កម្ពុជា​ជំរុញ​ផែនការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ផលិត​ពី​វារីអគ្គិសនី​និង​ធ្យូង​ថ្ម​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២០

ដោយ សន ចាន់រដ្ឋា
2018-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
RFA/Mom Sophon

មន្ត្រី​ក្រសួង​ថាមពល​បាន​អោយ​ដឹង​ថា កម្ពុជា​នឹង​ជំរុញ​ផែនការ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​ផលិត​ចេញពី​ទំនប់​វារីអគ្គិសនី និង​ធ្យូងថ្ម​សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២០​ខាងមុខ ប៉ុន្តែ​ថាមពល​ដែល​ទាញ​ចេញពី​ប្រព័ន្ធ​សូឡា​ព្រះអាទិត្យ​នៅ​តែ​មាន​តួនាទី​ដ៏​សំខាន់​ដដែល ជាពិសេស​នៅ​តំបន់​ជនបទ​ដាច់ស្រយាល។

របាយការណ៍​ធនាគារ​ពិភពលោក​ផ្សាយ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ចាប់ផ្ដើម​ប្រើប្រាស់​ភ្លើង​កើន​ឡើង​ខ្លាំង ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ដែល​នៅ​ពេល​នោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ​១៦​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​អគ្គិសនី​ប្រើប្រាស់។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) បាន​ដកស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក ចនណា វិកទ័រ (Victor Jona) ថា បច្ចុប្បន្ន​នេះ ភូមិ​ចំនួន ៨៧​ភាគរយ និង​ផ្ទះសំបែង​ប្រមាណ​៧៣% បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រួចរាល់​ហើយ។

លោក​បន្ថែម​ថា ថាមពល​អគ្គិសនី ដែល​បាន​មកពី​ទំនប់​វារីអគ្គិសនី​មាន​ចំនួន​៤០% បាន​មក​ពី​ការប្រើប្រាស់​ធ្យូងថ្ម មាន​ចំនួន​៣៦​ភាគរយ ហើយ​គម្រោង​បន្ថែម​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាងសង់​នៅឡើយ។

ក្រៅ​ពី​នេះ​ទៀត ការប្រើប្រាស់​អគ្គិសនី​គឺ​ទិញ​មកពី​ប្រទេសជិតខាង។ លោក​បន្ត​ទៀត​ថា របប លោក ហ៊ុន សែន ក៏​មាន​ផែនការ​ពង្រីក​បន្ថែម​ទៀត​នូវ​ការប្រើប្រាស់​ថាមពល​សូឡា​ពន្លឺ​ព្រះអាទិត្យ​ដល់​សហគមន៍ ដែល​កា​រត​បណ្ដាញ​អគ្គិសនី​មានការ​ពិបាក​ចូល​ទៅ​ដល់។

លោក​ថា ការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​កម្លាំង​៦០​ម៉េហ្កាវ៉ាត់ ដែល​ទាញ​ចេញពី​ប្រព័ន្ធ​សូឡា​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៩។ ដោយឡែក​រោងចក្រ​ផលិត​ថាមពល​ដែល​ដើរ​ដោយ​ធ្យូងថ្ម កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាងសង់​នៅឡើយ ដែល​រោងចក្រ​នេះ​នឹង​ផ្ដល់​ថាមពល​អគ្គិសនី​ចំនួន​១៥០​ម៉េហ្គាវ៉ាត់​នៅ​ឆ្នាំក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល