កិច្ចប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ភូមិ​ស្រែគរ​និង​ក្បាលរមាស​ពុំ​ទាន់​មាន​លទ្ធផល

ដោយ ម៉ែន សុធីរ
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ទឹក​លិច​ភូមិ​ស្រែគរ (ចាស់) ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៧។
ទិដ្ឋភាព​ទឹក​លិច​ភូមិ​ស្រែគរ (ចាស់) ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៧។
RFA/Men Sothyr

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​រក​ដំណោះស្រាយ​ពី​បញ្ហា​ទឹក​ជន់​នៅ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស រវាង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ៨​ស្ថាប័ន រួម​ទាំង​សហគមន៍ នៅ​ពុំ​ទាន់​មាន​ពន្លឺ​លទ្ធផល​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន ដែល​នាំ​ឲ្យ​ពួក​គាត់​បាត់​ទំនុក​ចិត្ត និង​ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថត​វីដេអូ និង​ថត​សំឡេង។

អ្នក​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ៣៥​នាក់ បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ទាំង​អារម្មណ៍​មិន​ស្ងប់ នៅ​គ្រា​ដែល​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ទាំងអស់​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់ ស្វែងរក​ដំណោះស្រាយ​រួម ដែល​មាន​វត្តមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ៨​ស្ថាប័ន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង រស់នៅ​ឃុំ​ក្បាលរមាស លោកស្រី ស្រាំង ឡាញ់ ចង់​ឃើញ​កិច្ច​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ធ្វើ​ឡើង​ដោយ​បើក​ចំហ​ដែល​មាន​ការ​ដឹង​ឮ​ជា​សាធារណៈ រួម​មាន​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ប៉ុន្តែ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ពុំ​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូលរួម​ប្រជុំ​ទាំងអស់​គ្នា​នោះ​ទេ និង​ដាក់​លក្ខខណ្ឌ​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថត​វីដេអូ និង​សំឡេង៖ «អត់​មាន​សារព័ត៌មាន​ចូលរួម ពាក្យ​សម្ដី​កង្វល់​ដែល​ពួក​ខ្ញុំ​បញ្ចេញ និង​គោល​ជំហរ​របស់​ពួក​ខ្ញុំ ប្រៀប​ដូច​កប់​ក្នុង​ភក់។ ពួក​ខ្ញុំ​ចង់​បាន​សារព័ត៌មាន​ចូលរួម បាន​ពួក​ខ្ញុំ​ពេញ​ចិត្ត​បញ្ចេញ​មតិ និង​ទុក្ខ​កង្វល់​ពួក​ខ្ញុំ និង​បង្ហាញ​ចៅហ្វាយ​ខែត្រ និង​ក្រុមហ៊ុន​ប្រាប់​ថា កាប់​ឫស្សី​បណ្ដែត​ផ្ទះ ប្រសិន​ប៉ះពាល់​ទ្រព្យ​សម្បត្តិ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ»

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ លោកស្រី សារុំ សាខុម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា គោល​ជំហរ​របស់​សហគមន៍ បើ​ទោះ​បី​ជា​ភូមិ និង​លំនៅឋាន​ពួក​គាត់​ប្រឈម​ទឹក​ជំនន់​ក្តី ក៏​អ្នក​ភូមិ​នៅ​តែ​ស៊ូ​ស្លាប់​មិន​ព្រម​ចាកចេញ និង​ត្រៀម​ធ្វើ​ក្បូន​បណ្ដែត​ទឹក​រស់នៅ​ភូមិ​ចាស់​ដដែល។ លោកស្រី​មើល​ឃើញ​ថា អំឡុង​ពេល​ទឹក​ជំនន់​បាន​កើន​ឡើង​លិច​ភូមិ​ពួក​គាត់​រយៈពេល ៥​ថ្ងៃ​ហើយ ពុំ​ឃើញ​មាន​អាជ្ញាធរ​ជួយ​ជញ្ជូន​សម្ភារៈ​ពលរដ្ឋ​ទេ តែ​ឃើញ​មាន​ក្រុម​គ្រូពេទ្យ​ផ្តល់​ដំណឹង​ឲ្យ​សហគមន៍​ទៅ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ចល័ត៖ «ពួក​ខ្ញុំ​ដែល​រងគ្រោះ​ដោយសារ​ទឹក​លិច​ហ្នឹង ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទៅ​ជួយ​ពួក​ខ្ញុំ និង​ជំនួយ​ពួក​ខ្ញុំ គឺ​អត់​មាន»

ទឹក​ទន្លេ​សេសាន​នៅ​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ស្រក​ជិត ២​តឹក​ទៀត បើ​ធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ខណៈ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទ​ទ្វារ​ទឹក​សាកល្បង​អស់​រយៈពេល ១៨​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​កក្កដា។ អ្នក​ភូមិ​សន្និដ្ឋាន​ថា ទឹក​ជំនន់​នេះ​ពុំ​មែន​ដោយសារ​មក​ពី​ទំនប់​វារីអគ្គិសនី​ទាំងស្រុង​ទេ អាច​បណ្ដាល​មក​ពី​កត្តា​អាកាសធាតុ​បូក​ផ្សំ​ទឹក​ភ្លៀង​ផង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​នោះ ផ្ទុយ​ពី​លក្ខខណ្ឌ​ដែល​បាន​ស្នើសុំ ពោល​គឺ​វត្ថុ​បំណង​ដែល​ស្នើសុំ​មក​រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង ស្ដីពី​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​ការ​ចូលរួម​ដោយ​តំណាង​អាជ្ញាធរ​ខែត្រ ក្រសួង​ពាក់ព័ន្ធ វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO FORUM) និង​អង្គការ​ផ្សេងៗ​ទៀត ពុំ​មាន​សហគមន៍​នោះ​ទេ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​បាន​ស្នើសុំ​ឲ្យ​ពួក​គាត់​អនុវត្ត​កិច្ចប្រជុំ​ដែល​មាន​ការ​ឯកភាព​គ្នា​មុន ហើយ​គោល​នយោបាយ​ផ្តល់​សំណង អាជ្ញាធរ​ខែត្រ​នៅ​តែ​បន្ត​អនុវត្ត​ផ្អែក​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​សម្រេច​រួច​ហើយ៖ «ពួក​យើង​ខ្ញុំ​អត់​បាន​ដឹង​មុន​ថា បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មក​អង្គុយ ទៅ​សាលា​ខែត្រ និង​ចូលរួម​ប្រជុំ​អី ខ្ញុំ​អត់​បាន​ដឹង​មុន​ទេ។ ចឹង​ហើយ​ពួក​ខ្ញុំ​ឲ្យ​គាត់​ជ្រើសរើស​យក​តែ​តំណាង​បាន​ហើយ ចូលរួម​ប្រជុំ​តែ NGO FORUM បាន​ពិភាក្សា​ជាមួយ​សហគមន៍​ទៅ​ថា គាត់​អត់​ព្រម គាត់​ចង់​ចូល​ទាំងអស់​លើស​ពី​របៀបវារៈ និង​ទំហំ​ដែល​បាន​រៀបចំ»

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ដែល​បាន​តាមដាន​បញ្ហា​នេះ យល់​ឃើញ​ថា ប្រសិន​បើ​អាជ្ញាធរ​មាន​ចេតនា​ស្វែងរក​ដំណោះស្រាយ គួរ​តែ​ចុះ​ផ្ទាល់​នៅ​សហគមន៍​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម ខណៈ​ស្ថានភាព​ទឹក​នៅ​ឃុំ​ស្រែគរ បាន​កើន​ឡើង​លិច​ភូមិ​ពលរដ្ឋ ៥​ថ្ងៃ​ហើយ។ លោក​ថា រដ្ឋាភិបាល​គួរ​ស្តាប់​ក្តី​កង្វល់​របស់​សហគមន៍ និង​រក​វិធានការ​ដោះស្រាយ ជៀសវាង​គេចវេះ​មិន​ទទួល​ខុស​ត្រូវ ស្រប​ពេល​ដែល​សហគមន៍​កំពុង​ជួប​ការ​លំបាក និង​រង​សម្ពាធ​ពី​អាជ្ញាធរ​ផង និង​ទឹក​ជំនន់​ផង៖ «ពួក​គាត់​កាន់​តែ​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ឆ្លង​មក​ផ្លូវ​ថ្មី ហើយ​ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ផ្ដើម​គិត​ឡើង​វិញ​ក្នុង​នាម​ខ្លួន​ឯង​ជា​បម្រើ​ពលរដ្ឋ និង​ស៊ី​ប្រាក់ខែ​ពលរដ្ឋ និង​តែងតែ​និយាយ​ថា ពលរដ្ឋ​ជា​ម្ចាស់​របស់​ខ្លួន»

តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នឹង​កើន​ឡើង​លិច​លំនៅឋាន​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ទាំងស្រុង ខណៈ​មក​ទល់​ពេល​នេះ កម្ពស់​ទឹក​កើន​ឡើង ៧០​ម៉ែត្រ​កន្លះ​នៅ​ការដ្ឋាន​សាងសង់ ហើយ​នៅ​ឃុំ​ស្រែគរ នឹង​កើន​ឡើង ៧១​ម៉ែត្រ ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ ខណៈ​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​បាន​ចំនួន ៨​ទ្វារ​ទឹក។

លោក​បញ្ជាក់​ថា ទឹក​ជំនន់​កើន​ឡើង​ពី​ខ្សែ​ទឹក​ខាង​លើ បូក​ផ្សំ​ទឹក​ភ្លៀង​ផង ក៏​ជា​កត្តា​រួម​ផ្សំ​ដែល​នាំ​ឲ្យ​ទឹក​ទន្លេ​កើន​ឡើង​ដែរ ហើយ​មន្ត្រី​បច្ចេកទេស​នៅ​ពុំ​ទាន់​កំណត់​ពេល​ជាក់លាក់​បិទ​ទ្វារ​ទឹក​ទាំងស្រុង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល