ក្រុម​ឈ្មួញ​មាន​អំណាច​នៅ​ស្ទឹងត្រែង​កំពុង​រត់ពន្ធ​ដើម​វល្លិ​រមៀត​ទៅ​លក់​នៅ​ឡាវ​ដោយ​ខុសច្បាប់

ដោយ សុជីវី
2024.02.22
ក្រុម​ឈ្មួញ​មាន​អំណាច​នៅ​ស្ទឹងត្រែង​កំពុង​រត់ពន្ធ​ដើម​វល្លិ​រមៀត​ទៅ​លក់​នៅ​ឡាវ​ដោយ​ខុសច្បាប់ ទិដ្ឋភាពវល្លិរមៀត ច្រកបាវ​ដែល​គេ​បាន​កាប់ ដើម្បីយកទៅលក់ឱ្យឈ្មួញនាំចេញទៅប្រទេសឡាវ។ រូបកាលពីថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ក្រុម​ឈ្មួញ​មាន​អំណាច​នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង កំពុង​រត់ពន្ធ​ដើម​វល្លិ​រមៀត យក​ទៅ​លក់​នៅ​ប្រទេស​ឡាវ ដោយ​ខុសច្បាប់ ប្រមាណ​ជាង​២​ខែ​មក​ហើយ​។ សកម្មជន​និង​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ក្រុម​ឈ្មួញ​ទាំងនោះ​អាច​យក​ដើម​វល្លិ​រមៀត​ទៅ​ផលិត​ជា​គ្រឿងញៀន។ ចំណែក​អាជ្ញាធរ​ខេត្ត​ថា កំពុង​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​នេះ។

អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ដែល​គេ​ឃើញ​មាន​គោយន្ត​រាប់​សិប​គ្រឿង​បាន​ចូល​ទៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ដើម្បី​កាប់​ដើម​វល្លិ​រមៀត​នៅ​ត្រង់​ចំណុច ភ្នំ​ប៉ុងប៉ាយ អូរកំពី ភ្នំ​ស្វាយ ភ្នំ​វែង អូរដាក់លាប អូរចាយ និង​ដឹកជញ្ជូន​មក​លក់​ឲ្យ​ឈ្មួញ ស្ថិត​នៅ​ភូមិ​សាម៉ ឃុំ​សេកុង ស្រុក​សៀមប៉ាង ហើយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​បន្ត​តាម​រថយន្ត​សាំយ៉ុង​យក​ទៅ​លក់​នៅ​ប្រទេស​ឡាវ​តាម​ច្រក ដុងកាឡ នៃ​ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង។

ពលរដ្ឋ​នៅ​ភូមិ​សាម៉ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មេ​ឈ្មួញ​ឈ្មោះ សយ និង​បងប្រុស​របស់​គេ​ឈ្មោះ អេន បាន​ប្រកាស​ទិញ​ដើម​វល្លិ​រមៀត ពី​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​សម្រុក​ចូល​ទៅ​កាប់​នៅក្នុង​តំបន់​ការពារ។ លោក​ថា ពួកគេ​មិន​បាន​ដឹង​ថា ក្រុម​ឈ្មួញ​យក​ដើម​វល្លិ​រមៀត​ទាំងនោះ​ទៅ​ធ្វើ​អ្វី​ឡើយ ហើយក៏​មិន​ដឹង​ថា រុក្ខជាតិ​មួយ​នេះ​ច្បាប់​ហាមឃាត់​នោះ​ដែរ ប៉ុន្តែ​មេ​ឈ្មួញ​បាន​បញ្ជាក់​ប្រាប់​អ្នកភូមិ​យ៉ាង​ខ្លី​ថា ពួកគេ​បាន​បង់ប្រាក់​ឲ្យ​ទៅ​សមត្ថកិច្ច​រួចរាល់​ហើយ។

ចំណែក​អ្នក​កាប់​ដើម​វល្លិ​រមៀត ម្នាក់​នៅ​ភូមិ គីរីបាលលើ លោក បាំង ច្រើប ឲ្យ​ដឹង​ថា លោក​លក់​បាន ៥​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​លោក​និង​អ្នកភូមិ​ដទៃទៀត​នាំគ្នា​ចូល​ទៅ​កាប់​ដើម​វល្លិ​រមៀត នៅក្នុង​ឧទ្យានជាតិ វីរៈជ័យ ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ។ លោក​បន្ថែម​ថា អ្នកភូមិ មិនបាន​ដឹង​ថា ក្រុម​ឈ្មួញ​ទាំងនោះ​យក​ដើម​វល្លិ​រមៀត​ទៅ​ធ្វើ​អ្វី​នោះ​ឡើយ។

លោក បាំង ច្រើប៖ «អ្នកខ្លះ​ជួប​ការ​ទៅ​កាប់​នៅ​ចុង​អូរ​ចាន់​តង់​ក៏​មាន​ក្នុង​ឧទ្យានជាតិ​វីរៈជ័យ ពីព្រោះ​ខាង​នោះ​គេ​អនុញ្ញាត​ឲ្យ​ទៅ ខាង​វីរៈជ័យ​គេ​អនុញ្ញាត​ឲ្យ​ទៅ»

មេឃុំ​សេកុង លោក ចាន់ ស្រូយ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ថា នៅ​ស្រុក​សៀមប៉ាង ពិត​ជា​មាន​ការ​កាប់​ប្រមូល និង​ទិញ​ដើម​វល្លិ​រមៀត​មែន ហើយ​មេ​ឈ្មួញ​ជា​នរណា​នោះ លោក​មិន​បាន​ដឹង​នោះ​ទេ ពីព្រោះ​លោក​កំពុង​ជាប់​រវល់​ឃោសនា​រក​សំឡេងឆ្នោត។

លោក ចាន់ ស្រូយ៖ «ខ្ញុំ​ជាប់រវល់​ជិត​បោះឆ្នោត​ខ្ញុំ​អត់​បាន​ចុះ​តាម​ភូមិ​ទេ ទាល់តែ​សួរ​សមត្ថកិច្ច​ជំនាញ​គេ​ខ្ញុំ​អត់​សូវ​ដឹង ឃើញ​តែ​អ្នកស្រុក​អ្នកភូមិ​គាត់​រករឿង​បាយទឹក​គាត់​មិនដឹង»

រីឯ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត មាន​ការ​ព្រួយបារម្ភ​ខ្លាច​ក្រុម​ឈ្មួញ​ទាំងនោះ យក​ដើម​វល្លិ​រមៀត​ទៅ​ផលិត​ជា​គ្រឿងញៀន ពីព្រោះ​រុក្ខជាតិ​មួយ​នេះ​អាច​ផលិត​ជា​គ្រឿងញៀន​បាន។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ជំនាញ​ចុះ​ទប់ស្កាត់​ជាបន្ទាន់ ដោយសារ​ការ​រត់ពន្ធ​ដើម​វល្លិ​រមៀត គឺ​ជា​ទង្វើ​ខុស​ច្បាប់។

លោក លី ចាន់ដារ៉ាវុត៖ «ខ្ញុំ​បារម្ភ​ដែរ​ក្នុង​ករណី​នេះ​គឺថា​យើង​នាំ​វល្លិ៍​រមៀត​ចេញ​ទៅ​ឡាវ​មែន ប៉ុន្តែ​ចេញទៅ​ឡាវ​ហើយ​វល្លិ៍​រមៀត​ហ្នឹង គឺ​យើង​សង្ស័យ​បាន​ថា គេ​នឹង​យក​វា​ទៅ​ផលិត​ជា​គ្រឿងញៀន​ហើយ​អ្វី​ដែល​ខ្ញុំ​បារម្ភ គឺ​គេ​នឹង​នាំ​ចូល​មក​កម្ពុជា​វិញ ធ្វើ​ឲ្យ​យើង​ខាតបង់​អស់​លុយ​ជាតិ​រាប់​រយ​លាន​ដុល្លារ ហើយ​ខាតបង់​ធនធានមនុស្ស​ដោយ​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​ហ្នឹង ហើយ​ជាក់ស្ដែង​យើង​ឃើញ​ហើយ​ថា អ្នករងគ្រោះ​នៅ​កម្ពុជា​មាន​ច្រើន​មែន​ទែន»

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បង្ក្រាប​ជា​បន្តបន្ទាប់​ចំពោះ​ករណី​នេះ ហើយ​អាជ្ញាធរ​ក៏​កំពុង​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ទៅ​តាម​ច្បាប់។

លោក ម៉ែន គុង៖ «កម្លាំង​សមត្ថកិច្ច​គាត់​ធ្វើ​ការងារ​ហ្នឹងហើយ ហើយ​កន្លង​មក​បាន​ធ្វើ​ការ​ឃាត់​រថយន្ត​ប៉ុន្មាន​ហើយ ការងារ​ហ្នឹង​គាត់​បាន​អនុវត្ត​តាម​នីតិវិធី​ហើយ ធ្វើ​ការងារ​ហ្នឹង​ជាប្រចាំ​ហើយ បើ​ក្នុង​ករណី​មាន​ជនខិលខូច​ណា​លួច​ប្រព្រឹត្ត​ទៀត គឺ​បន្ត​ស្រាវជ្រាវ​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់ ខ្ញុំ​ទទួល​យក​ព័ត៌មាន​សិន ហើយ​ស្រាវជ្រាវ​រក​ព័ត៌មាន​ផ្សាយ​ព័ត៌មាន​បន្ថែម​ទៀត​ទាក់ទង​នឹង​កិច្ច​ការងារ​នេះ ក្នុង​ករណី​ចាំបាច់​ទាក់ទង​គ្នា​ពេល​ក្រោយ​ខ្ញុំ​នឹង​ជម្រាប​ជូន»

ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បង្ហាញ​ថា សមត្ថកិច្ច​ជំនាញ​ខាង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចាប់​រថយន្ត​សាំយ៉ុង​ចំនួន ២​គ្រឿង ដែល​បាន​ដឹក​ដើម​វល្លិ​រមៀត​ចំនួន ៤​តោន​ស្មើ​៨០​ការ៉ុង បម្រុង​ដឹកជញ្ជូន​ឆ្លងដែន នៅត្រង់​ព្រំដែន​កម្ពុជា​ឡាវ (ដុង​កាឡ) ស្ថិត​នៅ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ។

វល្លិរមៀត១.jpg
រូបភាពសមត្ថកិច្ចបង្ហាញជនជនល្មើសដឹកវល្លិរមៀតយកទៅលក់ឱ្យឈ្មួញនាំចេញទៅប្រទេសឡាវ កាលពីថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ រូប៖ ស្នងការនគរបាលខេត្ត​ស្ទឹងត្រែង

ទាក់ទិន​នឹង​បញ្ហា​នេះ នាយករង​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវតែ​ចុះ​សិក្សា​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ទៅលើ​ជនល្មើស​រកស៊ី​ជួញដូរ​វល្លិ​រមៀត​នេះ។

លោក អំ សំអាត៖ «នាំ​ចេញ​វល្លិ​រមៀត​ដោយ​ខុសច្បាប់​នេះ​ប្រសិន​បើ អាជ្ញាធរ​លោក​ធ្វើការ​ស៊ើបអង្កេត​រក​ទៅ​ឃើញ​ថា មាន​មន្ត្រី​ណា​ឬក៏​ជន​ណា​ដែល​ពាក់ព័ន្ធ​នៅ​ពី​ក្រោយខ្នង​ឬក៏​ចូលរួម​ក្នុង​ការ​នាំចេញ​វល្លិ៍​រមៀត​ដែល​ខុសច្បាប់​នេះ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​ខាន​តែ​បាន នឹង​ការ​អនុវត្ត​ច្បាប់​វា​មាន​ប្រសិទ្ធភាព»

កាលពី​ចុងឆ្នាំ​២០១៦​ក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ខូ អិលធីឌី (JINYIAN HUANGLIAN TRADKING Co., Ltd) និង​ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប Chhay Ching Heang Group Co., Ltd) បាន​សាងសង់​រោងចក្រ​កែច្នៃ​ដើម​វល្លិ​រមៀត ស្ថិតនៅ​ឃុំ​ឫស្សីជ្រំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​គ្រោង​ប្រមូល​វល្លិ​រមៀត នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ភូមិសាស្ត្រ​ខេត្ត​កោះកុង ។ ប៉ុន្តែ ត្រូវ​ក្រសួងបរិស្ថាន​បញ្ជា​ឲ្យ​បិទ​កន្លែង​កែច្នៃ​វល្លិ​រមៀត​នោះ​វិញ​ភ្លាម បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

វល្លិ​រមៀត (Yellow Vine) ជា​ប្រភេទ​រុក្ខជាតិ​វល្លិ​ម្យ៉ាង​ដែល​មាន​ក្លិន​ក្រពុល មាន​រស់​ជាតិ​ជូរ​ផ្អែម​ដូច​ស្ពាន់ធ័រ​លាយ​ជាមួយ​ស្ករត្នោត វា​ជា​សារធាតុ​មេ​សម្រាប់​ផលិត​គ្រឿងញៀន ជាពិសេស​អិចស្ដាស៊ី។

ច្បាប់​ស្ដីពី​ព្រៃឈើ ឆ្នាំ​២០០២ មាត្រា​៣២ ចែង​ហាមឃាត់ មិន​ឲ្យ​មាន​ការ​បង្កើត​មូលដ្ឋាន​កែច្នៃ វល្លិ​រមៀត ។ ចំណែក​មាត្រា​៩៧ ចែងថា ការ​បង្កើត​មូលដ្ឋាន​កែច្នៃ​វល្លិ​រមៀត ឬ​មូលដ្ឋាន​សិប្បកម្ម អនុផល​ព្រៃឈើ​ផ្សេងទៀត​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ព្រៃឈើ និង​មជ្ឈដ្ឋាន​ព្រៃឈើ និង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។