ពលរដ្ឋ​នៅ​​បាត់ដំបង​ជាង​២០០​នាក់​​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​រឿង​កាប់​ព្រៃ​សហគមន៍

ដោយ ហ៊ុំ ចំរើន
2015.11.05
តវ៉ា ព្រៃ​សហគមន៍ បាត់ដំបង ៦២០ ប្រជាពលរដ្ឋ​តវ៉ា​នៅ​ចំណុច​រង្វង់​មូល​ព្រាបស ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​រឿង​មន្ត្រី​មាន​អំណាច​រុករាន​ដី​ព្រៃ​សហគមន៍ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​​ប្រមាណ​ជាង ២០០​នាក់ ​​តំណាង ២៥០​គ្រួសារ នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ នាំគ្នា​តវ៉ា​នៅ​រង្វង់​មូល​ព្រាបស ​ផ្លូវ​ជាតិ​លេខ​៥ ក្រុង​បាត់ដំបង​ ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ឈប់​​ឲ្យ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​​​ស្រុក​រុក្ខគិរី ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​​ធ្វើ​ជា​កម្មសិទ្ធិ​បន្ត​ទៀត។ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ បែងចែក​ដី​​សហគមន៍​មួយ​ចំនួន​នៅ​​​ជូន​ពួកគាត់ ដើម្បី​យក​ទៅ​ដាំ​ដុះ​បង្ក​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។​​​​

ក្រុម​អ្នក​តវ៉ា​មក​ពី​ស្រុក​រុក្ខគិរី ​នោះ​ ខ្លះ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​យីឌុប​ចំណុះ​ជាង ២០​តោន ​ខ្លះ​ដោយ​ឡាន​តូច​ចំណុះ ៦​នាក់ និង​មួយ​ចំនួន​ទៀត​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ។ ប្រជាពលរដ្ឋ​មាន​គោល​​​បំណង​ទៅ​តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ ហើយ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​​រង្វង់​មូល​ព្រាបស ដែល​មាន​ចម្ងាយ​​ជាង ២​​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត​បាត់ដំបង​​​​វិញ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ គឺ​លោក ជ្រុន ពុធ រស់​នៅ​ឃុំ​ស្តុកប្រវឹក ស្រុក​រុក្ខគិរី ថ្លែង​ខណៈ​តវ៉ា​នៅ​ចិញ្ចើម​ថ្នល់​រង្វង់​ព្រាបស​ថា មូលហេតុ​ដែល​ពួកគេ​​តវ៉ា​នេះ​ដោយសារ​មន្ត្រី​ប៉ូលិស​ទាហាន​ និង​ក្រុម​ប្រឹក្សា​ស្រុក​រុក្ខគិរី មួយ​ចំនួន​បាន​កាប់​រុករាន​ដី​ព្រៃ​សហគមន៍​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៣​ពាន់​ហិកតារ​ជា​បន្ត​បន្ទាប់ ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះ​ទេ។

អ្នក​ភូមិ​អះអាង​ថា​ ដោយ​​គ្មាន​ការ​ទប់​ស្កាត់​បែប​នេះ​ ​ទើប​ថ្មីៗ​​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​កាប់​​ឆ្ការ​ព្រៃ​សហគមន៍​នោះ ដើម្បី​យក​ដី​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្រុក​រុក្ខគិរី ចាប់​ពួកគាត់​មិន​ឲ្យ​កាប់​ព្រៃ​សហគមន៍​នោះ​ទេ។ បញ្ហា​នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខឹងសម្បា ហើយ​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​តែម្ដង៖ «មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាត់​វិធានការ​ទប់ស្កាត់​​ តែ​ប្រជាពលរដ្ឋ​ដែល​គ្មាន​អំណាច​បែប​នេះ​ តើ​ក្នុង​គោល​បំណង​ទុក​ដី​នោះ​ឲ្យ​មន្ត្រី​មាន​អំណាច​នៅ​ស្រុក​រុក្ខគិរី បន្ត​ទន្ទ្រាន​យក​ដី​ទៀត ឬ​យ៉ាង​ណា?»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​​ នាយក​រង​សាលា​ខេត្ត​បាត់ដំបង ដែល​បាន​ចេញ​ទៅ​សម្របសម្រួល​ប្រជាពលរដ្ឋ​នៅ​​ទីកន្លែង​តវ៉ា​នោះ លោក​ ឆែម ​ម៉ាទីណាល់ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ស្រាវជ្រាវ​​តំបន់​ដី​ដែល​មាន​បញ្ហា​នោះ​​ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ និង​​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​តវ៉ា​បន្ត​ទៀត៖ «រាជរដ្ឋាភិបាល​តែង​យក​ចិត្ត​គិតគូរ​ទៅ​ដល់​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ជា​សំខាន់។ បញ្ហា​នេះ​អភិបាល​ខេត្ត​លោក​នឹង​ចុះ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​អត់​ដី​ពិត​ប្រាកដ»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង​ លោក​ យិន ម៉េងលី​ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​​កើត​ឡើង​ដោយសារ​​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ពាក់ព័ន្ធ​នៅ​ស្រុក​រុក្ខគិរី។

លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​មិន​គួរ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​​​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​​ខេត្ត​ ដើម្បី​​នាំ​ទុក​កង្វល់​​របស់​ពួកគាត់​ឲ្យ​​អភិបាល​ខេត្ត​ដោះស្រាយ​នោះ​ទេ៖ «ខ្ញុំ​សំណូមពរ​ដល់​លោក​អភិបាល​ខេត្ត​បាត់ដំបង ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​រក្សា​ព្រៃ​សហគមន៍​ឡើង​វិញ និង​សុំ​ឲ្យ​ដកហូត​ដី​ពី​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​បាន​កាប់​ឆ្ការ​យក​ដី​ព្រៃ​សហគមន៍​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​ដី​ព្រៃ​សហគមន៍​ព្រៃត្រឡាច​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង នៅ​សល់​ប្រមាណ ៣០០​ហិកតារ​ ក្នុង​ចំណោម​ផ្ទៃ​ដី​ជាង ៣​ពាន់​ហិកតារ។ ក្រុម​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទាប់​មន្ត្រី​សាលា​ខេត្ត​បាន​សម្របសម្រួល​ដោយ​​សន្យា​ចុះ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។