សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​ធម្មជាតិ​លើ​កោះរ៉ុង

ដោយ ដែន អយុធ្យា
2017.02.10
កាប់​ឈើ​កោះ​រ៉ុង ២០១៧ ៨៥៥ ទីតាំង​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ភ្ញៀវ​ទេសចរ បារម្ភ​ខ្លាច​ព្រៃឈើ​ធម្មជាតិ​នៅ​លើ​សង្កាត់​កោះរ៉ុង ត្រូវ​បាត់បង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​ព្រៃ​ទាំង​នោះ​កំពុង​រង​ការ​កាប់​​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មាន​វិសាលភាព​ធ្ងន់ធ្ងរ។

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា ការ​កាប់​រាន​ដី​ព្រៃ​ទាំង​នេះ ប្រជាពលរដ្ឋ​បាន​កាប់​រាន​តែ​នៅ​លើ​ចំណែក​ក្បាល​ដី​ដែល​មន្ត្រី​ជំនាញ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​វាស់​កំណត់​ព្រំ​ជូន​ពលរដ្ឋ​នៅ​តាម​គ្រួសារ​នីមួយៗ​តែប៉ុណ្ណោះ។

​មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ទុក​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​ប្រើ​ម៉ាស៊ីន​ត្រង់ស៊ីន័រ ឬ​រណា​យន្ត កាប់​ផ្ដួល​រំលំ​ដើម​ឈើ​ធំៗ នៅ​តាម​តំបន់​ខ្លះ​នៃ​សង្កាត់​កោះរ៉ុង មាន​វិសាលភាព​ធ្ងន់ធ្ងរ។ ពួកគេ​ព្រួយបារម្ភ​ខ្លាច​ព្រៃឈើ​ធម្មជាតិ​ដែល​ដុះ​ជុំ​ជិត និង​មាន​ដើម​ធំៗ នៅ​លើ​កោះរ៉ុង ត្រូវ​បំផ្លាញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ជាដើម ហាក់​មិន​រវល់​អើពើ ឬ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បង្ហាញ​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ប្រើ​រណា​យន្ត ឬ​ម៉ាស៊ីន​ត្រង់ស៊ីន័រ ដើម្បី​ផ្ដួល​រំលំ​ដើម​ឈើ​ធំៗ នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះរ៉ុង មាន​ទីតាំង​នៅ​ជាប់​ច្រមុះ​ចៅ​សង្កាត់​កោះរ៉ុង លោក អ៊ួង និត និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ប្រចាំការ​នៅ​លើ​សង្កាត់​កោះរ៉ុង ក្នុង​ប៉ុន្មាន​ខែ​មក​នេះ ទំនង​ជា​អាច​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​រវាង​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ដី​ព្រៃ ឬ​ឈ្មួញ ជាមួយ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​លើ​កោះរ៉ុង ហើយ​ទទួល​បាន​ព័ត៌មាន​ជុំវិញ​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ពី​សំណាក់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​អះអាង​ថា ឈ្មួញ ឬ​បុគ្គល​មាន​បុណ្យ​សក្ដិ​ធំៗ​ខ្លះ ក្នុង​ជួរ​រដ្ឋាភិបាល បាន​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​មាន​ដើម​ធំៗ​នៅ​តាម​តំបន់​ខ្លះ​នៃ​សង្កាត់​កោះរ៉ុង មាន​ភូមិ​ដើម​ស្វាយ និង​ភូមិ​សុខសាន្ត ជាដើម។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ទទូច​ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចេញ​បទបញ្ជា​ក្ដៅ ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ មាន​ដើម​ឈើ​ធំៗ នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ​រិះគន់​ថា កន្លងមក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ តែង​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ក្រីក្រ ដែល​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ដើម្បី​ធ្វើ​ជម្រក និង​រាន​ដី​កសិកម្ម​លើ​ដី​ព្រៃ​សាធារណៈ​តិចតួច​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ចំនួន។ ប៉ុន្តែ​សម្រាប់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ ដែល​បាន​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​ព្រៃ​ធម្មជាតិ មាន​ដើម​ឈើ​ធំៗ នៅ​លើ​កោះរ៉ុង ជាដើម មិន​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ចេញ​មុខ​ទប់ស្កាត់ ឬ​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ល្មើស​ទៅ​កាន់​តុលាការ​នោះ​ទេ។

អ្នកស្រី សុធារី ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ គួរ​ពិចារណា​រាល់​ទង្វើ និង​សកម្មភាព​របស់​ខ្លួន​ដែល​បាន​អនុវត្ត​ច្បាប់​កន្លង​ទៅ​នេះ ថា​តើ​បាន​អនុវត្ត​ស្មើ​ភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ​ដែរ ឬ​យ៉ាង​ណា៖ «ច្បាប់​អនុវត្ត​បាន​តែ​ចំពោះ​មួយ​ចំនួន ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​យក​ច្បាប់​មក​ទ្រាប់​គូថ​អង្គុយ អ៊ីចឹង​ការ​កំណត់​ដី​ឧទ្យាន​ជាតិ​នេះ ក៏​វា​គ្មាន​ប្រសិទ្ធភាព​អ្វី​ដែរ ហើយ​ជាក់ស្ដែង គឺ​ត្រូវ​បំផ្លាញ​អស់​គ្មាន​សល់»

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧ កម្លាំង​នគរបាល មន្ត្រី​មន្ទីរ​បរិស្ថាន តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) និង​មន្ត្រី​ជំនាញ​ស្ថាប័ន​មួយ​ចំនួន​ទៀត បាន​ដើរ​ល្បាត​នៅ​តាម​តំបន់​ខ្លះ​នៃ​សង្កាត់​កោះរ៉ុង ហើយ​ចាប់​បាន​ម៉ាស៊ីន​ត្រង់ស៊ីន័រ ឬ​រណា​យន្ត​ចំនួន ១១​គ្រឿង ដែល​ត្រូវ​ឈ្មួញ​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​​កាប់​រំលំ​ដើម​ឈើ​នៅ​លើ​សង្កាត់​កោះរ៉ុង ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។

តំណាង​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បាន​វិនិយោគ​សង់​សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយ​៥ នៅ​លើ​កោះរ៉ុង ជាដើម ក៏​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ធម្មជាតិ ហើយ​បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​អនាគត ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ លែង​ចាប់​អារម្មណ៍ និង​ឈប់​ចូល​មក​កម្សាន្ត​នៅ​លើ​កោះរ៉ុង ត​ទៅ​ទៀត។

តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប លោក ឈុន ប៊ុនថា ដែល​ឃើញ​វិនាសកម្ម​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង មាន​វិសាលភាព​ធំធេង បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ​ធម្មជាតិ នៅ​លើ​សង្កាត់​កោះរ៉ុង ឲ្យ​បាន​ទាន់​ពេល បើ​មិន​ដូច្នេះ​ទេ ព្រៃឈើ​នៅ​សេសសល់​នៅ​លើ​កោះរ៉ុង នឹង​ត្រូវ​បំផ្លាញ​អស់​គ្មាន​សល់​ក្នុង​រយៈពេល​ដ៏​ខ្លី៖ «ឥឡូវ​ខ្ញុំ​កំពុង​ស្នើ​កម្លាំង​ជំនាញ​ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ព្រះសីហនុ មួយ​ចំនួន​ទៀត​បន្ថែម​ដើម្បី​រួមគ្នា​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប ដែល​មាន​ខ្ញុំ​ជា​តំណាង​នេះ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ជន​អនាធិបតេយ្យ​ដែល​បាន​មក​សង់​ផ្ទះ និង​កាប់​រាន​ដី​ព្រៃ​អនាធិបតេយ្យ នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះរ៉ុង។ បញ្ហា​នេះ ឯកឧត្ដម​អភិបាល​ខេត្ត​បាន​ឯកភាព និង​បាន​ផ្ដល់​កម្លាំង​មន្ត្រី​មន្ទីរ​បរិស្ថាន ៥​នាក់​ទៀត ឲ្យ​ទៅ​ឃ្លាំ​ប្រចាំ​ការ​ការពារ​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ឈើ​នៅ​លើ​កោះរ៉ុង ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហ្គ្រុប រួច​ហើយ»

​នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​ព្រះសីហនុ លោក នួន ប៊ុនថុល ដែល​បាន​ទៅ​ប្រចាំ​ការ​មើល​ការងារ​នៅ​លើ​កោះរ៉ុង បាន​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​នៅ​តាម​តំបន់​ខ្លះ​នៃ​សង្កាត់​កោះរ៉ុង គឺ​ពលរដ្ឋ​បាន​កាប់​រាន​ព្រៃ តែ​នៅ​លើ​ចំណែក​ក្បាលដី​ដែល​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​នៅ​តាម​គ្រួសារ​នីមួយៗ​តែប៉ុណ្ណោះ។ លោក​អះអាង​ថា មិន​មាន​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ឈើ ដែល​រដ្ឋាភិបាល​ត្រៀម​បម្រុង​ដាក់​បញ្ចូល​ជា​ឧទ្យានជាតិ​នោះ​ទេ។ ​លោក នួន ប៊ុនថុល អះអាង​ថា ដី​ព្រៃ​ធម្មជាតិ​សាធារណៈ​របស់​រដ្ឋ​នៅ​លើ​សង្កាត់​កោះរ៉ុង មិន​មាន​ការ​កាប់​បំផ្លាញ​ដូច​សាធារណជន​ព្រួយ​បារម្ភ ឬ​ចោទ​ប្រកាន់​នោះ​ទេ។

ទោះជា​បែប​នេះ​ក្ដី លោក ឈុន ប៊ុនថា តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប ដែល​មាន​អ្នក​ឧកញ៉ា គិត ម៉េង ជា​អគ្គនាយក បាន​អះអាង​ថា ព្រៃឈើ​ធម្មជាតិ​មាន​ដុះ​ដើម​ធំៗ ពិត​ជា​ត្រូវ​បាន​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ខ្លះ​បាន​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់ និង​ដុត​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ពិត​មែន។

តំណាង​រូប​នេះ​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ចុះ​មក​ដល់​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ដើម្បី​ពិនិត្យ​ឲ្យ​ឃើញ​ទិដ្ឋភាព​ពិត​ជាក់ស្ដែង៖ «អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង គឺ​ខ្ញុំ​សង្កត់ធ្ងន់​ទៅ​លើ​ចៅ​សង្កាត់​កោះរ៉ុង តែម្ដង គឺ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​ការពារ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាំង​អស់​គ្នា ព្រោះ​ពលរដ្ឋ​នៅ​លើ​កោះរ៉ុង ទាំង​អស់ គឺ​ត្រូវ​រស់​នៅ និង​ទទួល​បាន​ចំណូល​ត្រូវ​ពឹង​អាស្រ័យ​ផល​ពី​វិស័យ​ទេសចរណ៍ ហើយ​ព្រៃឈើ​បាន​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ឲ្យ​ការ​រក​របរ​ទទួល​ទាន​របស់​ពួកគាត់​ទទួល​បាន​ប្រាក់កម្រៃ​ប្រចាំថ្ងៃ។ ប៉ុន្តែ​បើ​ព្រៃឈើ​ត្រូវ​កាប់​បំផ្លាញ តើ​ទៅ​ថ្ងៃ​អនាគត​មាន​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ ពី​ណា គេ​នឹង​ចូល​មក​ទស្សនា​នោះ​នេះ​ត​ទៅ​ទៀត បើ​អស់​ព្រៃ​ធម្មជាត​ទៅ​ហើយ​នោះ។ យើង​ត្រូវ​រួម​គ្នា​ការពារ​ព្រៃឈើ ឲ្យ​បាន​គង់វង្ស ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​សម​ពាក្យ​ដែល​ពលរដ្ឋ​និយាយ​ថា កោះ​ឋានសួគ៌ អ៊ីចឹង​ដែរ ប៉ុន្តែ​បើ​អស់​ព្រៃឈើ ធម្មជាតិ នៅ​លើ​កោះ​អស់​ទៅ​ហើយ តើ​មាន​អី​ហៅ​ថា ឋានសួគ៌​ទៀត»

​ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះរ៉ុង បាន​កើត​មាន​ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ក្រសួង​ដែនដី និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​ចុះ​វាស់​កាត់​ឆ្វៀល​កំណត់​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នេះ ដើម្បី​ឈាន​ដល់​មាន​សិទ្ធិ​កាន់កាប់​ដី​ស្រប​ច្បាប់។

​លោក យន្ត មីន ព្រមាន​ថា បើ​មាន​សកម្មភាព​កាប់​រាន​ដី​ព្រៃ មាន​ដុះ​ដើមឈើ​ធំៗ ដែល​ជា​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ បម្រុង​ដាក់​ចូល​ជា​ឧទ្យាន​ជាតិ​កោះរ៉ុង ដូច​ការ​ចោទ​មែន​នោះ​វា​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពី​ក្រោយ​ការ​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់។

​អភិបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា នឹង​ពិនិត្យ​តាមដាន​ផ្ទាល់​ដល់​ទីតាំង​មាន​បទល្មើស​កាប់​រាន​ដី​ព្រៃ​ឈើ​នៅ​លើ​កោះរ៉ុង ដើម្បី​រក​ឲ្យ​ឃើញ​ការពិត និង​ឈាន​ដល់​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​ជាក់ស្ដែង។

​ចំណែក​អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ឈើ​នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះរ៉ុង នៅ​ក្នុង​អំឡុង​មន្ត្រី​ជំនាញ​ចុះ​វាស់​កំណត់​ក្បាលដី​ជូន​ពលរដ្ឋ ឈាន​ដល់​កាន់កាប់​ដី​ស្របច្បាប់​ពិត​មែន។

​មន្ត្រី​រូប​នេះ​ក៏​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ព្រៃឈើ​ធម្មជាតិ ដែល​ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​មហិច្ឆតា​ល្មោភ​មួយ​ចំនួន​បាន​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​ព្រៃឈើ ទន្ទ្រាន​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​លើ​សង្កាត់​កោះរ៉ុង នេះ​ដែរ។ ប៉ុន្តែ​លោក​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​នៅ​លើ​កោះរ៉ុង​នេះ រូបលោក​បាន​ដាក់​របា​យ​ការណ៍ និង​រាយការណ៍​ជូន​ថ្នាក់​លើ​រួច​ហើយ ដើម្បី​ឈាន​ដល់​មាន​វិធានការ​បន្ត៖ «យើង​ទទួល​បាន​ព័ត៌មាន​រាយការណ៍​មក​ពី​កោះរ៉ុង ថា​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ទើប​យើង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់​ទីតាំង​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ នៅ​ពេល​ដែល​យើង​ចុះ​ទៅ​ដល់​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ហ្នឹង យើង​ក៏​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែរ ព្រោះ​ប្រជាពលរដ្ឋ​យើង​គាត់​ស្រលាញ់​ដី​ជាង​ស្រលាញ់​ធម្មជាតិ​ព្រៃឈើ ដោយ​មិន​យល់​ថា ព្រៃឈើ​វា​កម្រ​ដុះ​ណាស់​នៅ​លើ​កោះ ហើយ​ពួកគាត់​មិន​យល់​បែរជា​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃឈើ​រាន​យក​ដី​ទៅ​វិញ។ ចំណែក​វិធានការ​របស់​រដ្ឋបាល​ក្រុង និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​មាន​តែ​ប្រឹងប្រែង​ទប់ស្កាត់​សកម្មភាព​ព្រៃឈើ​នៅ​លើ​កោះរ៉ុង នេះ ឲ្យ​អស់​លទ្ធភាព ហើយ​យើង​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ថ្នាក់​លើៗ​ជួយ​មាន​វិធានការ​បន្ត​ទៀត»

​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន បាន​សម្រេច​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៣​បន្ថែម​ទៀត នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ព្រះវិហារ ត្រូវ​រៀបចំ​ដាក់​ជា​ឧទ្យាន​ជាតិ រួម​មាន ឧទ្យាន​ជាតិ​កោះរ៉ុង តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែកទប់ ខេត្ត​ព្រះសីហនុ និង​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង ខេត្ត​ព្រះវិហារ ឲ្យ​ក្លាយ​ជា​ឧទ្យាន​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។