យុវជន​អង្គការ​មាតា​ធម្មជាតិ​ស្នើ​ទៅ​ក្រសួង​បរិស្ថាន​ និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​យក​ក្រពើ​ភ្នំ​មក​រស់​នៅ​តំបន់​អា​រ៉ែង​ឡើង​វិញ

ដោយ សេក បណ្ឌិត
2019.10.07

យុវជន​អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា តំបន់​ស្ទឹង​អា​រ៉ែង​ខេត្ត​កោះកុង ដែល​ជា​ទី​សម្បូរ​ទៅ​ដោយ​ក្រពើ​ភ្នំ​នោះ ពេល​នេះ​បែរ​ជា​ស្ទើរ​តែ​គ្មាន​វត្តមាន​សត្វ​កម្រ​នេះ​ទៅ​វិញ។ យុវជន​អង្គការ​មាតា​ធម្មជាតិ​ស្នើ​ទៅ​ក្រសួង​បរិស្ថាន និង​អង្គការ​ពាក់ព័ន្ធ​យក​ក្រពើ​ភ្នំ​មក​លែង​ឲ្យ​រស់​នៅ​តំបន់​អា​រ៉ែង​ឡើង​វិញ ដោយ​សារ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​មាន​ជំនឿ​ថា បើ​ក្រពើ​ភ្នំ​ត្រូវ​បាត់បង់​ពួក​គេ​ក៏​រស់​នៅ​មិន​បាន​សុខ​ដែរ។

យុវជន​អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា មូលហេតុ​ដែល​ក្រពើ​ភ្នំ​ស្ទើរ​បាត់បង់​ពី​តំបន់​ស្ទឹង​អារ៉ែង​នេះ ដោយសារ​មាន​ការ​ដាក់​អន្ទាក់ និង​ការ​ចាប់​ក្រពើ​ភ្នំ​ចេញ​តំបន់​នេះ កាល​ពី​អំឡុង​ឆ្នាំ២០១៣ កន្លង​ទៅ។ យុវជន​មាតា​ធម្មជាតិ​បន្ត​ថា ការ​ចាប់​ជម្លៀស​ក្រពើ​ភ្នំ​ចេញ​ពី​តំបន់​ស្ទឹង​អា​រ៉ែង​កាល​ពី​ពេល​នោះ​ជា​ការ​រៀបចំ​របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ហៅ​កាត់​ថា FFI បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ថា នឹង​មាន​ការ​សាងសង់​ទំនប់ វារីអគ្គិសនី​នៅ​ក្នុង​តំបន់​នោះ។ យុវជន​មាតា​ធម្មជាតិ​គ្រោង​បង្ហោះ​វីដេអូ​អំពី​ក្រពើ​ភ្នំពេញ​នៅ​ពេល​ឆាប់ៗ ខាង​មុខ ដើម្បី​ស្នើ​អ្នក​ពាក់ព័ន្ធ​យក​ក្រពើ​ភ្នំ​មក​លែង​នៅ​ទី​នេះ​វិញ ព្រោះ​របប​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រួច​ហើយ​ថា នឹង​គ្មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អា​រ៉ែង​នោះ​ឡើយ៖ «»

យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ កញ្ញា វណ្ណ ដាណេ ដែល​ស្រាវជ្រាវ​ករណី​នេះ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​ភូមិ​មិន​បាន​ឃើញ​វត្តមាន​ក្រពើ​ភ្នំ​ទៀត​ទេ។ កញ្ញ​បន្ត​​ថា ពលរដ្ឋ​រស់​នៅ​តំបន់​អា​រ៉ែង ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ពូជ​ក្រពើ​ភ្នំ​នៅ​ក្នុង​តំបន់​នេះ។ កញ្ញា​រំពឹង​ថា ការ​ធ្វើ​វីដេអូ​នេះ​នឹង​ជំរុញ​ទៅ​ក្រសួង​បរិស្ថាន និង​អង្គការ​សត្វ​ព្រៃ និង​រុក្ខជាតិ​ហៅ​កាត់​ថា FFI នាំ យក​ក្រពើ​ភ្នំ​មក​លែង​នៅ​តំបន់​នេះ​ឡើង​វិញ ដើម្បី​ឲ្យ​មាន​វត្តមាន​សត្វ​កម្រ​នេះ​នៅ​ក្នុង​ស្ទឹង​អា​រ៉ែង​តទៅទៀត៖ «»

កាលពីអាណត្តិទី៥ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន បាន​ប្រាប់​លោក​ថា រដ្ឋាភិបាល​មិន​អនុវត្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​តំបន់​អា​រ៉ែង​ទេ។ ក្រោយ​មក​លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​រដ្ឋសភា​ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​​នឹង​ថ្លឹងថ្លែង​មុន​ពេល​សម្រេច​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង។អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​នោះ​ហើយ ដែល​អង្គការ​សត្វ​ព្រៃ និង​រុក្ខជាតិ ហៅ​កាត់​ថា FFI ដើរ​ចាប់ និង​ដាក់​អន្ទាក់​ប្រមូល​យក​ក្រពើ​ភ្នំ​ចេញ​ពី​តំបន់​នេះ ហើយ​ក្នុង​គ្រា​ដដែល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ក្រពើ​ញី​មួយ​ក្បាល​ងាប់ ដោយសារ​ជាប់​អន្ទាក់​ផង​ដែរ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អង្គការ​សត្វ​ព្រៃ និង​រុក្ខ​ជាតិ​អន្តរជាតិ ហៅ​កាត់​ថា FFI(FAUNA&FLORA INTERNATIONAL) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំ​វិញ​​រឿង​នេះបានទេនៅថ្ងៃទី០៦ តុលា។ ចំណែក អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា វិញ ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា នៅ​ថ្ងៃ​ដដែល​នេះ ដោយ​លោក​មិន​លើក​​ទូរស័ព្ទ។

ជនជាតិ​ដើម​ភាគ​តិច​ជង​ថ្លែង​ក្នុង​វីដេអូ​របស់​អង្គការ​មាតា​ធម្មជាតិ​ថា ពួក​លោក​គោរព​បូជា ក្រពើ​ភ្នំ​ដោយសារ​មាន​ជំនឿ​ថា ក្រពើ​ភ្នំ​ជា​សត្វ​ពូកែ​ស័ក្ដិសិទ្ធិ ហើយ​សត្វ​កម្រ​នេះ តាំង​ពី​ដើម​មក​មិន​ដែល​ធ្វើ​បាប​ពលរដ្ឋ​នោះ​ទេ។ ពលរដ្ឋ​ម្នាក់​នេះ​លើក​ឡើង​ទៀត​ថា ក្រពើ​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​​ទស្សនា​នៅ​តំបន់​អា​រ៉ែង ប៉ុន្តែ​នៅ​ពេល​មិន​ឃើញ​មាន​វត្តមាន​ក្រពើ​ភ្នំ​ភ្ញៀវ​ទេសចរ​ក៏​មិន​សូវ​មក​លេង​តំបន់​នេះ​ដូច​មុន​ទៀត​ដែរ៖ «»

អង្គការ​មាតា​ធម្មជាតិ​លើក​ឡើង​ថា នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​មាន​ក្រពើ​ភ្នំ​ប្រមាណ ២៥០ក្បាល​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ មាន​ច្រើន​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់ អា​រ៉ែង ដែល​ជា​កន្លែង​មាន​ក្រពើ​ភ្នំ​ច្រើន​លំដាប់​ទី២ បន្ទាប់​ពី​តំបន់​អូរ​សោម ខេត្ត​ពោធិ៍សាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។