ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​បញ្ចាំង​វីដេអូ​ជីវិត​លោក ឈុត វុទ្ធី

ដោយ ថា កិត្យា
2016-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈុត​មួយ​ក្នុង​វីដេអូ​ឯកសារ​ជីវិត លោក ឈុត វុទ្ធី (I am Chut Wutty)។ Screenshot from I am Chut Wutty video
ឈុត​មួយ​ក្នុង​វីដេអូ​ឯកសារ​ជីវិត លោក ឈុត វុទ្ធី (I am Chut Wutty)។ Screenshot from I am Chut Wutty video
Screenshot from I am Chut Wutty video

ថ្ងៃ​ទី​២៦ ខែ​មេសា គឺ​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ជា​សកម្មជន​ការពារ​ព្រៃ​ឈើ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​កណ្ដាល​ព្រៃ​នៃ​ខេត្ត​កោះកុង ក្នុង​ពេល​លោក​ចុះ​បេសកកម្ម​ការងារ​ការពារ​ព្រៃ​ឈើ និង​នាំ​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន។

នៅ​មុន​បុណ្យ​ខួប​នេះ​មក​ដល់ មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House) បរាជ័យ​ក្នុង​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​មួយ​ស្ដីពី​ជីវិត​របស់ លោក ឈុត វុទ្ធី ដែល​គម្រោង​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហាម​ឃាត់​ក្រោម​ហេតុផល មិន​បាន​សុំ​ច្បាប់​ជា​មុន។ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន សម្ដែង​ការ​ហួស​ចិត្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ភាពយន្ត​មួយ​នេះ​ឡើង​វិញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​យល់​ថា ការ​ហាមប្រាម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​ឲ្យ​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ស្ដីពី​ជីវិត​របស់​អតីត​អ្នក​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១២ ក្រោម​ហេតុផល​ថា មិន​បាន​សុំ​ច្បាប់​ពី​ក្រសួង​ជា​មុន​នោះ គឺ​ជា​លេស​មិន​សម​ហេតុផល​ឡើយ។

កូន​ប្រុស​របស់ លោក ឈុត វុទ្ធី គឺ​យុវជន ឆឺយ ឧត្ដមរស្មី បាន​ថ្លែង​ថា លោក និង​គ្រួសារ​មាន​ការ​សោកស្ដាយ​ខ្លាំង​ចំពោះ​បម្រាម​របស់​រដ្ឋាភិបាល។ លោក​ថា ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន នៅ​តែ​នឹក​ឃើញ​ពី​វីរភាព​របស់​ឪពុក​លោក ដែល​បាន​ប្ដូរ​ផ្ដាច់ និង​លះបង់​ជីវិត​ដោយសារ​ក្ដី​ស្រឡាញ់ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ ឪពុក​លោក និង​គ្រួសារ​ទាំង​មូល មិន​បាន​ទទួល​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​ឡើយ​រហូត​មក​ទល់​ពេល​នេះ ក្រៅ​តែ​ពី​ភាព​ឈឺ​ចាប់​ដោយសារ​សង្គម និង​បាត់បង់​បង្គោល​ក្នុង​គ្រួសារ៖ «នេះ គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល ដែល​បង្អាក់​មិន​ចង់​ឲ្យ​គេ​ដឹង​ពី​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ចង់​បិទ​សំណុំ​រឿង។ បើ​គាត់​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​ទេ គាត់​គួរ​តែ​បើក​ចំហ ព្រោះ​ឪពុក​ខ្ញុំ​គាត់​បាន​ជួយ​ជាតិ​ច្រើន​ណាស់ ជួយ​ការពារ​ធនធាន​ធម្មជាតិ។ ដូច្នេះ មិន​គួរ​មនុស្ស​ស្លាប់​ទៅ​ហើយ សូម្បី​តែ​វីដេអូ​មិន​បញ្ចាំង​ដែរ​ទេ វា​ហាក់​ដូចជា​ស្អប់​ខ្ពើម​ធ្ងន់ធ្ងរ​មែន​ទែន ប្រៀប​ដូចជា​មនុស្ស​ក្បត់​ជាតិ​អ៊ីចឹង»

ផលិតករ​ជា​ជនជាតិ​អង់គ្លេស ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ដែល​ផលិត​វីដេអូ​ឯកសារ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Uon Chhin
ផលិតករ​ជា​ជនជាតិ​អង់គ្លេស ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ដែល​ផលិត​វីដេអូ​ឯកសារ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Uon Chhin RFA/Uon Chhin

វីដេអូ​ឯកសារ​ដែល​មជ្ឈមណ្ឌល​មេត្តា​ហោស៍ គ្រោង​ដាក់​បញ្ចាំង​នោះ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី គឺ​ជា​ការ​ផលិត​របស់​ជនជាតិ​អង់គ្លេស ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)។ ខ្សែ​វីដេអូ​ឯកសារ​នេះ បង្ហាញ​ពី​សកម្មភាព​របស់ លោក ឈុត វុទ្ធី មុន​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ និង​បង្ហាញ​ពី​បទសម្ភាសន៍​នានា​ជាមួយ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​គ្រួសារ​ជន​រងគ្រោះ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ។ ភាពយន្ត​ឯកសារ​ជីវិត លោក ឈុត វុទ្ធី ត្រូវ​បាន​ដាក់​បញ្ចាំង​ចំនួន ៦​លើក​ហើយ​នៅ​តាម​រោង​ភាពយន្ត​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

យុវជន ឆឺយ ឧត្ដមរស្មី ដែល​បាន​ស្នង​តំណែង​ការពារ​ធនធាន​ធម្មជាតិ​ពី​ឪពុក​នោះ​អះអាង​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ហាម​ក្តី ប៉ុន្តែ​លោក​នៅ​តែ​មាន​គម្រោង​បញ្ចាំង​វីដេអូ​នេះ​នៅ​លើ​សួនច្បារ​សាធារណៈ​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​នឹង​បន្ត​ធ្វើ​ទៀត។ ខ្ញុំ​អត់​ខ្លាច​ទេ ព្រោះ​ប្រជាពលរដ្ឋ​ជាច្រើន​គាំទ្រ មាន​តែ​រដ្ឋាភិបាល​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ដែល​មិន​គាំទ្រ»

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ​ជា​ទីកន្លែង​កើត​ហេតុ។ ក្នុង​គ្រា​នោះ មន្ត្រី​កង​រាជ​អាវុធហត្ថ ឈ្មោះ អ៊ិន រតនា បាន​ព្យាយាម​រារាំង​រហូត​ដល់​ផ្ទុះ​អាវុធ​ស្លាប់​ទាំង​ពីរ​នាក់ បន្ទាប់​ពី លោក ឈុត វុទ្ធី ថត​គំនរ​ឈើ​មួយ​របស់​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

កំពុង​អង្គុយ​ជុំ​គ្នា​អាន​សៀវភៅ​នៅ​ក្រោម​ដើម​ឆត្រ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវ​សិស្ស​មួយ​រូប​រៀបរាប់​ថា ខ្សែ​វីដេអូ​ស្ដីពី​សកម្មភាព​របស់​អតីត​អ្នក​ការពារ​ធនធាន​ធម្មជាតិ​នេះ គឺ​គ្មាន​ហេតុផល​ណា​មួយ ដែល​រដ្ឋាភិបាល​ត្រូវ​ហាមឃាត់​នោះ​ទេ ព្រោះ​កន្លង​មក រដ្ឋាភិបាល​តែង​តែ​ប្រកាស​ក្ដែងៗ​ថា នឹង​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន បើ​ការពារ​មិន​បាន នឹង​កាត់​អវយវៈ​ចោល។ យុវជន​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ចងចាំ​នូវ​គំរូ​ដ៏​ក្លាហាន​របស់ លោក ឈុត វុទ្ធី និង​ផលិត​វីដេអូ​របៀប​នេះ​ឲ្យ​បាន​ច្រើន​ទៀត​ផង៖ «ខ្ញុំ​ចង់​ឲ្យ​ចាក់​ផ្សាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ជំនាន់​ក្រោយ ឲ្យ​គាត់​បាន​ឃើញ​នូវ​ស្នាដៃ​របស់​អ្នក​ការពារ​ព្រៃ​ឈើ ហើយ​នាំ​គ្នា​ជួយ​ការពារ​ព្រៃ​ឈើ​ដើម្បី​ឲ្យ​ប្រទេស​មាន​សម្រស់​ធម្មជាតិ​ឡើង​វិញ»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ កញ្ញា ឯម សិត អះអាង​ថា នាង​ពិត​ជា​ចង់​ទស្សនា​វីដេអូ​នេះ​ណាស់ ព្រោះ​កញ្ញា​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​មនុស្ស​មាន​សេចក្ដី​ក្លាហាន មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា បច្ចុប្បន្ន។ កញ្ញា ឯម សិត បន្ត​ថា នាង​ដូចជា​មិន​យល់​ពី​បម្រាម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ពេល​នេះ​ឡើយ៖ «ចង់​ឲ្យ​គាត់​បញ្ចាំង​វីដេអូ​នេះ ព្រោះ​បច្ចុប្បន្ន ការ​ប្រែប្រួល​អាកាសធាតុ​កាន់​តែ​កើត​មាន ហើយ​បរិស្ថាន​ចេះ​តែ​បាត់បង់ ហើយ​បើ​គាត់​បំបាត់​វីដេអូ​នេះ​ទៀត វា​អត់​ស័ក្តិសម»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ថ្លែង​ថា ការ​មិន​អនុញ្ញាត​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​ផ្សេង ក្រៅ​តែ​ពី​ផ្លូវ​ច្បាប់​ឡើយ។ មាន​ន័យ​ថា វា​មិន​មែន​ដោយសារ លោក ឈុត វុទ្ធី គឺ​ជា​សកម្មជន​ការពារ​បរិស្ថាន​ដែល​ធ្លាប់​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល ឬ​ដោយសារ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​សំខាន់ គឺ​មជ្ឈមណ្ឌល​មេត្តា​ហោស៍ មិន​បាន​សុំ​ការ​អនុញ្ញាត​ច្បាប់​ពី​ក្រសួង។ លោក​ថា ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ចុះ​រវាង​ក្រសួង​វប្បធម៌ និង​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ក្នុង​ពេល​កន្លង​ទៅ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ឆ្នាំ​២០១៦។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA

រីឯ​មន្ត្រី​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចាត់​ទុក​ថា ការ​ហាម​ឃាត់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​បារម្ភ​ខ្លាំង​ខ្លាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ថា សកម្មភាព​របស់ លោក ឈុត វុទ្ធី កន្លង​មក មិន​ដែល​ទទួល​បាន​កិច្ច​គាំពារ ឬ​ការ​ការពារ​ពី​ខាង​រដ្ឋាភិបាល​ឡើយ៖ «ការ​ហាមឃាត់​នេះ វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ទស្សនា និង​ការ​ចូលរួម​បញ្ចេញ​មតិ​ផ្សេងៗ និង​យល់​ដឹង​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម ជាពិសេស​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ»

លោក​ថា រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​បញ្ចាំង​វីដេអូ​នោះ ដើម្បី​រំឭក​ពី​គំរូ​វីរភាព និង​ស្នាដៃ​របស់ លោក ឈុត វុទ្ធី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ដឹង​បាន​ឃើញ ហើយ​រួម​គ្នា​ទប់ស្កាត់ និង​ការពារ​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ។

លោក ឈុត វុទ្ធី មាន​អាយុ​ជាង ៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ លោក​មាន​កូន​ចំនួន​បី​នាក់ ប្រុស​ម្នាក់ ស្រី ២​នាក់។ លោក ឈុត វុទ្ធី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ទាហាន​មក​ពី​ប្រទេស​រុស្ស៊ី។ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៩២ លោក ឈុត វុទ្ធី បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា និង​ធ្វើ​ជា​គ្រូ​បង្ហាត់​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។ លុះ​ដល់​ឆ្នាំ​២០០៣ លោក ឈុត វុទ្ធី បាន​បម្រើ​ការងារ​នៅ​អង្គការ គ្លបល វីនេស (Global Witness) មាន​តួនាទី​ជា​នាយក​រង​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​ធ្វើ​ការ​ឃ្លាំ​មើល​អំពី​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា។

ក្រោយ​ពី​រដ្ឋាភិបាល​បាន​បណ្ដេញ​អង្គការ គ្លបល វីនេស ចេញ​ពី​កម្ពុជា លោក​ក៏​បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​គេ​ដឹង​ថា ជា​អង្គការ​របស់​លោក និង​មាន​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់ (Germany) ដែល​មាន​សកម្មភាព​ការងារ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ។ បច្ចុប្បន្ន អង្គការ​នេះ កូន​ប្រុស​របស់​លោក​ជា​អ្នក​ដឹក​នាំ​បន្ត។

ស្ទើរ​មួយ​ជីវិត លោក ឈុត វុទ្ធី រស់នៅ​តែ​ក្នុង​ព្រៃ មិន​សូវ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើយ។ លោក ឈុត វុទ្ធី មិន​មែន​ជា​មនុស្ស​ម្នាក់​ដែល​មាន​តែ​ទ្រឹស្ដី និង​អង្គុយ​តែ​នៅ​ក្នុង​ការិយាល័យ​នោះ​ទេ។ ក្នុង​ការ​បំពេញ​ការងារ​ដ៏​សំខាន់​នេះ លោក​តែង​តែ​ចុះ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​ជួប​ប្រជា​សហគមន៍ និង​ពិនិត្យ​មើល​ព្រៃ​ឈើ​ដោយ​ផ្ទាល់។ លើស​ពី​នេះ​ទៀត លោក​តែង​តែ​សង្កេត​មើល​ថា តើ​មន្ត្រី​ការពារ​ព្រៃ​ឈើ​បាន​អនុវត្ត​ច្បាប់​ការពារ​សម្បត្តិ​ធម្មជាតិ​ដែរ​ឬ​ទេ?

មុន​រង​ការ​បាញ់​សម្លាប់​ខណៈ​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​កោះកុង លោក ឈុត វុទ្ធី បាន​ជួយ​ពង្រឹង​ស្មារតី និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ហ៊ាន​ក្រោក​ឡើង ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​កម្ពុជា ដោយ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​ដេក​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​មក​ការពារ​នោះ​ទេ។

ចំពោះ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​លោក​មាន​ជីវិត​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ពឹងពាក់​រដ្ឋាភិបាល​ទៀត​ទេ ពីព្រោះ​មន្ត្រី​ដែល​មាន​តួនាទី​ការពារ​ព្រៃ​ឈើ ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួយ​ឈ្មួញ ធ្វើ​ឲ្យ​សម្បត្តិ​ធម្មជាតិ​កម្ពុជា វិនាស​ហិនហោច៖ «គាត់​ត្រូវ​តែ​សហការ​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​ធនធាន​ទាំងអស់​នោះ កុំ​រង់ចាំ​តែ​រដ្ឋាភិបាល»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ត្រូវតែអោយបញ្ចាំង ខ្សែភាពយន្តនេះ !
បើ មិនអោយបញ្ចាំង បានន័យថា រដ្ឋាភិបាល ហ៊ុន សែន នៅពីក្រោយ ការសម្លាប់ លោក ឈុត វុទ្ធី ។

Apr 20, 2016 09:02 AM

គេហទំព័រ​ទាំងមូល