ឈើ​មូល​ជា​ច្រើន​ដើម​ត្រូវ​បាន​ឈ្មួញ​កាប់​និង​ដឹក​ចេញ​ពី​ដែន​អភិរក្ស​ភ្នំ​សំកុស​ខេត្ត​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2017-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​ដែល​ឈ្មួញ​លួច​កាប់ និង​ដឹក​ចេញ​ពី​តំបន់​ការពារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ត្រូវ​មន្ត្រី​បរិស្ថាន​បង្ក្រាប​បាន និង​យក​រក្សា​ទុក​នៅ​ទីចាត់ការ​ដែន​ជម្រក​សត្វ​ភ្នំ​សំកុស ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧។
ឈើ​ដែល​ឈ្មួញ​លួច​កាប់ និង​ដឹក​ចេញ​ពី​តំបន់​ការពារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ត្រូវ​មន្ត្រី​បរិស្ថាន​បង្ក្រាប​បាន និង​យក​រក្សា​ទុក​នៅ​ទីចាត់ការ​ដែន​ជម្រក​សត្វ​ភ្នំ​សំកុស ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

អ្នក​ភូមិ នៃ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ សង្ស័យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បរិស្ថាន បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​កាប់​ឈើ​ចេញ​ពី​ចន្លោះ​ភ្នំ​សំកុស និង​ភ្នំ​១០០៥ ដែល​ជា​តំបន់​នៅ​សល់​ឈើ​ល្អ​ច្រើន​ដើម្បី​ធ្វើ​អាជីវកម្ម។ ពលរដ្ឋ​អះអាង​ថា ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​ដែន​អភិរក្ស​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) ទី​២ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ចំពោះ​ការ​អះអាង​នេះ។

ឈើ​មូល​មុខ​កាត់​ចន្លោះ​ពី ១​កន្លះ ទៅ​ជិត ២​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​យ៉ាង​តិច ៨​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​តាម​ឡាន​សណ្ដោង​កន្ទុយ​យ៉ាង​តិច ៣​ជើង​ក្នុង​១​យប់ ដោយ​ពុំ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ចុះ​បង្ក្រាប។

អ្នក​ភូមិ​នៃ​ឃុំ​អន្លង់រាប​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ឈ្មួញ​បាន​យក​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​ចូល​ទៅ​ចន្លោះ​ភ្នំ​ទាំង​ពីរ ដើម្បី​កាប់​ឈើ​រួច​អូស​មក​ទម្លាក់​ទុក​នៅ​ក្បែរ​មាត់​ផ្លូវ​លេខ​៥៥ ហើយ​ម៉ោង​ប្រហែល ៧​កន្លះ​យប់ ទើប​លើក​ដាក់​ឡាន​ដឹក​ចូល​ក្រុមហ៊ុន អឹម.ឌី.អេស ឋិត​នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់រាប។

ឆ្លើយ​តប​នឹង​ការ​អះអាង​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អឹម.ឌី.អេស មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ បដិសេធ​ថា ក្រុមហ៊ុន​លោក​មិន​ជាប់​ពាក់ព័ន្ធ ឬ​បាន​ដឹង​ករណី​កាប់​ឈើ​ពី​ក្នុង​ដែន​អភិរក្ស​ចូល​ក្រុមហ៊ុន​ដូច​ដែល​ពលរដ្ឋ​អះអាង​នោះ​ទេ។ ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ដើម្បី​ដាំ​កៅស៊ូ ហើយ​ឈើ​នៅ​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​មាន​សិទ្ធិ​ចាត់ចែង៖ «នៅ​ក្នុង​ដី​សម្បទាន​អា​ហ្នឹង​យើង​មាន​ការ​ឈូស​ឆាយ ដើម្បី​ដាំ​ដុះ​កៅស៊ូ​បន្ត តែ​បើ​ថា នៅ​ណា​ភ្នំ​១០០៥ ឬ​១០០៦ ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ អត់​បាន​ដឹង​អី​ក្នុង​រឿង​ហ្នឹង​ទេ។ ធម្មតា​ក្នុង​ដី​សម្បទាន​យើង​មាន​សិទ្ធិ​ឈូស​ឆាយ ដើម្បី​ដាំដុះ​ទៅ​លើ​ដំណាំ​កសិ-ឧស្សាហកម្ម អ៊ីចឹង​អ្វី​ដែល​យើង​បាន​ឈូស​ឆាយ​ហ្នឹង គឺ​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​តាម​អ្វី​ដែល​យើង​ត្រូវ​ការ​ធ្វើ​ហ្នឹង»

ចំណែក​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ម្នាក់​បង្ហើប​ថា បទល្មើស​អាច​នឹង​កើត​មាន​ខ្លះ ដោយសារ​មន្ត្រី​របស់​លោក​មាន​គ្នា​តិច និង​ខ្វះ​ខាត​មធ្យោបាយ​ធ្វើ​ដំណើរ​ចុះ​ល្បាត​បាន​ទៀងទាត់។ ប៉ុន្តែ​លោក​ថា ក្រុម​លោក និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ច្រើន​ករណី​ដែរ ហើយ​នាំ​គ្នា​ចុះ​ល្បាត​តាម​គោលដៅ​តាម​លទ្ធភាព។

អភិបាល​ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​វាលវែង លោក ហេង សុភាណា បញ្ជាក់​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ពិនិត្យ​ករណី​នេះ​ហើយ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម។ ក្នុង​នាម​រដ្ឋបាល​ស្រុក​លោក​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​ជា​រឿយៗ ហើយ​បន្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទល្មើស៖ «ខ្ញុំ​បាន​ឲ្យ​ជំនាញ​ពិនិត្យ​មើល​ទាក់ទង​ការងារ​ហ្នឹង ហើយ​ទាំង​ការ​កាប់​រាន​ដី​ព្រៃ ឬ​ក៏​បទល្មើស​ព្រៃឈើ។ និយាយ​រួម​យើង​អនុវត្ត​ជា​ប្រចាំ យើង​ធ្វើ​យ៉ាង​ម៉េច​តាម​យន្តការ​អាជ្ញាធរ​ផង និង​កម្លាំង​ជំនាញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​រាន​យក​ដី​នៅ​តំបន់​ហ្នឹង»

បទល្មើស​ឈើ​ប្រណីត និង​ឈើ​កែច្នៃ​តាម​រោង​សិប្បកម្ម​នៅ​ស្រុក​វាលវែង កើត​មាន​ច្រើន​ករណី ហើយ​អ្នក​ស្រុក​តែងតែ​សង្ស័យ​ថា បទល្មើស​ទាំង​នេះ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មាន​អំណាច ឬ​ក្រុមហ៊ុន​អឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បដិសេធ​ដាច់អហង្ការ​ថា ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​បទល្មើស​ទេ ហើយ​ថា ឈ្មួញ​ឈើ​ខ្លះ​ឆ្លៀត​ប្រព្រឹត្ត​បទល្មើស រួច​ទម្លាក់​កំហុស​មក​លើ​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល