ក្រសួង​ធនធាន​ទឹក​ត្រៀម​ដំឡើង​ស្ថានីយ​ឧតុនិយម​២៥០​​កន្លែង​​នៅ​ទូទាំង​ប្រទេស

ដោយ ដែន អយុធ្យា
2014-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២១-០៩-២០១១៖ កសិករ​នៅ​ខេត្ត​កណ្ដាល​ព្យាយាម​ប្រមូល​ផល​ស្រូវ ដែល​ទឹក​កំពុង​ជន់​លិច។
២១-០៩-២០១១៖ កសិករ​នៅ​ខេត្ត​កណ្ដាល​ព្យាយាម​ប្រមូល​ផល​ស្រូវ ដែល​ទឹក​កំពុង​ជន់​លិច។
RFA/Sek Bandit

មន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ប្រកាស​ថា នឹង​បង្កើត​ឲ្យ​មាន​ស្ថានីយ​ឧតុនិយម​រាប់​រយ​​កន្លែង​​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​វាស់​ស្ទង់​បម្រែបម្រួល​អាកាសធាតុ​ឲ្យ​បាន​ប្រសើរ​នៅ​ថ្ងៃ​អនាគត។

ប្រជាពលរដ្ឋ​រស់​នៅ​តាម​ខេត្ត​មួយ​ចំនួន​បាន​សាទរ​គម្រោង​បង្កើត​ឲ្យ​មាន​ស្ថានីយ​ឧតុនិយម​ច្រើន​កន្លែង​របស់​រដ្ឋាភិបាល ប៉ុន្តែ​ស្នើ​ឲ្យ​បំពាក់​ឧបករណ៍​ទប់​ស្កាត់​រន្ទះ​នៅ​តាម​ស្ថានីយ​ទាំង​នោះ​ថែម​ទៀត។

លោក ចាន់ យុត្ថា នាយក​ខុទ្ទកាល័យ​និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​​ទឹក​​និង​ឧតុនិយម ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រសួង​ធនធាន​ទឹក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកទេស​មក​ពី​សហរដ្ឋអាមេរិក ដើម្បី​ដំឡើង​ស្ថានីយ​ឧតុនិយម​សម្រាប់​វាស់​ស្ទង់​ប្រភព​ទឹក ឬ​អាកាសធាតុ​ផ្សេងៗ​នៅ​កម្ពុជា។

លោក​បន្ត​ថា ប្រទេស​កម្ពុជា អាច​ត្រូវ​ការ​ស្ថានីយ​ឧតុនិយម​ប្រមាណ ២៥០​​កន្លែង​សម្រាប់​តាមដាន​ការ​ប្រែប្រួល​អាកាសធាតុ ឬ​បាតុភូត​ធម្មជាតិ​នៅ​ថ្ងៃ​អនាគត៖ «នេះ​ជា​ទិន្នន័យ​មួយ ឬ​ជា​តម្រូវ​ការ​ចាំបាច់​មួយ​របស់​ក្រសួង​ធនធាន​ទឹកបើ​កាលណា​យើង​មាន​ស្ថានីយ​នេះ​កាន់​តែ​ច្រើន យើង​បាន​ទិន្នន័យ​ពី​ទឹក​នៅ​ក្រោម​ដី​មក យើង​អាច​បង្កើតទៅ​ជា​ផែនទី​ទឹក​នៅ​ក្រោម​ដី​សម្រាប់​ប្រទេស​កម្ពុជា របស់​យើង​នៅ​ថ្ងៃ​អនាគតក្រៅ​ពីស្ថានីយ​ឧតុនិយម​ក្រោម​ដី​នេះ យើង​ក៏​បាន​​សហការ​ជាមួយ​​ក្រុមហ៊ុន​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​រៀបចំ​នូវ​ស្ថានីយ​ជលសាស្ត្រ​ក្នុង​ដំណាក់​កាល​ដំបូង។ ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក គឺ​លោក​បាន​លើក​ក្នុង​ការ​បំពាក់​នូវ​ស្ថានីយ​ជលសាស្ត្រ​នៅ​តាម​ស្ថានីយ​តាម​ទន្លេ​សំខាន់ៗ​មួយ​ចំនួន មាន​ដូចជា នៅ​តាម​មេគង្គលើ មេគង្គ​ក្រោម ទន្លេ​បាសាក់ និង​ទន្លេ​សាប​ជាដើម»

លោក ចាន់ យុត្ថា បន្ថែម​ថា សព្វថ្ងៃ​នេះ​ប្រទេស​កម្ពុជា ទើប​បាន​ស្ថាបនា​ស្ថានីយ​ឧតុនិយម​ក្រោម​ដី​ចំនួន ១៥​កន្លែង នៅ​តាម​ខេត្ត​មួយ​ចំនួន ដើម្បី​បញ្ជូន​ទិន្នន័យ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ផ្ទល់​ជូន​ទៅ​ស្ថានីយ​ឧតុនិយម​ធំ ឬ​រ៉ាដា​តេជោសែន នៅ​រាជធានី​ភ្នំពេញ។

គម្រោង​ស្ថាបនា​ស្ថានីយ​ឧតុនិយម​របស់​រដ្ឋាភិបាល​ពេល​នេះ កើត​ឡើង​បន្ទាប់​ពី​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គេ​កត់​សម្គាល់​ថា បាន​កើត​មាន​បាតុភូត​ធម្មជាតិ​ប្រែប្រួល​ខុស​ពី​ពេល​មុន។ ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​តាម​ខេត្ត​មួយ​ចំនួន ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល ឬ​ក្រសួង​ធនធាន​ទឹក ជួយ​បំពាក់​ឧបករណ៍​សម្រាប់​ទប់ស្កាត់​រន្ទះ​នៅ​តាម​ស្ថានីយ​ឧតុនិយម​នីមួយៗ ឲ្យ​បាន​ច្រើន ព្រោះ​បាតុភូត​ធម្មជាតិ​នេះ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ជា​រៀងរាល់​ឆ្នាំ។

ទោះ​ជា​បែប​ណា មន្ត្រី​ក្រសួង​ធនធាន​ទឹក​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណូមពរ​បំពាក់​ឧបករណ៍​ទប់​ស្កាត់​រន្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក ចាន់ យុត្ថា ឲ្យ​ដឹង​ថា កន្លង​មក រាល់​ការ​បញ្ជូន​ទិន្នន័យ​របស់​ស្ថានីយ​ឧតុនិយម​តូចៗ ពី​តាម​ខេត្ត​នានា ផ្ដល់​ជូន​ទៅ​ស្ថានីយ​ធំ ឬ​រ៉ាដា​តេជោ​សែន នៅ​ភ្នំពេញ ទទួល​​​លទ្ធផល​នៃ​ការ​ព្យាករ គឺ​​ត្រឹមត្រូវ​ស្ទើរ ១០០​ភាគរយ។ លោក​បន្ត​ថា ស្ថានីយ​ឧតុនិយម​ដែល​ក្រសួង​ត្រូវ​លើង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​អនាគត គឺ​ផ្ដល់​អាទិភាព​ចំពោះ​ខេត្ត​មាន​របរ​កសិកម្ម និង​ខេត្ត​ជាប់​មាត់​ទន្លេ​ជាដើម៖ «ស្ថានីយ​ឧតុនិយម​ក្រោម​ដី​នេះ គឺ​យើង​អាច​ធ្វើ​ការ​លីង (Link) ឬ​ប្រទាក់​ក្រឡា​គ្នា​មក​ជាមួយ​ស្ថានីយ​រ៉ាដា​ធំ គឺ​រ៉ាដា​តេជោសែន នៅ​ភ្នំពេញ។ អ៊ីចឹង​ស្ថានីយ​នេះ​ជា​រៀង​រាល់ ១៥​នាទី ឬ​ក្នុង​រយៈពេល ១​ម៉ោង​ម្តង ក្រោយ​ពេល​ដែល​ស្ថានីយ​នេះ​ទទួល​បាន​ទិន្នន័យ​បញ្ជូន​មក​ពី​ស្ថានីយ​នៅ​តាម​ខេត្ត គឺ​បញ្ជូន​ទិន្នន័យ​ហ្នឹង​មក​ស្ថានីយ​ធំ គឺ​ស្ថានីយ​រ៉ាដា​តេជោសែន​នេះ។ បើ​កាល​ណា​បាន​ទទួល​ទិន្នន័យ​ហើយ ស្ថានីយ​ធំ​នេះ នឹង​កត់​ត្រា​ទិន្នន័យ​នោះ​ជា​ស្វ័យប្រវត្ត​តែម្ដងបន្ទាប់​មក​មន្ត្រី​ជំនាញ​របស់​យើង​នឹង​ដកស្រង់​យក​ទិន្នន័យ​​ពី​ស្ថានីយ​រ៉ាដា​តេជោ​សែន ដែល​បាន​កត់ត្រា​នោះ យក​មក​វិភាគ ហើយ​ចេញ​ជា​ផលិតផល​សម្រេច​មួយ​តាម​ក្រោយ»

​មន្ត្រី​ក្រសួង​ធនធាន​ទឹក​រំពឹង​ថា នៅ​ពេល​កម្ពុជា មាន​ស្ថានីយ​ឧតុនិយម​គ្រប​ដណ្ដប់​នៅ​ទូទាំង​ប្រទេស នឹង​នាំ​ឲ្យ​ការ​ព្យាករ​អាកាសធាតុ ឬ​បាតុភូត​ធម្មជាតិ​ផ្សេងៗ មាន​លទ្ធផល​កាន់​តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Hun Sen plus tycoon in Cambodia,Chheang Vun,Phan Siphes,Cheam Yeap and all of big business man to pay for that.Can you do that ? If you don't where is all your money.Please take care of us your guy have a lot of money.If you don't you are not real Khmer.

Jul 28, 2014 11:13 PM

អ្នក​អាន​អនាមិក

Yes, it is good to have water. Don't forget to find money to pay for the bill!! The village has to have a standard of living. People has job to do. Not living in a garbage slum.

Jul 28, 2014 04:17 AM

គេហទំព័រ​ទាំងមូល