ស្រូវ​ជាង​៣​ពាន់​ហិកតារ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រឈម​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់

ដោយ ប្រាជ្ញ ចេវ
2016-10-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វាល​ស្រែ​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​ប្រឈម​នឹង​ការ​ខូច​ខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
វាល​ស្រែ​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​ប្រឈម​នឹង​ការ​ខូច​ខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លៀង​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ រហូត​បណ្ដាល​ឲ្យ​បាក់​ទំនប់​មិន​បណ្ដាល​ឲ្យ​បាត់បង់​អាយុ​ជីវិត​ពលរដ្ឋ​ទេ។ ទន្ទឹម​គ្នា​នោះ​ដែរ ស្រូវ​ស្រែ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ ជាង ៣.០០០​ហិកតារ​ប្រឈម​ការ​ខូចខាត។

នាយខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ  វី ឲ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​១៩ ខែ​តុលា ថា ខេត្ត​កំពង់ស្ពឺ ទឹក​ជំនន់​ប៉ះពាល់​ចំនួន ៣​ស្រុក គឺ​ស្រុក​គងពិសី ស្រុក​សំរោងទង និង​ស្រុក​ភ្នំស្រួច ដែល​បណ្ដាល​ឲ្យ​លិច​ស្រូវ​ជាង ៤.៧០០​ហិកតារ ហើយ​ស្រូវ​ប្រឈម​នឹង​ការ​ខូចខាត​ចំនួន  ៣.០១៦​ហិកតារ លិច​ផ្ទះ​ពលរដ្ឋ ១.៨០០​ខ្នង​ផ្ទះ។

លោក​បន្ត​ទៀត​ថា ការ​បាក់​ទំនប់​ស្ទឹង​ព្រែកត្នោត ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ចំនួន ៩​សង្កាត់ នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ពលរដ្ឋ​ប៉ះ​ពលរដ្ឋ​ជិត ៥៧០​គ្រួសារ។ លោក​ថា អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ចំនួន ២៣០​គ្រួសារ ឲ្យ​ទៅ​រស់​នៅ​​ទី​ទួល​សុវត្ថិភាព។

មន្ត្រី​ជំនាញ​ដដែល​ឲ្យ​ដឹង​ដែរ​ថា អ្នក​ពាក់ព័ន្ធ​បាន​ទប់ស្កាត់​មិន​ឲ្យ​ប្រព័ន្ធ​ទឹក​បែក​ធ្លាយ​បន្ត​ទៀត។ លោក កែវ វី ប្រាប់​ទៀត​ថា ពេល​នេះ​កម្ពស់​ទឹក​បាន​ធ្លាក់​ចុះ​ជាង​មួយ​ម៉ែត្រ៖ «យើង​បង្វែរ ឬ​បំបែក​មុខ​ទឹក​ឲ្យ​ហូរ​ទៅ​ចុះ​ស្ទឹង​ព្រែក​ហូរ​ដើម្បី​ធ្លាក់​ចូល​ទៅ​ទន្លេ​មេគង្គ​អី​ទៅ នេះ​ជា​ការងារ និង​ក្រុម​ជំនាញ​យើង​សហការ​គ្នា​ធ្វើ»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦ កម្ពុជា រង​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​បន្ត​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់។ ខេត្ត​ដែល​ប្រឈម​នឹង​ការ​លិចលង់​រួម​មាន ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ។ នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នេះ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ។ ​ចំណែក​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង តាកែវ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។

ជំនន់​ទឹក​ភ្លៀង​ពី​ស្ទឹង​ព្រែកត្នោត ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivy
ជំនន់​ទឹក​ភ្លៀង​ពី​ស្ទឹង​ព្រែកត្នោត ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivy RFA/Sochivy

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម ពី​រដ្ឋមន្ត្រី ឬ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា។

លោក កែវ វី បញ្ជាក់​ថា មិន​មែន​កម្ពុជា ទើប​គ្រោះ​ទឹក​ជំនន់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ គឺ​បាន​ជួប​ប្រទះ​ចាប់​តាំង​ពី​ខែ​មិថុនា មក​ម្ល៉េះ។ ប៉ុន្តែ​ទឹក​លិចលង់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​នេះ ដោយសារ​បាក់​ទំនប់​ស្តុក​ទឹក​សម្រាប់​ធ្វើ​ស្រែ​រដូវ​ប្រាំង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

​ដោយ​ឡែក ពលរដ្ឋ​រស់​នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោក អ៊ូង ចេប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា នៅ​តំបន់​ដែល​ពួកគាត់​រស់​នៅ ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​ដែល​កំពុង​គំរាមកំហែង​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។  ពលរដ្ឋ​ដដែល​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ​បញ្ចៀស​ទឹក​ចេញ​ពី​កន្លែង​លោក​រស់​នៅ​ឲ្យ​បាន​លឿន​តាម​តែ​ធ្វើ​ទៅ​បាន៖ «ព្រួយ​បារម្ភ​ថា បើ​ទឹក​លិច​យូរ​ថ្ងៃ​ទៅ ទៅ​ណា​មក​ណា​អត់​កើត ហើយ​ធ្វើ​ការងារ​អត់​កើត កូនចៅ​ក៏​ទៅ​ធ្វើ​ការងារ​អត់​កើត»

យ៉ាង​ហោច​ណាស់​ទំនប់​ទឹក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ចំនួន​ពីរ គឺ​ទំនប់​អាង​ភូមិ​ស្វាយ ក្នុង​ស្រុក​គងពិសី និង​ទំនប់​ព្រែកត្នោត ក្នុង​ស្រុក​សំរោងទង រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹក​ភ្លៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល