សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ដើមឈើ​ផលិត​ជ័រទឹក

ដោយ វ៉ែន សុមេធ
2017-12-05
Share
ព្រៃ​ព្រះ​រកា ព្រះវិហារ ២០១៦ ៦២២ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦
RFA/Chuop Sereyroth

សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ដែល​ជា​ព្រៃ​អភិរក្ស​ដោយ​អនុក្រឹត្យ ខែត្រ​ព្រះវិហារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​មធ្យោបាយ អភិរក្ស​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​នេះ​ធ្វើឡើង នៅ​គ្រា​ដែល​ដើមឈើ​ផលិត​ជ័រទឹក​រាប់ម៉ឺន​ដើម រង​ការ​កាប់​បំផ្លាញ​យក​ឈើ​លក់ ដោយ​ក្រុម​ពលរដ្ឋ​ចំណាកស្រុក និង​ពលរដ្ឋ​នៅ​មូលដ្ឋាន ពុំ​សូវ​មានការ​ទប់ស្កាត់។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា ប្រសិនបើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​រក​មធ្យោបាយ​អភិរក្ស​ដើមឈើ​ផលិត​ជ័រទឹក ក្នុង​តំបន់​ព្រៃព្រះរកា ដែល​ជា​ព្រៃ​អភិរក្ស​ដោយ​អនុក្រឹត្យ ឲ្យ​គង់វង្ស​ទេ ដើមឈើ​ទាំងនោះ នឹង​ត្រូវ​រលាយ​ទាំងស្រុង​នៅ​ពេល​ឆាប់ៗ​ខាងមុខ បង្ក​ប៉ះពាល់​ជីវភាព​គ្រួសារ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ម៉ឺន​គ្រួសារ។ សហគមន៍​ថា ពលរដ្ឋ​ភាគច្រើន បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី និង​ទិញ​គោយន្ត ធ្វើ​កសិកម្ម​ដែល​រំពឹង​ថា រក​ចំណូល​ដោយ​ការ​ដង​ជ័រទឹក ក៏ប៉ុន្តែ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគេ ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់។

អនុប្រធាន​សហគមន៍​ភូមិ​ប្រមេរ លោកស្រី រឿន ខាន់ ឲ្យ​ដឹង​ថា សកម្មភាព​លូច​កាប់​ឈើ​ផលិត​ជ័រទឹក និង​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតមាន​រៀងរាល់​យប់ ក្នុង​មួយ​យប់ៗ​មាន​គោយន្ត​ចាប់ពី ៥​គ្រឿង ទៅ​១០​គ្រឿង លួច​ដឹក​ឈើ​ចេញពី​ព្រៃ ហើយ​ឈើ​ដែល​ដឹក​នោះ​ជា​ប្រភេទ​ឈើ​ត្រាច និង​ឈើទាល​ដែល​ជា​ឈើ​ផលិត​ជ័រទឹក។ លោកស្រី​បន្ថែម​ថា ដើមឈើ​ផលិត​ជ័រទឹក កំពុង​ត្រូវប៉ាន់​លើ​ទីផ្សារ មានតម្លៃ​ខ្ពស់ នាំ​ឲ្យ​ឈ្មួញ​នាំគ្នា​សម្រុក​កាប់ និង​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម រី​ឯ​វិធានការ​បង្ក្រាប​មាន​តិចតួច​ណាស់។ លោកស្រី​ថា នៅ​រដូវ​ច្រូតកាត់ អ្នកភូមិ​នាំគ្នា​ធ្វើស្រែ​ចម្ការ ជា​ឱកាស​ឈ្មួញ​លួច​កាប់​ដើមឈើ​ផលិត​ជ័រទឹក​ក្នុង​ព្រៃ។ «»

លោកស្រី រឿន ខាន់ បន្ថែម​ថា គ្រួសារ​លោកស្រី​មាន​ដើមឈើ​ផលិត​ជ័រទឹក ជិត ១​ពាន់​ដើម ក៏ប៉ុន្តែ​នៅ​អំឡុង​ពេល ៦​ខែ​ចុង​ក្រោយនេះ ឈ្មួញ​លួច​កាប់​អស់​ជាង ពាក់​កណ្ដាល​ហើយ បច្ចុប្បន្ន​នៅសល់​ដើម​ច្បោះ​ជាង ៤​រយ​ដើម។ លោកស្រី​ថា ដើម​ច្បោះ​ជាង ៤​រយ​ដើម គ្រួសារ​លោកស្រី​អាច​ដង​ជ័រទឹក​ក្នុង​មួយ សប្ដាហ៍​បាន​ចាប់ពី ៥​ទៅ​ជាង ១០​កាន ហើយ​ក្នុង​មួយ​កាន​អាច​លក់​បាន​ចាប់ពី ១០​ម៉ឺន ទៅ ១៤​ម៉ឺន​រៀល ពោល​ក្នុង​មួយ​ខែ អាច​រក​ប្រាក់​បាន​ជាង ៣​លាន​រៀល។ «»

ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​លុបបំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ។ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើឡើង បន្ទាប់ពី​លោក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដោយ​ជោគជ័យ។ ការ​ប្រកាស​ពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ និង​លុបបំបាត់​បទល្មើស​ព្រៃឈើ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ គឺ​រាប់​ភ្លេច​ហើយ។

មេឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ហម បាន ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ពី​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​រួមគ្នា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ តែ​យ៉ាងណា​លោក​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ហើយ​អាជ្ញាធរ​ឃុំ មាន​តួ​នា​នាទី​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ឋានៈ​ត្រឹម​អាជ្ញាធរ​ឃុំ មិន​អាច​ឈប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទូលំទូលាយ​ទេ ហើយ​យន្តការ​នេះ​គួរ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល។ «»

ព្រៃ​ព្រះរកា​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ គឺ​ទទួល​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជាង ៤​ឆ្នាំ​មក​ហើយ។

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បារម្ភ​ថា បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​ពុំ​មាន​ប្រសិទ្ធភាព ខណៈ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្ត ហើយ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ។ លោក​ហាក់​ពុំ​មាន​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ ហើយ​ប្រសិនបើ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​បាន​តែ​រយៈពេល​ខ្លី ឬ​ដូច​ភ្លើង​ចំបើង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។