សកម្មជន​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​សកម្មភាព ទោះ​រង​ការ​យាយី​ឥត​ស្រាកស្រាន្ត

ដោយ ទីន ហ្សាការីយ៉ា
2021-02-24
Share
សកម្មជន​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​សកម្មភាព ទោះ​រង​ការ​យាយី​ឥត​ស្រាកស្រាន្ត (ពីខាងឆ្វេង) លោក អាលិចហាន់ដ្រូ ហ្កន់សាលេស ដេវីដសុន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ
រូប៖ RFA និង​សកម្មជន​ទាំង​នេះ

សកម្មជន​មាតាធម្មជាតិ ប្តេជ្ញា​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​លាត​ត្រដាង​ពី​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​របប​លោក ហ៊ុន សែន ដោយ​មិន​ខ្លាចការ​ចាប់​ចង​នោះ​ឡើយ។ ការ​បញ្ជាក់​ជំហរ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​មាតាធម្មជាតិ​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មន្ត្រី​រដ្ឋាភិបាល​បកស្រាយ​ថា វិធានការ​ទាំង​ឡាយ​លើ​សកម្មជន​មាតា​ធម្មជាតិ គឺ​ជា​ការ​អនុវត្ត​ច្បាប់។

ចលនា​មាតា​ធម្មជាតិ គឺ​ជា​ក្រុម​យុវជន ដែល​បាន​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​ស្វាគមន៍​សកម្ម​ភាព​របស់​ពួកគេ​នោះ​ទេ។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួក​គេ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) យល់​ឃើញ​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​មាតា​ធម្មជាតិ ដោយសារ​ហេតុ​ផល​ពីរ​យ៉ាង។ ទី​មួយ​របប​នេះ គុំ​គួន​ពួក​លោក​ដែល​ធ្លាប់​បាន​លាត​ត្រដាង​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ជំនួញ​ទុច្ចរិត និង​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​គ្រាក់ៗ។ ទីពីរ​លោក​ថា របបក្រុង​ភ្នំពេញ​ចង់​បំបាក់​ស្មារតី​យុវជន​ដទៃ​ទៀត កុំ​ឱ្យ​ហ៊ាន​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ និង​ឈឺឆ្អាល​បញ្ហា​ជាតិ។

ទោះ​ជា​យ៉ាង​ណា សកម្មជន​បរិស្ថាន​កូន​កាត់​អេស្ប៉ាញ-​អង់គ្លេស​រូប​នេះ គូស​បញ្ជាក់​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នេះ​មិន​អាច​បញ្ឈប់​យុវជន​ខ្មែរ​ពី​ការ​ចូល​រួម​ជា​មួយ​ចលនា​ធម្មជាតិ​បាន​នោះ​ឡើយ៖ «លោក ហ៊ុន សែន ចាប់​យុវជន​អាយុ ១៩ឆ្នាំ ២០ឆ្នាំ ដាក់​គុក​អា​ហ្នឹង​បំផ្លាញ​កិត្តិយស​របស់​របប​លោក​ខ្លួន​ឯង​ហ្នឹង។ អ៊ីចឹង​ ខ្ញុំ​ឆ្លើយ​សំណួរ​ដោយ​ខ្លី​ហ្នឹង គឺ​អត់​ជា​ឧបសគ្គ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​ឱកាស​សម្រាប់​ឱ្យ​គេ​ហ្នឹង​ចូល​រួម​ជាមួយ​យើង​កាន់​តែ​ច្រើន ហើយ​គោរព​យើង​កាន់​តែ​ច្រើន ហើយ​ក៏​ជា​មោទនភាព​របស់​យើង​ដែរ ទោះ​បី​ជា​យើង​ឈឺ​ចាប់​មែន។ ពេល​ដែល​ឃើញ​សកម្មជន​ មិត្តភក្តិ​យើង​ជាប់​គុក យើង​ឈឺ​ចាប់​ណាស់ ប៉ុន្តែ​​យើង​ទ្រាំ​បាន ហើយ​មនុស្ស​ចូល​រួម​ជាមួយ​យើង​កាន់​តែ​ច្រើន»

ចាប់​តាំង​ពី​ឆ្នាំ២០១៥ មក អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ចំនួន ៨នាក់ ដាក់​ពន្ធនាគារ ហើយខ្លះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ទៀតផង ទោះបី​ជា​សកម្មភាព​របស់​ពួក​គេ​បាន​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋាភិបាល​យ៉ាង​ណា​ក្ដី។

អ្នក​ទាំង​នោះ រួម​មាន យុវជន​ សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ឹម សំណាង។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ប្រឆាំង​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​នៅ​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ២០១៥។ តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​ផ្ដន្ទាទោស​ពួក​គេ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ខែ និង​បង្គាប់​ឱ្យ​បង់​សំណង​ជាង ២ម៉ឺន​ដុល្លារ។

ក្រោយ​មក នៅ​ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ទៀត គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ពេល​ពួក​គេ​កំពុង​ជិះ​ទូក​ថតរូប​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ​នៅ​ខេត្ត​កោះកុង។ តុលាការ​បាន​កាត់​ទោស​សកម្មជន​ទាំង​ពីរ​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ និង​បង់​សំណង​ឱ្យ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ឈ្មោះ​កោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) ដែល​ជា​ដើម​បណ្តឹង ម្នាក់​មួយ​លាន​រៀល។ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​សាលា​ឧទ្ធរណ៍ ដោយសារ​តុលាការ​កំពូល​បង្វិល​សំណុំ​រឿង​ឱ្យ​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ឡើង​វិញ។

ករណី​ថ្មី​ចុង​ក្រោយ​នេះ​វិញ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​បី​នាក់​ទៀត រួម​មាន យុវជន ថុន រដ្ឋា ឡុង គន្ធា និង​ ភួន កែវរស្មី។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ពួក​គេពី​បទ​ញុះញង់ បន្ទាប់​ពី​ពួក​គេ​ធ្វើ​យុទ្ធនាការ​ទាម​ទារឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​នៅ​ជាយក្រុង​ភ្នំពេញ។ យុវជន​ទាំង​បី​នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស រង់ចាំ​សវនាការ​ជំនុំ​ជម្រះ។

ជុំវិញ​រឿង​នេះ សមាជិក និង​ជា​អ្ន​កនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល លោក កត្តា អ៊ន បក​ស្រាយ​ថា វិធានការ​របស់​អាជ្ញាធរ​លើ​សកម្មជន​មាតា​ធម្មជាតិ និង​សកម្មជន​ដទៃ​ទៀត​នា​ពេល​កន្លង​ទៅ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ថា អាជ្ញាធរ​មិន​បាន​គុំគួន​សកម្មជន ឬ​ក្រុម​ណា​មួយ​នោះ​ទេ ហើយ​ក៏​មិន​បាន​បំបិទ​សិទ្ធិ​ពលរដ្ឋ​នោះ​ដែរ ប្រសិន​បើ​ការ​អនុវត្ត​សិទ្ធិ​នោះ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់៖ «មិន​ត្រឹម​តែ​ក្រុម​មាតា​ធម្មជាតិ​ទេ ក្រុម​ផ្សេងៗ​ ទៀត​ក៏​ដោយ ឱ្យ​តែ​ប្រើប្រាស់​សេរីភាព​ដោយ​ខុស​ច្បាប់ ដោយ​ការ​រំលោភបំពាន​ទៅ​លើ​បម្រាម​របស់​អាជ្ញាធរ​ យើង​អាជ្ញាធរ​តែងតែ​មាន​វិធានការ​ទប់​ស្កាត់។ ទី​មួយ​ការ​អប់រំ​ណែនាំ ទី​ពីរ​បើ​មាន​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ គឺ​អាជ្ញាធរ​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល​ អះអាង​ថា សកម្មភាព​របស់​ក្រុម​សកម្មជន​​មាតា​ធម្មជាតិ មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។ មេធាវី សំ ចំរើន ដែល​ជួយ​ការពារក្តី​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក​ទាំង​អស់​គ្នា គ្មាន​គំនិត​​ទុច្ចរិត​ណា​មួយ​ឡើយ ប៉ុន្តែ​ពួក​គេ​ចង់​ការពារ​បរិស្ថាន​ទៅ​វិញ​ទេ៖ «បើ​និយាយ​ពី​គោល​បំណង​របស់​គាត់​ហ្នឹង គឺ​ជា​គោល​បំណង​ដែល​ត្រឹម​ត្រូវ ហើយ​បើ​គោល​បំណង​ដែល​ត្រឹម​ត្រូវ អំពើ​ទាំង​ហ្នឹងគួរ​តែ​​មិនត្រូវ​បាន​ផ្តន្ទាទោស​ទេ»។​

ស្រដៀង​គ្នា​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា ពិនិត្យ​ឃើញ​ថា ក្រុម​សកម្មជន​មាតា​ធម្មជាតិ​មាន​ចេតនា​ល្អ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ។ លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត និង​បើក​លំហ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​បាន​ដោយ​ទូលំទូលាយ មិន​មែន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពួក​គេ​តាម​ផ្លូវ​តុលាការ​បែប​នេះ​ទេ៖ «គួរ​តែ​មាន​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់ ហើយ​និង​ធ្វើ​ឱ្យ​ពួក​គាត់​មាន​សេរីភាព​នៅក្នុ​ងការ​បន្ត​កិច្ច​ការងារ​របស់​ខ្លួន​ ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​កម្ពុជា ដែល​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ»

អាជ្ញាធរ​កម្ពុជា​បាន​បណ្ដេញ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ចេញ​ពី​កម្ពុជា កាល​ពី​ចុង​ខែកុម្ភៈ ឆ្នាំ២០១៥ មុន​នឹង​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​អង្គការ​សង្គម​ស៊ីវិល នៅ​ឆ្នាំ២០១៧។ លោក អាឡិច រង​បណ្ដឹង​ពីរ​ករណី​ក្នុង​តុលាការ​កម្ពុជា ហើយ​លោក​ធ្លាប់​បាន​ស្នើសុំ​ជា​ច្រើន​លើក ដើម្បី​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​តតាំង​ក្ដី​នេះ។ ប៉ុន្តែ អាជ្ញាធរ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ លោក អាឡិច ចូល​មក​កម្ពុជា​វិញ​នោះ​ទេ ដោយ​ខ្លាច​ក្រែង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

ទោះ​ជា​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់​ឈរ​​បែប​នេះ​ក្តី សកម្មជន​មាតាធម្មជាតិមិនបាន​​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ទេ។ ពួក​គេ​នៅ​តែ​បន្ត​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​អំពីការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​បំពុល​បរិស្ថាន និង​អំពើ​ពុក​រលួយ​ជា​ដើម។

យុវជន​មាតាធម្មជាតិ​មួយ​រូប​ដែល​ហៅ​ខ្លួន​ឯងថា ប៊ុន រ៉ានី ប្រាប់​អាស៊ី​សេរី​ថា ការភ័យ​ខ្លាច​មិន​អាច​គ្រប់​សង្កត់​លោក​ឱ្យ​បោះ​បង់​សកម្មភាព​ជាមួយ​ចលនា​មាតា​ធម្មជាតិ​ឡើយ។ លោក​បញ្ជាក់​ថា លោក​ចង់ថែរក្សា​​ធនធាន​ធម្មជាតិ​ឱ្យ​នៅ​គង់វង្ស ដូច្នេះ ការ​លះ​បង់​សម្រាប់​សកម្មភាព​ទាំង​នេះ​ពិត​ជា​មាន​តម្លៃ​សម្រាប់​លោក៖ «សង្គម​យើង​បង្កើត​កាលៈទេសៈ​មួយ​ឱ្យ​យើង​ប្រឈម​នឹង​គ្រោះថ្នាក់ បើ​យើង​ធ្វើ​ការងារ​ទាំង​អស់​ហ្នឹង។ ទី​ពីរ យុវជន​មួយ​ចំនួន​ដែល​គាត់​ចេះ​ដឹង​ហ្នឹង គាត់​ជាប់​ទៅ​នឹង​សម្ភារៈ​និយម។ គាត់​កើត​មក ឪពុក​ម្តាយ​គាត់​បង្រៀន​ឱ្យ​តែ​គាត់​ខំ​ប្រឹង​រក​តែ​លុយ​ទៅ មាន​តែ​ផ្ទះ មាន​តែ​គ្រួសារ ផឹក​ស៊ី​រាល់​ថ្ងៃ​ទៅ គឺ​ចប់​ហើយ ជីវិត​គាត់​មាន​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ បើ​ខ្ញុំទៅ​​គិត​អ៊ីចឹង​ដែរ ហើយ​អ្នក​ទាំង​អស់​គ្នា​គិត​ថា បើ​គេ​មិន​ចាប់​ផ្តើម​ផង យើង​ចាប់​ផ្តើម​ធ្វើ​អ្វី? យើង​នាំ​គ្នា​គិត​តែ​អ៊ីចឹង គឺ​អត់​មាន​អ្នក​ចាប់​ផ្តើម​ទេ ហើយ​ក៏​អត់​មាន​អ្នក​ណា​ធ្វើ​សកម្មភាព ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដែរ»

ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៧ រហូត​ដល់​ដើម​ឆ្នាំ២០២១ នេះ ចលនា​មាតា​ធម្មជាតិ​បាន​បង្ហោះ​វីដេអូ​ជាច្រើន​លើ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដែល​មាន​ឈ្មោះថា មាតា​ធម្មជាតិ​កម្ពុជា (Mother Nature Cambodia)។ វីដេអូ​ទាំង​នោះ មាន​ចំនួន​ចូល​ទស្សនា​យ៉ាង​តិច ២០លាន​ដង និង​ចែក​រំលែក​ត​គ្នា​រាប់​សែន​ដង។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ឱ្យ​ដឹង​ថា ពួក​លោក​នឹង​មិន​បោះ​បង់​ចោល​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ជា​ដាច់​ខាត ដរាប​ណា​ច្បាប់​ជាតិ និង​អន្តរជាតិ​នៅ​តែ​បើក​សិទ្ធិឱ្យ​ពួក​លោក​ធ្វើ​សកម្មភាព​បាន។ ផ្ទុយ​ទៅ​វិញ បេសកកម្ម​របស់​មាតា​ធម្មជាតិ​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​កម្ពុជា​មាន​រដ្ឋាភិបាល​ដែល​គិត​គូរ​ពី​ការ​ថែ​រក្សា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ពិត​ប្រាកដ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល