សង្គម​ស៊ីវិល​និង​ពលរដ្ឋ​នៅ​រតនគិរី​បារម្ភ​ពី​ការ​បើក​បង្ហូរ​ទឹក​ទំនប់​ពី​វៀតណាម

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បំពេញ​ការងារ​ទាក់ទិន​ផល​ប៉ះពាល់​បរិស្ថាន​តាម​ដង​ទន្លេ នៅ​ខេត្ត​រតនគិរី សម្ដែង​ក្តី​បារម្ភ​ថា ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ​នឹង​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន ជា​ថ្មី​ទៀត ដោយសារ​ភាគី​វៀតណាម នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ ប្រកាស​បើក​បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី​ក្នុង​កម្រិត​ខ្ពស់​នៅ​ពេល​ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់​ច្រើន។
ដោយ រដ្ឋា វិសាល
2013.09.25
ទឹក​ជំនន់ រតនគិរី ៦១០ ទឹក​ជន់​លិច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ចំណុច​អូរចេង ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Ratha Visal

មន្ត្រី​អង្គការ​ទន្លេ​បី គឺ​ទន្លេ​ស្រែពក សេសាន និង​សេកុង នៅ​ថ្ងៃ​ពុធ ទី២៥ ខែ​កញ្ញា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន ត្រៀម​លក្ខណៈ​សម្បត្តិ​ជម្លៀស​ក្រុម​គ្រួសារ ទ្រព្យ​សម្បត្តិ សត្វ​ពាហនៈ ខណៈ​ដែល​ភាគី​វៀតណាម នៅ​ជាប់​ខេត្ត​នេះ​ប្រកាស​ថា នឹង​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ក្នុង​បរិមាណ​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ​ដូច​ទឹក​ជំនន់​ឆ្នាំ​២០០៩។

អ្នក​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន មាន​ប្រសាសន៍​បញ្ជាក់​ថា វៀតណាម បាន​ជូន​ដំណឹង​មក​មន្ទីរ​ធនធាន​ទឹក​ខេត្ត​រតនគិរី ថា​នឹង​បើក​បង្ហូរ​ទឹក​ទំនប់​ពី​តំបន់​ខ្សែ​ទឹក​ខាង​លើ​ទន្លេ​សេសាន ប្រមាណ​ពី​ជាង ៥​ពាន់ ទៅ ៨​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែ​កញ្ញា ប្រសិន​ទឹក​ភ្លៀង​មាន​បរិមាណ​ច្រើន​នៅ​ក្នុង​អាង​ស្តុក​ទឹក។ លោក​បន្ត​ថា នេះ​គឺ​ជា​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពី​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ ដែល​អាច​កើត​មាន​ជាយថាហេតុ៖ «៨​ពាន់ គឺ​កម្ពស់​ទឹក​អាច​ស្មើ​កាល​ពី​ឆ្នាំ​២០០៩។ ចំណុច​ត្រង់​នេះ មាន​តែ​ទី​មួយ​ប្រកាស​អាសន្ន​ឲ្យ​សហគមន៍​គាត់​បាន​ត្រៀម​ខ្លួន ពី​ខាង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ទីរ​មាន​សមត្ថកិច្ច​មួយ​ចំនួន ត្រៀម​អន្តរាគមន៍​ក្នុង​ការ​ជម្លៀស​ចេញ»

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​រតនគិរី លោក យូ ឡាង មាន​ប្រសាសន៍​បញ្ជាក់​ថា រាល់​ពេល​នៃ​ការ​ទទួល​បាន​ដំណឹង​ស្ដីពី​ការ​បើក​ទំនប់​ពី​ភាគី​វៀតណាម អាជ្ញាធរ​តែង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ។ លោក​ទទួល​ស្គាល់​ថា កាល​ពី​ថ្ងៃ​ទី២៤ កន្លង​ទៅ​នេះ ភាគី​វៀតណាម ប៉ាន់​ប្រមាណ​ថា នឹង​បង្ហូរ​ទឹក​រហូត​ដល់​កម្រិត ៨​ពាន់​ម៉ែត្រ​គូប​មែន ប៉ុន្តែ​ជាក់ស្តែង កម្រិត​ទឹក​ដែល​បើក​បង្ហូរ​មាន​កម្រិត​មិន​ដល់​ដូច​សេចក្តី​ជូន​ដំណឹង​នោះ​ទេ៖ «អាង​ទឹក​គេ​ទទួល​អត់​បាន​ច្រើន អ៊ីចឹង​គេ​អត់​បញ្ចេញ​ដល់ ៨​ពាន់​ហ្នឹង​ទេ វា​តិច។ អ៊ីចឹង​ហើយ​បាន​ជា​មក​យើង​នេះ វា​លិចលង់​តិច​ដែរ។ បើ ៨​ពាន់ លិច​ដល់​ណាណី​អស់​ហើយ»

សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អណ្ដូងមាស ឲ្យ​ដឹង​ថា រយៈពេល ២៤​ម៉ោង បន្ទាប់​ពី​ការ​ប្រកាស​បើក​ទឹក​ទំនប់​ពី​ប្រទេស​វៀតណាម ទឹក​ទន្លេ​សេសាន បាន​ជន់​លិច​ភូមិ​ខ្លះ​ដែល​មាន​ទីតាំង​នៅ​មាត់​ទន្លេ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​លោម ឃុំ​ម៉ាលិច លោក រម៉ាម ទិញ មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​មន្ត្រី​មូលដ្ឋាន​ប្រកាស​ឲ្យ​អ្នក​ភូមិ​ដឹង​មុន​ពី​ការ​បើក​ទឹក​ទំនប់​នេះ​ទេ។ លោក​បន្ត​ថា ការ​បើក​បង្ហូរ​ទឹក​ទំនប់​ត្រូវ​តែ​ជូន​ដំណឹង​មក​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​នូវ​គ្រោះ​ទឹក​ជំនន់​ដែល​មិន​អាច​ដឹង​ខ្លួន​មុន ដូច​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០០៩៖ «បើក​ទំនប់​មែន ឮ​ខាង​ប៉ូលិស​ព្រំដែន​គេ​ប្រាប់​ថា​គេ​បើក។ គេ​បើក​ផ្ទួនៗ មួយ​ថ្ងៃ​គេ​បើក​ពីរ​ដង។ បើ​សិន​អត់​មាន​បើក​ទំនប់ ក៏​អត់​លិច​ដល់​ប្រជាពលរដ្ឋ​ដែរ»

អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​កត់​សម្គាល់​ថា មិន​ទាន់​មាន​ទឹក​ជំនន់​លិច​ភូមិ​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ ប្រសិន​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នោះ៖ «ខ្ញុំ​អត់​ដឹង​ថា​បើក​មិន​បើក​ទេ ប៉ុន្តែ​សំខាន់​ទឹក​វា​ច្រើន​ប៉ុណ្ណឹង​បាន​ហើយ។ អត់​ទាន់​លិច​ដល់​ភូមិ​ដាលលែង ហ្នឹង ទឹក​ទើប​ចូល​មួយ​កង់ៗ​តិចៗ​នាច​ពី​អូរ​ខាង​ក្រោយ​ហ្នឹង»

គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​ថា ជូន​ដំណឹង​រយៈពេល​បី​ថ្ងៃ​មុន​នឹង​ភាគី​វៀតណាម បើក​បង្ហូរ​ទឹក​ទំនប់។

យ៉ាង​នេះ​ក្តី មន្ត្រី​អង្គការ​ទន្លេ​បី​ដដែល កត់​សម្គាល់​ថា ភាគី​វៀតណាម មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​ស្ដីពី​រយៈពេល​ជូន​ដំណឹង​នៃ​ការ​បើក​ទឹក​ទំនប់​នោះ​ឡើយ៖ «វា​បើក​មក​គំហុកៗ​បង្ខំៗ​ភ្លាមៗ​ណា។ លិខិត​ហ្នឹង​យើង​ទទួល​បាន​ថ្ងៃ​ហ្នឹង វា​បើក​មក​ថ្ងៃ​ហ្នឹង ផ្ញើ​មក​យើង​ភ្លាមៗ។ អាជ្ញាធរ​ដែន​ដី និង​ប្រជាពលរដ្ឋ មិន​អាច​ត្រៀម​ខ្លួន​បាន»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។