សហគមន៍​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ​ថា បទល្មើស​ព្រៃឈើ​បន្ត​កើត​មាន​ដោយសារ​មន្ត្រី​បរិស្ថាន​អសមត្ថភាព

ដោយ មាន ឫទ្ធិ
2024.03.26
សហគមន៍​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ​ថា បទល្មើស​ព្រៃឈើ​បន្ត​កើត​មាន​ដោយសារ​មន្ត្រី​បរិស្ថាន​អសមត្ថភាព បទល្មើសព្រៃឈើ​ដែលជនជាតិ​ដើម​ភាគ​តិច​កួយ​ប្រមាណ​១០នាក់ ​ប្រទះឃើញ ពេល​​ចុះ​ល្បាត​ព្រៃ​ព្រះរការ នៅខែមីនា ២០២៤។
រូប៖ ហ្វេសប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ

ជនជាតិ​ដើម​ភាគ​តិច​កួយ​រក​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ នៅ​ក្នុង​ព្រៃព្រះរការ​បន្ត​កើត​មាន ដោយសារ​តែ​មន្ត្រី​បរិស្ថាន និង​ឈ្មួញ​រក​ស៊ី​ឈើ​ឃុបឃិត​គ្នា។ សកម្មជន​បរិស្ថាន​យល់​ឃើញ​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្រសួង​បរិស្ថាន និង​តុលាការ​ត្រូវ​មាន​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ខិលខូច និង​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ។

នេះ​គឺជា​សំឡេង​ម៉ាស៊ីន​អារ​ឈើ​មួយ ក្នុង​ចំណោម​ម៉ាស៊ីន​អារ​ឈើ​រាប់​សិប​កន្លែង​ផ្សេង​ទៀត នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ប្រមាណ​១០នាក់ (១៤បាន​នាំ​គ្នា​ចុះ​ល្បាត​ព្រៃ​ព្រះរការ​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែ មីនា កន្លង​ទៅ ដោយ​បាន​ជួប​បទ​ល្មើស​ព្រៃឈើ​ជាង​២រយ​ករណី(២៥៣)

នៅ​តាម​ផ្លូវ​ទៅ​ដង​ជ័រ​ច្បោះ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ក្រុម​ប្រជា​សហគមន៍​ដែល​ចុះ​ល្បាត​ព្រៃ​ឈើ មិន​ត្រឹម​តែ​ឃើញ​គល់​ឈើ​ដែល​ទើប​ត្រូវ​បាន​ក្រុម​ជន​ល្មើស​កាប់​ថ្មីៗ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ពួកគេ​ក៏​អាច​ធំ​ក្លិន​អាចម៍​រណារ​ថ្មីៗ និង​ផ្សែង​ដែល​ក្រុម​ជន​ល្មើស​ដុត​គល់​ឈើ ដើម្បី​បំបាត់​ភស្តុតាង​ផង​ដែរ។

នៅ​ពេល​ប្រទះ​ឃើញ​គល់​ឈើ​ទើប​កាប់​ថ្មីៗ ប្រជា​សហគមន៍​បាន​នាំ​គ្នា​ចុះ​ពី​គោយន្ត​ភ្លាមៗ ដោយ​មនុស្ស​ម្នាក់​កាន់​ម៉ាស៊ីន GPS និង​ម៉ែត្រ​វាស់​មុខ​កាត់​គល់​ឈើ ម្នាក់​ទៀត​សរសេរ​ទិន្នន័យ​ចូល​ក្នុង​សៀវភៅ និង​ម្នាក់​ទៀត​កាន់​ទូរស័ព្ទ​ថត​គល់​ឈើ និង​រាប់​ចំនួន​ឈើ​ដែល​ត្រូវ​បាន​ច្រៀក​ជា​សរសេរ ឬ​ឈើ​បន្ទះ។

នេះ​គឺជា​ប្រភេទ​ឈើ​កកោះ ហើយ​មាន​មុខ​កាត់៩៤(សង់ទីម៉ែត្រ) បាន​ន័យ​ថា​ជិត​មួយ​ម៉ែត្រ ទីតាំង​នេះ​នៅ​ក្នុង​ព្រៃ​ព្រះរការ ចំណុច ជី.ភី.អេស (GPS) X លេខ ៥១៦៩៦៥ Y១៥៣១៩៧០។

ជន​ល្មើស​កាប់​ឈើ​ភាគ​ច្រើន​បាន​រត់​ចោល​រណារ​កាប់​ឈើ និង​សម្ភារៈ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា​សាំង ប្រេង​បាត សម្ភារៈ​ជួសជុល​រណារ​អារ​ឈើ​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ជន​ល្មើស​មួយ​ចំនួន​មិន​បាន​រត់​ចោល​កន្លែង​ដែល​ពួកគេ​សម្រាក នៅ​ក្បែរ​គល់​ឈើ​ដែល​ពួកគេ​បាន​កាប់​ថ្មីៗ​នោះ​ឡើយ ហើយ​ជន​ល្មើស​មួយ​ចំនួន​ទៀត​ថែម​ទាំង​ហ៊ាន​ប្រឈម​ជាមួយ​ប្រជា​សហគមន៍​ដែល​ចុះ​ល្បាត​ព្រៃ​ទៀត​ផង។

ជនល្មើស​ម្នាក់ ក្នុង​ចំណោម​ជន​ល្មើស​ជាង ២០នាក់(២៤ដែល​ក្រុម​ល្បាត​ព្រៃ​បាន​ជួប បាន​លើក​ឡើង​ដោយ​មិន​ប្រាប់​ឈ្មោះ​ថា តាមរយៈ​ការ​ច្រៀក​ឈើ ១ម៉ែត្រ​គូប លោក​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​១៥ម៉ឺនរៀល ពី​ថៅកែ​ឈ្មោះ​ធី។ លោក​បន្ត​ថា ដោយសារ​តែ​គ្រួសារ​លោក​ត្រូវ​បង់​ប្រាក់​ធនាគារ ជាង ១លាន​នៅ​ក្នុង​មួយ​ខែ និង​ត្រូវ​ផ្គត់ផ្គង់​កូនៗ​ឱ្យ​បន្ត​ការ​សិក្សា​ផង​នោះ ទើប​លោក​បង្ខំ​ចិត្ត ប្រថុយប្រថាន​គ្រោះថ្នាក់​ចូល​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ។

ជនល្មើស​ថ្លែង​លាក់​ឈ្មោះ៖ «ដោយសារ​យើង​អត់​លុយ​បង់​អង្គការ​ផង ចេះ​តែ​ប្រថុយ​តស៊ូ​ទៅ មួយ​ខែ​មួយ​លាន​ជាង មេ​ថា អារ​ទៅ​មិន​អី​ទេ»

ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​បាន​ចូល​ល្បាត​ព្រៃ​គឺ​លោក ម៉ៅ សាវ៉ែន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជន​ល្មើស​កាប់​ឈើ​មិន​ត្រឹម​តែ​កាប់​ឈើ​មាន​តម្លៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រការ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​លួច​កាប់​ដើម​ច្បោះ​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​បាន​អាស្រ័យ​ផល​តាំង​ពី​ដូនតា​រៀង​រហូត​មក​ផង​ដែរ។ លោក​បន្ត​ថា មូលហេតុ​សំខាន់​បណ្ដាល​ឱ្យ​បទ​ល្មើស​ព្រៃ​ឈើ​បន្ត​កើត​មាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ​នេះ មិន​មែន​មក​ពី​ខ្វះ​កម្លាំង​មន្ត្រី​បរិស្ថាន​ចុះ​ល្បាត​នោះ​ទេ តែ​លោក​ថា គឺ​បណ្ដាល​មក​ពី​សមត្ថកិច្ច​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​លើ​ជន​ល្មើស និង​ឈ្មួញ​រកស៊ី​ឈើ។

លោក ម៉ៅ សាវ៉ែន៖ «ខាង​ដែន​អី​ឱ្យ​បាន​ចូលរួម​ទាំង​អស់​គ្នា ខាង​សហគមន៍​ក៏​បាន​ដើរ​ជា​មួយ​គ្នា ខាង​អាជ្ញាធរ​អី​ទាំង​អស់​គ្នា ខ្ញុំ​ចង់​តែ​បាន​ប៉ុណ្ណោះ​ទេ ឱ្យ​ព្រៃ​យើង​នៅ​គង់វង្ស​ទៅ​មុខ​ទៀត បន្ត​កូន​បន្ត​ចៅ​ទៅ​មុខ​ទៀត ឱ្យ​បាន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ កុំ​ចេះ​តែ​សំណូក​សូក​ប៉ាន់ ចេះ​តែ​ដើរ​តាម​គេ»

មាត្រា២១ ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ​បាន​ចែង​ថា សហគមន៍​មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគ​តិច សាធារណជន និង​សង្គម​ស៊ីវិល​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ការ​ផ្ដល់ និង​ទទួល​យក​ព័ត៌មាន​ទាក់ទង​នឹង​ការ​គ្រប់គ្រង ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

ចំណែក​មាត្រា២៩ នៃ​ច្បាប់​ដដែល​នេះ​ចែង​ថា ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ករណីយ​កិច្ច​ចូលរួម​ការពារ អភិរក្ស និង​ស្ដារ​ធនធាន​ធម្មជាតិ​ឡើង​វិញ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ មន្ត្រី​បរិស្ថាន​តែង​រារាំង​មិន​ឱ្យ​ក្រុម​ប្រជា​សហគមន៍ និង​និស្សិត ចូល​ល្បាត​ព្រៃ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​នោះ​ឡើយ។

ឈរ​សម្លឹង​ព្រៃឈើ​ដែល​ត្រូវ​បាន​ក្រុម​ជន​ល្មើស​ទើប​ដុត​បំផ្លាញ​ថ្មីៗ នៅ​ជាប់​នឹង​គល់​ឈើ​ធំៗ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់ គឺ​លោក ថី ហ៊ុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បទ​ល្មើស​ព្រៃឈើ​ភាគ​ច្រើន កើត​ឡើង​ដោយសារ​ថៅកែ​រក​ស៊ី​ឈើ​គប់គិត​ជាមួយ​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន។ លោក​អះអាង​ថា មិន​មាន​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ណា​ម្នាក់ សុខ​ចិត្ត​កាប់​ដើម​ច្បោះ ដែល​ជា​ប្រភព​ចំណូល​របស់​ខ្លួន​នោះ​ឡើយ។

លោក ថី ហ៊ុន៖ «ប្រធាន​ដែន​ដែល​ក្រសួង​ទម្លាក់​ឱ្យ​មន្ទីរ​បរិស្ថាន​អ្នក​ការពារ ផ្ទុយ​ទៅ​វិញ​គាត់​អត់​មាន​ការពារ​ទេ គាត់​ពុក​រលួយ ស៊ី​សំណូក​សូក​ប៉ាន់​ជាមួយ​បទ​ល្មើស។ មិន​មែន​ថា គាត់​ចុះ​មក​ហើយ គាត់​ចាប់​បទ​ល្មើស​ទេ ដូច​ខ្ញុំ​និយាយ​ថា​បទ​ល្មើស​គាត់​ចូលរួម​រំលោភ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ជួប ប៉ារីស៍ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៤ ខែ​មីនា។

ជុំវិញ​រឿង​នេះ សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស ដែល​បាន​ចូលរួម​ល្បាត​ព្រៃ​ជាមួយ​ប្រជា​សហគមន៍​ដែរ គឺ​លោក ម៉ា ចិត្រា មាន​ប្រសាសន៍​ថា បើ​ទោះបីជា​ដំណើរ​ល្បាត​ព្រៃ មិន​អាច​រាប់​គ្រប់​ចំនួន​គល់​ឈើ​ដែល​ជន​ល្មើស​បាន​កាប់​ក្ដី តែ​ការ​រក​ឃើញ​ទាំង​នេះ​គឺជា​ការ​បញ្ជាក់​ថា ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ​នៅ​តែ​រង​ការ​កាប់​បំផ្លាញ។ លោក​បន្ត​ថា ក្រសួង​បរិស្ថាន​គួរ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ ឱ្យ​មាន​ប្រសិទ្ធភាព ជាជាង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាំ​ដើម​កូន​ឈើ​តូចៗ​ឡើង​វិញ។

លោក ម៉ា ចិត្រា៖ «មាន​តែ​សំណូមពរ​ទៅ​ឯកឧត្ដម អ៊ាង សុផាល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្មី​នេះ ឱ្យ​គាត់​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​កូន​ចៅ​គាត់​ហ្នឹង មាន​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ព្រៃឈើ កុំ​ឱ្យ​មាន​អំពើ​ពុក​រលួយ ហើយ​ទន្ទឹម​នឹង​នេះ បើ​ឯកឧត្ដម​ចង់​ដោះស្រាយ​បញ្ហា​នេះ​មែន ឯកឧត្ដម​ចង់​បាន​ព័ត៌មាន​ពិត ទី១​ត្រូវ​ទទួល​យក​របាយការណ៍​ពី​សហគមន៍ ទី២​ត្រូវ​តែ​មាន​ក្រុម​អធិការកិច្ច​ចុះ​មក​ដោយ​សម្ងាត់ ធ្វើ​ការ​ស៊ើប​អង្កេត រក​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ»

កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​កាត់​ក​ខ្លួន​ឯង បើ​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​បាន។ ក្រោយ​មក​ទៀត លោក​ថ្លែង​ថា លោក​ស្អប់​អ្នក​បំផ្លាញ​ព្រៃឈើ និង​ចាត់​ទុក​ការ​កាប់​ឈើ​ដូចជា «ការ​កាប់​ក្បាល» របស់​លោក ប៉ុន្តែ​សារ​បែប​នេះ​មិន​អាច​ជួយ​ទប់​ស្កាត់​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ កម្ពុជា​បែរ​ជាប់​ឈ្មោះ​ថា ជា​ប្រទេស​បាត់បង់​ព្រៃឈើ​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភព​លោក។

ទិន្នន័យ​ផ្កាយ​រណប​ផ្ដល់​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម (Joint Research Center, JRC) របស់​គណៈ​កម្មការ​អឺរ៉ុប និងទិន្នន័យបម្រែបម្រួលព្រៃឈើសាកល (Global Forest Change) របស់​សាកល​វិទ្យាល័យ ម៉ារីលែន(University of Maryland) នៃ​សហរដ្ឋ​អាមេរិក រក​ឃើញ​ថា មាន​ការ​កើន​ឡើង​មិន​ធ្លាប់​មាន​ពី​មុន​មក នូវ​ការ​បាត់​បង់​ព្រៃឈើ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា។ គិត​ចាប់​ពី​ឆ្នាំ​២០០០ រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៩ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ដល់​ទៅ ២៦% ស្មើ​នឹង ២លាន ៣សែន​ហិកតារ។

ប្រជា​សហគមន៍​លើក​ឡើង​ថា ក្រៅ​ពី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ទៅ​លើ​ជនល្មើស​ហើយ​នោះ រដ្ឋាភិបាល​គួរ​វាយ​តម្លៃ​ការងារ​មន្ត្រី​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ នឹង​ត្រូវ​ដក​មន្ត្រី​បរិស្ថាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ទើប​អាច​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។