អង្គការ Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកការបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ (Xe Pien-Xe Namnoy) ក្នុងប្រទេសឡាវ កាលពីចុងខែកក្កដាកន្លងទៅ ពុំមែនជាគ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិនោះទេ គឺជាកំហុសរបស់មនុស្ស។ អង្គការនេះអំពាវនាវប្រទេសតាមដងទន្លេមេគង្គពិចារណាឡើងវិញ ពីគម្រោងខ្នាតធំៗ ក្នុងវិស័យថាមពលអគ្គិសនី និងត្រូវពង្រឹងប្រសិទ្ធិភាពអនុវត្តន៍ច្បាប់ ដើម្បីធានាឲ្យបាននូវប្រព័ន្ធគណនេយ្យភាពប្រសើរជាងមុន។
ក្រោយពីកើតមានការបាក់ទំនប់សេពានសេណាមណយ (Xe Pien-Xe Namnoy) ក្នុងខេត្តអត្តពឺ ប្រទេសឡាវកន្លងទៅ សម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលបានបង្ហាញជំហរព្រួយបារម្ភខ្លាំងពីគម្រោងវិនិយោគថាមពលអគ្គិសនីខ្នាតធំតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គ ដែលទាមទារឲ្យមានការពិចារណាឡើងវិញ ពីផែនការអភិវឌ្ឍន៍ទំនប់តាមដងទន្លេមេគង្គ ត្រូវធ្វើការសិក្សាឲ្យបានច្បាស់លាស់ ពីគុណភាពសំណង់ និងស្វែងរកជម្រើសផ្សេងៗ ក្រៅពីការសាងសង់ទំនប់វារីអគ្គិសនី បំណងកាត់បន្ថយហានិភ័យ ឬគ្រោះមហន្តរាយធំៗ។
អ្នកឃ្លាំមើលបរិស្ថានជំរុញឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងទន្លេមេគង្គកម្ពុជា (MRC) ពង្រឹងយន្តការកិច្ចការងាររបស់ខ្លួនបន្ថែមទៀត ជាមួយបណ្តាប្រទេសជាសមាជិករួមមាន ថៃ ឡាវ និងវៀតណាម ធ្វើយ៉ាងណាអនុវត្តខ្លឹមសារកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ ១៩៩៥ ឲ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងប្រព័ន្ធជួនដំណឹងជាដើម។ រីឯសមាជិកអង្គការ Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគមន៍ និងប្រជាពលរដ្ឋ ក៏ខិតខំតស៊ូមតិផ្អែកតាមលក្ខណៈបច្ចេកទេស និងទិដ្ឋភាពច្បាប់ជាដើម។
នាយកប្រតិបត្តិអង្កការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា ការបាក់ទំនប់នៅឡាវថ្មីៗ នេះ ជាការព្រមានដល់រដ្ឋាភិបាលឡាវ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត តាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គក្នុងប្រទេសឡាវ និងកម្ពុជា ត្រូវពិចារណា និងសិក្សាឡើងវិញឲ្យបានច្បាស់លាស់ ជាពិសេសពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន។ លោកយល់ថា ប្រទេស ដែលជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ មានថៃ ឡាវ វៀតណាម និងកម្ពុជា គួរតែពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេសពង្រឹងយន្តការច្បាប់ពាក់ព័ន្ធនានា៖ «ប្រសិនបើប្រទេសទាំងអស់ក្នុងតំបន់ទន្លេមេគង្គសូមមេត្តាគិតគូរ គួរប្រើប្រាស់ទឹកទន្លេឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍន៍ហ្នឹងធ្វើយ៉ាងណាឲ្យមានចេរភាព។ បើប្រាស់ប្រាស់ទឹក សូមអ្នកពាក់ព័ន្ធធ្វើការពិចារណាឲ្យត្រូវតាមគោលការណ៍ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងឆ្នាំ១៩៩៥»។
ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ យល់ថា ការបាក់ទំនប់សេពានសេណាមណយនៅប្រទេសឡាវនោះ ជាបាតុភាពចៃដន្យ និងអចេតនា នៅគ្រាដែលទំនប់នោះមិនទាន់បើកឲ្យដំណើរការនៅឡើយទេ។ លោកបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានៅមិនទាន់ជជែកពិភាក្សាបញ្ហានេះជាមួយភាគីឡាវនៅឡើយទេ។ លើសពីនេះលោកសម្តែងការបារម្ភបាតុភាពនេះដែរ ហើយនឹងត្រូវពិភាក្សា និងបង្កើនការប្រុងប្រយ័ត្ន ពីផលពិបាកគ្រោះមហន្តរាយនេះ។ លោកពន្យល់ថា កិច្ចព្រមព្រៀងគណៈកម្មាធិការទន្លេមេគង្គ មាត្រា៨ បានចែងពីការទទួលខុសត្រូវប្រទេសជាសមាជិករាល់ផលប៉ះពាល់ធ្ងន់ធ្ងរ បន្ទាប់ពីមានភស្តុតាងបញ្ជាក់ជាក់ស្តែង៖ «យើងក៏មានការបារម្ភដែរ ត្រូវតែពិភាក្សា និងប្រុងប្រយ័ត្នដែលបណ្តាលមកពីបាក់ទំនប់នេះ។ ខ្ញុំគិតថា ឡាវកំពុងខ្វល់ខ្វាយ និងស្តារឡើងវិញការខូចខាត។ ក្របខណ្ឌទន្លេមេគង្គនៃគណៈកម្មាធិការរាល់ផលប៉ះពាល់ធ្ងន់ធ្ងរត្រូវទទួលខុសត្រូវដោយរដ្ឋជាសមាជិក»។
សេចក្តីថ្លែងការណ៍ចំនួនពីរទំព័រចុះផ្សាយកាលពីពេលថ្មីៗ នេះ របស់អង្គការ Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគមន៍ និងប្រជាពលរដ្ឋ បញ្ជាក់ថា អ្នកអភិវឌ្ឍន៍គម្រោង និងអ្នកផ្ដល់ហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវទាំងស្រុងពីផលប៉ះពាល់ដោយការបាក់ទំនប់នេះលើប្រជាជនឡាវ និងប្រជាជនកម្ពុជា។ ក្រៅពីនេះត្រូវបង្កើតប្រព័ន្ធឯករាជ្យមួយ ដើម្បីផ្តល់សិទ្ធិឲ្យអ្នករស់រានមានជីវិតសម្តែងក្តីកង្វល់របស់ខ្លួនឲ្យបានពេញលេញ ពីការខូចខាត ឬទំហំផលប៉ះពាល់ ការទាមទារសំណង និងការរំពឹងទុកជាដើម ហើយក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់ ត្រូវដោះស្រាយការទាមទាររបស់អ្នកភូមិឲ្យបានល្អិតល្អន់ និងត្រូវអនុវត្តផែនការរយៈពេលវែង ដើម្បីស្តារឡើងការខូចខាត។ សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាលតាមដងទន្លេមេគង្គ ត្រូវផ្អាកគម្រោងទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គទាំងអស់ រង់ចាំឲ្យមានការវាយតម្លៃ ដោយឯករាជ្យ និងគ្រប់ជ្រុងជ្រោយ។
ប្រទេសឡាវមានគម្រោងស្ថាបនា និងគំពុងសាងសង់ទំនប់វារីអគ្គិសនីខ្នាតធំចំនួន ៣ទៀត តាមដងទន្លេមេគង្គរួមមាន ទំនប់ដនសាងហុង (Don Sahong) ដែលកំពុងឋិតក្នុងដំណើរការសាងសង់បានប្រហែល ៥០ភាគរយ ទំនប់សាយ៉ាប៊ូរី (Xayaburi) និងទំនប់ប៉ាក់បេង (Pakbeng)។
កាលពីសប្ដាហ៍មុន ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឡាវ នាំឲ្យទឹកទន្លេសេពាន ហក់ឡើងលឿន បណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ ឋិតក្នុងស្រុកសាណាមសៃ ខេត្តអត្តពឺ (Attapeu) ប្រទេសឡាវ បង្កឲ្យពលរដ្ឋឡាវស្លាប់កើនឡើង ៣០ និងជាង ២០នាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយចំនួនអ្នកបាត់ខ្លួន ៣៣១នាក់ ប៉ុន្តែប្រភពខ្លះថា ចំនួនបាត់ខ្លួនមានច្រើនជាងនេះ។ គ្រោះមហន្តរាយនេះបង្កប៉ះពាល់ភូមិឡាវចំនួន១២ និងមនុស្សជាង ៣ពាន់នាក់(៣.០៦០) ស្មើ ៨៥១គ្រួសារបាត់បង់ទីជម្រក។ ឥទ្ធិពលនៃការបាក់ទំនប់នេះ ធ្វើឲ្យពលដ្ឋរស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងជាង ១ពាន់ ២រយគ្រួសារ ស្មើនឹងជាង ៥ពាន់នាក់ ត្រូវជម្លៀសពីលំនៅឋាន ខូចខាតដំណាំកសិកម្មរាប់រយហិកតារ ផ្លូវថ្នល់ និងមានមន្ត្រីយោធាម្នាក់ស្លាប់ក្នុងបេសកម្មជួយសង្គ្រោះពលរដ្ឋជាដើម៕