សង្គមស៊ីវិលត្រៀមបណ្ដឹងបរិហារករណីបណ្ដោយឲ្យដឹកជញ្ជូនឈើឆ្លងដែនទៅវៀតណាមជាង ២០០យីឌុបគ្មានការស៊ើបអង្កេត
2019.08.09
មន្ត្រីសង្គមស៊ីវិលគ្រោងប្ដឹង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅខេត្តរតនគិរី ទៅសាលាដំបូងខេត្តនេះ ទាក់ទិនការបណ្ដោយឲ្យមានការដឹកជញ្ជូនឈើជាង ២៤៦រថយន្តយីឌុប ទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូយ៉ាដាវ កាលពីឆ្នាំ២០១៨។ ពួករកឃើញថា ក្រុមឈ្មួញបានសូកប៉ាន់ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដោយក្នុងមួយរថយន្ត ត្រូវបង់ប្រាក់ចាប់ពី ២២.០០០ដុល្លារ ទៅ ២៣.០០០ដុល្លារជាថ្នូរមិនអនុវត្តច្បាប់។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកជំនួញឈើទ្រង់ទ្រាយធំបែបនេះ ជាបទល្មើសឧក្រិដ្ឋព្រៃឈើ ដែលច្បាប់បានកំណត់អាជ្ញាយុកាល មានរយៈពេល ១៥ឆ្នាំ។ ហេតុនេះតំណាងអយ្យការ និងសាលាដំបូងខេត្តរតនគិរី ត្រូវស៊ើបអង្កេតអ្នកពាក់ព័ន្ធ និងមន្ត្រីរាជការសាធារណៈណាដែលប្រព្រឹត្តអំពើពុករលួយ និងបណ្ដែតបណ្ដោយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកបន្ថែមថា សូម្បីតែសារព័ត៌មាន ស៊្វីហ្វញូវស៍ (Swift News) ដែលចុះផ្សាយតែរឿងគាំទ្ររដ្ឋាភិបាល កម្រចុះផ្សាយរឿងមានប្រយោជន៍ដល់សង្គមជាតិ ក៏បានចុះផ្សាយកាលពីចុង ខែ មេសា ឆ្នាំ ២០១៨ថា ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មានរថយន្តយីឌុបធំៗ ចំនួន ២៤៦គ្រឿង ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តរតនគិរីឆ្ពោះទៅលក់ នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវដែរ។ លោកថា រថយន្តមួយគ្រឿងអាចផ្ទុកឈើ ចាប់ពី ៦០ម៉ែត្រគូប ទៅ ១០០ម៉ែត្រគូប៖ «ការប្រព្រឹត្តល្មើសមិនអាស្រ័យថា បង្ក្រាបនាំគ្នាស្ងប់ស្ងាត់អស់ហើយរួចខ្លួនទេ។ អ៊ីចឹងអ្នកប្រព្រឹត្តល្មើសទាំងប៉ុន្មានពាក់ព័ន្ធព្រៃឈើ ពាក់ព័ន្ធការទទួលសំណូក សូកប៉ាន់ហ្នឹង ត្រូវទទួលខុសត្រូវចំពោះច្បាប់ ព្រោះច្បាប់ចែងអ៊ីចឹង។ ២ម៉ឺន ៣ពាន់ដុល្លារ អាហ្នឹងសំណូកទាល់ឲ្យប៉ុណ្ណឹងបានឆ្លងផុតព្រំដែន»។
ស៊្វីហ្វញូវស៍ ( Swift News ) ផ្សាយថា គ្រាន់តែមួយយប់ មានរថយន្តយីឌុបចំនួន ១៧គ្រឿង ដឹកឈើខុសច្បាប់ ចូលទឹកដីប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិ អូរយ៉ាដាវ។ លើសពីនេះ ជំនួញឈើទាំងនេះ មានបុរសឈ្មោះ ហូវ ជឺវ៉ៃ ជាមេខ្លោងសូកប៉ាន់មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់។
លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា បើទោះជាចុះផ្សាយព័ត៌មានបែបនេះក្តី ក៏ពុំឃើញមានអាជ្ញាធរណាស៊ើបអង្កេត និងប្រតិកម្មព័ត៌មាននេះដែរ។ រីឯអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ធ្លាប់ប្រកាសថា នឹងចាត់វិធានការទប់ស្កាត់ និងស្រាវជ្រាវជាបន្ទាន់ ក៏ប៉ុន្តែមកទល់ពេលនេះ សំណុំរឿងនេះស្ងាត់ជ្រងំ។
លោកសង្ស័យថា ជំនួញឈើខ្នាតធំនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានប្រព្រឹត្ត អំពើពុករលួយជាចង្កោម សម្រួលឲ្យមានការដឹកជញ្ជូនឈើឆ្លងដែន។ ហេតុនេះស្ថាប័នអយ្យការ និងគណៈកម្មការជាតិត្រូវបង្ហាញភាពច្បាស់លាស់ ស៊ើបអង្កេតឡើងវិញសំណុំរឿងនេះដោយតម្លាភាព និងយុត្តិធម៌៖ «លោកនាយឧត្ដមសេនីយ៍ សៅ សុខា លោកប្រកាសថា ព្រៃឈើបាត់ តែគ្មានថវិកាចូលជាតិហ្នឹង ត្រូវតែបំបែកអាហ្នឹងតើថវិកាដែលបានពី ការបំផ្លាញព្រៃឈើតើនរណាខ្លះ ដែលជាប់ពាក់ព័ន្ធ? ទំហំទឹកលុយ ដែលបាត់បង់នៅខេត្តភាគឦសាន មិនមែនធម្មតាទេ។ យើងសង្ឃឹមថា នេះជាកាតព្វកិច្ចមានចែងក្នុងប្រវត្តិសាស្ត្រសម្រាប់ រដ្ឋាភិបាល និងគណៈកម្មការជាតិ ក៏ដូចជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែរ»។
អ្នកនាំគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកបានផ្ដាច់ទូរស័ព្ទ នៅគ្រាអាស៊ីសេរី ទូរស័ព្ទចូល នៅថ្ងៃទី១ សីហា។
ចំណែកអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាន និងឯកសារណាមួយ ដែលបង្ហាញថា មានសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខ្នាតធំបែបនេះទេ។ លោកថា ជាទូទៅរដ្ឋបាលខេត្តតែងចាត់វិធានរុញឲ្យស្ថាប័នជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើ នៅពេលដែលទទួលព័ត៌មានណាមួយ ទាក់ទិនការដឹកជញ្ជូនឈើក្នុងដែនរដ្ឋបាលរបស់ខ្លួន។ ចំពោះសំនួរដែលសួរថា តើរដ្ឋបាលខេត្តយល់យ៉ាងណា នៅគ្រាដែលមន្ត្រីសង្គមស៊ីវិលត្រៀមប្តឹងបរិហារ អាជ្ញាធរពាក់ព័ន្ធខេត្តនេះ ដែលបណ្ដោយឲ្យកើតមានបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន? អ្នកនាំពាក្យរូបនេះឆ្លើយថា រដ្ឋបាលខេត្តមិនទាន់ទទួលព័ត៌មាននេះទេ ហើយលោកនឹងស្រាវជ្រាវរកព័ត៌មានឡើងវិញ៖ «ធម្មតាកាលណាមានព័ត៌មាននេះ រដ្ឋបាលខេត្តមានតួនាទីឆ្លើយតប ស្រាវជ្រាវរកព័ត៌មាននេះហើយ ទី១ ឆ្លើយតបម្ចាស់លិខិត និងទី ២ ឆ្លើយតបទៅនឹងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងក្រសួងស្ថាប័នពាក់ព័ន្ធ។ ឆ្នាំ ២០១៦ ០១៧ ២០១៨ និង ២០១៩ ដូចពុំមានព្រឹត្តិការណ៍អីធំដុំទេ។ តាមខ្ញុំដឹង»។
ជនជាតិដើមភាគតិចរស់នៅឃុំសេដារ ស្រុកលំផាត់ ខេត្តរតនគិរី លោក ឆន ផល្លា អះអាងថា កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៨ អ្នកភូមិប្រទះឃើញសកម្មភាពដឹកឈើតាមរថយន្តយីឌុប ចេញពីដែនជម្រកសត្វព្រៃលំផាត់ទៅប្រទេសវៀតណាម។ លោកថា មានកម្មករជាច្រើននាក់បានប្រមូលឈើដាក់រថយន្ត នៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលឃុំសេដារ ហើយឈើទាំងនោះ គេដឹកចេញពីព្រៃការពារធម្មជាតិ។ រីឯសមត្ថកិច្ចជំនាញមិនបង្ក្រាបទេ បើទោះជាអ្នកភូមិផ្ដល់ព័ត៌មានជាច្រើនសាក្តី៖ «ក្រោយប៉ូលិសប៉ុស្តិ៍ឃុំសេដា ភូមិសមុទ្រក្រោមហ្នឹង គឺ ២០១៨ហ្នឹង យីឌុបស្ទូចខ្ញុំថតបាន ទាំងយីឌុបដឹកទាំងខ្សែ។ ទាំងខ្សែមានន័យថា យីឌុបបន្តកន្ទុយគ្នា ហើយស្ទូចក្រោយប៉ុស្តិ៍ប៉ូលិសចេញទៅ អែបរបងប៉ុស្តិ៍ហ្នឹង ដឹកទៅតាមព្រំដែនវៀតណាម តាមផ្លូវអូរយ៉ាដាវ»។
ទោះយ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា លោកនឹងដាក់ពាក្យប្តឹងជាផ្លូវការនៅសប្ដាហ៍ក្រោយ បំណងរុញឲ្យគណៈកម្មការជាតិ និងតុលាការអនុវត្តច្បាប់ព្រៃឈើឲ្យគ្រប់ជ្រុងជ្រោយ និងវែកមុខមន្ត្រីខិលខូចទាំងអស់ រួមទាំងឈ្មួញឈើ មកផ្ដន្ទាទោសតាមច្បាប់។ ទោះយ៉ាងណា លោកបដិសេធមិនបញ្ជាក់លម្អិតពីឈ្មោះសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ណាខ្លះនោះទេ ដែលត្រូវរងបណ្ដឹងទៅតុលាការខេត្តរតនគិរី។
ក្រុមជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិល អំពាវនាវឲ្យគណៈកម្មការជាតិ ត្រូវបង្ហាញភាពស្មោះត្រង់ ស្រាវជ្រាវពិនិត្យរឿងនេះ និងជំរុញឲ្យមានការទទួលខុសត្រូវ រាល់ការខូចខាតផ្លូវជាតិ និងផ្លូវលំ ដោយសារសកម្មភាពដឹកឈើខុសច្បាប់លើសទម្ងន់។ ពួកគេឃើញថា ឈើដែលដឹកជញ្ជូនទៅវៀតណាម មានប្រភពពីតំបន់ឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកវ៉ឺនសៃ ស្រុកអណ្ដូងមាស និងស្រុកតាវែង និងមួយចំនួន ប្រមូលពីព្រៃសហគមន៍ក្នុងស្រុកអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់។
ក្រមព្រហ្មទណ្ឌមាត្រា មាត្រា ៥២៨ ចែងថា អ្នករាជការសាធារណៈ មិនប្ដឹងបរិហារបទឧក្រិដ្ឋ និងបទមជ្ឈិម នឹងត្រូវមានទោសជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំនិង ពិន័យជាប្រាក់ ពី២លានរៀល ទៅ៦លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។