បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​អះអាង​ថា​សកម្មភាព​កាប់​ឈើ​ក្នុង​ព្រៃ​កើន​ឡើង

ដោយ សូត សុខប្រាថ្នា
2014-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​អារ​ដែល​ឈ្មួញ​គរ​ទុក​នៅ​ក្នុង​ព្រៃ​ឡង់ ចំណុច​តំបន់​ច្រក​តោល ខេត្ត​កំពង់ធំ។
គំនរ​ឈើ​អារ​ដែល​ឈ្មួញ​គរ​ទុក​នៅ​ក្នុង​ព្រៃ​ឡង់ ចំណុច​តំបន់​ច្រក​តោល ខេត្ត​កំពង់ធំ។
Photo Provided

សមាជិក​បណ្ដាញ​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ បារម្ភ​ថា​ព្រៃ​ឈើ​នឹង​ត្រូវ​បាត់​បង់ ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ទេ។

ការ​បារម្ភ​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​ចុះ​អង្កេត​មើល​ស្ថានភាព​ព្រៃ​ឡង់​កន្លង​មក​ឃើញ​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រុក​រាន​យក​ដី​ដាំ​ដំណាំ គឺ​កាន់​តែ​កើន​ឡើង។ យ៉ាង​ណា មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា បទល្មើស​ព្រៃ​ឈើ​កើត​មាន​ខ្លះ​មែន ប៉ុន្តែ​គឺ​មាន​នៅ​ជាយៗ​ព្រៃ​ឡង់​ទេ ហើយ​អាជ្ញាធរ​កំពុង​ចាត់​វិធានការ​លើ​បញ្ហា​នេះ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រុម​អង្កេត​ពិសេស​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ បាន​ចុះ​ស្រាវជ្រាវ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ធ្នូ មក គឺ​ប្រទះ​ឃើញ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ឈ្មួញ​ទុច្ចរិត និង​ការ​រាន​ដី​ធ្វើ​ចម្ការ​នៅ​ស្រុក​សណ្ដាន់ យ៉ាង​អនាធិបតេយ្យ។

សមាជិក​សហគមន៍​ព្រៃ​ឡង់​ម្នាក់ នៅ​ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា នៅ​ក្នុង​តំបន់​ជាច្រើន​ក្នុង​ឃុំ​មានរិទ្ធ មាន​ម៉ាស៊ីន​អារ​ឈើ​រាប់​សិប​គ្រឿង​កំពុង​អារ​ឈើ​ទ្រហឹង​ស្ទើរ​ពេញ​ព្រៃ។ ប្រភេទ​ឈើ​ទាំង​នោះ​រួម​មាន ឈើ​កកោះ ផ្ដៀក ឈើ​ទាល ជាដើម ដោយ​អារ​ច្រៀក​ជា​ស្រេច ហើយ​បន្ត​ដឹក​ចេញ​តាម​រថយន្ត​តាម​រទេះគោ និង​តាម​គោយន្ត​ច្នៃ​ដឹក​ចេញ​មក​ខាង​ផ្លូវ​ឃុំ​ទំរេញ ក្នុង​ស្រុក​សណ្ដាន់។ លោក​ថា ការ​កើន​ឡើង​នៃ​បទល្មើស​ព្រៃ​ឈើ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មួយ​ចំនួន មិន​បាន​ខ្វល់ខ្វាយ​ចំពោះ​ផល​ប្រយោជន៍​រួម ពោល​គឺ​គិត​តែ​ផល​ប្រយោជន៍​បុគ្គល ហើយ​បើក​ដៃ​ឲ្យ​អ្នក​មាន​ប្រាក់​អ្នក​មាន​អំណាច អាច​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឈើ​ដោយ​ខុស​ច្បាប់​បាន។

លោក​បន្ត​ថា ក្រៅ​ពី​បទល្មើស​ធ្វើ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​ហើយ ក៏​មាន​សកម្មភាព​រុក​រាន​ដី​ព្រៃ​ឡង់ ធ្វើ​ចម្ការ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ពី​សំណាក់​អ្នក​មាន​ប្រាក់​ដែល​ជួល​ពលរដ្ឋ​ទៅ​កាប់​ឲ្យ​ខ្លួន​ទៀត​ផង៖ «រដូវ​ខែ​ប្រាំង គឺ​ជា​រដូវ​មួយ​ដែល​ងាយ​ក្នុង​ការ​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​អាជ្ញាធរ ឬ​រាជ​រដ្ឋាភិបាល មិន​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង​ទេ វា​នឹង​ងាយ​ហិនហោច​ក្នុង​រយៈ​ពីរ​ទៅ​បី​ឆ្នាំ​ទៀត គឺ​អស់​ហើយ​ព្រៃ​ឡង់»

ប្រភព​ដដែល​បន្ថែម​ថា ព្រៃ​ឡង់ គឺ​ជា​គម្រប​ព្រៃ​យ៉ាង​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ប្រសិន​ព្រៃ​ឡង់​ត្រូវ​វិនាស​នោះ មិន​មែន​ប៉ះពាល់​ត្រឹម​តែ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​ក្បែរ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ។ ជាង​នេះ​ទៀត ការ​បាត់​បង់​ធនធាន​ធម្មជាតិ គឺ​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំង​មូល។

ទាក់ទង​បញ្ហា​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ទំរេញ ស្រុក​សណ្ដាន់ លោក សៅ វន្នី មាន​ប្រសាសន៍​ថា ការ​រុក​រាន​ដីធ្លី​ធ្វើ​ចម្ការ​នៅ​តំបន់​នោះ គឺ​ជា​ស្នាដៃ​របស់​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ខ្លះ និង​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ខ្លះ ប៉ុន្តែ​ភាគ​ច្រើន គឺ​កាប់​នៅ​ក្បែរៗ​ភូមិ​ស្រុក​ប៉ុណ្ណោះ។ ចំណែក​បញ្ហា​ឈើ​ប្រណីត​វិញ លោក​ថា នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ មិន​មាន​ឈើ​ប្រណីត​ប្រភេទ​លេខ​មួយ​ដូចជា​ធ្នង់ បេង នាងនួន ឬ​គ្រញូង នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​អាជីវកម្ម​កន្លង​មក គឺ​ជា​ប្រភេទ​ឈើ​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​ទៅ​វិញ៖ «បាទ! ហ្នឹង​មាន​អ៊ីចឹង ប៉ុន្តែ​វា​មិន​ដូច​យើង​ថា ព្រោះ​វា​នៅ​កៀន​ខាង​នេះ អា​កណ្ដាល​ព្រៃ​ឡង់ គឺ​អត់​មាន​ទេ នៅ​ទាំងអស់​ទេ។ ខ្ញុំ​ចុះ​ហើយ​វា​មាន​នៅ​ជាប់​ជាយ​ភូមិ​នេះ​ទេ»

ផ្ទុយ​ពី​អ្វី​ដែល​មន្ត្រី​ជំនាញ​អះអាង សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា តាម​ពិត​ពី​មុន​មក​ការ​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ គឺ​នៅ​ជាយៗ​ព្រៃ​ឡង់​មែន ប៉ុន្តែ​បច្ចុប្បន្ន​ការ​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម គឺ​ស្ទើរ​តែ​ធ្វើ​ឲ្យ​ស្ថានភាព​តំបន់​ខ្លះ​នៅ​ព្រៃ​ឡង់ ក្លាយ​ទៅ​ជា​វាល​រហោឋាន ឬ​វាល​ព្រៃ​ឡង់​នោះ​ទៅ​ហើយ៖ «និយាយ​ទៅ មន្ត្រី​ជំនាញ​គាត់​មិន​ទទួល​ថា​មាន​ការ​កាប់​បំផ្លាញ​ទេ។ តាម​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ មាន​ទាំង​ភស្តុតាង គឺ​សុទ្ធសឹងតែ​មន្ត្រី​ជំនាញ​ទាំងអស់​ហ្នឹង​ផ្ទាល់​តែ​ម្តង ដែល​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ចម្ការ​ច្បោះ​ជ័រ​ទឹក​របស់​ប្រជាពលរដ្ឋ»

ចំណែក​ស្ថានភាព​ឈើ​ប្រណីត​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​វិញ លោក​ថា បច្ចុប្បន្ន​ស្ទើរ​តែ​លែង​មាន។ ដោយ​ឡែក​តំបន់​ដែល​សេសសល់​ឈើ​ប្រភេទ​លេខ​មួយ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​មាន​នៅ​ខេត្ត​ព្រះវិហារ ខុស​ប្លែក​កាល​ពី​ទសវត្ស​ទី​៩០ ដែល​ព្រៃ​ឡង់ គឺ​ជា​ជង្រុក​ឈើ​ប្រណីត​យ៉ាង​ធំ​ធេង។ ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​មាន ១០៩​មាត្រា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស និង​ណែនាំ​ពលរដ្ឋ​ឲ្យ​ចេះ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ក៏ប៉ុន្តែ​ច្បាប់​នេះ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ ពីព្រោះ​ព្រៃ​ឈើ​នៅ​តែ​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដដែល។ បន្ថែម​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ចោល​ទៀត​ផង ប្រសិន​បើ​លោក​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ព្រៃ​ឈើ​ស្រុក​ខ្មែរ​កាន់​តែ​វិនាស​ទៅៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ហៀក ព្រីង

ពី ភ្នំពេញ

ព្រៃឈើផ្តល់មុខងារច្រើនយ៉ាងជាពិសេសជីវភាពសហគមន៍។ ការបាត់បង់ព្រៃឈើអ្នកដែលប៉ះពាល់មុនគេគឺសហគមន៍។ នៅតាមដេប៉ូជាច្រើននៅភ្នំពេញមានឈើប្រណិតៗតើអ្នកតូចតាច និងអ្នកក្រអាចដឹកឈើទាំងនោះចូលក្រុងបាន? តួយ៉ាងនៅតាមកន្លែភាគច្រើនដូចជានៅបឹងត្របែកជាជាងយួន ហើយរោងអាជីវកម្មធ្វើនៅតាមដងផ្លូវ តើពួកគេាបានឈើប្រណិតទាំងនោះមកពីណា? ហើយតើហេតុអ្វីបានជាផ្ទះ ឬរោងជាងទាំងនោះអាចបើកបាន ហើយផ្លូវមួយចំនួនបានក្លាយជាផ្ទះថ្ម ហើយពុំមានអាជ្ញាធររករឿងដេញចេញ ដូចអ្នកបឹងកក់ ​និងតំបន់មួយចំនួនជាពិសេសក្រុមហ៊ុនដីសម្បាទានយកដីអ្នកភូមិ។ ការបាត់ព្រៃឈើគឺបាត់តម្លៃនៃជីវិត (សាមគ្គឺ វប្បធម៌ និងជីវភាព)

Dec 31, 2014 04:27 AM

អ្នក​អាន​អនាមិក

Hun Sen has no capacity to lead Khmer country. But he has capacity to destroy Khmer country.

Dec 27, 2014 09:15 AM

គេហទំព័រ​ទាំងមូល