ពលរដ្ឋ​ថា ​ការ​ស្លាប់ ​២​នាក់ និង​ ៤៨​នាក់​ឈឺ​នៅ​ក្រចេះ​ពុំ​មែន​ពុល​ស្រា​ស​ទេ គឺ​ពុល​ទឹកអូរ

មួង ណារ៉េត
2018-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
Social Media

ពលរដ្ឋ​រងគ្រោះ​ពុល​ទឹក​ព្រែក​ទេរ នៅ​ខេត្ត​ក្រចេះ បដិសេធ​ថា ករណី​ពលរដ្ឋ ២​នាក់​ស្លាប់ និង​៤៨នាក់ បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ពុំ​មែន​បណ្ដាល​មក​ពី ពុល​ស្រា​ស​ដូច​ការ​លើកឡើង របស់​ក្រសួង​សុខាភិបាល​នោះ​ទេ។ ពួកគេ​អះអាង​ថា មនុស្ស​ជិត ៥០​នាក់ មាន​អាការៈ​ខុស​ប្រក្រតី​ទាំងនោះ ពុំ​បាន​បរិភោគ​ស្រា​ស នៅ​មុន​ពេល​កើតហេតុ​នោះ​ទេ ហើយ​ក៏​មាន​កុមារ​មួយ​ចំនួន រងគ្រោះ​ពី​បាតុភាព​នេះ​ដែរ។

ពលរដ្ឋ​រងគ្រោះ​សង្ស័យ​ពុល​ទឹកអូរ​ចាត់​ទុក ការ​សន្និដ្ឋាន​យ៉ាង​លឿន របស់​ក្រសួងសុខាភិបាល​ថា ជា​លេស​យករួចខ្លួន និង​គេចវេះ​ពី​ការទទួលខុសត្រូវ​លើ​សុខភាព​​ពលរដ្ឋ។ ពួកគេ​អះអាង​ថា អ្នកភូមិ​ជាច្រើន​នាក់​មាន​អាការៈ​ពុល​ទាំងនោះ រស់នៅ​ឃុំ​ស្វាយជ្រះ និង​ឃុំ​ស្នួល ពុំ​បាន​បរិភោគ​ស្រា​ស មុន​ពេល​កើតហេតុ​នោះ​ទេ។

ពលរដ្ឋ​ដែល​បាន​ទៅ​ឃើញ​ជនរងគ្រោះ​នៅ​មន្ទីរ​សុខាភិបាល​បង្គោល​ក្នុង​មូលដ្ឋាន ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ជនរងគ្រោះ ៤៨​នាក់ មាន​អាការៈ​ធូស្រាល​ច្រើន​ហើយ និង បាន​វិល​ទៅ​លំនៅឋាន​វិញ​ចំនួន ២៧នាក់។ លោក​ថា ពលរដ្ឋ​ពុល​ទាំងនោះ សុទ្ធសឹងតែ​អះអាង​ថា ពុំបាន​បរិភោគ​ស្រា​ស​នោះ​ទេ គឺ​ពួកគាត់​បាន​ប្រើប្រាស់​ទាំង​អូរ​គគីរ និង​អូរ​ចឹង ឋិត​នៅ​ភូមិ​ស្វាយ​ជ្រះ ស្រុក​ស្នួល។ លោក​បន្ថែម​ថា មុន​ពេល​កើតមាន​បាតុភាព​នេះ ជនរងគ្រោះ​មាន​អាការៈ វិលមុខ និង​ទន់​ដៃជើង ពោល​គឺ​មាន​អាការៈ​ដូច ពលរដ្ឋ​ដែល​ស្លាប់ ១៨​នាក់ ដោយសារ​ពុល​ទឹក​ព្រែកទេរ កាលពី​អំឡុង​ខែ​ឧសភា​កន្លង​ទៅ។ «»

កាលពី​ថ្ងៃទី​១៤ កក្កដា លោក វិជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ពលរដ្ឋ​មាន​អាការៈពុល​នេះ មាន​រោគសញ្ញា​ពុល​ស្រា​ស។ លោក​ថា មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ពិសោធន៍​នៅ​ថ្នាក់​ជាតិ ដើម្បី​បញ្ជាក់​កាន់តែ​ច្បាស់។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​លើកឡើង​នេះ គឺជា​លេស​ឆ្លើយ​យករួចខ្លួន គេច​ពី​ការទទួលខុសត្រូវ និង​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អធិការ​ស្រុក​ស្នួល លោក ចាន់ សុខគីង តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នកទទួល នៅ​ថ្ងៃទី១៥ កក្កដា។

ក្រោយពី​កើត​មាន​បាតុភាព​នេះ នគរបាល និង​តំណាង​អយ្យការ​ខេត្ត​ក្រចេះ បាន​ចុះ​បិទ​ទីតាំង​ផលិត​ស្រា​ស ១​កន្លែង នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ ជា​បណ្ដោះអាសន្ន។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ គឺជា​ទង្វើ​បង្វែរ​សំណុំរឿង បន្លំ​ភ្នែក​មហាជន ខណៈ​ដែល​ពលរដ្ឋ​រង​គ្រោះ​នៅតែ​អះអាង​ថា ពួកគេ​រងគ្រោះ​ដោយសារ​ប្រើប្រាស់​ទឹក ដែល​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បង្ហូរ​កាកសំណល់​ចូល។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) យល់ថា អាជ្ញាធរ​បាន​ទម្លាក់កំហុស បាតុភាព​នេះ លើ​ការ​ពុល​ស្រា​ស​យ៉ាង​លឿន នៅ​គ្រា​ដែល​មន្ត្រី​ជំនាញ​មិនទាន់​ធ្វើការ​ពិសោធន៍ និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​។ លោក​ថា ការ​ទម្លាក់​កំហុស​លើ​ការ​ពុល​ស្រា​ស គឺជា​ស្ទីល​របស់​អាជ្ញាធរ ដើម្បី​បញ្ចប់​ការ​ស៊ើបអង្កេត​រក​ការពិត ហើយ​ពលរដ្ឋ​នៅតែ​ទទួលរង​គ្រោះ។ «»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ឲ្យ​ដឹង​ថា សមាគម​អាដហុក​មិនទាន់​ចុះ​អង្កេត​រឿង​នេះ​ទេ។ លោក​យល់ថា បាតុភាព​ពុល​នេះ​មាន​ចំណុច​សង្ស័យ​ជាច្រើន ខណៈ​ការ​លើកឡើង​របស់​អាជ្ញាធរ និង​ពលរដ្ឋ​មាន​ភាព​ផ្ទុយគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

យួន លុកពីគ្រប់ទិស
យកកោះត្រល់
រំកិលព្រុំដែន
យកខេត្ត៤បន្ថែម
បណ្តេញខ្មែរដោយបំពុលសម្លាប់
ចូលរស់នៅ
យកសញ្ជាតិ បោះឆ្នោត
ស៊ីដាច់

Jul 17, 2018 06:55 AM

គេហទំព័រ​ទាំងមូល