ខេត្ត២របស់កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីព្យុះ Yagi
2024.09.12
គណៈកម្មការទន្លេមេគង្គ ប្រកាសឲ្យខេត្តចំនួនពីររបស់កម្ពុជាឲ្យប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីឥទ្ធិពលព្យុះ យ៉ាកជី (Yagi) ដែលបានផ្តាច់ផ្តិលជីវិតមនុស្សជាតិ ១០០នាក់រួចហើយនៅក្នុងប្រទេសវៀតណាម។ អ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិ រំលឹកដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើង ជាពិសេសការបើកទំនប់ទឹករបស់ប្រទេសខ្សែទឹកខាងលើ នៃទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គ នៅរសៀលថ្ងៃទី ១១ ខែកញ្ញា បានចេញសេចក្ដីជូនដំណឹងស្ដីពីគ្រោះទឹកជំនន់ នៅទីក្រុងលួងព្រះបាង (Luang Prabang) ភាគជើងរបស់ប្រទេសឡាវ (Laos) ដែលកើតឡើងដោយសារតែ ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី (Yagi)។
តាមការព្យាករ បង្ហាញថានៅថ្ងៃទី១២ ខែកញ្ញា នឹងមានជំនន់ទឹកភ្លៀង នៅទីក្រុងលួងព្រះបាង ដដែល ហើយនៅថ្ងៃទី១៣ និងថ្ងៃទី១៤ នឹងមានជំនន់ទឹកភ្លៀង នៅទីក្រុងណងខៃ (Nongkhai) និងនៅទីក្រុងឈាងកុង (Chaing Khan) ព្រមទាំងទីក្រុងវៀងចន្ទន៍ (Vientiane)។
គណៈកម្មការទន្លេមេគង្គ ឲ្យដឹងទៀតថា នៅប្រទេសកម្ពុជាវិញ ក្នុងរយៈពេល២៤ម៉ោងខាងមុខនេះ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តរតនគិរី និងខេត្តកំពង់ឆ្នាំង ។ ទន្ទឹមនឹងនេះ ខេត្តជាច្រើននៅក្នុងប្រទេសឡាវ (Laos) ដូចជាខេត្តបកែវ (Bokeo) លួងណាមថា (Luangnamtha) និងសាយ៉ាបូរី (Xayaboury) ជាដើម និងខេត្តជាច្រើនទៀតក្នុងប្រទេសថៃ (Thailand) ដូចជាខេត្តឈៀងរ៉ៃ (Chiangrai) ណងខៃ (NongKhai) និងណងបួ (Nong Bua) ជាដើម ក៏នឹងមានភ្លៀងធ្លាក់ខ្លាំងដែរ។
ព្យុះទីហ្វុងយ៉ាកជី បានបោកបក់ឆ្លងកាត់កោះហៃណាន (Hainan) របស់ប្រទេសចិន (China) កាលពីថ្ងៃទី៦ ខែកញ្ញា ហើយបានទៅដល់ភាគខាងជើងប្រទេសវៀតណាមកាលពីថ្ងៃទី៧ ខែកញ្ញា ដែលបានសម្លាប់ជីវិតមនុស្សជាង ១០០ នាក់ នៅក្នុងប្រទេសទាំងពីរ។
ទាក់ទិននឹងបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម ចាប់តាំងពីថ្ងៃទី២ ខែកញ្ញាមក បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការព្យាករអាកាសធាតុ និងការវិវត្តរបស់ព្យុះសង្ឃរា យ៉ាកជី ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រសួងធនធានទឹកឲ្យដឹងថា ឥទ្ធិពលនៃព្យុះនេះ អាចបណ្ដាលឲ្យកម្ពុជាមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម នៅតាមតំបន់វាលទំនាប ខ្ពង់រាប និងតំបន់សមុទ្រ។
ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី លោក អៀ វុធ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១១ សីហាថា លោកពុំបានដឹងពីការប្រកាសរបស់គណៈកម្មការទន្លេមេគង្គនេះឡើយ។ លោកឲ្យដឹងថា នៅក្នុងសប្ដាហ៍នេះ មានភ្លៀងតិចតួចប៉ុណ្ណោះ ហើយលោកក៏នៅមិនទាន់ទទួលដំណឹងណាមួយពីណាអាជ្ញាធរដែរ។
អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញា ថា ព្យុះយ៉ាកជី ជាព្យុះទីហ្វុងមួយ កំពុងជះឥទ្ធិពលខ្លាំងលើប្រទេសជិតខាងកម្ពុជា។ លោកស្នើពលរដ្ឋកម្ពុជា ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតឡើង បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង និងការបើកទំនប់ស្តុកទឹកពីប្រទេសឡាវជាដើម។
លោក សេង សុខហេង៖ «សូមអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្នកុំមានការធ្វេសប្រហែសឲ្យសោះ ព្រោះថា រឿងទឹកជំនន់នេះ គឺពិតជាបង្កការគ្រោះថ្នាក់ ហើយប៉ុន្មានឆ្នាំមុន យើងឃើញហើយថា មានការលិចទឹកជំនន់នៅខេត្តក្រចេះ ស្ទឹងត្រែងដែលមានការបាក់ទន្លេមកពីខាងឡាវ ។ ទន្ទឹមនឹងនេះ យើងមើលឃើញថា រដ្ឋមានយន្តការក្នុងការគ្រប់គ្រង បង្ការគ្រោះមហន្តរាយរួចហើយ ទន្ទឹមនឹងនេះដែរ ក៏សុំឲ្យរដ្ឋាភិបាលបង្កើនឲ្យកាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធភាពទៀតទាក់ទងនឹងការទប់ស្កាត់ ការការពារ បញ្ចៀសហានិភ័យទាំងឡាយណា ដែលកើតឡើងដោយសារទឹកជំនន់»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរី លោក នាង សំអាត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេ។
លោក សេង សុខហេង បារម្ភថា ប្រសិនបើប្រទេសឡាវ នៅប៉ុន្មានថ្ងៃខាងមុខទៀត នៅតែលិចលង់ក្នុងជំនន់ទឹកភ្លៀង នោះប្រទេសឡាវអាចនឹងមានការបើកទ្វាទឹកនៅតាមអាងស្តុកទឹកមួយចំនួន ដើម្បីបង្ការការបាក់ទំនប់។ ពេលនោះ ទឹកនឹងហូរបុកធ្លាក់មកខាងកម្ពុជា។ លោកទទូចដល់អាជ្ញាធរ និងពលរដ្ឋ ឲ្យត្រៀមខ្លួនយ៉ាងប្រុងប្រយ័ត្ន ក្នុងករណីមានគ្រោះទឹកជំនន់ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។