ពលរដ្ឋ​ជាង​២៥០​គ្រួសារ​នៅ​តំបន់​អាង​កំពីងពួយ​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ

ក្រុម​អាជ្ញាធរ​ចម្រុះ​ខេត្ត​បាត់ដំបង បាន​ចុះ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី​ជាង ២៥០​គ្រួសារ​ ជា​បន្ទាន់​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្រោយ​ពី​ទឹក​ជំនន់​នៅ​ក្នុង​អាង​កំពីងពួយ ហូរ​ យ៉ាង​គំហុក​កាត់​លើ​ខ្នង​ទំនប់​មិន​អាច​ទប់​ស្កាត់​បាន។
ដោយ សួន សុផលមុន្នី
2013-10-08
Share

មេ​ឃុំ​តាគ្រាម លោក អ៊ឹម ប៊ុនយូ ថ្លែង​ថា ទឹក​នៅ​ក្នុង​អាង​កំពីងពួយ បាន​ហូរ​កាត់​ខ្នង​ទំនប់​តាំង​ពី​វេលា​ម៉ោង ៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែ​តុលា​ ឆ្នាំ​២០១៣។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ប្រកាស​​អាសន្ន​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ជា​បន្ទាន់។ លំនៅឋាន​ចំនួន ៥៤​ខ្នង​ដែល​មាន​តូប​លក់​ដូរ​ជាមួយ​ផង​នោះ​ ប្រឈម​ទៅ​នឹង​ការ​ដួល​រលំ​ទាំង​ស្រុង។

-កង​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ឈរ​នៅ​លើ​ថ្នល់​ដើម្បី​ជួយ​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន​ក្រោយ​ពី​ទឹក​ក្នុង​អាង​កំពីងពួយ​ឡើង​ខ្ពស់​ហូរ​កាត់​ទំនប់។

-រថយន្ត​សមត្ថកិច្ច​ដឹក​ជញ្ជូន​អ្នក​ភូមិ ក្រោយ​ពី​លំនៅឋាន​របស់​ពួកគាត់​ដែល​នៅ​ជាប់​នឹង​ខ្នង​ទំនប់​អាង​កំពីងពួយ ត្រូវ​ទឹក​ហូរ​កាត់។

-លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​សង់​នៅ​ជាប់​នឹង​ទំនប់​អាង​កំពីងពួយ ត្រូវ​ទឹក​ហូរ​កាត់​យ៉ាង​គំហុក។

-កង​រាជ​អាវុធហត្ថ​និង​ប៉ូលិស រួម​ទាំង​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​ជួយ​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​ទឹក​ជំនន់​នៅ​អាង​កំពីងពួយ។

-លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​សង់​នៅ​ជាប់​នឹង​ទំនប់​អាង​កំពីងពួយ ត្រូវ​ទឹក​ហូរ​កាត់​យ៉ាង​គំហុក។

-ព្រះ​សង្ឃ​និង​អ្នក​ភូមិ​នាំ​គ្នា​និមន្ត​ដើរ​កាត់​ទឹក​ដែល​ហូរ​ចេញ​មក​ពី​អាង​កំពីងពួយ ក្រោយ​ពី​ក្រុម​ជួយ​សង្គ្រោះ ដឹក​ចេញ​មក​ពី​លំនៅឋាន​តាម​កាណូត។

-កង​កម្លាំង​ប៉ូលិស​កំពុង​នាំ​គ្នា​ធ្វើ​ចរាចរណ៍​នៅ​លើ​ថ្នល់​ដែល​មាន​ទឹក​ហូរ កុំ​ឲ្យ​​កកស្ទះ ដើម្បី​ងាយ​ស្រួល​​ដឹក​ជញ្ជូន​អ្នក​ភូមិ​ចេញ​ពី​ទឹក​ជំនន់។

-ទិដ្ឋភាព​ទឹក​ហូរ​ចេញ​ពី​អាង​កំពីងពួយ ចាក់​ចូល​លំនៅឋាន​អ្នក​ភូមិ​ជា​ច្រើន​ខ្នង​ដែល​ស្ថិត​ផ្នែក​ម្ខាង​នៃ​ខ្នង​ទំនប់។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨

 

លោក អ៊ឹម ប៊ុនយូ បន្ត​ថា ​ក្នុង​ហេតុការណ៍​នោះ​មាន​បុរស​ម្នាក់​រអិល​ជើង​ដួល ហើយ​ត្រូវ​ទឹក​ហូរ​កួច​បោក​នឹង​សសរ​ផ្ទះ ក្រោយ​មក​ទើប​ជួយ​សង្គ្រោះ​បាន​មក​វិញ៖ «អ្វី​ដែល​ជា​បញ្ហា​គឺ​ប្រជាពលរដ្ឋ​គាត់​ទៅ​រស់​នៅ​កន្លែង​ប្រមូល​ផ្ដុំ។ ទាក់ទង​អនាម័យ ខាត​ពេល​រក​ស៊ី​ ហើយ​បញ្ហា​សំខាន់​ដែល​ខ្ញុំ​ព្រួយ​មួយ​ទៀត គឺ​ទំនប់ បើ​សិន​ទឹក​នៅ​តែ​ឡើង​ល្ងាច​នេះ យប់​នេះ​ទៀត​អាច​បាក់ បើ​បាក់​ទៅ​ជា​បន្ទុក​ធ្ងន់​មួយ​ទៅ​ខាង​អន្លង់រុន ទៅ​បាត់ដំបង»

នៅ​កន្លែង​កើត​ហេតុ​​កង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រយ​នាក់​ បណ្ដាក់​គ្នា​នៅ​ក្នុង​ទឹក ប្រើ​កាណូត ​អូប័រ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ចេញ​ពី​ផ្ទះ បន្ទាប់​មក​យក​រថយន្ត​​ធំ​ពីរ​គ្រឿង​ដឹក​ទៅ​ទី​ទួល​សុវត្ថិភាព​មួយ​កន្លែង​ ឋិត​នៅ​ភូមិ​អូរពងមាន់ ​ឃុំ​តាគ្រាម​ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ចំណែក​សន្ទុះ​ទឹក​ដែល​កំពុង​ហូរ​ មាន​កម្លាំង​​កាន់​តែ​ខ្លាំង​ឡើងៗ​ កាត់​លើ​ខ្នង​ទំនប់ កាត់​លើ​ថ្នល់ ហូរ​បុក​ផ្ទះ​​អ្នក​ភូមិ បណ្ដាល​ឲ្យ​​បាក់​ស្រុត​ដី​យ៉ាង​ច្រើន​កន្លែង​ អាច​ឈាន​ទៅ​ដល់​គ្រោះ​មហន្តរាយ​​បាក់​ទំនប់​អាង​កំពីងពួយ​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល