ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ជាង ១០០​នាក់ រៀបចំ​ពិធី​សែន​ឱ្យ​អារក្សអ្នកតា​ជួយ​ការពារ​ព្រៃ​សហគមន៍

ដោយ សុជីវី
2024.02.23
ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ជាង ១០០​នាក់ រៀបចំ​ពិធី​សែន​ឱ្យ​អារក្សអ្នកតា​ជួយ​ការពារ​ព្រៃ​សហគមន៍ ទិដ្ឋភាព​ជនជាតិដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី​ធ្វើ​ពិធីសែនព្រេន អារក្ស​អ្នកតា​បួងសួង​ឱ្យ​អារក្សអ្នកតា ជួយ​ការពារ​ធនធាន​ធម្មជាតិ នៅ​ថ្ងៃទី២២ កុម្ភៈ ២០២៤។
រូប​៖ សហគមន៍ផ្តល់ឱ្យ

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ១០០​នាក់ នៅ​ថ្ងៃទី​២២ កុម្ភៈ បាន​ប្រារព្ធ​ពិធីសែនព្រេន​ដើម្បី​បង្ហាញ​ឆន្ទៈ សាមគ្គី​គ្នា ការពារ​ព្រៃឈើ​ក្នុង​សហគមន៍ និង​បួងសួង​ឱ្យ​អារក្ស​អ្នកតា ជួយ​ការពារ​ធនធាន​ធម្មជាតិ​បន្សល់​ចុងក្រោយ ជាប់​នឹង​ភូមិកំណើត​របស់​ពួកគាត់។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ១០០​នាក់ ក្នុងចំណោម​ពលរដ្ឋ​ជាង ៣ រយ ៥០ គ្រួសារ (៣៥៨) រស់នៅ​ភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក តែងតែ​ធ្វើ​ពិធី​សែន​អារក្សអ្នកតា​ព្រៃភ្នំ ដើម្បី​រំលឹក​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង និង​បួងសួង​ថ្វាយ​ដង្វាយ អារក្សអ្នកតា​ព្រៃភ្នំ។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​ស្រែ​ធំម្លឹង លោក កឺប ថេន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកភូមិ​ធ្វើ​ពិធីសែនព្រេន ក្នុង​ព្រៃ​សហគមន៍​នៅ​ចំណុច​ខ្ទម​អ្នកតា​ដោយ​ជួបជុំគ្នា​បួងសួង​ឱ្យ​អារក្សអ្នកតា ជួយ​ការពារ​ដី​ព្រៃ​សហគមន៍ ដែល​ជា​ប្រភព​ប្រាក់ចំណូល និង​ជា​បណ្ដុំ​ប្រតិបត្តិ​ជំនឿ​វប្បធម៌ របស់​ជនជាតិ​ដើម​ភាគតិច។

លោក​ថា កាលពី​ឆ្នាំ​២០១៨ និង​២០១៩ បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​នោះ​កើតមាន​ច្រើន ក៏ប៉ុន្តែ​ក្រោយ​មក​ប្រជា​សហគមន៍​បាន​សាមគ្គី​គ្នា​រឹងមាំ ដាន់​វេន​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធ្វើ​ឱ្យ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នេះ នៅ​សល់​ច្រើន។

លោក កឺប ថេន៖ «ថែរក្សា​វប្បធម៌​ព្រៃ​តំណម តាំង​ពី​ដូនតា​គាត់ បម្រុង​ទុក​ដូនតា​ជំនាន់​ក្រោយ។ យើង​សែន​ឧបកិច្ច​ប្រាប់​តាម​ទំនៀមទម្លាប់​ប្រពៃណី ពួក​ខ្ញុំ​ហ្នឹង»

ក្នុង​ពិធី​សែន​ព្រេន អ្នកភូមិ​បាន​យក​ដង្វាយ​រួមមាន ជ្រូក​មួយ​ក្បាល ស្រា ពាង មាន់ និង​នំចំណី​រៀបចំ​នៅមុខ​ខ្ទម​អ្នកតា។ រីឯ​សមាជិក​សហគមន៍​បាន​រៀបចំ​ដុត​ធូប​បន់ស្រន់ សុំ​សេចក្តី​សុខ ពី​អារក្ស​អ្នកតា​ព្រៃភ្នំ ដើម្បី​កំណត់សម្គាល់​តំបន់​នោះ​ថា ជា​កន្លែង​ប្រតិបត្តិ​ជំនឿ​វប្បធម៌ ប្រពៃណី និង​ប្រភព​ធនធាន​ធម្មជាតិ​មាន​តម្លៃ ដែល​ពួកគាត់​ចង់​ការពារ​ឱ្យ​គង់វង្ស ដល់​កូនចៅ​ជំនាន់​ក្រោយ។

ចំណែកឯ​ថវិកា​រៀបចំ​ពិធីសែនព្រេន​នេះ​ប្រជា​សហគមន៍​រៃអង្គាស​ប្រាក់​ក្នុងភូមិ​ហើយ​សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ចូលរួម​ការពារ​សុវត្ថិភាព និង​សន្តិសុខ ក្នុង​ពិធី​នេះ​ដែរ។

ជនជាតិដើម១.jpg
ទិដ្ឋភាព​ជនជាតិដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី​ធ្វើ​ពិធីសែនព្រេន អារក្ស​អ្នកតា​បួងសួង​ឱ្យ​អារក្សអ្នកតា ជួយ​ការពារ​ធនធាន​ធម្មជាតិ នៅ​ថ្ងៃទី២២ កុម្ភៈ ២០២៤។ រូប​៖​សហគមន៍​ផ្តល់​ឱ្យ

មេភូមិ​ស្រែ​ធំ លោក ម្រើញ ទា មានប្រសាសន៍ថា លោក​គាំទ្រ​អ្នកភូមិ​ដែល​ប្រារព្ធ​ពិធី​នេះ​ដើម្បី​រួមគ្នា រក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី​ដែល​ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច។

លោក​ថា ពលរដ្ឋ​ក្នុងភូមិ​ស្រែ​ធំ​ជាង ៣០០​គ្រួសារ ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​កំពុង​រស់នៅ​ដោយ​អាស្រ័យ​ផល​នឹង​ព្រៃឈើ ធ្វើ​ចម្ការ​វិល​ជុំ និង​ឃ្វាលគោ ក្នុង​តំបន់​ព្រៃ​សហគមន៍​ដែល​ពួកគាត់​ការពារ។

លោក ម្រើញ ទា៖ «ធ្វើ​អ៊ីចឹង​ខ្ញុំ​អបអរសាទរ សកម្មភាព​នេះ​ជា​ការ ការពារ​ព្រៃឈើ​របស់​យើង​បន្សល់​តាំងពី​ដូនតា​។ ភូមិសាស្ត្រ​ហ្នឹង​ជា​ដី​ព្រៃឈើ​របស់​យើង​តាំង​ពីមុន​មក»

ជុំវិញ​រឿង​នេះ​មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៉ុណ្ណារ៍ យល់​ថា ពិធី​នេះ​បង្ហាញ​ពី​ការ​ស្រឡាញ់​ព្រៃឈើ និង​សាមគ្គីភាព​គ្នា របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដើម្បី​ការពារ​មរកត​ធម្មជាតិ​បន្សល់​ពី​បុរាណកាល​មក។ លោក​ថា សមាគម​អាដហុក​តែងតែ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដើម្បី​ឱ្យ​ពួកគាត់​យល់​ពី​សិទ្ធិ និង​ច្បាប់ ចូលរួម​ការពារ​ធន​ធាន​ធម្មជាតិ។

លោក ប៉ែន ប៉ុណ្ណារ៍៖ «ជនជាតិ​ដើម​ភាគតិច​លោក​តែង​ដើរ​តាម​បន្ទាត់​ប្រពៃណី​របស់​គាត់ ស្របតាម​គោលនយោបាយ​ធនធាន​ធម្មជាតិ​។ រដ្ឋាភិបាល​ត្រូវ​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ជនជាតិ​ដើម​ភាគតិច ធ្វើ​យ៉ាងម៉េច​ឱ្យអំណាច​ជនជាតិ​ដើម​ភាគតិច ការពារ​ធនធាន​ធម្មជាតិ​សម្រេច​ជោគជ័យ»

សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​ស្រែធំម្លឹង មាន​ផ្ទៃដី ៣​ពាន់​ហិកតារ ដែល​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច ឋិត​ក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។

អ្នកភូមិ​ស្រែ​ធំ​បាន​ស្នើសុំ​ចុះបញ្ជី សហគមន៍​នីតិបុគ្គល​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ស្រែធំ កាលពី​ឆ្នាំ ២០១២ ក៏ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឯកភាព​ពី​ក្រសួង​ដែនដី និង​ក្រសួងបរិស្ថាន​នៅឡើយ​ទេ។ ព្រៃ​អភិរក្ស​នេះ មាន​ដើមឈើ​ធំៗ​ព្រៃស្រោង ពាក់​កណ្តាល​ស្រោង វាលស្មៅ ទឹកអូរ​ធម្មជាតិ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​រួមមាន ដំរីព្រៃ ខ្ទីង ទន្សោង ស្វា និង ជ្រូកព្រៃ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។