន​​ដី​ព្រៃ​មាន​សភាព​ខ្លាំង​ឡើង​ជា​បន្តបន្ទាប់ ហើយ​ប្រសិន​សមត្ថកិច្ច​ពុំ​​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ​ នោះ​ព្រៃ​​ក្នុង​សហគមន៍​នឹង​ហិនហោច​អស់​​នៅ​ថ្ងៃ​ណា​មួយ​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

It is okay no problem anyone ca destroy our forest no one catch you even Hun Sen , Ouk Rabun,Phan Siphes okay just bring some money to them.

Feb 12, 2015 11:06 PM

អ្នក​អាន​អនាមិក

Don't worry Rabun said it is legal to cut and destroy our forest that belong to all Khmer nation.

Feb 11, 2015 12:55 AM

គេហទំព័រ​ទាំងមូល