មន្ត្រីសង្គមស៊ីវិលរិះគន់លោក ហ៊ុន សែន រឿងកាត់ដីទន្លេបាទីជាង ២២២ហិកតារឱ្យបុគ្គលឯកជន
2022.06.24
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងគ្រប់គ្រងធនធានសម្បត្តិធម្មជាតិនៅកម្ពុជាផ្ដាច់មុខ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនឯង និងក្រុមបក្សពួក។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជននេះ បន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីនៅតំបន់ប្រវត្តិសាស្ត្រទន្លេបាទី ក្នុងខេត្តតាកែវ ចំនួនជាង ២២២ហិកតារ ប្រគល់ឱ្យបុគ្គលឯក ដើម្បីអភិវឌ្ឍ។
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន ព្រួយបារម្ភអំពីការកាត់ផ្ទៃបឹងទន្លេបាទីក្នុងខេត្តតាកែវទៅឱ្យក្រុមហ៊ុនឯកជននេះ នឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ធម្មជាតិវប្បធម៌ និងធ្វើឱ្យពលរដ្ឋបាត់បង់ចំណូលដែលទាញចេញពីវិស័យទេសចរណ៍។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ហេង គឹមហុង ភ្ញាក់ផ្អើលដែលរដ្ឋាភិបាលបានកាត់ដីបឹងទន្លេបាទីជាង ២២២ហិកតារបន្ថែមទៀតឱ្យទៅក្រុមហ៊ុនឯកជន។ លោកសង្កេតឃើញថា ធនធានធម្មជាតិ បឹង ទន្លេ ឆ្នេរសមុទ្រ ដែលរដ្ឋាភិបាលធ្វើអនុបយោគឱ្យក្រុមហ៊ុនឯកជន និងក្រុមបុគ្គលមានអំណាចកន្លងមកនេះ គឺគ្មានតម្លាភាព ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន។
លោកអំពាវនាវដល់រដ្ឋាភិបាលគួរតែបញ្ឈប់ការចេញអនុក្រឹត្យស្ដីពីការផ្តល់ធនធានធម្មជាតិសម្បត្តិរដ្ឋ ទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រាន់ ដើម្បីអភិរក្សធនធានធម្មជាតិដែលបន្សល់ទុកចុងក្រោយសម្រាប់មនុស្សជំនាន់ក្រោយ៖ «បើសិនជារដ្ឋធ្វើយោធូបនីយកម្ម គួរតែពិចារណាមុនគេក្នុងការផ្តល់សម្បទានសង្គមកិច្ច ទៅដល់ពលរដ្ឋក្រីក្រ ឬ ក៏អ្នកកំពុងប្រកបរបបសុំទាន នៅតំបន់ទន្លេបាទីនេះ ឬក៏មួយផ្នែកក៏បានដែរ។ ការអភិវឌ្ឍន៍បច្ចុប្បន្ននេះ ហាក់បីដូចជាមិនគិតគូរអំពីអត្តសញ្ញាណ និងអរិយធម៌ទេ សូម្បីតែតំបន់ ដែលបង្ហាញអំពីសក្ដានុពល នៃវប្បធម៌ខ្មែរ ផ្សារភ្ជាប់ជាមួយទឹកហ្នឹង ចង់លុប ជាដើម។ នេះ សម្រាប់ខ្ញុំក្នុងនាមខ្ញុំជាកូនចៅ ជំនាន់ក្រោយ របស់ បុព្វបុរសយើង ក៏មានអារម្មណ៍ថា មិនសប្បាយចិត្តចំពោះរឿងនេះ»។
ដូចគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត ព្រួយបារម្ភថា ការកាត់ឆ្វៀលដីនៅតំបន់ទន្លេបាទី ទៅឱ្យអ្នកវិនិយោគនឹងធ្វើឱ្យប៉ះពាល់តំបន់បឹងអភិរក្ស ប្រសិនបើស្ថាប័នពាក់ព័ន្ធខ្វះតម្លាភាព និងមិនអនុញ្ញាតឱ្យពលរដ្ឋចូលរួមធ្វើសេចក្ដីសម្រេចជាអាទិភាពពីគម្រោងអភិវឌ្ឍ៖ «ជាពិសេស នៅទន្លេបាទី ក៏យើងមានប្រសាទបុរាណផងដែរ សម្រាប់អភិរក្សឱ្យបានល្អ សម្រាប់កូនចៅជំនាន់ក្រោយ។ អ៊ីចឹងចំណុចនេះ ប្រសិនជាមិនមានការសិក្សា ឱ្យបានច្បាស់លាស់ អំពីផលប៉ះពាល់បរិស្ថានធម្មជាតិ ឬក៏អត់មានតម្លាភាពទេ យើងមានការព្រួយបារម្ភ វាអាចប៉ះពាល់ដល់ការអភិរក្ស បឹងធម្មជាតិ ក៏ដូចជា ប្រសាទបុរាណដែរនៅជាប់បឹងហ្នឹង»។
ប្រតិកម្មរបស់ក្រុមយុវជន និងសង្គមស៊ីវិលនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ផ្ទៃបឹងទន្លេបាទី ក្នុងខេត្តតាកែវ ប្រមាណជាង ២២២ហិកតារ បន្ថែមទៀតផ្ដល់ឱ្យអ្នកវិនិយោគ ដើម្បីផ្តល់សិទ្ធគ្រប់គ្រង និងអភិវឌ្ឍនៅតំបន់នោះ។
អនុក្រឹត្យចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ដីពីការកំណត់និយាមកាផ្ទៃបឹងទន្លេបាទី ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងការធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបង្ហាញថា តំបន់ទន្លេបាទី ត្រូវបានបែងចែកជា ២ផ្នែកសំខាន់ៗ ដោយក្នុងនោះមួយផ្នែករក្សាទុកជាសម្បត្តិរដ្ឋ និងមួយផ្នែកទៀតរដ្ឋប្រគល់ឱ្យឯកជនសម្រាប់អភិវឌ្ឍន៍។
ផ្ទៃបឹងទន្លេបាទីដែលរដ្ឋាភិបាលបានរក្សាទុកនោះមានទំហំ ៩៧ហិកតារ ដោយស្ថិតនៅទីតាំងចំនួនពីរ ដោយក្នុងនោះផ្ទៃបឹងប្រមាណជាង ៥៧ហិកតារ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ និងផ្ទៃបឹងជាង ៣៩ហិកតារទៀត ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ដោយឡែក ផ្ទៃបឹងធម្មជាតិនៃទីតាំងភូមិសាស្ត្រទន្លេបាទីប្រមាណជាង ២២២ហិកតារ លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលទៅឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ គ្រប់គ្រងជាកម្មសិទ្ធិឯកជនសម្រាប់ធ្វើការអភិវឌ្ឍ។ ទោះជាយ៉ាងក្ដី គម្រោងអភិវឌ្ឍនៅលើផ្ទៃបឹងទន្លេបាទីប្រមាណជាង ២២២ហិកតាររបស់បុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ នេះ រដ្ឋាភិបាល និងក្រសួងបរិស្ថាន មិនទាន់បញ្ចេញរបាយការណ៍វាយតម្លៃប៉ះពាល់ផលបរិស្ថាន និងផលអវិជ្ជមាន ចំពោះប្រជាពលរដ្ឋមូលដ្ឋាននៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា និងបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ មិថុនា។
ចំណែកឯ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងក្នុងទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនថា សូម្បីតែទន្លេបាទី ដែលជាតំបន់ប្រវត្តិសាស្ត្រ ក៏ត្រូវបានគេស្នើលុប ដើម្បីផលប្រយោជន៍ឯកជន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខកចិត្តចំពោះអនុក្រឹត្យលោក ហ៊ុន សែន ដោយគណបក្សនេះស្នើឱ្យរដ្ឋាភិបាលអភិរក្ស និងអភិវឌ្ឍទន្លេបាទី ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ដែលជួយដល់ការរកប្រាក់ចំណូលសហគមន៍មូលដ្ឋាន និងការលំហែសុខុមាលភាពប្រជាពលរដ្ឋទីក្រុង។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គិមអេង សោកស្តាយចំពោះរដ្ឋាភិបាល ដែលចេញអនុក្រឹត្យផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រងនៅតំបន់ទន្លេបាទីដែលជាតំបន់អភិរក្ស។ លោកលើកឡើងថា នៅកម្ពុជាមានតំបន់ជាច្រើនសម្រាប់អភិវឌ្ឍ។ ដូចនេះ លោកថា រដ្ឋាភិបាលមិនគួរផ្តល់សិទ្ធដល់អ្នកវិនិយោគលើតំបន់អភិរក្សបឹងទន្លេបាទី ដែលប្រឈមដាក់ដីលុប ធ្វើឱ្យបាត់បង់អត្តសញ្ញាវប្បធម៌ឡើយ៖ «ខ្ញុំមានការព្រួយបារម្ភ ទន្លេបាទី ដែលជាកន្លែងដែលផ្តល់ពិភពទឹកមួយសំខាន់ ដែលវាអាចនឹងបាត់បង់ នៅថ្ងៃក្រោយ ហើយវាអាចនឹងប៉ះពាល់ដល់ប្រសាទបុរាណនៅទីនោះផងដែរ វាជារឿងសំខាន់។ បឹងផ្សេងៗ ការលុបហ្នឹង វាគួរឱ្យសោកស្ដាយ ហើយផលប៉ះពាល់អវិជ្ជមាន រួចហើយសម្រាប់ប្រជាពលរដ្ឋ។ សម្រាប់ទន្លេបាទី ខ្ញុំថា មិនគួរមានករណី កាត់ឆ្វៀលហ្នឹងកើតឡើងទេ»។
រមណីយដ្ឋានផ្ទៃបឹងទន្លេបាទីស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ គឺរមណីយដ្ឋានមួយដែលប្រជាពលរដ្ឋចាត់ទុកថា ជាតំបន់ពោរពេញសក្ដានុពល និងទីសក្ការៈគោរពបូជា ព្រមទាំងមានប្រាង្គប្រាសាទចំនួនពីរស្ថិតនៅទិសខាងលិចនៃផ្ទៃទន្លេ។ ក្រៅពីនេះ ផ្ទៃបឹងទន្លេបាទីលាតសន្ធឹងចាប់ពីស្រុកបាទី ដល់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលមានទទឹងជាង ១ពាន់ម៉ែត្រ និងបណ្ដោយជាង ៧ពាន់ម៉ែត្រ ដែលជាអាងស្តុកទឹកក្នុងការទ្រទ្រង់ប្រាង្គប្រាសាទប្រវត្តិសាស្ត្រ។ លើសពីនេះ តំបន់ទន្លេបាទីក៏ជាតំបន់ដែលសម្បូរធនធានជីវចម្រុះ និងពពួកមច្ឆា ដែលប្រជាពលរដ្ឋរាប់រយគ្រួសារអាស្រ័យផលពីការនេសាទសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ មន្រ្តីសង្គមស៊ីវិលព្រួយបារម្ភថា ភូមិសាស្ត្រតំបន់អភិរក្សវប្បធម៌នេះ អាចនឹងប្រឈមរងផលប៉ះពាល់ និងបាត់បង់ផ្ទៃបឹងមួយចំនួនក្រោមរូបភាពអភិវឌ្ឍនៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។