សហគមន៍​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​មួយ​យក​រថយន្ត​ធំៗ​ដឹក​ជញ្ជូន​ឈើ​ចូល​ការដ្ឋាន​របស់​ខ្លួន​ជាប់​តំបន់​ព្រៃ​ការពារ

ដោយ ថន ថារ៉ូ
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​អះអាង​ថា ដើមឈើ​ធំៗ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​សហគមន៍​នាំគ្នា​ថែរក្សា និង​ចុះ​ល្បាត កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​យ៉ាង​ខ្លាំង​ក្លា ពី​សំណាក់​ក្រុមហ៊ុន ប្លូ ហេវិន (Blue Haven)។ អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ​កំពុង​ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ​មិន​សល់​ព្រៃឈើ​ធំៗ​ទៀត​ទេ​។​

សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ជីជ្រូក ភូមិ​គូលែន និង​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន នៅ​ថ្ងៃ​ទី២០ មីនា ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​រំលំ​ព្រៃឈើ និង​ឈើ​ប្រណីត​ធំៗ ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែល​ជា​កន្លែង​ដែល​សហគមន៍ និង​មន្ត្រី​បរិស្ថាន​អភិរក្ស។ សហគមន៍​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប្លូហេវិន បាន​យក​រថយន្ត​ធំៗ បន្លំ​ធ្វើ​សកម្មភាព​លួច​កាប់ និង​ប្រមូល​ឈើ​ធំៗ​ចេញពី​ព្រៃ​ការពារ​នៅ​តំបន់​នោះ​ដោយ​ដឹកជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ជាង​៣​សប្ដាហ៍​មក​ហើយ។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ជីជ្រូក លោក លឹម ស្នា ឱ្យ​ដឹង​ថា ដើមឈើ​ធំៗ រាប់ពាន់​ម៉ែត្រ​ត្រូវ​បាន​ក្រុមហ៊ុន ប្លូ ហេវិន សម្រុក​កាប់ និង​ដឹក​ជញ្ជូន​ចេញពី​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​អា​ច្រៀក​ធ្វើ​អាជីវកម្ម​។ លោក​ថា ព្រៃស្រោង​ដែល​សំបូរ​ដោយ​ឈើ​ធំៗ​គ្រប់​ប្រភេទ​ឋិត​នៅ​ចំណុច​ព្រៃ​ទីប្រា ឬ ចំណុច​ដងស្ទឹង​ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ត្រូវ​បាន​ក្រុមហ៊ុន​នេះ​យក​គ្រឿងចក្រ និង​កម្លាំង​កម្មករ​ចូល​ទៅ​អារ​រំលំ និង​ដឹកជញ្ជូន​ចេញ​ក្រៅ​អស់​មួយ​ផ្នែក​ធំ​៖ «ក្រុមហ៊ុន​ចូល​កាប់​កន្លែង​ដែល​ហាមឃាត់​តឹងតែង​ពលរដ្ឋ​ចូល​កាប់​ឈើ​ផ្ទះ​អត់​បាន​សូម្បីតែ​មុខ​២០ និង​មុខ​៣០ ក៏​មន្ត្រី​បរិស្ថាន​មិន​ឱ្យ​កាប់​ដែរ​ឥឡូវ​ក្រុមហ៊ុន​ចូល​កាប់​អស់​រាប់​ម៉ឺន​ម៉ែត្រ​គូប»

បុរស​ដដែល​សង្ស័យ​ថា ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​នៃ​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព អាច​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ឧទ្យានុរក្ស​ខ្លះ ទើប​បាន​ជា​ពុំ​មាន​ការ​បង្ក្រាប​អ្វី​ទាល់តែសោះ។ លោក​ថា ព្រៃឈើ​នៅ​តំបន់​នោះ មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​រាប់​រយ​គ្រួសារ អាស្រ័យ​ផល និង​ជា​ជម្រក​សត្វព្រៃ​កម្រ​រស់នៅ ដូចជា សត្វ​ខ្ទីង ទន្សោង ឈ្លូស រមាំង និង ប្រើស​ជាដើម៖ «ឈើ​នៅ ៤​ទៅ ៥​រយ​កំណាត់​ទៀត​នៅ​ក្រៅ​ដេប៉ូ និង​ក្នុង​ដេប៉ូ​ក៏​មាន។ ព្រៃ​វា​ធំ​ទើប​កាប់​បាន​មួយ​ជ្រុង​ព្រៃ​ទេ»

ទោះជា​យ៉ាងណា អាស៊ីសេរី មិន​អាច​ទាក់ទង មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ប្រចាំ​ស្រុក​គូលែន និង​មេការ​ក្រុមហ៊ុន ប្លូ ហេវិន លោក សេដ ឡាំ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ នៅ​ថ្ងៃទី២០ មីនា​។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក អ៊ា សុខា បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ដោយ​លោក​ថា កំពុង​ជាប់រវល់៖ «អធ្យាស្រ័យ​បង បង​ទាក់ទង​ទៅ​ប្រធាន​ស្ដីទី​គេ ខ្ញុំ​ជាប់​រៀន»

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​មេឃុំ​គូលែន លោក ឆេង អ៊ួយ ប្រាប់​អាស៊ីសេរី​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ជា​តំបន់​ស្នូល គឺជា​ករណី​កិច្ច​របស់​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ការពារ ហើយ​អាជ្ញាធរ​ឃុំ​ធ្លាប់​ចាត់​ឱ្យ​មន្ត្រី​ឃុំ​ចុះទៅ​តំបន់​នោះ​ដែរ តែ​មន្ត្រី​ឧទ្យានុរក្ស​ហាម​។ លោក​កត់សម្គាល់​ថា អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​ទទួល​ដំណឹង​ថា មាន​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​នោះ​ដែរ ក៏ប៉ុន្តែ​ពួកគេ​មិន​មាន​វិធានការ​អ្វី​ទេ ព្រោះ​តំបន់​នោះ មាន​មន្ត្រី​ឧទ្យានុរក្ស​ទទួល​ការពារ​។ លោក​ចាំ​ថា កន្លងទៅ​អាជ្ញាធរ​ឃុំ និង​សហគមន៍​មូលដ្ឋាន ធ្លាប់​ស្នើ​ទៅ​ក្រសួងបរិស្ថាន ចង់​បង្កើត​ព្រៃ​តំបន់​នោះ ជា​ព្រៃ​ការពារ​របស់​សហគមន៍ តែ​ក្រសួង​បដិសេធ​៖ «ខ្ញុំ​ថា​ម៉េច​បាន​អាជ្ញាធរ​មិន​ដឹង បើ​ដឹង​យ៉ាងណា​បើ​ដី​ឋិត​ក្នុង​ដែន​របស់​ក្រសួង​បរិស្ថាន​មាន​ព្រះរាជក្រឹត្យ​គ្រប់គ្រង​ត្រឹមត្រូវ​យើង​ទៅ​គ្រប់​គ្រង​យ៉ាងម៉េច​កើត​យើង​ទៅ​ការពារ​ម៉េច​កើត​រឿង​របស់​គាត់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា ក្រុមហ៊ុន ប្លូ ហេវិន ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុងភ្នំពេញ បាន​រំលោភ​កិច្ចសន្យា​វិនិយោគ​ដោយ​បាន​កាប់​ឈើ​ធំៗ​ក្នុង​តំបន់​ព្រៃ​ការពារ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​ក្រសួងបរិស្ថាន​ផង មិន​មាន​វិធានការ​ច្បាប់​ណាមួយ​ដល់​ក្រុមហ៊ុន​នេះ​ជា​យូរ​មក​ហើយ​។ លោក​សង្ស័យ​ថា ក្រុមហ៊ុន​នេះ និង​មន្ត្រី​ជំនាញ​ខ្លះ​បាន​ឃុបឃិត​គ្នា​ក្នុង​ការ​កាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​គូលែន​ព្រហ្ម​ទេព​៖ «ក្រុមហ៊ុន ប្លូ ហេវិន កាប់​ឈើ​នេះ​យើង​ឃើញ​ថា អាជ្ញាធរ​ហាក់បីដូចជា​មិនបាន​យកចិត្តទុកដាក់ មិនបាន​មាន​វិធានការ​កាប់ និង​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ទេ​។ ពលរដ្ឋ និង​សហគមន៍​ចេះតែ​រាយការណ៍​មក ខាង​ក្រុមហ៊ុន​កាប់​ហើយ​ដឹក​ហាក់​ដូចជា​ត្រូវរ៉ូវ​គ្នា និង​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ណាមួយ​អ៊ីចឹង​គាត់​ដឹង​បាន​ដោយ​សេរី​បែបនេះ»

សហគមន៍​ការពារ​ព្រៃឈើ​ថា ដែន​ជម្រក​សត្វព្រៃ​នៃ​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព មាន​ផ្ទៃដី​ជាង ៦​ពាន់​ហិកតារ (.៥០០) មាន​វិសាលភាព​ចាប់ពី​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​រហូតដល់ ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ អ្នកស្រុក​បារម្ភ​ថា ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ​នៅតែ​បិទ​ភ្នែក​ឱ្យ​ក្រុមហ៊ុន​នេះ កាប់​ឈើ​ធ្វើ​អាជីវកម្ម​បន្ត​ទៀត ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ​នឹង​បាត់បង់​ដើមឈើ​ធំៗ ទាំងស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល