សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ព្រៃ​ឈើ​រាប់​រយ​ហិកតារ​ត្រូវ​គេ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ

ដោយ សូត សុខប្រាថ្នា
2014-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​អារ​ដែល​ឈ្មួញ​គរ​ទុក​នៅ​ក្នុង​ព្រៃ​ឡង់ ចំណុច​តំបន់​ច្រក​តោល ខេត្ត​កំពង់ធំ។
គំនរ​ឈើ​អារ​ដែល​ឈ្មួញ​គរ​ទុក​នៅ​ក្នុង​ព្រៃ​ឡង់ ចំណុច​តំបន់​ច្រក​តោល ខេត្ត​កំពង់ធំ។
Photo Provided

ប្រជាពលរដ្ឋ​ជា​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ជាច្រើន​ហិកតារ នៅ​ក្នុង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។

ពួក​គាត់​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ទេ នឹង​អាច​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​បំផ្លាញ​កាន់​តែ​ធំ​ឡើងៗ ហើយ​ឈាន​វិនាស​ព្រៃ​ឡង់​ថែម​ទៀត​ផង។ ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា នេះ​ជា​ករណី​ចាស់​ដែល​សហគមន៍​ទើប​ប្រទះ​ឃើញ ហើយ​អាជ្ញាធរ​ក៏​បាន​ចាត់​វិធានការ​រួច​ហើយ និង​កំពុង​ស្វែងរក​មេ​ខ្លោង​នៅ​ពី​ក្រោយ​រឿង​មួយ​នេះ​ទៀត។

ក្រៅ​ពី​ចុះ​ល្បាត​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ជា​បន្តបន្ទាប់​នៅ​ខេត្ត​កំពង់ធំ មក ក្រុម​បណ្ដាញ​ស្នូល​ព្រៃ​ឡង់ ក៏​បាន​ប្រទះ​ឃើញ​នូវ​ស្នាម​កាប់​រុក​រាន​ដី​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាច្រើន​រយ​ហិកតារ ពី​សំណាក់​ជន​មិន​ស្គាល់​មុខ។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​យល់​ថា ការ​កាប់​រាន​យ៉ាង​ស្ងាត់​កំបាំង​នោះ គឺ​មិន​មែន​ជា​ពលរដ្ឋ​ធម្មតា​នោះ​ទេ ប៉ុន្តែ​គឺ​អាច​អ្នក​មាន​ប្រាក់ ឬ​អ្នក​មាន​អំណាច ដែល​ហ៊ាន​ជួល​ពលរដ្ឋ​ទៅ​កាប់​រាន ដើម្បី​យក​ដី​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ឱ្យ​ដឹង​ថា ក្រុម​លោក​បាន​ចុះ​ល្បាត​កាល​ពី​ដើម​ខែ​ធ្នូ គឺ​ប្រទះ​ឃើញ​ការ​កាប់​ទន្ទ្រាន​ដែន​ដី​ព្រៃ​ឡង់​ប្រមាណ​ជា ៥០០​ហិកតារ ដោយ​ជន​មិន​ស្គាល់​មុខ ក្រោម​រូបភាព​ជួល​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​មក​កាប់​ឱ្យ​ខ្លួន។ លោក​បន្ត​ថា ពេល​ក្រុម​លោក​ចុះ​ទៅ​ដល់ ពលរដ្ឋ​ទាំង​នោះ​នាំ​គ្នា​រត់​ចេញ​អស់ ដោយ​បន្សល់​ទុក​នូវ​សម្ភារៈ​កាប់​ឆ្ការ​ព្រៃ​យ៉ាង​ច្រើន​រាយ​ប៉ាយ​ពេញ​ដី៖ «អត់​ទេ​បង គេ​ជួល​កម្មករ​មនុស្ស​ទៅ​កាប់​ហ្មង​បង ម៉ា​ថ្ងៃ ២៥.០០០​រៀល អ៊ីចឹង​គេ​ជួល​កម្មករ ១០០​នាក់​ទៅ​កាប់​បួន​ដប់​ថ្ងៃ ហើយ​គេ​ចេញ​មើល​ស្ថានភាព​មិន​ស្រួល​គេ​ចេញ»

ចំណុច​កាប់​ទន្ទ្រាន​ព្រៃ​ឡង់​យក​ដី​មក​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​ធំ​នោះ គឺ​នៅ​ភូមិ​បឹង និង​ភូមិ​អូរពកសាមគ្គី ស្ថិត​នៅ​ក្នុង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់។ ប្រភព​ដដែល​ចង់​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ទប់ស្កាត់​លើ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ស្វែង​រក​មុខ​ជន​នៅ​ក្រោយ​ខ្នង​រឿង​នេះ យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ជៀសវាង​ការ​មើល​បំណាំ​គ្នា ហើយ​ចូល​រុក​រាន​ដី​ព្រៃ​បន្ថែម​ទៀត​នោះ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្រ មាន​ប្រសាសន៍​ថា ករណី​នេះ​កើត​មាន​ឡើង​តាំង​ពី​រដូវ​វស្សា​មក​ម្ល៉េះ។ លោក​បន្ត​ថា ទំហំ​ដី​ដែល​ជនល្មើស​កាប់​ទន្ទ្រាន​នោះ គឺ​មិន​ដល់ ៥០០​ហិកតារ​ទេ ពោល​គឺ​ខាង​មន្ត្រី​ជំនាញ​ចុះ​វាស់វែង គឺ​មាន​ប្រមាណ ១៥០​ហិកតារ (១៤៦​ហិកតារ) ប៉ុណ្ណោះ។ លោក​យល់​ថា ព្រៃ​ដែល​កាប់​ទន្ទ្រាន​នោះ គឺ​មិន​មែន​ពលរដ្ឋ​ធម្មតា​អាច​ធ្វើ​កើត​ដែរ ពីព្រោះ​ជនល្មើស​ថែម​ទាំង​យក​បង្គោល​ស៊ីម៉ង់​ទៅ​ធ្វើ​ព្រំ​ដី​ទៀត​ផង ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​បារម្ភ ប៉ុន្តែ​យ៉ាង​ណា ខាង​លោក​កំពុង​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​បន្ថែម​ទៀត៖ «តាម​ការ​ណែនាំ​លេខ​០១៣ របស់​ខេត្ត​ហ្នឹង គឺ​យើង​បាន​អនុវត្ត​ជា​ប្រចាំ​រាល់​ថ្ងៃ​ហ្នឹង។ តាម​រយៈ​ប្រជុំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ កុំ​ឱ្យ​គាត់​ទៅ​ទន្ទ្រាន និង​យើង​បាន​ទប់ស្កាត់​បង្ក្រាប​បទល្មើស គឺ​យើង​បាន​ធ្វើ​ជា​ប្រចាំ»

លោក​បន្ត​ថា បច្ចុប្បន្ន គឺ​មិន​មាន​ស្នាម​កាប់​ទន្ទ្រាន​ថ្មី​នោះ​ឡើយ ហើយ​ដី​ព្រៃ​ដែល​កាប់​ទន្ទ្រាន​កន្លង​មក​នោះ ក៏​មិន​អាច​ក្លាយ​ជា​សម្បត្តិ​ឯកជន​បាន​ដែរ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ឃុំ​មានរិទ្ធ ក៏​មាន​ឃុំ​សុចិត្រ មួយ​ទៀត ដែល​កើត​មាន​បញ្ហា​នេះ ប៉ុន្តែ​អាជ្ញាធរ​ក៏​បាន​ទប់ស្កាត់ និង​ថែម​ទាំង​បញ្ជូន​របាយការណ៍​ទាំង​នោះ​ទៅ​តុលាការ​ទៀត​ផង។

បទល្មើស​ព្រៃ​ឈើ​មួយ​ចំនួន​ដែល​ច្បាប់​ហាម​ឃាត់ រួម​មាន ការ​កាប់​ដើម​ឈើ​ដែល​គ្មាន​ស្លាក​សញ្ញា​សម្គាល់​ឱ្យ​កាប់ ការ​កាប់​រាន​ព្រៃ ឬ​ឈូស​ឆាយ​ដី​ព្រៃ ការ​នាំ​គ្រឿងចក្រ ឬ​រណារ​យន្ត​គ្រប់​ប្រភេទ​ទៅ​ប្រមូល​ផល​ព្រៃ​ឈើ ឬ​រុក​រាន​ដី​ព្រៃ ជាដើម។ ចំណែក​ទោស​ទណ្ឌ​វិញ ច្បាប់​ស្ដីពី​ព្រៃ​ឈើ ឆ្នាំ​២០០២ ជំពូក​ទី​១៥ ស្ដីពី​បទល្មើស​ព្រៃ​ឈើ និង​ទោសបញ្ញត្តិ​នៅ​ក្នុង​មាត្រា​៩៣ បញ្ជាក់​ថា បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។ បទល្មើស​ថ្នាក់​ទី​ពីរ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១០០​លាន​រៀល។ ដោយ​ឡែក​បទល្មើស​ថ្នាក់​ទី​៣ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ ឬ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ១០​លាន​រៀល ហើយ​រាល់​វត្ថុ​តាង គឺ​ត្រូវ​រឹប​អូស​ដាក់​ជា​សម្បត្តិ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ច្បាប់ល្អរអើយសែលល្អរ អ្នកអានច្បាប់ពិរោះអើយសែនពិរោះ ហេតុ​តែ​​ល្អរនិងពិរោះយ៉ាងនេះឯង ទើបទឹកដីព្រៃស្រុកខ្មែរជិតកលាយ​ទៅ​ជាវាលរហោឋាន ហើយបើនិយាយពីពួកដែលបំផ្លាញព្រៃឈើវិញ គឺ​រកគុកដាក់គ្មានទេ ស្រុកខ្មែរខ្ញុំជាងសាបសិបឆ្នាំមកនេះ។

Dec 17, 2014 05:14 AM

គេហទំព័រ​ទាំងមូល