សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​មូលដ្ឋាន​បើក​ដៃ​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ព្រៃ​សហគមន៍

ដោយ ប្រាជ្ញ ចេវ
2015-01-18
Share
កាប់​ឈើ ស្ទឹងត្រែង ៦២០ ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​ការ​កាប់​រាន​យក​ដី​ក្នុង​ឆ្នាំ​២០១៤។
Photo Adhoc

សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​មេ​ឃុំ និង​មេភូមិ​ថា បើក​ដៃ​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ឈើ និង​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ការពារ។ ប៉ុន្តែ​អាជ្ញា​ធារ​បដិសេធ និង​ថា ព្រៃ​សហគមន៍​នោះ​បង្កើត​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

សហគមន៍​ការពារ​ព្រៃ​ឈើ​អះអាង​ថា ដី​ព្រៃ​ទំហំ​ជាង ៨០០​ហិកតារ និង​ពោរពេញ​ដោយ​ឈើ​ប្រណិត កំពុង​រង​ការ​កាប់​ទន្ទ្រាន​អស់​ជាង ៥០​ភាគរយ​ទៅ​ហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់​ស្កាត់។ ក្រុម​អ្នក​ការពារ​បរិស្ថាន​ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អន្តរាគមន៍​លើ​រឿង​នេះ​ជា​បន្ទាន់។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​អន្លង់​ក្រមួន លោក ខៀវ ចាន់ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ថា មាន​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចូល​កាប់​ព្រៃ​សហគមន៍​ជា​រៀងរាល់​ថ្ងៃ ដោយ​មាន​ភ្លើង​ខៀវ​ពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​មិន​ត្រឹមតែ​មិន​រារាំង​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​និយាយ​ថា តំបន់​នោះ​មិន​មែន​ជា​ព្រៃ​សហគមន៍​ឡើយ។

ប្រជា​សហគមន៍​អះអាង​ថា ព្រៃ​សហគមន៍​អន្លង់​ក្រមួន ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០២ ដោយ​មាន​ទទួល​ស្គាល់​ពី​រដ្ឋបាល​ព្រៃឈើ និង​ការ​ជ្រើសរើស​ប្រធាន​សហគមន៍ គឺ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ឡើង និង​ដោយ​មាន​មេ​ឃុំ​ទទួល​ស្គាល់។ ប៉ុន្តែ​នៅ​ពេល​ដី​និង​ព្រៃ​មាន​តម្លៃ​លោក​មេ​ឃុំ​បែរ ជា​និយាយ​ថា សហគមន៍​នោះ បង្កើត​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​វិញ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ មេ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក លួន ណាន មាន​ប្រសាសន៍​ថា លោក​មិន​បាន​បើក​ដៃ​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ព្រៃ​នេះ​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា ព្រៃ​សហគមន៍​នេះ​បង្កើត​ឡើង​តែ​ប្រជាពលរដ្ឋ​មួយ​ក្រុម​គ្មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ទេ។

តាម​ការ​បញ្ជាក់​របស់​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ ក្រុម​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ទៅ​តុលាការ​ដែល​បើកដៃ​ឲ្យ​មាន​ការ​កាប់​ព្រៃ​នេះ ប៉ុន្តែ​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​តុលាការ​មិន​ទាន់​ចាត់ការ​នៅ​ឡើយ​ទេ។

អនុ​ប្រធាន​រដ្ឋបាល​ព្រៃ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​កាប់​ឈើ​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​កាប់​ឈើ​នេះ ទោះ​នៅ​មិន​នៅ​ក្នុង​ដែន​ការពារ​ក្ដី ក៏​មិន​មែន​ជា​រឿង​ស្របច្បាប់​ដែរ។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​ដល់​កន្លែង​កាប់​បំផ្លាញ​ព្រៃ​ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អន្តរាគមន៍​លើ​រឿង​នេះ​ជា​បន្ទាន់។ លោក​ថា ពេល​នេះ​ឈើ​មាន​តម្លៃ​ជា​ច្រើន​កំពុង​រង​ការ​កាប់​បំផ្លាញ។

ប្រជា​សហគមន៍​ព្រៃ​អន្លង់​ក្រមួន ភាគ​ច្រើន​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃឈើ​ដោយ​ប្រកប​របរ​រក​វល្លិ ដង​ជ័រទឹក និង​រក​ផ្ដៅ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល