មន្ត្រី​អនុរក្ស​ឧទ្យាន​ជាតិ​នៅ​រតនគិរី​រង​ការ​ចោទ​ថា​​ឲ្យ​​វៀតណាម​ចូល​កាប់​ឈើ​និង​ដាក់​អន្ទាក់​សត្វ

ដោយ រដ្ឋា វិសាល
2015-07-23
Share
ផែនទី​ខេត្ត​រតនគិរី ៨៥៥ ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

ប្រជា​សហគមន៍​រស់នៅ​តំបន់​អូរខាំផា ជាប់​នឹង​តំបន់​ឧទ្យានជាតិ​វីរជ័យ ក្នុង​ស្រុក​តាវែង ខេត្ត​រតនគិរី អះអាង​ថា មាន​ពលរដ្ឋ​វៀតណាម ជា​ក្រុមៗ​បាន​ចូល​មក​ក្នុង​ឧទ្យានជាតិ ស្វែង​កាប់​​ឈើ​គ្រញូង និង​ដាក់​អន្ទាក់​សត្វព្រៃ។ ក្រុម​ពលរដ្ឋ​វៀតណាម ដែល​ចូល​មក​ប្រព្រឹត្ត​បទល្មើស​ទាំង​​នោះ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​ពួកគេ​ថា បាន​បង់​ប្រាក់​ប្រចាំខែ​ទៅ​ឲ្យ​មន្ត្រី​​ឧទ្យានុរក្ស​ប្រចាំ​តំបន់​នោះ។

ប្រជា​សហគមន៍​អូរ​ខាំផា អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​ឧទ្យាន​ជាតិ​វីរជ័យ ស៊ើប​អង្កេត​អំពើ​ពុករលួយ​របស់​មន្ត្រី​អនុរក្ស​ដែន​ឧទ្យាន​ជាតិ​ស្រុក​តាវែង ឃុបឃិត​ឲ្យ​ជនជាតិ​វៀតណាម ចូល​ព្រៃ​កាប់​​ឈើ​គ្រញូង និង​ដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​ឧទ្យានជាតិ។

សមាជិក​សហគមន៍​អូរ​ខាំផា សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា ប្រមាណ​មួយ​ខែ​កន្លង​ទៅ​នេះ សហគមន៍​បាន​ប្រទះ​ឃើញ​ពលរដ្ឋ​វៀតណាម ជា​ក្រុមៗ​មាន​គ្នា​ប្រមាណ ៥០​នាក់ បាន​ឆ្លងកាត់​តំបន់​ព្រំដែន​ចំណុច​សេ១ (C1) ជាប់​ព្រំប្រទល់​ព្រៃ​សហគមន៍​អូរខាំផា និង​ឧទ្យានជាតិ​វីរជ័យ។ ក្រុម​ពលរដ្ឋ​វៀតណាម អ្នក​ដើរ​ព្រៃ​នោះ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យប្រវត្តិ​តូចៗ មាន​អន្ទាក់​សត្វព្រៃ​ បំណង​ស្វែង​រក​ឈើ​គ្រញូង នៅ​តំបន់​ភ្នំ និង​ដាក់​អន្ទាក់​យក​សត្វព្រៃ​ស្ពាយ​ឆ្លង​ដែន​ទៅ​ប្រទេស​​វៀតណាម ដើម្បី​ធ្វើ​អាជីវកម្ម។

សហគមន៍​ដដែល​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ផាន់ ជា​អតីត​មេការ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​ចិន ហ្វុង ទៀន នៅ​តំបន់​នោះ គឺ​ជា​អ្នក​រត់​ការ​បង់​ប្រាក់​ទៅ​ឲ្យ​ឆ្មាំ​ការពារ​ឧទ្យាន​ប្រចាំខែ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​ព្រៃ​ដោយ​គ្មាន​ការ​ទប់ស្កាត់៖ «កម្លាំង​មក​វា​មក​ម្តង​មិន​តិច​ទេ​ពី​ហាសិប​ទៅ​ហុកសិប​នាក់។ វា​ចូល​ល្បាក់​មួយ​ខែ​នេះ​ហើយ ទើប​ខ្ញុំ​ដឹង​ប្រជាពលរដ្ឋ​គេ​ចូល​ព្រៃ​កាប់​ឫស្សី គេ​បាន​ជួប​ដែរ ខ្ញុំ​បាន​ជួប​ផ្ទាល់ ខ្ញុំ​ចេះ​និយាយ​វៀតណាម ​តិចតួច។ ខ្ញុំ​សួរ​គេ គេ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​អស់។ ​វា​បង់​ខែ ព្រោះ​វា​ច្រើន​ក្រុម។ ឆ្នាំ​ទៅ​វា​បង់​មួយ​ខែ​តែ ១០​លាន​ដុង​ទេ ឆ្នាំ​នេះ​វា​បង់ ២៥​លាន​ដុង»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ឧទ្យានុរក្ស​ប្រចាំ​ស្រុក​តាវែង លោក មោង ពិសិដ្ឋ បដិសេធ​ថា មិន​មាន​មន្ត្រី​អនុរក្ស​ណា​មួយ​ពាក់ព័ន្ធ​ទទួល​ប្រាក់​សំណូក​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ឧទ្យាន​ជាតិ​នោះ​ឡើយ។ លោក​ថា ឆ្មាំ​ឧទ្យាន​ត្រូវ​បាន​ចាត់​ឲ្យ​ដើរ​ល្បាត​នៅ​តំបន់​អូរ​ខាំផា អូរ​កាយ៉ាក និង​អូរដំបូក ក៏ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​ពលរដ្ឋ​វៀតណាម ចូល​មក​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ៖ «អត់​ដឹង​ដែរ មិន​ដែល​បាន​ចាយ​ទេ។ ម្សិលម្ង៉ៃ​ចុះ​ទៅ​ដែរ អត់​ឃើញ​ស្អី​តាម​កាយ៉ាក​តាម​ស្អី​ហ្នឹង។ ស្អែក​ចុះ​ទៅ​ទៀត ចុះ​ផ្ទាល់​ខ្លួន​ឯង​ទៀត​ចង់​ដឹង​មើល»

​ឧទ្យាន​ជាតិ​វីរជ័យ មាន​ផ្ទៃដី​ជាង ៣៥​ម៉ឺន​ហិកតារ។ សេចក្ដី​រាយការណ៍​របស់​សហគមន៍​ឲ្យ​ដឹង​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​សកម្មភាព​កាប់​ឈើ​ប្រណិត​អនាធិបតេយ្យ និង​ការ​ប្រមាញ់​សត្វព្រៃ​កើត​មាន​ច្រើន​ករណី បើ​ទោះបី​ឆ្មាំ​ការពារ​ឧទ្យាន​ល្បាត ឬ​ដាក់​ប៉ុស្តិ៍​ទប់ស្កាត់​ការ​ចរាចរ​ឈើ​ប្រណិត​ចេញ​ពី​ឧទ្យាន​ជាតិ​យ៉ាង​ណា​ក្តី។

កត់សំគាល់​ទៅ​នឹង​ការ​អះអាង​របស់​សហគមន៍​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ទទួល​ស្គាល់​ថា សហគមន៍​ធ្លាប់​បាន​ផ្ដល់​ព័ត៌មាន​នេះ​មក​​សមាគម​លោក​ដូច​គ្នា។ ក្នុង​នោះ​សហគមន៍​អះអាង​ថា ពលរដ្ឋ​វៀតណាម ខ្លះ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជួយ​បង្កើន​កម្លាំង​លី​ឈើ ឬ​សត្វព្រៃ​ត្រឡប់​ទៅ​វិញ៖ «គឺ​មាន​ការ​ប្រើប្រាស់​គ្រឿងញៀន​ទៀត អាច​មាន​លទ្ធភាព​ឡើង​ភ្នំ​ដើម្បី​លី​ឈើ​គ្រញូង​ចុះ​មក​វិញ»

​ចំណែក​ប្រធាន​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី លោក ព្រិន សំបូរ អះអាង​ថា លោក​នឹង​ស្រាវជ្រាវ​ករណី​បន្ថែម​ទៀត ពីព្រោះ​លោក​ក៏​ទទួល​បាន​ព័ត៌មាន​នេះ​ដូច​គ្នា ក៏ប៉ុន្តែ​ពេល​ចុះ​ស្រាវជ្រាវ​មិន​ឃើញ​មាន​ករណី​នេះ​ទេ។ លោក​បន្ត​ថា ច្រក​របៀង​នៅ​តំបន់​នោះ​មាន​ច្រើន ហេតុ​នេះ​ក្រុម​អនុរក្ស​មាន​ការ​លំបាក​ដើរ​ល្បាត ជា​ពិសេស​នា​រដូវ​ភ្លៀង​នេះ៖ «ខ្ញុំ​អត់​ជឿ ព្រោះ​ខ្ញុំ​បាន​បង្កើត​ក្រុម​ការងារ ពិសេស​ចុះ​ស្រាវជ្រាវ​រឿង​ហ្នឹង​ដែរ។ ឥឡូវ​ខ្ញុំ​បាន​​ចាត់​តាំង​កម្លាំង​ហ្នឹង​ឲ្យ​តាមដាន​ស្រាវជ្រាវ​រឿង​ហ្នឹង បើ​ចុះ​ជួប​ត្រូវ​ចាប់​ទាំង​អស់»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ជា​ប្រជា​សហគមន៍​អូរ​ខាំផា អះអាង​ដែរ​ថា នៅ​តំបន់​អូរ​ដំបូក ក៏​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ចេញ​ពី​ឧទ្យាន​ជាតិ និង​ដឹក​ជញ្ជូន​តាម​កាណូត​មក​កាន់​ស្រុក​តាវែង ដោយ​គ្មាន​ការ​ទប់​ស្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល