គណៈកម្មការ​ទន្លេ​មេគង្គ​អះអាង​ថា ការ​សង់​ទំនប់​វារី​អគ្គិសនី​នឹង​ធ្វើ​ប៉ះពាល់​បរិស្ថាន និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់

ដោយ ទីន ហ្សាការីយ៉ា
2019-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ត្រី​ងាប់​អណ្ដែត​ទឹក នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជិត​តំបន់​អន្លង់​អភិរក្ស​សត្វ​ផ្សោត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​ក្បែរ​តំបន់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA
ត្រី​ងាប់​អណ្ដែត​ទឹក នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជិត​តំបន់​អន្លង់​អភិរក្ស​សត្វ​ផ្សោត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​ក្បែរ​តំបន់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA
RFA

គណៈកម្មការ​ទន្លេ​មេគង្គ ចេញ​របាយការណ៍​ស្រាវជ្រាវ​នៅ​ថ្ងៃ​ទី៣ មេសា បង្ហាញ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ធំៗ ចំនួន១១ នៅ​លើ​ដង​ទន្លេ​មេគង្គ និង​គម្រោង​សាងសង់​ចំនួន១២០ ទៀត នៅ​ដៃ​ទន្លេ​នៅ​ឆ្នាំ២០៤០ នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ខ្វះ​ខាត​ស្បៀង​អាហារ និង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ជា​ដើម។

ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) បាន​រក​ឃើញ​ពី​ផល​ប៉ះពាល់ រួម​មាន ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ នឹង​កាត់​បន្ថយ​បរិមាណ​ដី​សណ្ដ​ទន្លេ​មេគង្គ​រហូត​ដល់ ៩៧% និង​ជា​ដី​គ្មាន​ជីជាតិ ហើយ​បរិមាណ​ត្រី​នឹង​ធ្លាក់​ចុះ​ខ្លាំង ជីវចម្រុះ​សរុប​នឹង​ធ្លាក់​ចុះ​ពី ៣0 ទៅ ៤០% នៅ​ឆ្នាំ២០២០ និង​ពី ៤០ ទៅ ៨០% នៅ​ឆ្នាំ២០៤០។ ផល​ប៉ះពាល់​ទាំង​នេះ មាន​ដូច​ជា ប្រទេស​ថៃ នឹង​បាត់បង់​ជីវចម្រុះ​ចំនួន ៥៥% ឡាវ ៥០% កម្ពុជា ៣៥% និង​វៀតណាម ៣០%។ ក្រៅ​ពី​នេះ​ទៀត នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់ រួម​នឹង​ការ​បាត់បង់​ត្រី​នេះ នឹង​បង្ក​ឲ្យ​ជួប​បញ្ហា​អសន្តិសុខ​ស្បៀង​យ៉ាង​ធ្ងន់ធ្ងរ ពិសេស​កម្ពុជា និង​ឡាវ។

នៅ​ក្នុង​របាយការណ៍​នេះ​បញ្ជាក់​ថា អត្ថប្រយោជន៍​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ មិន​បាន​បែងចែក​ផល​ប្រយោជន៍​ស្មើៗ គ្នា​ឡើយ សម្រាប់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ទាំង៤។ ប្រទេស​ថៃ គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ទំនប់​វារីអគ្គិសនី​ឡាវ ដនសាហុង។ បន្ទាប់​មក​ប្រទេស​វៀតណាម ដែល​បាន​លក់​ចរន្ត​អគ្គិសនី​ឲ្យ​កម្ពុជា។ លើស​ពី​នេះ​ទៀត អ្នក​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​គេ​ថែម​ទៀត​នោះ គឺ​មិនមែន​ជា​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​នេះ​ទេ គឺ​បាន​ផល​ខ្លាំង​ទៅ​លើ​ប្រទេស​អ្នក​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​ទៅ​វិញ​ទេ ដូច​ជា ម៉ាឡេស៊ី (Malaysia) ចិន (China) និង​កូរ៉េ​ខាង​ត្បូង (South Korean)

កន្លង​មក អង្គការ​ជាតិ អន្តរជាតិ អំពាវនាវ​ឲ្យ​ប្រទេស​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​អស់ ដូច​ជា ឡាវ ដែល​កំពុង​តែ​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ៣ បន្ថែម​ទៀត ត្រូវ​គោរព​កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ១៩៩៥ ដែល​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ទន្លេ​មេគង្គ​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ ភាគី​រដ្ឋាភិបាល​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ពី​ផល​ប៉ះពាល់ មុន​នឹង​អាច​ចាប់​ផ្ដើម​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល