ពលរដ្ឋនៅរតនគិរីបារម្ភពីការបូមរ៉ែមាសក្នុងទន្លេសេសានធ្វើឲ្យប៉ះពាល់គុណភាពទឹក
2014.04.30
ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំចំនួនពីរក្នុងស្រុកតាវែង ខេត្តរតនគិរី ព្រួយបារម្ភពីផលប៉ះពាល់គុណភាពទឹក និងផលប៉ះពាល់ជំនឿប្រពៃណីអ្នកភូមិ ខណៈក្រុមហ៊ុនចិនមួយដាក់សាឡង់បូមរ៉ែមាសពីក្នុងទន្លេសេសានជាថ្មី ដោយមិនបានពិភាក្សាផលប៉ះពាល់ជាមួយអ្នកភូមិឡើយ។
សាឡង់បូមរ៉ែពីបាតទន្លេមួយគ្រឿង បានចាប់ផ្ដើមបូមរុករករ៉ែពីបាតទន្លេ ក្រោមរូបភាពបូមខ្សាច់ប្រមាណជិតមួយខែកន្លងទៅនេះនៅដងទន្លេសេសាន ក្នុងឃុំតាវែងលើ និងតាវែងក្រោម។
ទាក់ទងបញ្ហានេះ អ្នកភូមិ និងមន្ត្រីមូលដ្ឋានអះអាងថា គេមិនឃើញគំនរខ្សាច់ណាមួយត្រូវបានបូមពីទន្លេ ដើម្បីការប្រើប្រាស់នោះទេ។
ប្រជាពលរដ្ឋរស់នៅភូមិតាវែងក្រោម លោក ត្រាំ ថាំង រៀបរាប់ថា សាឡង់នេះជារបស់ក្រុមហ៊ុនចិន ដែលអ្នកភូមិមិនស្គាល់ថាជាក្រុមហ៊ុនអ្វី ក៏ប៉ុន្តែបានប្រើប្រាស់សាឡាងពីរគ្រឿង និងកាណូតមួយគ្រឿងសម្រាប់បូមរ៉ែក្នុងទន្លេ៖ «គេបូមមាសហ្នឹងប្រហែលមួយខែហ្នឹងហើយ។ កាលពីមុន គេទៅបូមនៅភូមិតាវែង នៅភូមិភ្លើតូច ដល់ភូមិភ្លើតូច គេតវ៉ាគេដេញ គេទៅបូមកន្លែងព្រំប្រទល់ទំពួនរឿងធំ ហើយនិងភូមិវៀងច័ន្ទ»។
ដូចគ្នានេះដែរ មេឃុំតាវែងលើ លោក ម៉ឺង សួន បញ្ជាក់ថា លោកមិនបានឃើញគំនរខ្សាច់ណាមួយដែលសាឡង់បានបូមពីទន្លេនោះទេ ក៏ប៉ុន្តែលោកទទួលព័ត៌មានពីអាជ្ញាធរស្រុកថា ក្រុមហ៊ុនចិននេះមានអាជ្ញាប័ណ្ណបូមខ្សាច់បម្រើការសាងសង់៖ «បើខ្ញុំដឹង ខ្ញុំអត់ឲ្យ ហ្នឹងហើយ ពីព្រោះបើបូមខ្សាច់ៗនៅនោះមាន តើបូមខ្សាច់ គឺបូមគរទុកមួយកន្លែងហ្នឹងណា»។
កាលពីដើមឆ្នាំ២០១៤ ក្រុមហ៊ុនចិន ឈ្មោះ ឌីសខូវើរី អិនវេសម៉ែន (Discovery Investment) ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង ៥៩ហិកតារ នៅតំបន់ព្រំប្រទល់ឃុំតាវែង និងឃុំកោះប៉ង់ ក៏ប៉ុន្តែមន្ត្រីក្រសួងឧស្សាហកម្ម បានសម្រេចលប់ចោលអាជ្ញាប័ណ្ណនោះវិញ បន្ទាប់ពីប្រជាពលរដ្ឋតវ៉ា និងមន្ត្រីជំនាញរកឃើញថា ក្រុមហ៊ុនបានប្រើឧបករណ៍រករ៉ែលោហៈធ្ងន់ក្នុងទន្លេ ខុសទៅនឹងអាជ្ញាប័ណ្ណកំណត់។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកអាសយដ្ឋាន ឬលេខទូរស័ព្ទតំណាងក្រុមហ៊ុន សុំបញ្ជាក់ពីករណីនេះបានទេ នៅថ្ងៃទី៣០ មេសា។ ចំណែកអភិបាលស្រុកតាវែង លោក មួង ប៉ាង អះអាងថា សាឡង់ថ្មីនេះជារបស់ក្រុមហ៊ុនចិនឈ្មោះ ហីង ឆាង មានអាជ្ញាប័ណ្ណបូមខ្សាច់នៅក្នុងទន្លេក្នុងឃុំទាំងពីរនេះ តាំងពីឆ្នាំ២០១៣។ លោកបន្តថា ក្រុមហ៊ុននេះមិនទាន់ធ្វើអាជីវកម្មបូមខ្សាច់នៅឡើយទេ ក៏ប៉ុន្តែបានបូមសាកល្បងគ្រឿងចក្រដែលក្រុមបច្ចេកទេសទើបផលិត៖ «ខ្ញុំបានអញ្ជើញមេឃុំថ្ងៃមុនហ្នឹង ឲ្យគាត់មកនេះ គឺខ្ញុំបានជម្រាបគាត់មួយសាទៀត។ នៅពេលក្រុមហ៊ុនចុះទៅដំណើរការ ក្រុមហ៊ុនជាមួយមន្ទីរ គាត់ចុះទៅផ្ទាល់ជួបជាមួយប្រជាពលរដ្ឋហ្នឹង»។
ដូចគ្នានេះដែរ ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន មានប្រសាសន៍បញ្ជាក់ថា ក្រសួងជំនាញពាក់ព័ន្ធបានសិក្សាផលប៉ះពាល់ និងពិនិត្យលក្ខណៈគ្រឿងចក្ររបស់ក្រុមហ៊ុនរួចហើយ ទើបក្រសួងឧស្សាហកម្ម ផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ផ្គត់ផ្គង់គម្រោងសាងសង់ទំនប់វារីអគ្គិសនីព្រែកលាង១ និងព្រែកលាង២ នៅខេត្តរតនគិរី៖ «យើងចុះទៅពិនិត្យថាសាឡង់ហ្នឹងអាចជាលក្ខណៈបូមខ្សាច់ ឬក៏បូមបំភ័ន្តភ្នែកប្រជាជនយ៉ាងម៉េចៗ ហើយពេលបូមសាកល្បង យើងបានអញ្ជើញឃុំភូមិ សហគមន៍។ អភិបាលស្រុកគេអ្នកអញ្ជើញ គាត់ចង់សែន គេរៀបចំជូនជម្រាបម្ចាស់ទឹកម្ចាស់ដី»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី កត់សម្គាល់ថា នេះជាលើកទីបីហើយដែលប្រជាពលរដ្ឋនៅឃុំតាវែងក្រោម និងតាវែងលើ តវ៉ាពីការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ដោយមិនបានពិគ្រោះយោបល់ពីផលប៉ះពាល់ប្រជាពលរដ្ឋមូលដ្ឋាន។ លោកបន្តថា តំបន់ដែលក្រុមហ៊ុនគ្រោងបូមខ្សាច់ ជាតំបន់ដែលប្រជាពលរដ្ឋកត់សម្គាល់ថា ជាកន្លែងមានមាសក្នុងទន្លេ៖ «នេះជាក្តីកង្វល់របស់ប្រជាពលរដ្ឋចំពោះការបាត់បង់ធនធានធម្មជាតិរ៉ែមាសផង ហើយចំពោះផលប៉ះពាល់បញ្ហាសុខភាពបញ្ហាបរិស្ថានផង»។
យ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតំបន់នោះធ្លាប់សំណូមពរឲ្យរាជរដ្ឋាភិបាល សិក្សាផ្តល់ទីតាំងថ្មីសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្ម ហើយរក្សាទីតាំងបច្ចុប្បន្នទុកជាតំបន់អភិរក្សធនធានធម្មជាតិ និងជាតំបន់វប្បធម៌ជំនឿ ប្រពៃណីរបស់ជនជាតិដើម៕