អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ក្រុម​យុវជន​ក្ដាប់​ព័ត៌មាន​មិន​ជុំ​រឿង​ដី​ឆ្នេរ​ព្រែកត្រែង

ដោយ ហេង រស្មី
2019-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដី​ឆ្នេរ​ព្រែក​ត្រែង​ ដែល​ត្រូវ​ក្រុមហ៊ុន​ឯកជន​ចាក់​លុប​កាល​ពី​ពេល​កន្លង​ទៅ។ រូប​ថត​ដោយ​កញ្ញា ផេង ស្រីស កាល​ពី​ខែ​មករា ឆ្នាំ​២០១៩។
ដី​ឆ្នេរ​ព្រែក​ត្រែង​ ដែល​ត្រូវ​ក្រុមហ៊ុន​ឯកជន​ចាក់​លុប​កាល​ពី​ពេល​កន្លង​ទៅ។ រូប​ថត​ដោយ​កញ្ញា ផេង ស្រីស កាល​ពី​ខែ​មករា ឆ្នាំ​២០១៩។
រូប​ថត​ដោយ​កញ្ញា ផេង ស្រីស កាល​ពី​ខែ​មករា ឆ្នាំ​២០១៩។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា ក្រុម​យុវជន និង​សកម្មជន​បរិស្ថាន ក្ដាប់​ព័ត៌មាន​មិន​ជុំ រឿង​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប កាល​ពី​ពេល​កន្លង​ទៅ។ អាជ្ញាធរ​បញ្ជាក់​ថា ដី​ឆ្នេរ​ព្រែកត្រែង​នោះ ជា​ដី​ចាស់​សល់​ពីមុន មិនមែន​ដី​ដែល​ក្រុមហ៊ុន​យាយ​ភូ​បាន​ចាក់​លុប​នោះ​ឡើយ។ សកម្មជន​បរិស្ថាន ច្រានចោល​ការ​លើកឡើង​របស់​អាជ្ញាធរ និង​ថា​អាជ្ញាធរ​ព្យាយាម​មិន​ដោះស្រាយ​រឿង​នេះ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧ មេសា​ថា អាជ្ញាធរ​ខេត្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចាក់​ដី​លុប​សមុទ្រ យក​ធ្វើជា​កម្មសិទិ្ធ​ឯកជន​នោះ​ឡើយ​។ លោក​ថា ដី​ឆ្នេរ​ព្រែកត្រែង​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​កាល​ពី​ពេល​កន្លង​ទៅ​នោះ អាជ្ញាធរ​បាន​ចុះទៅ​កាយ​ដី និង​សម្អាត​ឆ្នេរ រួចរាល់​អស់ហើយ​។ លោក​អះអាង​ថា ដី​ដែល​កំពុង​មាន​បច្ចុប្បន្ន​នេះ គឺជា​ដី​ចាស់​យូរ​ឆ្នាំ​មក​ហើយ មិនមែន​ជា​ដី​ថ្មី​ដែល​ទើប​ចាក់​លុប​នោះ​ទេ។

អ្នកនាំពាក្យ​រូប​នេះ​ថ្លែង​ទៀត​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បើកចំហ​ទទួលយក​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ដូច្នេះ​លោក​ស្នើ​ឱ្យ​សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន ទាក់ទង​មក​ខាង​អាជ្ញាធរ​ជាមុន ដើម្បី​បាន​ដឹង​ព័ត៌មាន​ច្បាស់ មុននឹង​ចុះ​ធ្វើ​សកម្មភាព​ណាមួយ​នៅ​លើ​ទីតាំង​ដី​ឆ្នេរ​នោះ៖ «អាជ្ញាធរ​បាន​ចុះទៅ​ធ្វើ​ហើយ កាយ​ចេញ​អស់ហើយ មិន​មាន​ទេ​ដី​ចាក់​ថ្មី ហើយ​សកម្មភាព​នៅ​ការដ្ឋាន​ហ្នឹង​ក៏​អត់​មាន​អ្វី​បន្ត​ដែរ​។ វា​អាច​ជា​ដី​ចាស់​ពី​ដើម កាលពី​៤-១០ ឆ្នាំមុន​អី​ទេ ហើយ​ដី​វា​ទៅជា​ឆ្នេរ​ហើយ»

កាលពី​សប្ដាហ៍​មុន យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​១០ នាក់ បាន​ចុះទៅ​ធ្វើ​សកម្មភាព​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ចេញ ដោយ​ប្រើ​ចប ប៉ែល និង​បង្គី រួច​ផ្សព្វផ្សាយ​សកម្មភាព​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ គោលបំណង គឺ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ​ឡើងវិញ ក្រោយពី​ពួកគេ​ខកចិត្ត​ដែល​អាជ្ញាធរ​ពុំ​អើពើ​នឹង​រឿង​ល្មើសច្បាប់​នេះ អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស បដិសេធ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ និង​ថា​អាជ្ញាធរ​ខេត្ត ព្យាយាម​ដោះ​សារ​យករួចខ្លួន​ចំពោះ​ករណី​នេះ​។ កញ្ញា​អះអាង​ថា ដី​នៅ​លើ​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​ដី​ថ្មី​ដែល​ទើប​ត្រូវ​បាន​ចាក់​បំពេញ​កាលពី​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ មិនមែន​ជា​ដី​យូរ​ឆ្នាំ​នោះ​ឡើយ​។ កញ្ញា​បន្ត​ថា លក្ខណៈ​សម្គាល់ គឺ​ដី​នោះ​ជា​ប្រភេទ​ដីក្រហម ខុស​ផ្ទុយ​ពី​ដី​ឆ្នេរ​ធម្មជាតិ​ដែល​មាន​ខ្សាច់​សក្បុស។ កញ្ញា​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​លើក​ឡើង​បំភ័ន្ត​សាធារណជន​បែបនេះ​៖ «ក្នុងនាម​គាត់​ជា​ថ្នាក់ដឹកនាំ​ខេត្ត មិន​គួរណា​និយាយ​កុហក​បោកប្រាស់​បែប​ហ្នឹង​ទេ​។ ដី​ហ្នឹង គឺជា​ដីក្រហម ដី​ដែល​ចាក់​ថ្ម​ចាក់​អីហ្នឹង ហើយ​គឺជា​ដី​ថ្មីៗ​មែន អ៊ីចឹង​គាត់​ចុះ​ទៅ​ពិនិត្យ​ខ្លួន​គាត់​ម្តង​ទៀត​ទៅ កុំ​ឱ្យ​ថា​ពួក​ខ្ញុំ​ជា​យុវជន​ហ្នឹង គ្រាន់តែ​និយាយ​នាំ​រឿង នាំ​បញ្ហា​ដែល​មិន​ពិតទៅ​ផ្សាយ​អ៊ីចឹង​។ អ៊ីចឹង​សូម​ចុះទៅ​មើល​ខ្លួនឯង ហើយ​ខ្ញុំ​សុទ្ធ​តែ​មាន​ភស្តុតាង​របស់ខ្ញុំ​ហើយ»

កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ក្នុង​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​កាយ​ដី​ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ឱ្យ​បាន​ដូចដើម​។ ភ្លាមៗ​នោះ លោក ជា សុផារ៉ា ក៏បាន​ចុះទៅ​ដល់​ទី​តាំង​ដី​ឆ្នេរ​ព្រែកត្រែង និង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ចាក់ដី​តទៅទៀត ក៏ប៉ុន្តែ​ជាច្រើន​ខែ​មកនេះ មិន​ឃើញ​ក្រុមហ៊ុន និង​អាជ្ញាធរ ចុះទៅ​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​យាយ​ភូ ដែល​រង​ការ​ចោទ​ថា បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ថ្វីដ្បិត​តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា បាន​យក​ច្បាប់​ជាធំ​ក្តី ក៏​ករណី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង​នេះ គ្មាន​ជនណាម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ឱ្យ​មក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ។

សកម្មជន​បរិស្ថាន​កញ្ញា ផេង ស្រីស ថ្លែង​ថា កញ្ញា​គ្មាន​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នោះ​ឡើយ ព្រោះ​ករណី​នេះ​មើល​ឃើញនឹងភ្នែក ហើយ​ថែមទាំង​មាន​បទបញ្ជា​ពី​លោក ហ៊ុន សែន ទៀត ក៏​អាជ្ញាធរ​នៅតែ​មិន​ចាត់ការ​ដដែល​។ កញ្ញា​ស្នើ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ពិចារណា​ដកហូត​តួនាទី​មន្ត្រី​ពាក់ព័ន្ធ ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ក្នុង​ករណី​ដី​ឆ្នេរ​ព្រែកត្រែង​នេះ៖ «តើ​កន្លង​មក​នេះ មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​យាយ​ភូ​ដែរ ឬ​អត់ ក្រៅ​តែពី​ការ​អះអាង​ថា​នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​សម្អាត ឬក៏​ដោះស្រាយ​ចំពោះ​បញ្ហា​ចាក់​ដី​លុប​ឆ្នេរ​ហ្នឹង​? ហើយ​ទាក់ទង​នឹង​ការ​សម្អាត​ឆ្នេរ ឬក៏​កាយ​ដី​ហ្នឹង ក៏​អត់​មាន​ទៀត អ៊ីចឹង​មានន័យថា ក្នុងនាម​គាត់​ជា​មន្ត្រី ជា​អាជ្ញាធរ គាត់​គ្រាន់តែ​ជា​អ្នក​ដែល​ចេះតែ​និយាយ ប៉ុន្តែ​គ្មាន​ការអនុវត្ត គ្មាន​ការ​គោរព​តួនាទី​របស់​គាត់​។ ច្បាប់​ក៏​អត់​មានតម្លៃ​សម្រាប់​ពួកគាត់​ដែរ»

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ទៅ ១៥០​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល