លោក ហ៊ុន សែន ព្រមាន​ផ្ដាច់​ភ្លើង​ចេញ​ពី​ផ្ទះ​អ្នក​បរិស្ថាន​ដែល​ប្រឆាំង​ការ​អភិវឌ្ឍ​វារីអគ្គិសនី

ដោយ ប្រាជ្ញ ចេវ
2015-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាត់​ភ្លើង​ចេញ​ពី​ផ្ទះ​អ្នក​បរិស្ថាន ដែល​លោក​ហៅ​ថា​អ្នក​បរិស្ថាន​ជ្រុល​និយម ដោយ​ផ្តល់​ភ្លើង​ចន្លុះ​ជំនួស​វិញ​ម្តង។ ប៉ុន្តែ​ប្រសាសន៍​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ទទួល​បាន​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា នេះ​ជា​ការ​រើសអើង​ពលរដ្ឋ​ខ្លួន​ឯង ព្រោះ​រដ្ឋាភិបាល​មាន​តួនាទី​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

សារ​ព្រមាន​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ខណៈ​បណ្ដា​ខេត្ត​មួយ​ចំនួន​ធំ​របស់​កម្ពុជា បាន​បង្កើត​ទំនប់​វារីអគ្គិសនី ប៉ុន្តែ​កម្ពុជា នៅ​ពឹង​លើ​ភ្លើង​អគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដដែល។

យ៉ាង​ណា​មិញ កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក គ្រាន់​តែ​បញ្ហា​បច្ចេកទេស និង​ដាច់​ចរន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​កម្ពុជា ដាច់​ភ្លើង​ទូទាំង​ប្រទេស។

ថ្លែង​ពី​ខេត្ត​កោះកុង ក្នុង​ពិធី​សម្ពោធ​វារីអគ្គិសនី​ស្ទឹង​តាតៃ ដែល​មាន​អានុភាព​ផលិត​ថាមពល​អគ្គិសនី ២៤៦​មេហ្គា​វ៉ាត់ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក ហ៊ុន សែន ប្រាប់​ទៅ​មន្ត្រី​របស់​លោក​ឲ្យ​នាំ​គ្នា​ផលិត​ភ្លើង​ចន្លុះ​យក​ទៅ​ឲ្យ​អ្នក​បរិស្ថាន​និយម ជំនួស​ដោយ​ការ​ផ្តល់​ភ្លើង​អគ្គិសនី​ប្រើប្រាស់។ លោក​បន្ត​ថា អ្នក​បរិស្ថាន​និយម​ដែល​តែង​តែ​ជំទាស់​គ្រប់​រឿង​លើ​ការ​អភិវឌ្ឍ៖ «តើ​យើង​ហ៊ាន​លះ​បង់​ដី​ជាង​ពីរ​បី​ពាន់​ហិកតារ ដើម្បី​បម្រើ​ពលរដ្ឋ​ទូទាំង​ប្រទេស បង្កើត​ការងារ​ឲ្យ​មនុស្ស​រាប់​ម៉ឺន ឬ​ចូល​ដល់​លាន​នាក់​នោះ​ទេ ព្រោះ​ថា ពួក​បរិស្ថាន​និយម​មួយ​ចំនួន ដែល​តែង​តែ​ជំទាស់​ការ​អភិវឌ្ឍ​ស្អី​ក៏​ទាស់​ដែរ ចឹង​មាន​តែ​វិធី​មួយ​ចំនួន​សុំ​នាំ​គ្នា​ផលិត​ចន្លុះ​ជូន​ទៅ​ដល់​ផ្ទះ​ពួក​បរិស្ថាន​ជ្រុល​និយម ហើយ​កាត់​ភ្លើង​ពី​ផ្ទះ​ពួក​គាត់»

មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ព្រមាន​ក្រុម​អ្នក​បរិស្ថាន​បែប​នេះ។ កាល​ពី​ខែ​កុម្ភៈ រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន បាន​បណ្ដេញ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញ​ពី​កម្ពុជា ព្រោះ​តែ​ប្រឆាំង​នឹង​គម្រោង​សាងសង់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង។

អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ RFA/Brach Chev
អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ RFA/Brach Chev

នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​បរិស្ថាន ឲ្យ​ដឹង​ថា ការ​ប្រឆាំង​ជំទាស់​នឹង​គម្រោង​វារីអគ្គិសនី​របស់​អង្គការ​សង្គម​ស៊ីវិល ព្រោះ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​របាយការណ៍​ទាក់ទង​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ខណៈ​ពួក​គេ​រក​ឃើញ​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​មនុស្ស​មាន​ទំហំ​ធំ​ធេង។ លោក​បន្ត​ថា ការ​ផ្តល់​ភ្លើង​ពី​រដ្ឋ​ដល់​ប្រជាពលរដ្ឋ ជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ពី​ការ​ផ្តល់​សេវា​បាន​ល្អ​ប្រសើរ ដែល​មិន​មាន​ការ​រើសអើង៖ «ខ្ញុំ​មិន​ធ្វើ​ការ​បកស្រាយ​ទៅ​លើ​ការ​យល់​ឃើញ​ទេ ប៉ុន្តែ​ជា​ទិដ្ឋភាព​នៃ​ការ​យល់​ឃើញ រដ្ឋាភិបាល​ជា​អ្នក​ដឹក​នាំ​ប្រជាពលរដ្ឋ ត្រូវ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ»

ទន្ទឹម​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន រួម​មាន ខេត្ត​កោះកុង កំពង់ស្ពឺ កំពត ពោធិ៍សាត់ និង​ខេត្ត​ស្ទឹងត្រែង ជាដើម ក្នុង​ខេត្ត​ស្ទឹងត្រែង ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ ក្រុម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​រាប់​រយ​គ្រួសារ នៅ​តែ​ប្រឆាំង​ទាស់​ការ​សាងសង់​នេះ រហូត​ដល់​ពលរដ្ឋ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​អ្នក​វិនិយោគ​នោះ​ទៀត​ផង។

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន ៧​កន្លែង និង​សិក្សា​លើ​គម្រោង​ចំនួន ១៧​កន្លែង​ទៀត។ ទំនប់​វារីអគ្គិសនី​ទាំង ៧​កន្លែង​នោះ សាងសង់​ដោយ​មាន​ទុន​វិនិយោគ​ពី​បរទេស ជាពិសេស​ពី​ប្រទេស​ចិន។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា ប្រសាសន៍​របស់ លោក ហ៊ុន សែន បែប​នេះ គឺ​ជា​ការ​រើសអើង​សកម្មជន​បរិស្ថាន។ ផ្ទុយ​ពី​សម្ដី​របស់​ប្រមុខ​រដ្ឋាភិបាល អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ​យល់​ថា សកម្មជន​បរិស្ថាន​គួរ​តែ​ត្រូវ​បាន​លើក​តម្កើង៖ «ពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ឃើញ​ដូច​គ្នា ឬ​ខុស​គ្នា​ពី​ការ​អភិវឌ្ឍ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ យើង​មិន​ត្រូវ​រើសអើង​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ពី​ការ​មិន​ឲ្យ​ភ្លើង​ប្រើ ឬ​មិន​ឲ្យ​ភ្លើង​ប្រើ​នោះ​ទេ នេះ​ជា​ការ​រើសអើង»

សព្វថ្ងៃ ប្រទេស​កម្ពុជា កំពុង​ដំណើរ​ការ និង​សាងសង់​វារីអគ្គិសនី​នៅ​តាម​បណ្ដា​ខេត្ត ដូចជា វារីអគ្គិសនី​កំចាយ នៅ​ខេត្ត​កំពត ផលិត​អគ្គិសនី​បាន​ចំនួន ១៩៣​មេហ្គា​វ៉ាត់។ វារីអគ្គិសនី​អាតៃ នៅ​ខេត្ត​ពោធិ៍សាត់ ផលិត​បាន​អគ្គិសនី ១២០​មេហ្គា​វ៉ាត់។ វារីអគ្គិសនី​តាតៃ នៅ​ខេត្ត​កោះកុង ផលិត​បាន​អគ្គិសនី​ចំនួន ២៦០​មេហ្គា​វ៉ាត់។ វារីអគ្គិសនី​គិរីរម្យ​៣ នៅ​ខេត្ត​កំពង់ស្ពឺ ផលិត​បាន​អគ្គិសនី​ចំនួន ១៨​មេហ្គា​វ៉ាត់។ វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម នៅ​ខេត្ត​កោះកុង ផលិត​បាន ៣៣៨​មេហ្គា​វ៉ាត់។

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ទី​១ នៅ​ខេត្ត​ព្រះសីហនុ ផលិត​អគ្គិសនី​បាន​ចំនួន ១០០​មេហ្គា​វ៉ាត់។ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ទី​២ អាច​ផលិត​បាន​អគ្គិសនី ២៧០​មេហ្គា​វ៉ាត់ និង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​កំពុង​សាងសង់ អាច​នឹង​ផ្តល់​អគ្គិសនី​បាន​ជាង ៤០០​មេហ្គា​វ៉ាត់៕

សូម​ស្ដាប់​បទ​សម្ភាសន៍​របស់ លោក ជុន ច័ន្ទបុត្រ ជាមួយ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី បន្ថែម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (24)
Share

អ្នក​អាន​អនាមិក

ប៉ុលពតដុតកង់ឡានណាស៎

Jan 07, 2016 06:25 AM

Chea Mukai

ពី Phnom penh

Hun Sen is not Cambodian prime minister, but he is CPP' s prime minister only.

Dec 24, 2015 11:53 AM

អនាមិក

ពី សៀមរាប អង្គរ

សូមគណបក្សប្រជាជនឆ្លុះកញ្ចក់មើលមុខខ្លួនឯងផង។ ផ្ទាំងប៉ាណូគណបក្សប្រជាជនកាលពីមុនមានរូបសម្ដេច៣ ឥឡូវប៉ាណូព្រោងព្រាតមានសម្ដេចតែ២ទេ។ ចុះមួយ ឬធ្លាក់មួយ ឬ៣៣.៣៣% ឬ១ភាគ៣។ ១ភាគ៣ នៃ៦៨ ថា ២៣ចុះ។ រូបប៉ាណូនេះអាចជាប្រផ្នូលថា ដល់បោះឆ្នោត២០១៨ គណបក្សប្រជាជនកម្ពុជានឹងនៅសល់តែ២២ ឬ២៣ កៅអីក្នុសភាតែប៉ុណ្ណោះទេ។ នេះជាទំនាយហុងស៊ុយមើលលើប៉ាណូមានសម្ដេច២ ហើយពីមុនមានសម្ដេចដល់ទៅ៣។ បច្ចុប្បន្ន ស្រុកខ្មែរមានសម្ដេចអត់លោហិតជាស្ដេច៥ គឺ១សម្ដេចហ៊ុន សែន ២សម្ដេចហ៊ុន សែនប៊ុនរ៉ានី ៣សម្ដេចហេង សំរិន សម្ដេចសាយ ឈុំ និងសម្ដេចស ខេង។ ហេតុដូចម្ដេចបានជាគណបក្សប្រជាជនកម្ពុជារកសម្ដេច៣ ដាក់លើប៉ាណូមិនបាន។ ដាក់សម្ដេចហ៊ុន សែនប៊ុនរ៉ានីមិនកើតពីព្រោះសម្ដេចមិនមែនជាបុគ្គលនយោបាយ។ សម្ដេចសាយ ឈុំម្ដងម្កាលជាប្រមុខរដ្ឋស្តីទី។ សម្ដេចស ខេងម្ដងម្កាលជានាយករដ្ឋមន្ត្រីស្ដីទី។ សំណួរ៖ ម្ដេចមិនដាក់សម្ដេចសាយ ឈុំ ឬសម្ដេចស ខេងឲ្យបានសម្ដេច៣នៅលើប៉ាណូទៅ។មានរឿងស្លាក់ដាក់មិនកើត ហើយគឺមានតែសម្ដេចទាំង៥ នោះទេដែលដឹង។

Dec 24, 2015 08:21 AM

(

ហ៊ុន សែន កាន់អំណាចបាន ដោយសារ បង្កើតតំបន់អបគមន៍ នៅត្រើយខាងកើត ទន្លេមេគង្គ ដែលមាន កងទ័ពវៀតណាម គាំទ្រ គំរាម សំឡុត វ៉ៃ បាញ់សម្លាប់ ប្រជាពលរដ្ឋ !

Dec 24, 2015 03:45 AM

អ្នក​អាន​អនាមិក

តម្លៃ ភ្លើងអគ្គីសនីខ្មែរ មិនត្រឹមថ្លៃជាងប្រទេសជិតខាង 1 ជា 3 ទេ គឺ ថ្លៃជាង 1 ជា 5 ទៅ 1 ជា 10 ទៀតផង !
មិនបាច់មកអួត ទេ តាហ៊ុន សែន អើយ ខ្លួនអន់នៅតែអន់ដដែលនឹង !

Dec 24, 2015 12:55 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល