អ្នកជំនាញជំរុញឱ្យកសិករខ្មែរធ្វើស្រែតាមបច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់
2016.11.25
មន្ត្រីជំនាញកសិកម្ម អង្គការសង្គមស៊ីវិល និងពលរដ្ឋដែលប្ដូរទម្លាប់ធ្វើស្រែតាមបច្ចេកទេសប្រពលវប្បកម្មនៅខេត្តតាកែវ លើកទឹកចិត្តដល់កសិករដទៃទៀតនៅទូទាំងប្រទេស គួរជ្រើសរើសការធ្វើស្រែតាមរបៀបថ្មីនេះ ព្រោះអាចទទួលទិន្នផលខ្ពស់ និងចំណាយទុនតិច។ ទោះជាណាក៏ដោយ ពលរដ្ឋដែលធ្វើស្រែតាមបែបប្រពលវប្បកម្ម ទទូចឱ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ស្រូវ ខណៈពួកគាត់អាចមានលទ្ធភាពផលិតស្រូវបានច្រើន។
ការធ្វើស្រែតាមទម្លាប់តាំងពីបុរាណ ត្រូវគេចាត់ទុកថា គឺជាការធ្វើស្រែតាមព្រហ្មលិខិត និងយថាកម្ម ព្រោះការធ្វើស្រែតាមរបៀបនេះ ជួនកាលទទួលបានទិន្នផលច្រើនគួរសម និងជួនកាលត្រូវខាតបង់ទាំងដើមទុនក៏មាន។
ប្រជាកសិករស្ថិតក្នុងភូមិក្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ បានលើកឡើងអំពីការធ្វើស្រែតាមបែបបច្ចេកទេសប្រពលវប្បកម្មរបស់ពួកគាត់ នាឱកាសប្រារព្ធទិវាស្រែស្ដីពីការសិក្សាស្រាវជ្រាវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដែលរៀបចំឡើងដោយមន្ទីរកសិកម្មខេត្ត សហការជាមួយកម្មវិធី IPM ជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម និងអង្គការមួយចំនួន ដូចជាអង្គការអុកស្វាម (Oxfam) ជាដើម។
ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ អ្នកស្រី ម៉ិល ច័ន្ទទេវី លើកឡើងថា ការធ្វើស្រែតាមប្រពលវប្បកម្មហៅកាត់ថា (ប.វ.ស) អាចជួយឱ្យកសិករទទួលបានទិន្នផលច្រើន និងចំណាយលុយកាក់អស់តិច ថ្វីបើកសិករខ្លះមានដីស្រែតិចតួចក្ដី។ លោកស្រីបន្ថែមថា កសិករភាគច្រើនក្នុងខេត្តតាកែវ ចាប់ផ្ដើមធ្វើស្រែតាមរបៀបបច្ចេកទេសថ្មីនេះ តាំងពីឆ្នាំ២០០០ មកម្ល៉េះ ហើយមកទល់នឹងពេលនេះ សង្កេតឃើញថា កសិករកាន់តែច្រើនឡើងងាកមកធ្វើស្រែតាមបែបប្រពលវប្បកម្ម។
អ្នកស្រី ម៉ិល ច័ន្ទទេវី ពន្យល់ថា ការធ្វើស្រែរបៀបនេះ គឺមុនដំបូងកសិករត្រូវចេះស្មានថាតើអំឡុងពេលណានៃរដូវវស្សាដែលទឹកភ្លៀងចាប់ផ្ដើមស្រោចស្រពលើវាលស្រែគ្រប់គ្រាន់ បន្ទាប់មកត្រូវប្រើប្រាស់ជីធម្មតាតាមរយៈការផ្សំគ្នារវាងរុក្ខជាតិពណ៌ខៀវ ដូចជាដើមទន្ទ្រានខេត្តជាមួយលាមកសត្វគោ ឬក្របី ឱ្យបានច្រើនជាងជីគីមី៖ «និយាយរួមជីត្រូវប្រើជីធម្មជាតិឱ្យបានច្រើនជាងជីគីមី។ ក្នុងមួយហិកតារ ត្រូវដាក់ជីធម្មជាតិ ៦ពាន់គីឡូ ជីធម្មតាមកពីការផ្សំបញ្ចូលគ្នារវាងរុក្ខជាតិពណ៌ខៀវ និងលាមកសត្វ»។
អ្នកស្រីជំរុញឱ្យកសិករគួរតែស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ដើម្បីយល់កាន់តែច្បាប់អំពីការធ្វើស្រូវតាមបែបបច្ចេកទេស។
តំណាងសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលគម្រោងប្រពលវប្បកម្មប្រចាំភូមិក្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ លោក ប៊ុត ផន បានលើកឡើងថា ដើមឡើយ កសិករក្នុងសហគមន៍លោកធ្វើស្រូវតាមទម្លាប់ចាស់ដែលដូនតាបន្សល់ទុកប៉ុណ្ណោះ ដែលពុំមានបច្ចេកទេសត្រឹមត្រូវនោះទេ។ ប៉ុន្តែលោកថា កសិករក្នុងសហគមន៍ក្រួស ចាប់ផ្ដើមទទួលបានទិន្នផលខ្ពស់ ហើយត្រូវចំណាយពូជស្រូវអស់តិចជាងពាក់កណ្ដាលនៃពូជស្រូវរបស់កសិករដែលពុំចេះបច្ចេកទេសដាំដុះស្រូវ៖ «យើងដាក់ពូជតែ ៥០គីឡូ ក្នុងមួយហិកតារក៏បានទទួលផលដូចជាយើងដាក់ពូជក្នុងមួយហិកតារ ១០០គីឡូ»។
លោកអះអាងថា តាំងពីអនុវត្តរបៀបប្រពលវប្បកម្មមកក្នុងមួយហិកតារ លោកអាចទទួលបានទិន្នផលស្រូវជិត ៥តោន ដែលខុសស្រឡះពីទម្លាប់ចាស់គឺអាចប្រមូលផលបានជាង ២តោនប៉ុណ្ណោះ។
ទិវាស្រែស្ដីពីការសិក្សាស្រាវជ្រាវដែលធ្វើឡើងជាលើកដំបូងស្ថិតក្នុងភូមិក្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលមានអ្នកចូលរួមប្រហែល ១៧០នាក់ គឺដើម្បីចង់ដឹងការឆ្លើយតបពាក់ព័ន្ធការធ្វើស្រែតាមបែបប្រពលវប្បកម្មពីប្រជាកសិករក្នុងតំបន់នោះ។ បើទោះបីជា ការធ្វើស្រូវបានទិន្នផលច្រើនយ៉ាងណាក៏ដោយ លោក ប៊ុត ផន អំពាវនាវឱ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជួយរកទីផ្សារលក់ស្រូវអង្ករក្នុងតម្លៃគួរសមអាចទទួលយកបាន និងស្នើឱ្យរដ្ឋាភិបាលជួយរកប្រភពទឹកសម្រាប់ស្រោចស្រពស្រែរបស់ពួកគាត់ឱ្យបានគ្រប់គ្រាន់ ព្រោះរយៈពេលកន្លងមក បញ្ហារាំងស្ងួតនៅតែយាយីដល់ស្រូវពួកគាត់ជាបន្តបន្ទាប់។
ចំណែកអ្នកតំណាងអង្គការអន្តរជាតិអុកហ្វាម អ្នកស្រី កែវ កណិកា បញ្ជាក់ថា អង្គការអ្នកស្រីបានជួយផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសធ្វើស្រែតាមបែបប្រពលវប្បកម្មអស់ជិត ១០ឆ្នាំហើយ ទៅដល់កសិករនៅទូទាំងប្រទេស ហើយអង្គការនឹងបន្តគម្រោងនេះតទៅមុខទៀត៖ «កែច្នៃបច្ចេកទេស រួចហើយឱ្យកសិករយកទៅអនុវត្ត។ អ្វីដែលយើងកំពុងធ្វើ គឺផ្សារភ្ជាប់រវាងអ្នកស្រាវជ្រាវ អ្នកបច្ចេកទេស និងអ្នកអនុវត្តផ្ទាល់...»។
អ្នកជំនាញកសិកម្មធ្លាប់លើកឡើងថា បើសិនជារដ្ឋាភិបាលអាចដោះស្រាយបញ្ហាមួយចំនួនជូនកសិករ ដូចជាការរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស និងអាចរកទីផ្សារដើម្បីឱ្យកសិករលក់ស្រូវក្នុងតម្លៃសមរម្យ ដូច្នោះអាចកាត់បន្ថយបញ្ហាចំណាកស្រុកបាន ខណៈពលរដ្ឋហាក់លែងចង់ធ្វើកសិកម្មដែលជាវិស័យអាទិភាពរបស់កម្ពុជា៕