អ្នក​ជំនាញ​បារម្ភ​ថា​គម្រោង​ទំនប់​វារីអគ្គិសនី​នឹង​បំផ្លាញ​ជីវិត​នៅ​តាម​ទន្លេ​មេគង្គ​ក្រោម

ដោយ សាន សែល
2017.03.16
សៀក សូផាត ២០១៧ ១៤៤០ ប្រធាន​ដេប៉ាតឺម៉ង់​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ លោក​បណ្ឌិត សៀក សូផាត ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ក្រុម​អ្នក​ជំនាញ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​សាងសង់​ឡើង​បន្ថែម​ទៀត​នៅ​តាម​ដង​ទន្លេ​មេគង្គ ដោយ​មិន​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន និង​រៀបចំ​ផែនការ​ដោះស្រាយ​ត្រឹមត្រូវ នោះ​ជីវិត​ប្រជាជន​ដែល​រស់នៅ​ពឹង​លើ​ទឹក​ទន្លេ និង​បរិស្ថាន​ទន្លេ នឹង​ត្រូវ​វិនាស។

សន្និសីទ​អន្តរជាតិ​ស្ដីពី​ទន្លេ​មេគង្គ​ក្រោម រយៈពេល​បី​ថ្ងៃ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ដល់​ថ្ងៃ​ទី​១៨ មីនា នៅ​រាជធានី​ភ្នំពេញ បាន​នាំ​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​ធនធាន​ទឹក​មក​ជជែក​ពិភាក្សា និង​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ផ្សេងៗ ស្ដីពី​ការ​ប្រែប្រួល​បរិស្ថាន ការ​ធ្វើ​កសិកម្ម​បែប​និរន្តរភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម។

ទន្លេសាប និង​បណ្ដាញ​ទន្លេ​បី រួម​មាន​ទន្លេ​សេសាន ទន្លេ​សេកុង និង​ទន្លេ​ស្រែពក ជា​ប្រភព​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា។

អត្ថបទ​ស្រាវជ្រាវ​ស្ដីពី​បណ្ដាញ​ទន្លេ​បី ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ បង្ហាញ​ថា ទន្លេ​ទាំង​បី​ដើរ​តួនាទី​សំខាន់​ខ្លាំង ជា​ប្រភព​ជីវចម្រុះ ពិសេស​សត្វ​ស្លាប​កម្រ និង​ព្រៃ​ការពារ និង​ប្រភព​ទឹក​សម្រាប់​ប្រជាជន។

ចំណែក​ទន្លេសាប​វិញ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៀត​បង្ហាញ​ថា មាន​ប្រជាជន​កម្ពុជា ជាង ១​លាន ៥​សែន​នាក់ រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​ពឹង​ផ្នែក​លើ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការ​ចិញ្ចឹម​ជីវិត ដូចជា​ទឹក និង​ដី​ជី​ល្បាប់​សម្រាប់​កសិកម្ម ឧស​ដុត និង​ប្រូតេអ៊ីន។ ទិន្នន័យ​នៅ​ឆ្នាំ​២០០៦ បង្ហាញ​ថា ត្រី​ចន្លោះ​ពី​ជាង ២៨​ម៉ឺន​ទៅ ៤៣​ម៉ឺន​តោន ត្រូវ​បាន​គេ​នេសាទ​នៅ​បឹង​ទន្លេសាប​ក្នុង​មួយ​ឆ្នាំៗ។

អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា ការ​កើន​ឡើង​នូវ​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​ខាង​លើ កំពុង​គំរាម​កំហែង​ដល់​អនាគត​នៃ​លំហូរ​ទឹក​ហូរ​ចាក់​ចូល​ទន្លេ​ខាង​ក្រោម។ ក្រៅ​ពី​នេះ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​វិនិយោគ​ធនធាន​រ៉ែ និង​ការ​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ ក៏​កំពុង​ប៉ះពាល់​ដល់​ទន្លេ​ដែរ។

លោក​បណ្ឌិត សៀក សូផាត ប្រធាន​ដេប៉ាតឺម៉ង់​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្លែង​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​លើ​ទន្លេ និង​ជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ទន្លេ អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត និង​អាជ្ញាធរ គួរ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ទប់​នឹង​ការ​មក​ដល់​នៃ​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍៖ «កាល​ណា​យើង​មិន​មាន​រៀបចំ​យុទ្ធសាស្ត្រ ចេះ​តែ​អនុវត្ត តែ​យើង​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ផ្អែក​ទៅ​តាម​លទ្ធផល​ការ​ស្រាវជ្រាវ។ ឧបមា​បើ​យើង​ធ្វើ​ទំនប់​រៀប​ហ្នឹង តើ​យើង​បម្រើ​តែ​ផ្នែក​អគ្គិសនី ឬ​បម្រើ​ផ្នែក​កសិកម្ម​ ឬ​ក៏​គិតគូរ​ពី​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ត​ទៀត។ ឥឡូវ​យើង​និយាយ​ពី​ការ​ប្រែប្រួល​អាកាសធាតុ យើង​ត្រូវ​គិត​មើល​​គ្រប់​ចំណុច​ទាំង​អស់​ហ្នឹង ថា​តើ​បម្រើ​ផ្នែក​អគ្គិសនី ឬ​កសិកម្ម​សម្រាប់​ទុក​ទឹក​ធ្វើ​កសិកម្ម»

រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៣ បាន​កំណត់​ទីតាំង​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​វារីអគ្គិសនី​ចំនួន ៦០​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ទីតាំង​ទាំងនោះ​ភាគច្រើន​លើសលប់​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​មេគង្គ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) រៀបចំ​ការ​សិក្សា​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម មុន​នឹង​សម្រេច​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​ចំនួន​បី​ទៀត ដូចជា​ទំនប់​ស្ទឹងត្រែង ទំនប់​សេកុង​ក្រោម និង​ទំនប់​សំបូរ។

ក្រសួង​រ៉ែ និង​ថាមពល នៅ​ពេល​ថ្មីៗ​នេះ​បញ្ជាក់​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​គម្រោង​វិនិយោគ​នៅ​តាម​ដង​ទន្លេ​នោះ​ទេ ប្រសិន​បើ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន និង​បរិស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។