សង្គម​ស៊ីវិល​បង្ហាញ​កង្វល់​ចំពោះ​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ​លើ

ដោយ ម៉ម មុនីរតន៍
2017.02.04
ជជែក​ពី​ទំនប់​វារីអគ្គិសនី ២០១៧ ៨៥៥ វេទិកា​ជជែក​ពិភាក្សា​សាធារណៈ ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ RFA/San Sel
RFA/San Sel

ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បើក​ផ្លូវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង រៀបចំ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​លើ​តួ​មេ​ដង​ទន្លេ​មេគង្គ កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​កិច្ចការ​លើ​វិស័យ​បរិស្ថាន បង្ហាញ​កង្វល់​ចំពោះ​គម្រោង​ថ្មី​ទៀត​នេះ​ថា នឹង​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្រោម​ខ្សែ​ទឹក ត្រូវ​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។

គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់​លោក គិត ម៉េង សាងសង់​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​បរិស្ថាន មើល​ឃើញ​ថា ក្រោយ​ពី​ទំនប់​នេះ​ស្ថាបនា​រួច នឹង​ធ្វើ​ឲ្យ​មច្ឆាជាតិ ទឹក និង​ជីវចម្រុះ​ត្រូវ​បាត់បង់ និង​ខូចខាត ជាពិសេស​នឹង​ធ្វើ​ឲ្យ​របប​ទឹក​ភ្លៀង​លែង​ទៀង​ទាត់​ថែម​ទៀត​ផង។

ប្រធាន​កម្មវិធី​បរិស្ថាន​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum លោក ហុក ម៉េងហ៊ន បង្ហាញ​ក្ដី​កង្វល់​ថា គម្រោង​ទំនប់​វារីអគ្គិសនី​នេះ ជា​ការ​បង្ក​ការ​លំបាក​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្រោម​ខ្សែ​ទឹក​ក្រោយ​សាងសង់​រួច។

លោក​បន្ត​ថា ផល​ប៉ះពាល់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់បង់​ត្រី និង​ជីវចម្រុះ​នៅ​ក្នុង​អាង​នៃ​ទន្លេ​មេគង្គ​ប៉ុណ្ណោះ​ទេ បញ្ហា​នេះ​នឹង​បង្ក​នាំ​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​ថែម​ទៀត​ផង៖ «វា​មាន​បង្ក​បញ្ហា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ធនធាន​ជលផល ជីវចម្រុះ ហើយ​និង​លំហូរ​ទឹក ជាពិសេស​ប្រទេស​កម្ពុជា ​យើង​ពឹងផ្អែក​ស្ទើរ​តែ​ទាំងស្រុង​ដែល​យើង​ដឹង​ថា ប្រជាជន​រាប់​សិប​លាន​នាក់​ហ្នឹង​គឺ​ពឹង​ផ្អែក​ទៅ​លើ​បឹង​ទន្លេសាប ហើយ​និង​ធនធាន​ទឹក​អាស្រ័យ​ការងារ​កសិកម្ម»

មន្ត្រី​សាលា​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​អនុញ្ញាត​ជា​ផ្លូវ​ការ​រួច​ហើយ​ដែល​បើក​ផ្លូវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ក្នុង​នោះ​មាន​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ផង ត្រូវ​សិក្សា​ពី​ហេតុ​ប៉ះ​ពាល់​នៃ​បរិស្ថាន​ជា​មុន មុន​នឹង​ចាប់​សាងសង់។ តាម​គម្រោង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់​លោក គិត ម៉េង នេះ នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​តួ​ដង​ទន្លេ​មេគង្គ ក្រោយ​បញ្ចប់​ការ​សិក្សា​រួចរាល់។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​ដល់​ប្រទេស​ឡាវ ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​មាន​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​ផ្នែក​អភិរក្ស​បរិស្ថាន យល់​ឃើញ​ថា ជំហរ​របស់​លោក ហ៊ុន សែន ដែល​គាំទ្រ​ឡាវ ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នេះ​ហើយ អាច​ជា​មូលហេតុ​ដែល​ជួយ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​  រ៉ូយ៉ាល់ ហ្គ្រុប របស់​លោក គិត ម៉េង ចាប់​ផ្ដើម​គម្រោង​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​តួ​ទន្លេ​មេគង្គ​នេះ​ដែរ។

បើ​ទោះ​ជា​បែប​ណា មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បដិសេធ​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​គម្រោង​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​លោក​បាន​ដឹង​ត្រឹម​តែ​គម្រោង​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បើក​ភ្លើង​ខៀវ​រួច​រាល់​ហើយ​ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​ទាន់​ដឹង​ច្បាប់​ទាក់ទង​ការងារ​លិខិត​ហ្នឹង​ទេ គ្រាន់​តែ​ដឹង​ថា មាន ស.ជ.ណ រួច​ហើយ»

លោក ហុក ម៉េងហ៊ន ដែល​ជា​ប្រធាន​កម្មវិធី​បរិស្ថាន​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា យល់​ឃើញ​ថា បើ​ទោះ​ជា​មាន​ការ​សិក្សា​ពី​របាយការណ៍​ហេតុ​ប៉ះពាល់​បរិស្ថាន អាច​ជា​សញ្ញា​វិជ្ជមាន​ក្ដី ក៏​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​នេះ ចៀស​មិន​ផុត​ពី​បញ្ហា​ប្រឈម​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ផ្នែក​ខាង​ក្រោម​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។