ជនជាតិ​ព្នង​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ដេញ​ក្រុមហ៊ុន​ដី​សម្បទាន​មួយ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី

ដោយ វណ្ណ វិចារ
2014.12.27
ផែនទី​ខេត្ត​មណ្ឌលគិរី ៨៥៥ ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ប្រជា​សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ដេញ​ក្រុមហ៊ុន​ឯកជន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចេញ​ពី​តំបន់​នោះ។

តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ដាក់​សំណើ​សុំ​អន្តរាគមន៍​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ដើម្បី​ផ្តល់​យោបល់​ផ្លូវ​ច្បាប់ និង​ឃ្លាំ​មើល​ការ​បំពាន​សិទ្ធិ។

តំណាង​ប្រជាពលរដ្ឋ លោក ម៉ើល ចែវ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដាំ​កៅស៊ូ​ឈ្មោះ ខេភីស អ៊ិនវេសមែន ប្រាប់​ពលរដ្ឋ​ថា ពួក​គេ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល ដើម្បី​កាប់​ព្រៃ​ដាំ​កៅស៊ូ​ក្នុង​ភូមិសាស្ត្រ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ប៉ុន្តែ​ក្រុមហ៊ុន​ខ្លួន​ឯង​មិន​ដឹង​ថា ដី​នោះ​នៅ​ទីណា​ឡើយ។លោក​បន្ត​ថា ក្រុមហ៊ុន​ដាំ​កៅស៊ូ​នេះ​មាន​បំណង​កាប់​បំផ្លាញ​ព្រៃ​អារក្ស​របស់​អ្នក​ភូមិ យក​ដី​ដាំ​កៅស៊ូ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មិន​សុខ​ចិត្ត​នោះ​ទេ។

តាម​ឯកសារ​គម្រោង​សង្ខេប​របស់​ក្រុមហ៊ុន ខេភីស បង្ហាញ​ថា ក្រុមហ៊ុន​នេះ​បាន​ទទួល​អនុក្រឹត្យ​ពី​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ ដោយ​កាត់​ដី​ឲ្យ​ក្រុមហ៊ុន​នេះ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ណាមលៀរ ចំនួន ៥០០​ហិកតារ។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាត់​ដី​នេះ​ឲ្យ​ខ្លួន​ដែរ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សុក រដ្ឋា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​នឹង​ឃ្លាំ​មើល​បញ្ហា​នេះ។ ប៉ុន្តែ​លោក​គិត​ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច នឹង​មិន​ជំទាស់​ឡើយ បើ​ការ​អភិវឌ្ឍ​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​នោះ។ ផ្ទុយ​ទៅ​វិញ បើ​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ហិនហោច​ធនធាន​ធម្មជាតិ​នោះ នឹង​បណ្ដាល​ឲ្យ​ពលរដ្ឋ​ក្តៅ​ក្រហាយ​ដោយ​ជៀស​មិន​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។