ក្រុម​យុវជន​ទាមទារ​អាជ្ញាធរ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​លុប ឱ្យ​បាន​ស្អាត​ដូច​ដើម​វិញ

ដោយ ថន ថារ៉ូ
2019-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ព្រងើយ​កន្តើយ​រឿង​នេះ។
ក្រុម​យុវជន​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ព្រងើយ​កន្តើយ​រឿង​នេះ។
រូប​ថត៖ ដោយ​កញ្ញា ផេង ស្រីស កាល​ពី​សប្ដាហ៍​មុន

ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ នាំគ្នា​អំពាវ​នាវ​ជា​ថ្មី​ទៀត​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ឱ្យ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​ដី​លុប​ដោយ​ក្រុម​ហ៊ុន​អ្នក​មាន​អំណាច​ ឱ្យ​វិល​ទៅ​រក​សភាព​ដើម​វិញ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ និង​រក​ដំណោះស្រាយ​ករណី​នេះ។

ក្រុម​យុវជន​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​កាយ​ដី​ដែល​ក្រុមហ៊ុន​អ្នក​ស្រី ជឹង សុភាព ហៅ​យាយ​ភូ បាន​ចាក់​​លុប​ឆ្នេរ​ព្រែក​ត្រែង​នោះ​ទេ ពួក​គេ​នឹង​លើក​គ្នា​ទៅ​កាយ​ដី​នោះ​ចេញ​ដោយ​ខ្លួន​ឯង​តែ​ម្តង។

ក្នុង​វីដេអូ​រយៈពេល​ជាង ១ នាទី ដែល​ពួក​គេ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី១១ មករា បង្ហាញ​ថា​ ដី​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​ក្នុង​ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​​ស្ទឹងហាវ ​ដែល​រង​ការ​ចាក់​លុប​នោះ ស្ថិត​ក្នុង​​សភាព​ដដែល​ មិន​មាន​អ្វី​ប្រែប្រួល​ឡើយ ហើយ​អាជ្ញាធរ​មិន​បាន​អនុវត្ត​បទបញ្ជា​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន​​ ដែល​បញ្ជា​​ឱ្យ​កាយ​ដី​ចេញ និង​​សម្អាត​បរិស្ថាន​តំបន់​នោះ​ឱ្យ​ល្អ​ឡើង​វិញ​ឡើយ៖ «ថ្ងៃនេះ​ពួក​ខ្ញុំ​ជា​យុវជន​ចុះ​មក​ធ្វើ​វីដេអូ ដើម្បី​ផ្ញើ​ជូន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជា​លើក​ទី​ពីរ​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​មាន​ចំណាត់​ការ​ទៅ​លើ​ក្រុមហ៊ុន​លោកស្រី​ ជឹង សុភាព ហៅ​យាយ ភូ ទៅ​នឹង​ការ​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​មួយ​នេះ​ទេ ពួក​យើង​ជា​យុវជន​នឹង​ចុះ​មក​ទីនេះ​ម្ដង​ទៀត​ដើម្បី​កាយ​ដី​ និង​សម្អាត​ឆ្នេរ​នេះ​ដោយ​ខ្លួន​ឯង។”

កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ កន្លង​ទៅ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ឆ្នេរ ចុះ​ទៅ​ពិនិត្យ​ករណី​នេះ ព្រម​ទាំង​កាយ​ដី​នោះ​ចេញ​ និង​រក្សា​ឆ្នេរ​ធម្មជាតិ​នោះ​ឱ្យ​ដូច​ដើម​វិញ។ ចំណែក​ ​លោក ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​​គណៈកម្មការ​គ្រប់​គ្រង​​ឆ្នេរ​វិញ​ ក៏​ធ្លាប់​បាន​អះអាង​ដែរ​​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ឆ្នេរ​ព្រែក​ត្រែង​នោះ កំពុង​តែ​រំលោភ​បំពានច្បាប់​ ហើយ​​គណៈកម្មការ​គ្រប់គ្រង​តំបន់​ឆ្នេរ​កំពុង​តែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ករណី​នេះ។ ក៏​ប៉ុន្តែ​រយៈពេល​ជាច្រើន​ខែ​មក​នេះ អាជ្ញាធរ​មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​លើ​ក្រុម​ហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​នោះ​ឡើយ ហើយ​ដី​ និង​ថ្ម​ដែល​បាន​ចាក់​ចូល​សមុទ្រ​នោះ ក៏​មិន​មាន​ការ​កាយ​ចេញ​វិញ​នោះ​ដែរ។

អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន​ ស្នើ​ក្រុម​យុវជន​កុំ​ឱ្យ​ធ្វើ​សកម្មភាព​ណា​ដែល​អាច​បង្ក​ភាព​អានាធិបតេយ្យ​នៅ​តំបន់​នោះ​ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​មើល​ករណី​នេះ​។ លោក​អះអាង​ថា អាជ្ញាធរ​នៅ​តែ​ប្រកាន់​ជំហរ​​​ឱ្យ​ក្រុម​ហ៊ុន​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ ប៉ុន្តែ​ត្រូវ​រង់​ចាំការ​សម្រេច​ពី​មន្ត្រី​ជំនាញ​ជាមុន​សិន។ លោក​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា តើ​ពេល​ណា​ដែល​ត្រូវ​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​កាយ​ដី​នោះ​ចេញ​វិញ​នៅឡើយ​ទេ៖ «សូម​ឱ្យ​គាត់​ធ្វើ​អ្វីៗ ទៅ​តាម​គោលការណ៍​ច្បាប់​ ដើម្បី​ចៀស​វាង​ភាព​អានាធិបតេយ្យ​។ ប្រសិន​បើ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុវត្ត អាហ្នឹង​សមនឹង​គាត់​ធ្វើ​ ប៉ុន្តែ​ឥលូវ​អាជ្ញាធរ និង​រដ្ឋបាល​មូលដ្ឋាន​ ក៏​ដូច​មន្ត្រី​ជំនាញ​ដែរ គេ​បាន​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​ទូទៅ និង​ពួក​គាត់​ហើយ​តើ​ថា នឹង​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ​ គ្រាន់តែ​ថា​បើ​បាន​តាម​ពេល​វេលា​ភ្លាមៗ​ហ្នឹង វា​មិន​ទាន់​បាន។ ប៉ុន្តែ​ជា​គោលការណ៍​រួម​ គឺ​យើង​នៅ​តែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​គាត់​ធ្វើ​ (កាយ​ដី) អ៊ីចឹង»

សកម្មជន​បរិស្ថាន​ កញ្ញា ផេង ស្រីស សម្រែង​ការ​ហួស​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ។ កញ្ញា​យល់​ថា បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី បូក​រួម​ទាំង​ការ​បកស្រាយ​របស់​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត គួរ​​តែ​ជា​មូលដ្ឋាន​រឹងមាំ​ដែល​អាជ្ញាធរ​ដាក់​កំហិត​ឱ្យ​ក្រុម​ហ៊ុន​កាយ​ដី​នោះ​វិញ​ជា​បន្ទាន់ មិន​មែន​ត្រូវ​អូស​បន្លាយ​ដល់​ពេល​នេះ​ឡើយ៖ «កន្លងមក​ខាង​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ជា​អ្នក​បង្ហាញ​សាធារណជន​ថា វា​ជា​ការ​បំពាន​ច្បាប់ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ថា តើ​គាត់​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ទៅមុខ​ទៀត ដើម្បី​ធ្វើ​រឿង​ប៉ុណ្ណឹង​ទេ? ហើយ​ខ្ញុំ​​ចង់​បញ្ជាក់​គាត់​ថា តើ​សកម្មភាព​យ៉ាង​ម៉េច​ទៅ​អនាធិបតេយ្យ? គេ​ចាក់​ដី​លុប​ឆ្នេរ​មួយ​ទាំង​មូល​ គាត់​មិន​ហៅ​ថា ជា​សកម្មភាព​អានាធិបតេយ្យ ពួក​ខ្ញុំ​គ្រាន់តែ​ជា​យុវជន​នាំគ្នា​ទៅ​សម្អាត​ដី ថ្ម ដែល​គេ​ចាក់​លុប​ឆ្នេរ ឱ្យ​វា​ស្រស់​ស្អាត​ឡើងវិញ​គិត​ថា ខ្ញុំ​ធ្វើ​សកម្មភាព​ហ្នឹង​អានាធិបតេយ្យ»

សកម្មជន​រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​ករណី​នេះ​នៅ​តែ​ស្ងប់​ស្ងាត់​ទៀត​ ក្រុមហ៊ុន​អាច​នឹង​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​លើ​ដី​ឆ្នេរ​នោះ​វិញ តាម​រយៈ​ការ​ជួយ​សម្រប​សម្រួល​ពី​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​ ហើយ​ពេល​នោះ​ភាគី​ក្រុមហ៊ុន​ និង​អាជ្ញាធរ​នឹង​បង្វែរ​មក​ចោទ​ប្រកាន់​ក្រុម​យុវជន​វិញ​ថា កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​លើ​ដី​ឯកជន​របស់​ក្រុមហ៊ុន។

អាស៊ី​សេរី​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១១ មករា។

ការ​ចាក់​លុប​ ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែន​ទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​​ការពារ​ធម្មជាតិ​ថា ជា​បទ​ល្មើស​ឧក្រិដ្ឋ​ ដែល​ជន​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥លាន​រៀល​ ទៅ ១៥០លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល