គណៈរដ្ឋមន្ត្រី​គ្រោង​ប្រជុំ​ពី​គម្រោង​វារីអគ្គិសនី​នៅ​ពោធិ៍សាត់​និង​កំពង់ឆ្នាំង​ក្រោយ​ដាច់​ភ្លើង​ញឹកញាប់

ដោយ សេក បណ្ឌិត
2019.04.04
ទំនប់​វារីអគ្គិសនី អាតៃ ៦១០ តំបន់​ស្តុក​ទឹក​ទី​៤ នៃ​ទំនប់​វារីអគ្គិសនី អាតៃ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
RFA

គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុងភ្នំពេញ​គ្រោង​ប្រជុំ​ពិភាក្សា​លើ​គម្រោង​វិនិយោគ​វារីអគ្គិសនី​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ស្រប​ពេល​ភ្លើង​អគ្គិសនី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ដាច់​ញឹកញាប់។ សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​កម្ពុជា​យកចិត្ត​ទុកដាក់​វិនិយោគ​វិស័យ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ ឬ​បន្ទះ​សូឡា ទើប​ជា​ដំណោះស្រាយ​ល្អ។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​០៣ ខែ មេសា​ថា ប្រមុខ​រាជរដ្ឋាភិបាល នឹង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​នៅ ថ្ងៃទី​៥ ខែ​មេសា ខាងមុខ ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​គម្រោង​វិនិយោគ​វារីអគ្គិសនី ស្ទឹង​ពោធិ៍សាត់​១​កន្លែង ទំហំ ៨០​មេហ្កាវ៉ាត់ (MW) និង​នៅ​កំពង់ឆ្នាំង ១​កន្លែង ៦០​មេហ្កាវ៉ាត់ (MW) និង​របៀបវារៈ​មួយ​ចំនួន​ទៀត។

ប៉ុន្តែ​លោក ផៃ ស៊ីផាន មិន​ទាន់​ឱ្យ​ដឹង​ស៊ីជម្រៅ​ទាក់ទង​ទៅ​នឹង​គម្រោង​វិនិយោគ​វារីអគ្គិសនី ទាំងពីរ​កន្លែង​នេះ​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​មិនទាន់​ទទួល​របាយការណ៍​ពិស្ដារ​ជុំវិញ​រឿង​នេះ​នៅឡើយ​ទេ៖ «ដល់​គេ​ផ្ញើ​ឯកសារ​មក ទើប​អាច​ជម្រាប​បាន ឥឡូវនេះ​ទើប​ចេញពី​ព្រះវិហារ​មក ហើយ​ពេល​ស្អែក​បាន​ចាំ​ស្រាវជ្រាវ​បាន​ទុក​សិន​ចុះ​ថ្ងៃ​ហ្នឹង យើង​និយាយ​អត់​កើត​ទេ​ព្រោះ​ខ្ញុំ​អត់​មាន​ឯកសារ​ហ្នឹង»

ចំណែក​អគ្គ​នាយ​នៃ​អគ្គនាយក​ថាមពល និង​ជា​ក្រុម​អ្នកនាំពាក្យ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល លោក វុចទ័រ ហ្សូនា ក៏​មិន​អាច​សុំ​ការ​ពន្យល់​ករណី​នេះ​បាន​ដែរ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ដំណឹង​ស្ដីពី​គម្រោង​វិនិយោគ​វារីអគ្គិសនី នៅ​ស្ទឹង​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ឱ្យ​ដឹង​ដោយ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​នេះ គឺ​នៅ​មួយថ្ងៃ​បន្ទាប់ពី​លោក ហ៊ុន សែន ខឹង​សម្បារ​ទៅ​នឹង​ពលរដ្ឋ និង​អ្នក​បរិស្ថាន​ដែល​សង្ស័យ​ថា ការ​ដាច់​ភ្លើង​ជា​លេស ដើម្បី​សង់​វារីអគ្គិសនី​បន្ថែម​ទៀត។ លោក ហ៊ុន សែន ថែមទាំង​បញ្ជាក់​ថា មិន​ដឹង​ត្រូវ​ធ្វើ វារីអគ្គិសនី​នៅ​ទី​ណា​ទៀត​នោះ​ទេ៖ «វា​ថា​យើង​ផ្ដាច់​ភ្លើង​នេះ ដើម្បី​យើង​មាន​លេស​ធ្វើ​វារីអគ្គិសនី​ថែម​សួរ​ទៅ​ធ្វើ​នៅ​កន្លែង​?»

ទោះ​លោក ហ៊ុន សែន អះអាង​បែបនេះ​ក្ដី តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន​សង្ស័យ​ថា កម្ពុជា​ចិញ្ចឹម​ចិត្ត​ទុកជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា នឹង​កសាង​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​នៅ​លើ​តួ​នៃ​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ក្រចេះ។

របាយការណ៍​ស្ថាពរ​ស្ដីពី​ការវាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ ក្នុង​ខេត្ត​ក្រចេះ​ព្រមាន​ធ្ងន់ៗ​ថា ការ​អនុម័ត​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​គឺ​មាន​ន័យ​ស្មើនឹង «​ការ​សម្លាប់​ជីវិត»ទន្លេ​មេគង្គ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez – Davidson) (​ឬ​ហៅ​អា​ឡិច​) ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន​ឱ្យ​ដឹង​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ទាក់ទង​គម្រោង​វិនិយោគ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់ និង​កំពង់ឆ្នាំង​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​សកម្មជន​បរិស្ថាន​រូប​នេះ​យល់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​យកចិត្តទុកដាក់​ធ្វើការ​វិនិយោគ​រក​ប្រភព​អគ្គិសនី​ពី​បន្ទះ​សូឡា ព្រោះ​ថាមពល​ប្រភេទ​នេះ មិន​ប៉ះពាល់​ការរស់នៅ​របស់​ពលរដ្ឋ បរិស្ថាន ចំណេញ​ពេលវេលា និង​ចំណាយ​លុយ​តិច៖ «អ៊ីចឹង​ខ្ញុំ​ថា បើ​ប្រៀបធៀប​នឹង​ការ​ចំណាយ​ថាមពល​វារីអគ្គិសនី ជាមួយ​ការ​ចំណាយ​ថាមពល​ផ្ទាំង​សូឡា សូឡា​ថោក​ជាង​វារីអគ្គិសនី​ឆ្ងាយ​ហើយ​អត់​ចាំបាច់​ជម្លៀស​ប្រជាជន មិន​ចាំបាច់​កាប់​ឈើ ហើយក៏​មិន​ប៉ះពាល់​មច្ឆា​ជាតិ​ក្នុង​ស្ទឹង»

ប្រតិភូ​របប​ក្រុងភ្នំពេញ​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC)  លោក កែវ រតនៈ ឱ្យ​ដឹង​តាមរយៈ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​ហ្វេសប៊ុក​អគ្គិសនី​កម្ពុជា​ថា ថាមពល​រដ្ឋ​ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ ឬ​បន្ទះ​សូឡា​គឺជា​អគ្គិសនី​ស្អាត​។ លោក​អះអាង​ថា បើ​គម្រោង​ឧទ្យាន​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ​ល្អ រដ្ឋ​នឹង​សាងសង់​ប្រភព​ថាមពល​បែបនេះ​បន្ត​ទៀត​ក្នុង​តំបន់​ផ្សេងៗ​​ទៀត៖ «ឥឡូវនេះ​យើង​ឈាន​មួយ​កម្រិត​ទៀត យើង​ប្រើប្រាស់​ថាមពល​ដែល​ទេវតា​ឱ្យ​គឺ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ហើយ​ថាមពល​នេះ​ជា​ថាមពល​កកើត​ឡើងវិញ​ជា​ថាមពល​ស្អាត​ដែល​មាន​លក្ខណៈ​ល្អ​ជួយ​ដល់​បរិស្ថាន»

ប្រទេស​កម្ពុជា​សព្វថ្ងៃ​បាន​សាងសង់ និង​ដាក់​ឱ្យ​ដំណើរការ​វារីអគ្គិសនី​ដូចជា​៖ វា​រី អគ្គិសនី​គិរីរម្យ​១ ផ្ដល់​ថាមពល ១២​មេហ្គាវ៉ាត់ ទំនប់​វ៉ារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្ដល់​ថាមពល ៤០០​មេហ្គាវ៉ាត់ វារីអគ្គិសនី​ស្ទឹងឫស្សី​ជ្រុំក្រោម ផ្ដល់​ថាមពល ៣៣៨​មេហ្គាវ៉ាត់ វារីអគ្គិសនី​កំចាយ ផ្ដល់​ថាមពល ១៩៤.១ មេហ្គាវ៉ាត់ វារីអគ្គិសនី​គិរីរម្យ​៣ ផ្តល់​ថាមពល ១៨​មេហ្គាវ៉ាត់ វារីអគ្គិសនី​ស្ទឹង​អាតៃ ផ្ដល់​ថាមពល ១២០​មេហ្គាវ៉ាត់ វារីអគ្គិសនី​ស្ទឹង​តាតៃ ផ្ដល់​ថាមពល ២៤៦​មេហ្គាវ៉ាត់។

បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេសជិតខាង​រួមមាន​៖ វៀតណាម ថៃ ឡាវ និង​ពេល​ខាងមុខ​ឆាប់ៗ​នេះ​នឹង​នាំចូល​ពី​ប្រទេស​តូកគី។ សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា របប​ក្រុង​ភ្នំពេញ កំពុង​សិក្សា​គម្រោង​ជាង១០ ដើម្បី​សាងសង់​វារីអគ្គិសនី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។