តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី តម្កល់​សំណុំរឿង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃស្រោង


2020.07.30
ព្នងប្ដឹង​​​អាជ្ញាធរឃុំ​ប៊ូស្រា 012220 សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​មក​ដាក់​ពាក្យ​ប្ដឹង​​អាជ្ញាធរឃុំ​ប៊ូស្រា ១រូប និង​អភិបាល​រង​ខេត្ត​​ម្នាក់​ ទៅ​​តុលាការ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ រឿង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​តំបន់​ព្រៃ​ស្រោង​។
រូប៖ សហគមន៍

តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តមណ្ឌលគិរី សម្រេច​តម្កល់​សំណុំរឿង ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី និង​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ ក្នុង​ព្រៃ​អភិរក្ស ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច បាន​ប្តឹង​បរិហារ​អាជ្ញាធរ​ឃុំ១រូប និង​អភិបាលរងខេត្ត​មណ្ឌលគិរី​ម្នាក់ទៀត កាលពីដើម​ឆ្នាំ២០២០។

ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​តម្កល់​សំណុំរឿង​នេះ ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រួមចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ។ ពួក​គេ​អះអាង​ថា ក្រុម​ពលរដ្ឋ​បាន​បង្ហាញ​ទីតាំង​ច្បាស់លាស់ ប្រាប់​មន្ត្រី​ជំនាញ និង​តំណាង​អយ្យការ​ថា នៅ​តំបន់​ដែល​មន្ត្រី​សុរិយោដី​ខេត្ត​មណ្ឌលគិរី ចេញ​ប្លង់​រឹង​នោះ គឺជា​ដី​ព្រៃ​អភិរក្ស​សំបូរ​ដោយ​ព្រៃស្រោង។

ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​ជា​ដើម​បណ្ដឹង​រស់​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា លោក គ្រើ​ង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ ខែកក្កដា​ថា ការ​តម្កល់​សំណុំរឿង​នេះ ជា​ការ​ផ្តល់​ឱកាស​ក្រុម​ជនល្មើស និង​មន្ត្រី​ខិលខូច​មិន​រាងចាល និង​មើលងាយ ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។ លោក​ថា សហគមន៍​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​បង្ហាញ​ថា ប័ណ្ណ​កម្មសិទ្ធិ​ចំនួន៦ និង​លិខិត​ផ្ទេរសិទ្ធិ ៤ច្បាប់ រួម​ទាំង​សលាកបត្រ​ព័ត៌មាន ៤ច្បាប់ ទាក់ទង​នឹង​ដី​ឋិត​ក្នុង​តំបន់​ព្រៃស្រោង​របស់​រដ្ឋ​នោះ ជាឯក​សារ​ខុសច្បាប់៖ «អត់ចិត្ត​ថា យើង​មាន​ភស្តុតាង​អស់ហើយ យើង​ចុះទៅ​ជាមួយ​មន្ត្រី​សុរិយោដី​ស្រុក ដើម្បី​ចុះទៅ ចុច​ទៅ​ពិតជា​ដី​ហ្នឹង ដី​ព្រៃ​មែន ហើយ​ស្រាប់តែ​គាត់​តម្កល់​អ៊ីចឹង​ទៅ ធ្វើ​ឱ្យ​ក្រុម ឆ្លៀតឱកាស ឬមួយ​ក្រុម ប្រព្រឹត្ត​បទល្មើស​ហ្នឹង បែរជា​សប្បាយចិត្ត​ទៅវិញ។ នេះ​ជា​ចំណុច​មួយ ដែល​ខ្ញុំ​គិតថា អត់​សប្បាយចិត្ត​ទេ យើង​អត់​ចង់បាន មិនមែន​ផលប្រយោជន៍ ខ្ញុំ​ទេ ជា​ផលប្រយោជន៍ សាធារណៈ​ជន​ទាំង​អស់​គ្នា»

កាលពី​ខែមករា ឆ្នាំ២០២០ សហគមន៍​ជនជាតិ​ដើម​ភាគតិច ៥នាក់ និង​មន្ត្រី​អាដហុក​ម្នាក់ បាន​ប្ដឹង​បរិហារ អតីត​មេឃុំ​ប៊ូស្រា លោក កេង ញ៉ក់ បច្ចុប្បន្ន​ជា​ជំទប់​ទី២ នៃ​ឃុំ​ប៊ូស្រា និងលោក ឈឹម កាន អតីតប្រធាន​មន្ទីរ​រៀបចំ​ដែនដី ហើយ​បច្ចុប្បន្ន​ជា​អភិបាលរងខេត្ត​មណ្ឌលគិរី​ថា មាន​ជាប់ពាក់ព័ន្ធ​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៦ប័ណ្ណ​ សលាកបត្រ​ព័ត៌មាន​ចំនួន ៤ ច្បាប់ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ចំនួន ៤ច្បាប់​លើ​ដី​គម្រប​ព្រៃឈើ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀ ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។

ទោះ​ជា​យ៉ាង​ណា កាលពី​ថ្ងៃ​ទី២០ ខែកក្កដា តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បាន​ចេញ​លិខិត​ជូនដំណឹង តម្កល់​សំណុំរឿង​នេះ​ឥត​ចាត់ការ ពាក់ព័ន្ធ​ករណី ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី នៅ​ចំណុច​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង លោក ម៉ម វ៉ាន់​ដា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៣០ កក្កដា។ អាស៊ី​សេរី​ក៏​នៅ​មិនទាន់​អាច​ទាក់ទង​ជំទប់​ទី១ ឃុំ​ប៊ូស្រា លោក កេង ញ៉​ក់ និង​អភិបាលរងខេត្ត​មណ្ឌលគិរី​លោក ឈឹម កាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ដែរ។​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក ដែល​ជា​ដើម​បណ្ដឹង លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា លោក​នឹង​ប្ដឹង​ទាស់​សំណុំរឿង​នេះ ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ពេល​ឆាប់​ខាង​មុខ​នេះ ដើម្បី​ស្រាវជ្រាវ​ឱ្យ​ស៊ី​ជម្រៅ និង​ជំរុញ​ឱ្យ​មាន​អ្នក​ទទួល​ខុសត្រូវ។ លោក​ថា ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ព្រៃ​ស្រោង ឬ​ដី​ព្រៃ​អភិរក្ស ជា​អំពើ​ពុករលួយ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​តែ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់៖ «យុត្តិធម៌​ត្រូវតែ​មាន ពីព្រោះ​យើង​ធ្វើការ​តវ៉ា ប្ដឹង​បរិហារ បាន​ឮ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋ ហើយ​ឥលូវ​លោក​បាន​ចាត់​វិធាន​ការ​ខ្លាំងៗ ឱ្យ​មន្ត្រី​របស់​លោក​ធ្វើការ​ស្រាវជ្រាវ លើ​អំពើទុច្ចរិត​មន្ត្រី​របស់​លោក ប្រសិនបើ​រក​ឃើញ​ថា ពាក់ព័ន្ធ​ខុសច្បាប់​នឹង​ទទួលទោស។ សម្ដេច (ហ៊ុន សែន) លោក​បាន មានប្រសាសន៍​ថា អំពី​រឿង​ថា ប្រសិនជា​ប្លង់​កម្មសិទ្ធិ កើតឡើង​ដោយ​អំពើទុច្ចរិត ប្លង់​នឹង មោឃៈ​ភាព​ចោល»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ការ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​ហោច​ណាស់ ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។ លោក​ថា ករណី​នេះ បាន​កើតមាន​ច្រើន​នៅ​ខេត្ត​មណ្ឌលគិរី កម្រ​ឃើញ​ពលរដ្ឋ​ណា ហ៊ាន​ចេញមុខ​ប្ដឹង​បរិហារ​អាជ្ញាធរ​ខិលខូច​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។