ថ្នាក់ដឹកនាំខេត្ត និងមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីនៅតាមស្ថាប័ននីមួយៗ ចុះសំអាតនៅតាមឆ្នេរសមុទ្រ ដើម្បីរង់ចាំទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬសង្ក្រាន្តឆ្នាំថ្មីឲ្យទទួលបានភាពរីករាយ។ ជាមួយគ្នានេះ រដ្ឋាភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ជាពិសេសភ្ញៀវជាតិអន្តរជាតិ ត្រូវចូលរួមសំអាតជាមួយអាជ្ញាធរដោយត្រូវវេចខ្ចប់កាកសំណល់ផ្សេងៗ នៅតាមទីតាំងរៀងៗខ្លួន ឲ្យបានត្រឹមត្រូវដើម្បីរួមចំណែកថែរក្សាបរិស្ថានឆ្នេរឲ្យមានអនាម័យល្អនៅថ្ងៃអនាគត។
អភិបាលស្ដីទី ខេត្តព្រះសីហនុ លោក សុខ ផន កាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា បានដឹកនាំមន្ត្រីនៅតាមមន្ទីរ និងស្ថាប័នប្រដាប់អាវុធមួយចំនួនចុះសំអាតអនាម័យឆ្នេរនេះ ដើម្បីត្រៀមដាក់ជូនភ្ញៀវទេសចរចូលកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។
ការរៀបចំសម្អាតបរិស្ថាននេះ នៅក្រោយពេលអាជ្ញាធរខេត្តព្រះសីហនុ បានដាក់កម្លាំងចម្រុះរាប់រយនាក់ និងប្រើគ្រឿងចក្រឈូសបំផ្លាញតូបលក់ដូរ ឬស្តង់របស់ក្រុមអាជីវករនាចុងឆ្នេរអូរឈើទាល ឬឆ្នេរអតីតមុខក្រុមហ៊ុនអារីស្តុន បំផ្លាញចោលឲ្យរាបដល់ដីជាស្ថាពរ កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា រួចមក។
លោក សុខ ផន មានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរបានបើករបងហ៊ុមព័ទ្ធឆ្នេរដែលក្រុមហ៊ុនសុខាអូតែល បិទទុកចោលប្រមាណ ១០ឆ្នាំរួចមក អាជ្ញាធរនៅតាមស្ថាប័នពាក់ព័ន្ធនានាបាននាំគ្នាចុះសំអាតអនាម័យឆ្នេរនេះ ទុកជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកអង្គុយ ឬងូតទឹកលំហែកាយឲ្យបានទូលាយឡើងវិញ។
ព្រមជាមួយគ្នានេះ លោក សុខ ផន បានអំពាវនាវដល់ក្រុមអាជីវករ ពិសេសភ្ញៀវទេសចរ ត្រូវចូលរួមសំអាតអនាម័យឆ្នេរជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នា ហើយត្រូវវេចខ្ចប់កាកសំណល់សល់ពីការទទួលទានរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងទុកដាក់ឲ្យមានរបៀបរៀបរយ៖ «យើងនឹងចុះសំអាតនៅគ្រប់ឆ្នេរទាំងអស់ ប៉ុន្តែយើងចុះអនុវត្តម្ដងមួយៗ ដោយធ្វើផ្លូវ និងសួនច្បារដាក់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរចូលមកកម្សាន្តឲ្យបានទូលំទូលាយ»។
ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល ចាត់ទុកការងារសំអាតបរិស្ថានទាំងនៅតាមឆ្នេរ និងទូទាំងក្រុងទាំងមូល ថាបានរួមចំណែកក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះបានកាន់តែច្រើននៅឆ្នាំខាងមុខ។
មន្ត្រីរូបនេះក៏បានស្នើដល់ប្រតិបត្តិករទេសចរ ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ត្រូវយកចិត្តទុកដាក់សំអាតបរិស្ថាននៅតាមឆ្នេរនានា ពិសេសបរិស្ថានជុំវិញផ្ទះ ឬមុខទីតាំងលក់ដូររៀងៗខ្លួន ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដើម្បីចូលរួមថែរក្សាបរិស្ថានជាមួយអាជ្ញាធរ៖ «ឥឡូវយើងបានបើកឆ្នេរអារីស្តុននេះជាសាធារណៈហើយ ហើយទទួលស្វាគមន៍ភ្ញៀវទេសចរនៅក្នុងពិធីបុណ្យចូលឆ្នាំនេះ។ ដូច្នេះនៅពេលបងប្អូនធ្វើដំណើរមកកម្សាន្តឆ្នេរនេះ ត្រូវថែរក្សាអនាម័យឆ្នេរនេះឲ្យបានស្អាត ដោយមិនត្រូវបោះចោលកាកសំណល់សល់ពីអាហារហូបចុករបស់លោកអ្នកអនាធិបតេយ្យ និងមិនវេចខ្ចប់នោះទេ។ ជាងនេះក៏ត្រូវទុកដាក់កាកសំណល់ឲ្យមានរៀបរៀបរយ»។
សកម្មភាពចុះសំអាតនៅតាមឆ្នេរសមុទ្រមួយចំនួនរបស់អាជ្ញាធរពេលនេះ គេសង្កេតឃើញមានកងកម្លាំងមកពីស្ថាប័ននគរបាល កងរាជអាវុធហត្ថយោធា និងអាជ្ញាធរពាក់ព័ន្ធនៅតាមមន្ទីរនានា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏បានចូលរួមដែរ។
ចំណែកតំណាងក្រុមអាជីវករចំនួន ១៤តូប នៅចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរអារីស្តុន លោកស្រី ភឿក សុខេន ដែលត្រូវអាជ្ញាធរឈូសបំផ្លាញចោលតូបលក់ដូរ កាលពីថ្ងៃទី៩ ខែមេសា បាននិយាយប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីត្រៀមលើកគ្នាទៅសុំកិច្ចអន្តរាគមន៍ដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ ជាបន្តទៀត ក្រោយពិធីបុណ្យចូលឆ្នាំដើម្បីទាមទារយុត្តិធម៌ និងសំណងខូចខាត៖ «សូមសម្ដេចឆ្លើយតបមកក្រុមអាជីវករពួកខ្ញុំ ដែលត្រូវអាជ្ញាធរខេត្តព្រះសីហនុ ប្រើកម្លាំង និងគ្រឿងចក្រមកឈូសបំផ្លាញតូបលក់ដូររបស់ពួកខ្ញុំអស់គ្នាសល់។ សូមសម្ដេចជួយអន្តរាគមន៍ដល់ពួកខ្ញុំផង»។
យ៉ាងនេះក្តី អភិបាលស្ដីទីខេត្តព្រះសីហនុ លោក សុខ ផន ឲ្យដឹងថា អាជ្ញាធរក៏មានគម្រោងចុះឈូសឆាយ និងរុះរើតូបលក់ដូរនៅតាមឆ្នេរផ្សេងទៀត មានដូចជានៅឆ្នេរឯករាជ្យ និងឆ្នេរអូរត្រេះ ជាដើម នៅក្រោយពិធីបុណ្យចូលឆ្នាំបានបញ្ចប់។
ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ ដែលដឹកនាំមន្ត្រីក្រោមឱវាទចុះសំអាតឆ្នេរអារីស្តុននេះដែរ ចាត់ទុកការងារសំអាតបរិស្ថានឆ្នេរឲ្យមានអនាម័យ អាចរួចចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះបានកាន់តែច្រើន។ លោកស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមសំអាតអនាម័យបរិស្ថាន ឲ្យបានទាំងអស់គ្នាមិនថា នៅតាមឆ្នេរនានា ក្នុងខេត្តព្រះសីហនុ នោះទេ គឺនៅទីកន្លែងណាក៏ដោយត្រូវចូលរួមសំអាត និងថែរក្សាបរិស្ថានឲ្យបានល្អ និងមិនត្រូវបោះចោលសំអាមគ្មានសណ្ដាប់ធ្នាប់នោះទេ។
លោក សាមុត សុធារិទ្ធ៖ «អនាម័យឆ្នេរនេះ គឺយើងចុះអនុវត្តនៅគ្រប់ឆ្នេរមានឆ្នេរឯករាជ្យឆ្នេរអូរឈើទាល និងឆ្នេរផ្សេងៗទៀត។ ជាងនេះ មន្ត្រីជំនាញរបស់យើងនឹងដាក់បន្ថែមធុងសំរាមនៅតាមឆ្នេរនីមួយៗឲ្យបានច្រើនថែមទៀត។ ជាសំណូមពររបស់មន្ទីរបរិស្ថាន គឺស្នើដល់ភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាទុកដាក់ ឬវេចខ្ចប់សំរាមទុកឲ្យមានរបៀបរៀបរយ ដោយមិនត្រូវបោះចោលកាកសំណល់តាមឆ្នេរអនាធិបតេយ្យនោះទេនាពិធីបុណ្យចូលឆ្នាំ»។
លោក សុធារិទ្ធ សង្កេតឃើញថា ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ភាគច្រើន មិនទាន់សហការវេចខ្ចប់កាកសំណល់រឹងរាវឲ្យបានល្អទេ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ លោក នួន ប៉ុក ដែលបង្ហាញវត្តមានដើររើសសំរាមនាឆ្នេរអូរឈើទាលនេះដែរ ក៏បានទទូចដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ត្រូវចូលរួមសំអាតអនាម័យបរិស្ថានទាំងនៅតាមឆ្នេរខេត្តព្រះសីហនុ និងត្រូវសំអាតនៅតាមទីតាំងរៀងៗខ្លួនឲ្យមានអនាម័យល្អ៖ «សកម្មភាពសំអាតអនាម័យរបស់យើងពេលនេះ ក៏ដើម្បីបំផុសឲ្យភ្ញៀវទេសចរចូលមកកម្សាន្តខេត្តព្រះសីហនុ បានច្រើនថែមទៀត និងចូលរួមបង្កើនការងារ ព្រមទាំងប្រាក់ចំណូលប្រជាពលរដ្ឋមូលដ្ឋាននេះ ឲ្យរីកចម្រើនថែមទៀតនៅថ្ងៃខាងមុខ»។
ទោះជាបែបនេះក្ដី មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ មួយចំនួន បានរិះគន់ថា ខេត្តទេសចរណ៍មួយនេះ នៅមិនទាន់មានធុងសំរាមដាក់នៅតាមផ្លូវសាធារណៈ ឲ្យបានគ្រប់ចំនួនទេ ដែលនាំឲ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ ពិបាករកកន្លែងដាក់កាកសំណល់។ ពួកគេសំណូមពរដល់ថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបន្ថែមធុងសំរាមនៅតាមទីសាធារណៈ ឲ្យបានច្រើនថែមទៀត និងត្រូវជួយជំរុញឲ្យការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ឲ្យបានទៀងទាត់។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិលបានកត់សម្គាល់ថា ការទុកដាក់ ឬវេចខ្ចប់កាកសំណល់រឹងរាវ នាខេត្តព្រះសីហនុ គឺអាជ្ញាធរពាក់ព័ន្ធខេត្តនេះ គ្រប់គ្រងមិនទាន់បានត្រឹមត្រូវទេ ដោយសំរាមគេឃើញគរចោល និងគ្មានការដឹកជញ្ជូននៅតាមផ្លូវសាធារណៈ ហើយមានក្លិនស្អុយថែមទៀត។ ទីតាំងខ្លះទៀត គំនរសំរាមត្រូវគេគរទុកចោលច្រើនថ្ងៃ ហើយអាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗ ហាក់មិនសូវរវល់អើពើលើបញ្ហាសំអាតអនាម័យនេះទេ បើទោះបីគំនរសំរាមនោះ ត្រូវគេគរទុកចោលនៅមុខទីកន្លែងធ្វើការរបស់ខ្លួនបែបណាក្តី ក៏មន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នមួយចំនួននោះមិនយកភ្នែកមើលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។