សហគមន៍​​​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​២

ដោយ ទីន ហ្សាការីយ៉ា
2014-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​តំណាង​សហគមន៍​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​២ ធ្វើ​សន្និសីទ​កាសែត​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១ កក្កដា ២០១៤។
តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​តំណាង​សហគមន៍​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​២ ធ្វើ​សន្និសីទ​កាសែត​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១ កក្កដា ២០១៤។
RFA/Tin Zakariya

គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​គម្រោង​ខ្នាត​ធំ​ទី​១ ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ និង​ភូមិ​ជា​ច្រើន​នៅ​ក្នុង​ខែត្រ​ស្ទឹងត្រែង។

ចាប់​ពី​ការ​ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់​កាល​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​បញ្ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​មិន​ទាន់​បាន​កំណត់​ការ​ផ្ដល់​សំណង​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំនួន​សំណង​ពី​ផល​ប៉ះពាល់​ដោយសារ​​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​២ មក​ទល់​ពេល​នេះ​គ្មាន​ព័ត៌មាន​កំណត់​ច្បាស់លាស់​ប្រាប់​អ្នក​ស្រុក​ផ្ទាល់។

ប្រជាពលរដ្ឋ​មក​ជា​ច្រើន​ភូមិ ក្នុង​ខែត្រ​ស្ទឹងត្រែង ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១ កក្កដា ដែល​រៀបចំ​ឡើង​ដោយ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​ថា NGO Forum សំដែង​អំពី​ក្ដី​កង្វល់​ចំពោះ​ការ​អភិវឌ្ឍ​គម្រោង​នេះ។

តំណាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ស្រែពក លោក ស្រី លិបិ អះអាង​ថា ពួកគាត់​មិន​រើ​ចេញ​ពី​ភូមិ​ចាស់​របស់​គាត់​ទេ បើសិនជា​ការ​អភិវឌ្ឍ​គម្រោង​នេះ​រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​ផ្ដល់​សំណង​ច្បាស់លាស់​ជូន​ពួក​គាត់។

«សំឡេង»

​ការ​សម្ដែង​ពី​ក្ដី​កង្វល់​អំពី​ផល​ប៉ះពាល់​នេះ នៅ​បន្ទាប់​ពី​សភា​បាន​កោះ​ហៅ​រដ្ឋមន្ត្រី​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម សួរ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា កន្លង​ទៅ ជុំវិញ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នេះ។ ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ហូរ​កាត់​តំបន់​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​ដៃ​សំខាន់​របស់​ទន្លេ​មេគង្គ។ ទន្លេ​ទាំង​ពីរ​មាន​ប្រភព​ដើម​នៅ​លើ​ខ្ពង់​រាប​ភាគ​កណ្ដាល​ប្រទេស​វៀតណាម។ របាយការណ៍​ស្រាវជ្រាវ​របស់​វេទិកា​មិន​មែន​រដ្ឋាភិបាល រក​ឃើញ​ថា គម្រោង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៤ ផ្ទៃដី​កសិកម្ម​ជាង ៥​ពាន់​ហិកតារ និង​ប៉ះពាល់​ដល់​មនុស្ស​រាប់​សែន​នាក់។

នៅ​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​របស់​តំណាងរាស្ត្រ​ក្នុង​សភា​កាលពី​ថ្ងៃ​ទី​១៩ មិថុនា នោះ លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​នូវ​គម្រោង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​មួយ​ចំនួន​តែ​លោក​អះអាង​ថា ក៏​មាន​ការ​សិក្សា​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​អំពី​គម្រោង​នេះ​រួច​ហើយ​ដែរ។

ចំពោះ​ការ​ផ្ដល់​សំណង​វិញ លោក ស៊ុយ សែម មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់​រួច​ហើយ ក្នុង​នោះ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ភូមិ​ទំហំ ១​ពាន់​ម៉ែត្រ​ការ៉េ និង​ដី​បង្កបង្កើនផល​ចំនួន ៥​ហិកតារ។

«សំឡេង»

ក្រុម​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​លើក​ឡើង​ថា ការ​អះអាង​របស់​លោក ស៊ុយ សែម នេះ គ្មាន​ការ​ពិត​ទេ ព្រោះ​មក​ទល់​ពេល​នេះ ពួកគាត់​មិន​ទាន់​ដឹង​អំពី​ទីតាំង​សំណង​ថា​នៅ​កន្លែង​ណា​ពិត​ប្រាកដ​នោះ​ទេ។ ពួកគាត់​កន្លង​មក​គ្រាន់តែ​ដឹង​តៗ​គ្នា​ថា ១​គ្រួសារ នឹង​បាន​ផ្ទះ​១​ខ្នង ដី​ផ្ទះ​ទំហំ ៥០​ម៉ែត្រ និង ១០០​ម៉ែត្រ។ ដីស្រែ ៥​ហិកតារ ដី​ស្រែ ១​ហិកតារ តែ​ជាក់ស្ដែង​មិន​បាន​នោះ​ទេ។

«សំឡេង»

​នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​គម្រោង​អភិវឌ្ឍន៍​នេះ​ទាំង​មូល​ជូន​ប្រជាពលរដ្ឋ បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​មុន​សិន មុន​នឹង​ចាប់​ផ្ដើម​គម្រោង​ជំរុញ​ឲ្យ​មាន​ការ​បង្ហាញ​ផែនការ​ជ្រើសតាំង​ទីលំនៅ​ថ្មី​ឲ្យ​បាន​ច្បាស់លាស់ និង​គោលការណ៍​សំណង​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាដើម។

​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ មាន​ថាមពល ៤០០​មេហ្គាវ៉ាត់ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ខែត្រ​នៅ​ជុំវិញ និង​លក់​ឲ្យ​ប្រទេស​វៀតណាម។ ការ​សាងសង់​នេះ​មាន​រយៈពេល ៥​ឆ្នាំ និង​រយៈពេល​វិនិយោគ ៣០​ឆ្នាំ ជា​ប្រភេទ​គម្រោង​សាងសង់​ប្រតិបត្តិការ​ផ្ទេរ (BOT)។ ទំនប់​នេះ​មាន​ប្រវែង ៨​គីឡូម៉ែត្រ កម្ពស់ ៧៥​ម៉ែត្រ និង​មាន​ទទឹង​ខ្នង​លើ ៨​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល