MRC៖ ទន្លេ​មេគង្គ​មិន​បាន​ប៉ះពាល់​ដោយ​​ទឹក​អាស៊ីដ​ ៣០តោន​​ហូរ​ពី​ឡាន​ក្រឡាប់​នៅ​ប្រទេសឡាវ​ទេ

ដោយ មាន ឫទ្ធិ
2024.04.08
MRC៖ ទន្លេ​មេគង្គ​មិន​បាន​ប៉ះពាល់​ដោយ​​ទឹក​អាស៊ីដ​ ៣០តោន​​ហូរ​ពី​ឡាន​ក្រឡាប់​នៅ​ប្រទេសឡាវ​ទេ អ្នក​ជំនាញ​កំពុង​ពិនិត្យ​រក​​សារធាតុ​អាស៊ីដ នៅ​ក្នុង​ទឹក​ទន្លេ នៅ​ប្រទេស​ឡាវ ក្រោយ​ពី​រថយន្ត​ដឹក​អាស៊ីដ ៣០តោន​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​ខេត្ត​ហ្លួងព្រះបាង (Luang Prabang) កាល​ពី​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកគណៈកម្មការ​ទន្លេ​មេគង្គ

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) អះអាង​នៅ​ថ្ងៃ​ទី៨ ខែមេសា ថា ទឹក​ទន្លេ​មេគង្គ​មិន​បាន​ប៉ះពាល់​ដោយ​ការ​ហូរ​ទឹក​អាស៊ីដ​ ៣០​តោន​​ចូល​ក្នុង​ព្រែក​មួយ​នៃ​ដៃ​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ឡាវ (Lao) នោះ​ទេ។

គណៈកម្មការ​ទន្លេ​មេគង្គ​ថា ខ្លួន​កំពុង​បន្ត​តាមដាន និង​វាយតម្លៃ​គុណភាព​ទឹក​ទន្លេ​មេគង្គ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ធានា​ការ​ការពារ​បរិស្ថាន និង​សុខភាព​សាធារណៈ​របស់​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ។

កាលពី​រសៀល​ថ្ងៃទី៣ ខែ​មេសា រថយន្ត​ដឹក​អាស៊ីដ ៣០តោន​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​ខេត្ត​ហ្លួងព្រះបាង (Luang Prabang) ប្រទេស​ឡាវ បណ្ដាល​ឱ្យ​ហូរ​សារធាតុ​គីមី​ប្រមាណ​ពាក់​កណ្ដាល​ចូល​ទៅ​ក្នុង​ព្រែក​មួយ​នៃ​ទន្លេ​ណាម ខាន (Nam Khan) ដែល​ជា​ដៃ​ទន្លេ​មេគង្គ។ ទីតាំង​ឧបទ្ទវហេតុ​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​៦គីឡូម៉ែត្រ​ពី​ទន្លេ​មេគង្គ​នៃ​ប្រទេស​ឡាវ។

បើ​តាម​គណៈកម្មការ​ទន្លេ​មេគង្គ ដោយសារ​តែ​សារធាតុ​អាស៊ីដ​នោះ​មាន​សភាព​កាត់​ខ្លាំង និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​វត្ថុ​មាន​ជីវិត ក្រុម​អ្នក​ជំនាញ​នៅ​ប្រទេស​ឡាវ​បាន​ព្យាយាម​ទប់ស្កាត់ និង​ដោះ​ស្រាយ​យ៉ាង​ឆាប់រហ័ស ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​បរិស្ថាន ដែល​អាច​កើត​មាន​ឡើង។ ខេត្ត​ស្ទឹងត្រែង គឺ​ជា​ខេត្ត ដែល​នៅ​ជាប់​នឹង​ប្រទេស​ឡាវ ពោល​គឺ​ប្រមាណ ៩០០គីឡូ​ម៉ែត្រ​ពី​ទីតាំង​ឧបទ្ទវហេតុ។

ភ្លាមៗ ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​ហូរ​ទឹក​អាស៊ីដ​ចូល​ទន្លេ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​អាសន្ន និង​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន ដែល​រស់នៅ​តាម​ខេត្ត​ចំនួន៧ ជាប់​ទន្លេ​មេគង្គ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​នេះ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នៅ​រាត្រី​ថ្ងៃ​ទី៨ មេសា​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​ពុំ​ទាន់​មាន​ចំណាត់​ការ​ជាក់លាក់​ណា​មួយ ជុំវិញ​បញ្ហា​ហូរ​ទឹក​អាស៊ីដ ៣០តោន​ចូល​ដៃ​ទន្លេ​មេគង្គ នៃ​ប្រទេស​ឡាវ​នេះ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។