យុវជន​មាតា​ធម្មជាតិ​តែង​ខ្លួន​ជា​ខ្មោច​ដើរ​ទៅ​ដាក់​ញត្តិ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ

ដោយ យ៉ង ចាន់តារា
2024.06.21
យុវជន​មាតា​ធម្មជាតិ​តែង​ខ្លួន​ជា​ខ្មោច​ដើរ​ទៅ​ដាក់​ញត្តិ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ យុវជនបរិស្ថាន​ដង្ហែក្បួន និង​ដាក់ញត្តិស្នើក្រសួងបរិស្ថាន​ដាក់​កោះកុងក្រៅ​ជាឧទ្យានជាតិសមុទ្រ កាលពីថ្ងៃទី២០ មិថុនា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​តែង​ខ្លួន​ជា​ខ្មោច ដើរ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​បរិស្ថាន ដើម្បី​ទាមទារ​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ។ ការ​ដាក់​ញត្តិ​ទាមទារ​ជា​ថ្មី​នេះ គឺ​ដោយ​សារ យុវជន​មើល​ឃើញ​ថា ក្រសួង​បរិស្ថាន អសមត្ថភាព ក្នុង​ការពារ កោះកុង​ក្រៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ជាង​២០នាក់ រួម​ទាំង​ព្រះសង្ឃ​ផង នៅព្រឹកថ្ងៃទី២០ ខែ​មិថុនា​បាន​តែង​ខ្លួន​ដោយ​ស្លៀក​ពាក់​ក្រណាត់​ស និង គូស​មុខ ធ្វើ​ជា​ខ្មោច ដើរ​ដង្ហែ​ញត្តិ ចាប់​ពី​ចំណុច​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ក្បែរ​សាលា​តិចណូ​​ ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ដាក់​កោះ​កុង​ក្រៅ​ជា​ ឧទ្យាន​ជាតិ​សមុទ្រ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែ​មិថុនា ថា ការ​ទាមទារ​របស់​យុវជន​ជា​ថ្មី​នេះ​ ក្នុង​គោល​បំណង ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន​ ដែល​មាន​លោក អ៊ាង សុផល្លែត ជា​រដ្ឋមន្ត្រី ត្រូវ​គោរព​ពាក្យ​សន្យា​ដែល​ថា​ នឹង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ​នៅ​ក្នុងឆ្នាំ២០២១ ហើយ​នឹង​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​កោះកុង អេស អ៊ី ស្សិត​ខូអិលធីឌី (S.E.Z.Co.Ltd ) ក្រោម​ការ​អនុវត្ត​ច្បាប់​ភូមិ​បាល។

សកម្មជន​បរិស្ថាន​វ័យ​ក្មេង​រូប​នេះ បារម្ភ​ថា​ ការ​មិន​អើពើ​របស់​ក្រសួង​បរិស្ថាន ដើម្បី​រៀបចំ​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ សមុទ្រ​ក្នុង​ពេល​ឆាប់ៗ នេះ គឺ ជា​ឱកាស របស់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ទុច្ចរិត​មួយ​ចំនួន ងាយ​​ច្បាម​យក កោះ​ធម្មជាតិ​មួយ​នេះ​ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន តាម​រយៈ​ការ​ផ្ដល់​សិទ្ធិ ពី​សំណាក់​រដ្ឋាភិបាល ។

កញ្ញា មាន លីសា៖ «ការ​តុប​តែង​ខ្លួន​ថ្ងៃ​នេះ​វា​អាច​ជា​រឿង​កំប្លែង​ គួរ​ឱ្យ​អស់​សំណើច​មួយ តែ​យើង​ធ្វើ​ជា​ខ្មោច​ដើម្បី​តាម​ចង​កម្ម​ចងពៀរ​ ក្រសួង​បរិស្ថាន​ឱ្យ​ឆ្លើយ​តប​ចំពោះ​ញត្តិ​របស់​ពួក​យើង​ តាម​ការ​ស្នើ​សុំ​របស់​ពួក​យើង​។​ អ្វី​ដែល​គួរ​ឱ្យ​ អាម៉ាស់​ហ្នឹង គឺ​ក្រសួង​ក្បត់​ពាក្យ​សន្យា កុហក​ទាំង​ដែល​ខ្លួន​ឯង មាន​មុខ​ងារ​ជា​អ្នក​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វែ អាទិត្យា ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​បណ្ដាញ​សង្គម​តេឡេក្រាម នៅថ្ងៃទី២០ ខែ​មិថុនា យ៉ាង​ខ្លី​ថា ក្រសួង​បរិស្ថាន​កំពុង​ពិនិត្យ​មើល​លើ​សំណើ​របស់​យុវជន​ទាំង​នោះ។

ទោះ​ជា​យ៉ាង​ណា ចាប់តាំងពីឆ្នាំ២០២០ រហូត​ដល់​ឆ្នាំ​២០២៤​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​យុទ្ធនាការ និង​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ ជា​ឧទ្យានជាតិ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ ក្រសួង​មិន​ដែល​យក​សំណើ ទាំង​នោះ​ទៅ​អនុវត្ត​ឡើយ។ ផ្ទុយទៅវិញ ក្រសួង​តែង​តែ​ចាត់​ទុក​យុវជន​ទាំង​នោះ​ ថា ជា​ក្រុម​បំពុល​សង្គម​ និង​មាន​ចេតនា​អាក្រក់ ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​ក្រោម លេស​ស្រឡាញ់​បរិស្ថាន។

ក្នុង​ពេល​ដើរ​ដង្ហែ​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា យុវជន​ខ្លះ កាន់​រូប​គំនូរ​ទិដ្ឋភាព​កោះ​កុង​ក្រៅ​ និង​ដៃ​កាន់ ទៀន ដូច​នឹង​ការ​ដើរ​ដង្ហែ​សាក​សព​យក​ទៅ​បូជា។ ទោះ​ជា​យ៉ាង​ណា សកម្មភាព​នេះ​ ពុំ​មាន​ការ​ឃ្លាំមើល ឬ​រារាំង​ពី​មន្ត្រី​អាជ្ញាធរ​ដូច​ពេល​មុន​ៗ នោះ​ទេ​។ រីឯ ​ក្រសួងបរិស្ថាន ក៏​មាន​មន្រ្តី​ ចុះ​មក​ទទួល​ញត្តិ​ពី​ក្រុម​យុវជន​ផង​ដែរ​

យុវជន​ស្រឡាញ់​បរិស្ថាន​ទាំង​នោះ សង្ឃឹមថា ក្រោយ​ពី​សកម្មភាព ដាក់​ញត្តិ ជា​ថ្មី​នេះ ក្រសួង​បរិស្ថាន នឹង​ពិចារណា​ឡើង​វិញ​ ដើម្បី​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ។ ពួក​គាត់​ថា ការ​ទាមទារ​នេះ​ មិន​មែន​ដើម្បី​បំពុល​សង្គម ឬ​បម្រើ​ផល​ប្រយោជន៍​ជន​ណា​មួយ​នោះ​ឡើយ គឺ​ធ្វើ​ឡើង​ដើម្បី​តែ​ផល​ប្រយោជន៍ ប្រទេស​ជាតិ​តែប៉ុណ្ណោះ។

ទាក់ទិន​រឿង​នេះ ប្រធាន​កម្មវិធី​បណ្ដាញ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃ​គូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ លោក សាន់ ម៉ាឡា សង្កេត​ឃើញ​ថា រយៈ​ពេល​ជា​ច្រើន​ខែ​ចុង​ក្រោយ​នេះ កោះ​កុង​ក្រៅ បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​សមុទ្រ ដ៏​ទាក់ទាញ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត។ ដូច្នេះ លោក​ថា គួរតែ ដល់​ពេល​ហើយ ដែល​ក្រសួង​ពាក់ព័ន្ធ ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ តាម​សំណើ​ របស់​ប្រជាពលរដ្ឋ​ និង​យុវជន។

លោក សាន់ ម៉ាឡា៖ «ប្រសិន​បើ​តំបន់​នេះ​ក្លាយ​ជា​សណ្ឋាគារ​ប្រណិត ហើយ​គ្រប់គ្រង​ដោយ​ ពួក​អ្នក​មាន​ទាំង​ស្រុង នោះ​ច្បាស់​ណាស់ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បាត់បង់​ឱកាស ក្នុង​ការ​ទៅ​លេង​កម្សាន្ត។ ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ វា​គឺ​ជា​ផ្នែក​មួយ ដែល​បង្ហាញ​នូវ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ដែល​ថា​ស្រឡាញ់​ធនធាន​ធម្មជាតិ ថា​មាន​បំណង​អភិរក្ស ច្រើន​ជាង​អភិវឌ្ឍន៍ ដើម្បី​ចង់​បាន​តែ​លុយ និង​បម្រើ​តែ​ផល​ប្រយោជន៍​ពួក​អ្នក​មាន»

កោះ​កុង​ក្រៅ ជា​កោះ​ធំ​ជាង​គេ​ស្ថិត​នៅ​ក្នុង​លំហ​សមុទ្រ​កម្ពុជា មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង។ កោះ​នេះ គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​ក្រាស់​ឃ្មឹក អម​ដោយ​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង​ មាន​ជីវចម្រុះ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​កោះ​នេះ​ មាន​ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់។

យុវជន​ចង់​ឃើញ​កោះ​នេះ ក្លាយ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ជាតិ​ តាម​រយៈ​ការ​បម្រើ​វិស័យ​ទេសចរណ៍​ដល់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។