ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន ​បើក​ការដ្ឋាន​អារ​ឈើ​ជាប់​ព្រៃ​ការពារ​ធម្មជាតិ គឺ​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា

ដោយ វ៉ែន សុមេធ
2019.05.07
គំនរ​ឈើ ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ២០១៧ ១៤៤០ គំនរ​ឈើ​ធ្នង់​ដែល​សហគមន៍​ប្រមូល​បាន​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ នៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

សកម្មជន​បរិស្ថាន និង​សហគមន៍​ការពារ​ព្រៃ​ឈើ​រក​ឃើញ​ថា ការ​រីក​រាល​ដាល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ​ គ្រប់​តំបន់​ទូទាំង​ប្រទេស ផ្ដើម​ចេញពី​អំពើ​ពុក​រលួយ។ ទម្រង់​នៃ​អំពើ​ពុក​រលួយ​ទាំងនោះ​ ក្រុម​ឈ្មួញ​បាន​ខ្ចី​ដៃ​សមត្ថកិច្ច​គ្រាក់ៗ ឲ្យ​ចេញមុខ​កាង​ឈើ​ឲ្យ​ឈ្មួញ​ និង​ឲ្យ​ចុះ​ហត្ថលេខា​ ក្លែង​បន្លំ​ឈើ​ខុសច្បាប់​ឲ្យ​ទៅជា​ឈើ​ស្រប​ច្បាប់ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

សកម្មជន​បរិស្ថាន​ និង​សហគមន៍​មូលដ្ឋាន​សង្កេតឃើញ​ថា សមត្ថកិច្ច​មូលដ្ឋាន​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​មន្ត្រី​បរិស្ថាន​ភាគ​ច្រើន គ្មាន​ឆន្ទៈ​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ពួក​គេ​បញ្ជាក់​ថា ​បើ​ឈ្មួញ​និង​អ្នក​ដឹក​ឈើ​ទាំងឡាយ​ណា​ផ្ដល់​លុយ​ទៅ​មន្ត្រី​ទាំង​នោះ គឺ​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន។ ពួក​គេ​រក​ឃើញ​ថា​ ព្រៃ​អភិរក្ស​ដែល​នៅ​សល់​ដើម​ឈើ​ធំៗ ត្រូវ​ក្រុមហ៊ុន​បើក​ដេប៉ូ​ទិញ និង​ដេប៉ូ​អារ​ច្រៀក​ឈើ​នៅ​ក្បែរ​នោះ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់ស្កាត់​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិពល​រដ្ឋ​ លោក ជា ហ៊ាន ឲ្យ​ដឹង​ថា តំបន់​ឧទ្យានជាតិ​ភ្នំ​ក្រវាញ និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ ដែល​ឋិត​ក្នុង​ចន្លោះ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​កោះកុង​ និង​ខេត្ត​ពោធិ៍សាត់​កំពុង​ទទួលរង​ការ​កាប់​ចោះ​ យក​ដើម​ឈើ​ធំៗ លក់​ឲ្យ​ក្រុមហ៊ុន​យ៉ាង​គគ្រឹកគគ្រេង។ សកម្មភាព​កាប់​បំផ្លាញ​ដើមឈើ​ ដែល​ដុះ​តាម​ជ្រលងភ្នំ និង​តំបន់​ជ្រោះ​ទាំង​នោះ​ធ្វើឡើង​ដោយ​ពលរដ្ឋ​ចំណូល​ថ្មី និង​ពលរដ្ឋ​នៅ​មូលដ្ឋាន ដឹក​លក់​ឲ្យ​ក្រុមហ៊ុន។ រី​ឯ​ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន និង​សមត្ថកិច្ច​ដែល​ដាក់​ប៉ុស្តិ៍​យាម​តាម​ផ្លូវ​ តែង​ទទួល​លុយ​ពី​អ្នក​ដឹក​ឈើ​ទាំង​នោះ​ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់៖ «គោលការណ៍​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ឈើ នៅ​តំបន់​អភិរក្ស​ទេ ប៉ុន្តែ​អា​នេះ​គេ​ហៅ​ថា ត្រីងៀត ឆ្លៀត​ពង។ បើ​អត់​មាន​ផល​ប្រយោជន៍​បទ​ល្មើស​ទេ គឺ​អនុវត្ត​ច្បាប់​ហើយ ប៉ុន្តែ​នៅ​ពេល ដែល​គាត់​បាន​ផល​ប្រយោជន៍​ពី​បទ​ល្មើស​គាត់​មិន​អនុវត្ត​ច្បាប់។ ចំណុច​ត្រង់​ហ្នឹង​ហើយ ធ្វើ​ឲ្យ​ជន​ល្មើស​នៅ​តែ​ប្រព្រឹត្ត​បន្ត​ដដែល​បាទ»

លោក ជា ហ៊ាន បន្ថែម​ថា ក្រុមហ៊ុន ទ្រី ភាព និង​ក្រុមហ៊ុន​ តាំង​ អ៊ា​ង បាន​បើក​ការដ្ឋាន​ទិញ​ឈើ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ ជាង ៣ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​ស៊ើប​អង្កេត​ ក្រុមហ៊ុន​ទាំង​នោះ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សង្កេត​ឃើញ​ថា ព្រៃ​ឈើ​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​បរិស្ថាន គឺ​ចៀស​មិន​ផុត​រលាយ​ហិនហោច​នោះ​ទេ​។ លោក​ថា ក្រុមហ៊ុន​ភាគ​ច្រើន​ធ្វើ​អាជីវកម្ម​ឈើ​ ដោយ​ដឹកជញ្ជូន​ឈើ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀរ​ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច និង​ដែន​ជម្រក​សត្វ​ស្រែ​ពក​ជា​ដើម ចូល​ការដ្ឋាន ដើម្បី​បន្លំ​ជា​ឈើ​ស្រប​ច្បាប់​៖ «មូលហេតុ​មាន​តែ​មួយ​ទេ គឺ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ នៅ​ប្រទេស​កម្ពុជា​ហ្នឹង គឺ​មិន​ទាន់​មាន​ច្បាប់​មួយ​ណា​ដែល ទប់​ស្កាត់​បទ​ល្មើស អំពើ​ពុក​រលួយ​ហ្នឹង​អត់​ទាន់​មាន​ទេ គ្រាន់​តែ​មាន​ក្នុង​ក្រដាស​តែ​អត់​មាន​ក្នុង​ការ​អនុវត្ត​ដូច​នៅ​ប្រទេស​គេ​ផ្សេងៗ អត់​ទាន់​មាន​ទេ។ បច្ចុប្បន្ន​ខ្ញុំ​ឃើញ​មាន​ច្បាប់​ព្រៃ​ឈើ។ អូខេ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ច្បាប់​ព្រៃ​ឈើ មាន​ច្បាប់​ការពារ​ឧទ្យាន​ជាតិ អូខេ​ខ្ញុំ​គាំទ្រ ច្បាប់​ល្អ​ណាស់ និយាយ​ល្អ​ណាស់ ប៉ុន្តែ​ការ​អនុវត្ត​របស់​មន្ត្រី​មួយៗ ហ្នឹង កាល​ពី​មិន​ទាន់​ជា​បុគ្គល​របស់​បរិស្ថាន មិន​ទាន់​ជា​បុគ្គល​របស់​រដ្ឋបាល​ព្រៃ​ឈើ ស្គម​ទេៗ ដល់​ពេល​ក្លាយ​ជា​បុគ្គល​តែ ៥ទៅ ៦ ខែ ដុះ​ក្បាល​ពោះ​ស្ពីងៗ។ ខ្ញុំ​ឃើញ​ជាក់​ស្ដែង​អីចឹង។ តំបន់​ណា​ដែល​ការពារ​ដែល​បរិស្ថាន ដែល​ការពារ​ដោយ​រដ្ឋបាល​ព្រៃ​ឈើ គឺ​តំបន់​ហ្នឹង គឺ​រលាយ​តែ​ម្ដង»

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា​ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ តំបន់​ឧទ្យានជាតិ​វីរៈជ័យ​ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀរ​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​តំបន់​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ជា​ដើម​ សុទ្ធ​សឹង​តែ​ទទួល​រង​ការ​កាប់​ចោះ​ យក​ឈើ​មូល​ធំៗ ធ្វើ​អាជីវកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គេ​មើល​ឃើញ​ថា​ សមត្ថកិច្ច​ចម្រុះ​តែង​ដាក់​ពង្រាយ​គ្រប់​កន្លែង​ទាំង​អស់ ក៏​ប៉ុន្តែ​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ។

សកម្មជន​បរិស្ថាន​ដែល​សកម្ម​ចុះ​ឃ្លាំមើល​បទ​ល្មើស​ព្រៃ​ឈើ លោក ហេង​ ស្រស់​ អស់​សំណើច​ ដែល​ក្រសួង​កសិកម្ម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បើក​ការដ្ឋាន​អារ​ឈើ​ក្បែរ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​។ លោក​ឆ្ងល់​ថា ហេតុអ្វី​ក្រសួង​កសិកម្ម​ បណ្ដោយ​ឲ្យ​មាន​រោង​អារ​ច្រៀក​ឈើ​ខ្នាត​ធំ​ នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​គ្រប់​តំបន់? ហើយ​ក្រុមហ៊ុន​ទាំងនោះ​ បាន​ប្រើ​រូបភាព​អាជីវកម្ម​ឈើ​ដដែលៗ គឺ​គេ​កាប់​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស​ដឹក​ចូល​ការដ្ឋាន​ក្រុមហ៊ុន រួច​បម្លែង​ជា​ឈើ​ស្រប​ច្បាប់៖ «រូបភាព​នៃ​អំពើ​ពុក​រលួយ​គេ គឺ​ខ្ចី​ដៃ​របស់ សមត្ថកិច្ច​ឲ្យ​ស៊ីញេ​ឲ្យ​គេ ឲ្យ​កាង​ឈើ​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​ថ្នូរ​ជា​ទឹក​ប្រាក់ ដើម្បី​ឲ្យ​មន្ត្រី​ទាំង​អស់​នោះ បិទ​ភ្នែក​ច្រមុះ​មើល​មិន​ឃើញ ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ មើល​មិន​ឃើញ​ពី​ការ​បទ​ល្មើស​របស់​គេ​ទេ គឺ​គេ​ឲ្យ​លុយ​ជា​ថ្នូរ ដើម្បី​សម្រួល​ឲ្យ​គេ រក​ស៊ី​ឈើ​ដោយ​មិន​ឲ្យ​មាន​នរណា​មក​ក្បែរ និង​មិន​ឲ្យ​មាន​នរណា​មក​យាយី​ទេ»

លោក​ ហេង​ ស្រស់​ កត់​សម្គាល់​ថា​ ក្រុមហ៊ុន​ទាំង​នោះ រួម​មាន ក្រុមហ៊ុន​សំអាត​បាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ក្នុង​ស្រុក​សេសាន​ខេត្ត​ស្ទឹងត្រែង ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក (C Biotec) ឋិត​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ​ ជាប់​ដែន​ជម្រក​សត្វព្រៃ​ឡង់​ ក្រុមហ៊ុន​ សំអឿន​ សុវណ្ណ​ មាន​ទីតាំង​ ក្នុង​ចម្ការ​អំពៅ​ ក្រុមហ៊ុន​ចិន ហេង ហ្វូ ក្នុង​ខេត្ត​ព្រះវិហារ​ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់។ ក្រុមហ៊ុន​ នី​ណា​ និង​ក្រុមហ៊ុន​ វិចតូរី បើក​ការដ្ឋាន​ទិញ​ឈើ​ និង​អារ​ឈើ​ ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌលគិរី​ ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។ ក្រុមហ៊ុន​ ទ្រី​ ភាព​ និង​ក្រុមហ៊ុន​ តាំង អ៊ាង ឋិតនៅ​ស្រុក​វាលវែង​ ខេត្ត​ពោធិ​សាត់​ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ លោក​ អេង​ ហ៊ី​ មាន​ប្រសាសន៍​ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ដែនដី​ និង​អាជ្ញាធរ​ខេត្ត​ខិតខំ​អនុវត្ត​ច្បាប់ព្រៃ​ឈើ​គ្រប់រូប​ភាព​ផ្អែក​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​។ ​សំណួរ​ដែរ​សួរ​ថា ពលរដ្ឋ​មូលដ្ឋាន​ព្រួយបារម្ភ​ពី​សកម្មភាព​ក្រុមហ៊ុន​មួយ​ចំនួន​ បើក​ការដ្ឋាន​ទិញ​ឈើ​ ជាប់​ព្រៃ​អភិរក្ស​ តើ​គណៈកម្មការ​ជាតិ​ស៊ើបអង្កេត​ក្រុមហ៊ុន​គិត​យ៉ាង​ណា ចំពោះ​ក្រុហ៊ុន​ទាំងនោះ​ទេ​ លោក​ អេង​ ហ៊ី​ ឆ្លើយ​ថា​ សូមឲ្យ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​នេះ​មក​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន​ជំនាញ​ជាមុន​សិន៖ «គណៈកម្មការ​ជាតិ គឺ​អនុវត្ត​ទៅ​តាម​សម្រេច​របស់​រដ្ឋាភិបាល​កន្លង​ទៅ លេខ ១២៧ហ្នឹង អីចឹង​យើង​មាន​យន្តការ​ច្បាស់លាស់ ជា​ពិសេស​យើង​យោង​តាម​ចរាចរណ៍​លេខ ០៥ ប្រគល់ឲ្យ​រាជធានី​ខេត្ត​អនុវត្ត​ផ្ទាល់​តែ​ម្ដង។ អ្វី​ដែល​ដែល​អនុវត្ត​មិន​បាន​ខ្វះ​កម្លាំង ឬ​មាន​ស្ថានភាព​ណា ដែល​មិន​អាច​ធ្វើ​បាន អាច​ស្នើសុំ កម្លាំង​គណៈកម្មការ​ជាតិ ហើយ​គណៈកម្មការ​ជាតិ គឺ​ចុះ​ធ្វើ​ការ»

សមត្ថកិច្ច​ផ្ដាំ​ផ្ញើ​ទៅ​ពលរដ្ឋ​វិញ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ គឺ​ជា​រឿង​ដដែលៗ ជា​យូរ​ឆ្នាំ​មក​ហើយ។ អ្នក​សង្កេត​ការណ៍​ថា តាម​ពិត​ទៅ សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​បំពេញ​កាតព្វកិច្ច​របស់​ពួក​គាត់​ជា​ពលរដ្ឋ​ល្អ​ជា​យូរ​ហើយ តាម​រយៈ​ការ​ប្រាប់​ទៅ​អាជ្ញាធរ​ផង និង​អ្នក​សារព័ត៌មាន​ផង ដែល​សមត្ថកិច្ច​គួរ​តែ​យ៉ាង​ហោច​ណាស់​ចាប់​យក​ព័ត៌មាន​ទាំង​អស់​នេះ​ជា​តម្រុយ ហើយ​ផ្ដើម​ស៊ើប​អង្កេត​ឧក្រិដ្ឋ​ព្រៃ​ឈើ​ដែល​កំពុង​កើត​ឡើង​គ្រប់​ទី​កន្លែង។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ នៃ​សមាគម អាដហុក លោក​ ប៉ែន ប៊ុណ្ណារ៍ ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវ​បង្កើន​ភាព​ក្លាហាន​ ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​នគរបាល​យុត្តិធម៌​ណា​ មិន​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ទៅ​តុលាការ ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មកវិញ​ និង​ទាមទារ​សំណង​ ការ​ខូចខាត​ធនធាន​ធម្មជាតិ៖ «កាល​ណា​សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​យើង​មើល​ឃើញ​ថា មាន​បទ​ល្មើស​ព្រៃ​ឈើ ហើយ​ឃើញ​ថា ក្នុង​រយៈ​ពេល​មួយ ១ឆ្នាំ ឬ ៦ខែ វា​កាប់​រហូត​នាំ​ចេញ​រហូត គ្មាន​ការ​ទប់ស្កាត់ ហើយ​បើ​ទប់​ស្កាត់​យក​លុយ។ អីចឹង​យើង​អាច​ដាក់​បណ្ដឹង​បរិហារ​គ្រប់​ទីកន្លែង ប្ដឹង​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​មិន​បាន​ប្ដឹង​បរិហារ​បទល្មើស​ឧក្រិដ្ឋ ព្រោះ​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៥២៨ ចែង​ច្បាស់»

សកម្មជន​បរិស្ថាន​សង្កេត​ឃើញ​ថា ​ មន្ត្រី​គ្រាក់ៗ របស់​របប​ក្រុងភ្នំពេញ​ និង​លោក​ ហ៊ុន​ សែន​ តែង​ឆ្លើយ​គេចវេះ​ មិន​ទទួលខុសត្រូវ​ ពី​វិនាសកម្ម​ព្រៃឈើ។ ហើយ​ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ និង​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូន​សំ​ ដែល​មានផ្ទៃ​ដី​ជាង​ ១១ម៉ឺន​ហិកតារ​ កាលពី​ឆ្នាំ២០១៨​ ទៀត​សោត​ក្រោម​ហេតុផល​ថា​ តំបន់​ទាំងពីរ​បាត់បង់​សក្ដានុពល​ជា​តំបន់​អភិរក្ស​អស់នោះ ​​ធាតុ​ពិត​ ព្រៃ​អភិរក្ស​ទាំង​ពីរ​នេះ​រងគ្រោះ​ ដោយសារ​តែ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ និង​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុង​ភ្នំពេញ​ រួច​បន្លំ​កាប់​ឈើ​ធំៗ លក់​នៅ​ប្រទេស​វៀតណាម​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។