លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​មុខ​លោក ហ៊ុន សែន អំពី​អាជីវកម្ម​ឈើ​នៅ​បាត​អាង​សេសាន

ដោយ សុ ជីវី
2019-04-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ មក​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន នៅ​​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
(ពី​ស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ មក​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន នៅ​​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
RFA

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី៥ មេសា​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​មុខ លោក ហ៊ុន សែន អំពី​អាជីវកម្ម​ឈើ​ខ្នាត​ធំ ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៃ​ខេត្ត​ស្ទឹងត្រែង។ លោក ស ខេង ថា បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ នៅ​ក្នុង​តំបន់​បាត​អាង ឋិត​ក្នុងស្រុក​សេសាន ធ្វើ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ​ធំធេង។

រីឯ​លោក ហ៊ុន សែន បាន​ឆ្លើយតប​ថា មានតែ​គម្រោង​ឈើ​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ប៉ុណ្ណោះ កើត​មាន​បញ្ហា​នេះ​។ លោក ហ៊ុន សែន បាន​ដាស់តឿន ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់គ្រង​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​រក​ចំណូល​ចូល​រដ្ឋ ចំពោះ​អាជីវកម្ម​ឈើ។ នេះ​បើ​យោង​តាម អង្គភាព​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថ្មីៗ​នេះ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ចាត់​ទុក​ការ​លើកឡើង​របស់ លោក ស ខេង ជា​រឿង​ត្រឹមត្រូវ ខណៈ​ដែល​ព្រៃឈើ​ទាំងមូល​នៅ​កម្ពុជា និង​នៅ​ខេត្ត​ភាគ​ឦសាន​កំពុង​ឋិត​ក្នុង​រណ្ដៅ​គ្រោះថ្នាក់ ហើយ​អាច​នឹង​រលាយ​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ ប្រសិន​បើ​ក្រសួង​ពាក់ព័ន្ធ​នៅតែ​មិន​អាច​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​ពេញលេញ​ទេ។ លោក​រក​ឃើញ​ថា អាជីវកម្ម​ឈើ​នៅ​តំបន់​បាត​អាង គឺជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ឈ្មួញ មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឃុបឃិត​គ្នា ដឹកជញ្ជូន​ឈើ​មូល​ធំៗ ពី​តំបន់​ឆ្ងាយៗ បន្លំ​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​ប្រទេស​វៀតណាម និង​ចែកចាយ​តាម​ដេប៉ូ ក្នុង​ប្រទេស ៖ «ក្រសួង​សាមី មិន​អនុវត្ត​ច្បាប់​នៅ​ក្នុង​ដៃ ឲ្យ​បាន​តឹងរ៉ឹង​គឺ យើង​ព្រួយបារម្ភ​ខ្លាំង​មែនទែន​ដូច​រដ្ឋាភិបាល សម្តេច ស ខេង គាត់​បាន​លើក​ឡើង ព្រួយបារម្ភ ចំពោះ​ការគ្រប់គ្រង​ព្រៃឈើ ក្នុង​ប្រទេស​កម្ពុជា ចំពោះ​មុខ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​និយាយ​ពិតជា​ត្រឹមត្រូវ។ សព្វថ្ងៃ ទោះបី​មានការ​ស្រែក​យ៉ាងណា ក៏​នៅ​ទេ​មានការ​កាប់​ព្រៃឈើ ដឹក​យក​ទៅ​ក្រៅ​ប្រទេស​ដដែល​។ ទោះបី លោក ហ៊ុន សែន ស្រែក​ថា មិន​ឲ្យ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស ជា​លទ្ធផល នៅ​ដដែល​អត់​មាន​នរណា​ខ្លាច អត់​មាន​នរណា​បង្ក្រាប​។ សូម្បី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គាត់​ភ័យ​អស់​ព្រៃឈើ​សម្រាប់​ខ្មែរ​ដែរ»

លោក ស ខេង ធ្លាប់​ប្រកាស​ទទួលស្គាល់​ឧក្រិដ្ឋ​ព្រៃឈើ នៅ​តំបន់​នោះ និង​បញ្ជា​ឲ្យ​ក្រសួង​សាមី​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​ថ្នាក់ក្រោម មិន​អនុវត្ត​តាម។ មក​ទល់​ពេល​នេះ សកម្មភាព​ដឹក​ឈើ​ចេញពី​តំបន់​បាត​អាង​តាម​រថយន្ត​ធំៗ នៅតែ​កើតមាន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល