ព្រះសង្ឃ និង​យុវជន​រក​ឃើញ​ថា ព្រៃ​ព្រះ​រកា​កំពុង​រង​ការ​កាប់​បំផ្លាញ​កាន់​ខ្លាំង​ជាង​លើក​មុនៗ ក្រោយ​ពួក​គេ​ចុះ​ល្បាត

ដោយ ម៉ៅ សុធានី
2019-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កំណាត់​ឈើ ដែល​​ក្រុម​យុវជន និង​សហគមន៍​​​ព្រៃព្រះរកា ចុះ​ល្បាត​ហើយ​ប្រទះ​ឃើញ​គេ​កាត់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ២០១៩។
កំណាត់​ឈើ ដែល​​ក្រុម​យុវជន និង​សហគមន៍​​​ព្រៃព្រះរកា ចុះ​ល្បាត​ហើយ​ប្រទះ​ឃើញ​គេ​កាត់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ N1M

ព្រះសង្ឃ និង​យុវជន​ដែល​បាន​ចុះ​ល្បាត​ព្រៃ​រយៈ​ពេល​បី​យប់​បួន​ថ្ងៃ​រក​ឃើញ​ថា ព្រៃ​ព្រះ​រកា​កំពុង​រង​​ការ​បំផ្លាញ និង​មិន​ឃើញ​មាន​ស្ថាប័ន​មានសមត្ថកិច្ច​ណាមួយ​ទប់​ស្កាត់​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ទទួល​ស្គាល់​ថា ពិត​ជា​​មាន​ករណី​កាប់​ឈើ​​នៅ​តំបន់​នេះ និង​ប្រកាស​ស្វាគមន៍​ការ​រក​ឃើញ​នេះ។

ព្រះសង្ឃ និង​យុវជន​ថា សំឡេង​ម៉ាស៊ីន​អារ​ឈើ​កំពុង​ឮ​កង​រំពង​ពេញ​ព្រៃ​ព្រះរកា ហើយ​ដើម​ឈើ​ធំៗ កំពុង​ដួល​ដេក​ពេញ​ព្រៃ។ ពួក​គេ​ព្រួយ​បារម្ភ​ថា បើ​​គ្មាន​ការ​ទប់​ស្កាត់​ទាន់​ពេល​ទេ​ ព្រៃ​តំបន់​ការពារ​នេះ​នឹង​បាត់បង់​យ៉ាង​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះ​មហន្តរាយ​ដល់​មនុស្ស និង​សត្វ​ក្នុង​តំបន់​នេះ​នៅ​ពេល​ខាង​មុខ។​

ព្រះតេណគុណ អ៊ុន ឡុង ដែល​បាន​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែ​មិថុនា​ថា ក្រុមល្បាត​រក​​ឃើញ​​ថា បទ​ល្មើស​ភាគ​ច្រើន​កើត​ឡើង​នៅ​យប់។ ព្រះតេជ​ព្រះគុណ​បន្ត​ថា អ្នក​ចូល​រួម​បំផ្លាញ​ព្រៃ​តំបន់​នេះ គឺ​មន្ត្រី​ខិលខូច​ដែល​ជា​សមត្ថកិច្ច​ការពារ​ព្រៃ​នេះ បាន​រួម​គ្នា​ជាមួយ​ពលរដ្ឋ​មួយ​ចំនួន​​នៅ​ក្នុង​តំបន់​នេះ​ដែល​រក​ស៊ី​កាប់​ឈើ៖ «បទល្មើស​អា​ឈើ​កាត់​ផ្ដួល​ចោល​នៅ​ស្រស់​ថ្មីៗ គេ​ទើប​កាត់»

កាលពីថ្ងៃ​ទី១៤ ដល់​ទី១៨ ខែ​មិថុនា ព្រះសង្ឃ​ពីរ​អង្គរួម​ទាំង​យុវជន និង​ប្រជា​សហគមន៍​ ដែល​ជា​សកម្មជនព្រៃឈើជាង ២០នាក់បានចុះល្បាត និង​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ គោល​បំណង​​នៃ​ការ​ចុះ​ល្បាត​នេះ ដើម្បី​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ព្រៃ​ឈើ ធនធានធម្មជាតិ និង​មុខ​របរ​​​ដង​ជ័រ​ច្បោះ​របស់​ប្រជា​សហគមន៍​​នៅ​​ទី​នោះ។ ក្រុម​យុវជន បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​មួយ​នេះ។

ពួក​គេ​បាន​បង្ហាញ​ពី​ការ​រក​ឃើញ ដោយ​បាន​បង្ហោះ​ព័ត៌មាន​នោះ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​រៀបរាប់​ថា យ៉ាងហោចណាស់មានដើមឈើមិនតិចជាង១០ដើម ដែល​ត្រូវ​បាន​ជន​ល្មើស​លួច​កាប់​ផ្ដួល និង​ពុះ​ច្រៀក នៅ​ចំណុច​អូរ​ស្កាច ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ដ។ ប្រភព​ដដែល​បន្តថា ដើម​ឈើ​ដែល​នៅ​សេសសល់ និង​ជា​ប្រភេទ​ឈើ​ល្អ គឺ​មាន​តែ​ដើម​ត្រាច និង ដើម​ឈើទាល​ប៉ុណ្ណោះ ដោយ​ឡែក​ក្រញូង បេង នាងនួន ធ្នង់ គឺ​មិន​ឃើញ​មាន​នោះ​ទេ ហើយ​ដើម​ឈើ​ពីរ​ប្រភេទ​ដែល​នៅ​សល់​ខាង​លើ​នេះ ក៏​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​ជា​រៀងរាល់​ថ្ងៃ​ដែរ។

និស្សិតម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ព្រៃ​ព្រះ​រកា កញ្ញា ថាច់ ចិន្តាមន្នី ប្រាប់​អាស៊ី​សេរី​ថា នេះជាលើកទី៣ហើយ ដែលកញ្ញាបានទៅមើលឃើញព្រៃព្រះរកា។ កញ្ញា​បន្ត​ថា លើក​នេះ គឺ​មាន​ការ​កាប់​បំផ្លាញ​ខ្លាំង​ជាង​លើក​មុនៗ ដែល​ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ស្រុក ស្រុក​ជាំក្សាន្ដ និង​ស្រុក​ត្បែង​មានជ័យ៖ «លោក​នេះ​ពួក​ខ្ញុំ​ទៅ​ដល់​ជិះ​មិន​ដល់​មួយ​គីឡូ​ដី​ផង គេ​កាប់​អស់​ជាង​ដប់​ម្ភៃ​ដើម។ អ៊ីចឹង​ក្នុង​មួយ​ព្រៃ​ហ្នឹង​អស់​រាប់​ពាន់​ដើម​ហើយ ការ​កាប់​បំផ្លាញ​នេះ​មិន​បាន​ថយ​ចុះ​ទេ»

ជុំវិញករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា ប្រាប់​ថា លោក​ស្វាគមន៍​ការ​រក​ឃើញ​នេះ និង​អះអាង​ថា ក្រសួង​បរិស្ថាន​នឹង​បន្ថែម​មន្ត្រី​ចុះ​ល្បាត ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ​ថា ករណី​កាប់​ព្រៃ​ឈើ​តំបន់​នេះ​កើន​ឡើង ឬ​ថយ​ចុះ​នោះ​ទេ។ លោក នេត ភក្ត្រា ពន្យល់​ថា ការ​កាប់​​ឈើ​នៅ​តំបន់​នេះ​មិន​មែន​សុទ្ធតែ​​ខុស​ច្បាប់​ទាំង​អស់​​ទេ ដោយ​មាន​កន្លែង​ខ្លះ​ក្រសួង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះខាត​អាច​កាប់​ឈើ ដើម្បី​សាងសង់​លំនៅឋាន​បាន៖ «អ្វី​ដែល​យើង​បាន​ទទួល​ព័ត៌មាន គឺ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្លះ ដែល​ម្ចាស់​ដើម​ច្បោះ គាត់​បាន​ឃុបឃិត​លក់​ឲ្យ​ឈ្មួញ​មួយ​ចំនួន ដែល​ពេល​ខ្លះ​ពូក​គាត់​ទទួល​បាន​លុយ​គាត់​ស្ងាត់ ប៉ុន្តែ​ពេល​ខ្លះ​កាប់​ ហើយ​មិន​ទទួល​បាន​លុយ ដែល​លួច​កាប់​មិន​ឲ្យ​មន្រ្តី​យើង​ដឹង​ពួក​គាត់​ប្ដឹង​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ»

កញ្ញា ថាច់ ចិន្តាមន្នី ស្នើ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ក្រសួង​បរិស្ថាន ត្រូវ​មាន​ចិត្ត​ក្លា​ហាន​​​បង្ហាញ​​ព័ត៌មាន​ពិត ជា​ជាង​និយាយ​ការពារ។ យុវតី​រូប​នេះ ស្នើ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​មាន​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​ប្រសិទ្ធិ​ភាព បើ​មិន​ដូច្នេះ​ព្រៃ​ឈើ​តំបន់​នេះ​នឹង​ជួប​គ្រោះ​មហន្តរាយ៖ «សំណូមពរ​ឲ្យ​គាត់ (រដ្ឋាភិបាល) ក្រឡេក​មើល​ថែទាំ និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ឲ្យ​បាន​តឹងរ៉ឹង​ជាង​ជាង​មុន និង​មាន​ភាព​ប្រាកដប្រជា​ជាង​មុន​មិន​មែន​ការងារ​ត្រឹម​តែ​ធ្វើ​លំៗ អ៊ីចឹង​ទេ»

ក្រុមយុវជនដែលធ្វើទស្សនកិច្ច​សិក្សា​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ព្រះរកា អះអាង​ថា ពួកគេ នឹង​ចែក​រំលែក​ព័ត៌មាន និង​បទ​ពិសោធន៍​របស់​ពួក​គេ​ពី​ទស្សនកិច្ច​មួយ​នេះ ទៅ​មនុស្ស​ផ្សេង​ទៀត ដើម្បី​ឲ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​ឲ្យ​បាន​គង់វង្ស។ ព្រៃ​ព្រះ​រកា ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល